ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធផលការប្រកួតប្រដាល់នៅសង្វៀនស្ថានីយ ទូរទស្សន៍ប៉ុស្តិ៍លេខ3 និងបាយ័នកាលពីថ្ងៃសៅរ៍

14 ឆ្នាំ មុន

រាជធានីភ្នំពេញ៖ អ្នក​ប្រដាល់​ពូកែ​​ស្នៀត​កែង​​ខុន រាជ ​មក​ពី​​ក្លឹប​​កង​ពល​ធំ​អន្តរា​គមន៍​លេខ​​៣ ព្រះវិហារ បាន​ធ្វើ​ឱ្យ​ ADAY TON មក​ពី​​ប្រទេស​ប្រេស៊ីល ​មាន​របួស​២​កន្លែង​ ហើយ​ត្រូវ​គ្រូ​ពេទ្យ​បញ្ឈប់​នៅ​​ត្រឹម​ទឹក​ទី​២ ​ក្នុង​ការ​ប្រកួត​ជា​លក្ខណៈ​អន្តរ​ជាតិ​នៅ​លើ​សង្វៀន​​​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣ កាល​ពី​រសៀល​​ថ្ងៃ​សៅរ៍ ​ទី១៤ ឧសភា ​កន្លង​មក​

ខុន រាជ ​ប្រើ​ស្នៀត​​កែង​យក​ឈ្នះ​អ្នក​ប្រដាល់​​​ប្រេ​ស៊ីល ​ខណៈ​ ជ័យ ​កុសល ​ស្មើ​ពិន្ទុ​អ្នក​ប្រដាល់​ជប៉ុន

រាជធានីភ្នំពេញ៖ អ្នក​ប្រដាល់​ពូកែ​​ស្នៀត​កែង​​ខុន រាជ ​មក​ពី​​ក្លឹប​​កង​ពល​ធំ​អន្តរា​គមន៍​លេខ​​៣ ព្រះវិហារ បាន​ធ្វើ​ឱ្យ​ ADAY TON មក​ពី​​ប្រទេស​ប្រេស៊ីល ​មាន​របួស​២​កន្លែង​ ហើយ​ត្រូវ​គ្រូ​ពេទ្យ​បញ្ឈប់​នៅ​​ត្រឹម​ទឹក​ទី​២ ​ក្នុង​ការ​ប្រកួត​ជា​លក្ខណៈ​អន្តរ​ជាតិ​នៅ​លើ​សង្វៀន​​​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣ កាល​ពី​រសៀល​​ថ្ងៃ​សៅរ៍ ​ទី១៤ ឧសភា ​កន្លង​មក​នេះ ​ចំណែក​ជ័យ កុសល ​មក​ពី​ក្លឹប​សិង្ហ​កីឡា​បាន​ត្រឹម​​​ស្មើ​ពិន្ទុ​ជា​មួយ​ ATOSHI NOMURA មក​ពី​​ប្រទេស​ជប៉ុន ។

​តាម​​អ្នក​រៀប​ចំ​កម្ម​វិធី​ប្រកួត​អះ​អាងថា​ ADAY TON ក៏​មិន​មែន​ជា​ជើង​អន់​ណាស់​​ណា​ដែរ ​គឺ​​គេ​ធ្លាប់​ឈាន​ជើង​ឡើង​សង្វៀន​​ប្រកួត​ជាង​២០​ដង ​ប៉ុន្តែ​សម្រាប់​​ការ​មក​ប៉ះ​ខុន រាជ លើក​នេះ​គេ​បែរ​ជា​ភ្លាត់​ស្នៀត​​​បណ្តាល​ឱ្យ​​ខុន រាជ វាយ​ឱ្យ​មាន​របួស​យ៉ាង​​ធ្ងន់​ធ្ងរ​បំផុត ។ ​នៅ​ទឹក​ទី​១ ខុន រាជ ​មិន​ទាន់​វាយ​សម្រុក​ភ្លាមៗ​​ទេ ព្រោះ​​គេ​នៅ​ស្ទង់​​មើល​កម្រិត​​បច្ចេក​ទេស​គូ​ប្រកួតសិន ហើយ​​ទាំង​សង​ខាង​បាន​ប្រើ​ស្នៀត​ជើង​​ទាត់​សង​ទៅ​សង​មក​ក្នុង​លក្ខណៈ​ប្រុង​ប្រយ័ត្ន​​រៀង​ៗ​ខ្លួន ។ ប៉ុន្តែ​តាម​រយៈ​នៃ​ការ​បញ្ចេញ​ខ្យល់​ស៊ីសៗ​របស់ ADAY TON ​ធ្វើ​ឱ្យ​​អ្នក​ទស្សនា​ភាគ​ច្រើន​​គិត​ថា កីឡា​ករ​​រូប​នេះ​មិន​សូវ​ខ្លាំង​ប៉ុន្មាន​​ឡើយ ។ ​

ដោយ​មើល​ឃើញ​ពី​ចំណុច​ខ្សោយ​របស់​ ADAY TON ខុន រាជ ​ចាប់​ផ្តើម​វាយ​សម្រុក​នៅ​ទឹក​ទី​២ គឺ​ចូល​បុក​ជង្គង់​ និង​វាយ​ស្នៀត​កែង​ភ្លាមៗ​​តែ​ម្តង ។​ ការ​ចូល​ក្រៀក​វាយ​កែង​របស់​ខុន រាជ ​លើក​ដំបូង​ ធ្វើ​ឱ្យ​មាន​ស្នាម​របួស​ចុង​ចិញ្ចើម​​ឆ្វេង​បន្តិច ប៉ុន្តែ​លើក​ទី​២ ​ខុន​ រាជ ​បាន​ពុះ​ពី​លើ​បណ្តាល​ឱ្យ​មាន​របួស​ធំ​ជាង​​មុន មាន​ឈាម​ហូរ​ជោក​មុខ លោក​គ្រូ​ពេទ្យ​​ឃើញ​សភាព​បែប​នេះ​ក៏​សម្រេច​បញ្ឈប់​​ការ​ប្រកួត​តែ​ម្តង ។ របួស​ទាំង​២​កន្លែង​របស់​ ADAY TON ត្រូវ​ដេរ​ចំនួន​៩​ថ្នេរ។

​ចំណែក​ជ័យ កុសល​ ​ដែល​គណៈ​កម្ម​ការ​ផ្តល់​​ពិន្ទុ​ឱ្យ​ស្មើ ATOSHI NOMURA មិន​ធ្វើ​ឱ្យ​អ្នក​​ទស្សនា​​មាន​ការ​ខក​ចិត្ត​ឡើយ បើ​ទោះ​បី​ជា​កុសល​មាន​ប្រៀ​ប​ជាង​តាំងពី​ទឹក​ទី​១ ក៏​ដោយ ។ ​នៅ​ក្នុង​ទឹក​ទី​១ ស្នៀត​កែង​​របស់​កុសល​​ធ្វើ​ឱ្យ​អ្នក​ប្រដាល់​ជន​ជាតិ​ជប៉ុន​ម្នាក់​នេះ រង​របួស​យ៉ាង​ធ្ងន់​ធ្ងរ​ គឺ​បែក​ត្រង់​បបូរ​មាត់ និង​​ពក​ថ្ពាល់​​ខាង​ឆ្វេង​ ប៉ុន្តែ ATOSHI ចិត្ត​សឿង​គ្រាន់​បើ​ដែរ បាន​តស៊ូ​វាយ​​បក​សង​​​វិញ​យ៉ាង​ប្តូរ​ផ្តាច់​​បំផុត។ ​ថ្វី​ដ្បិត​តែ​នៅទឹក​ទី​៣ ATOSHI មាន​ឱកាស​​វាយ​បក​សង​មក​លើ​កុសល​វិញ​ខ្លះៗ​​ក្តី ប៉ុន្តែ​​មើ​ល​ទៅ​ស្ថាន​ភាព​របស់​ ATOSHI គឺ​ទ្រុឌ​ទ្រោម​បំផុត ដោយ​សារ​តែ​ស្នៀត​​ជើង​ និង​ស្នៀត​កែង​របស់​កុសល ។ ​

កុសល​ ចាប់​ផ្តើម​​ធ្លាក់​ស្រុត​កម្លាំង​ចាប់​ពី​ទឹក​ទី​៤ រហូត​ទៅ​ ឯ ATOSHI ផ្ទៃ​មុខ​របស់​គេ​ទាំងមូល​ពោរ​ពេញ​ទៅ​​ដោយ​ស្នាម​របួស តែ​គេ​នៅតែ​បង្ហាញ​ភាព​ខ្លាំង​វាយ​បក​សង​​វិញ មិន​ញញើត​ឡើយ ។ ATOSHI បាន​បញ្ចេញ​​ស្នៀត​ជើង​ទាត់​មក​លើ​កុសល ​ដូច​ព្យុះ​​នៅ ​ទឹក​ទី​៤ និង​ទី​៥ ​ហើយ​នៅ​មាន​ស្នៀត​ជង្គង់​​ទៀត​ដែល​បាន​​ជំរុញ​ឱ្យ​កុសល​​ដក​ថយ​អែប​ខ្សែ​រេញ​រហូត ។ ២​ទឹក​ចុង​ក្រោយ​កុសល​ចាញ់​​ប្រៀប​​ ATOSHI ដាច់​តែ​ម្តង ដូច្នេះ​​គណៈ​កម្ម​ការ​​សម្រេច​ផ្តល់​ពិន្ទុ​​ឱ្យ​ស្មើ​គ្នា​​​នោះ​វា​​ស័ក្តិ​សម​ណាស់​ទៅ​ហើយ ។

សួង សុវណ្ណ​ថា មក​ពី​ក្លឹប​កីឡា​ប្រដាល់​ក្រសួង​កា​រពារ​ជាតិ​យក​ឈ្នះ​លាប សំណាង មក​ពី​ក្លឹប​​កង​ពល​តូច​លេខ​៧០ ដោយ​ពិន្ទុ ។ សារឹម ង៉ា មក​ពី​ក្លឹប​កីឡា​ប្រដាល់​ក្រសួង​ការ​ពារ​ជាតិ​ យក​ឈ្នះ​សូយ សីហា មក​ពី​ក្លឹប​​អូដឹម​កីឡា​ ​ដោយ​ពិន្ទុ ។ វី សាវុធ មក​ពី​ក្លឹប​ឥន្ទ្រី​កីឡា​ប្រកួត​​ជា​លក្ខណៈ​សាកល​អាជីព​ប្រភេទ​​ទម្ងន់​​​៦០​គីឡូ​ក្រាម ​ឈ្នះ​ពិន្ទុ​ផល សោភ័ណ្ឌ មក​ពី​​ក្លឹប​​តាឡី​ដំរី​មាន​ឫទ្ធិ ។

កន ចន្ថា បំបាក់​រៀម​ច្បង​ស្វាយ រិទ្ធី  ទឹក​ទី​៣ ខណៈ ឯម ខ្លឹម​ខ្មៅ ឈ្នះ​ពិន្ទុ ​វ៉ាន់ ​ចាន់​វៃ

ក្នុង​ការ​ប្រកួត​​លើ​សង្វៀន​ស្ថានីយ​ទូរ​ទស្សន៍​បាយ័ន​កាល​ពី​រសៀល​ថ្ងៃ​ទី​១៤ ឧសភា កន្លង​មក​នេះ​កីឡា​ករ​កន​ ចន្ថា​ មក​ពី​ក្លឹប​អាជ្ញា​ធរ​ជាតិ​អាវុធ​គី​មី​បាន​បំបាក់​ស្វាយ​ រិទ្ធី ជា​សិស្ស​ច្បង​មក​ពី​ក្លឹប​កង​ទ័ព​ជើង​គោក​ឱ្យ​សន្លប់​ក្នុង​ទឹក​ទី​៣​។ ចំណែក​ឯម ខ្លឹម​ខ្មៅ មក​ពី​ក្លឹប​គ្រុឌ​មាន​ជ័យ​បាន​យក​ឈ្នះ​ពិន្ទុ វ៉ាន់ ចាន់​វៃ មក​ពី​ក្លឹប​ព្រះ​ខ័ន​រាជ្យ។

រវាង​កន ចន្ថា និង​ស្វាយ រិទ្ធី សំរាប់​២​ទឹក​ដំបូង​ទោះ​បី​ជា​ការ​ប្រកួត​មិន​ទាន់​ក្តៅ​សាច់​ដុំ​នៅ​ឡើយ តែ​ស្វាយ​ រិទ្ធី បាន​បង្ហាញ​នូវ​ការ​ចាញ់​ប្រៀប​ ពិសេស​ផ្នែក​កំលាំង​ជាមួយ​កន​ ចន្ថា រួច​ទៅ​ហើយ​។ ស្វាយ រិទ្ធី ជា​អ្នក​ប្រដាល់​ចាស់​វស្សា​ធ្លាប់​ទទួល​បាន​ការ​គាំ​ទ្រ​ និង​ល្បី​ឈ្មោះ​មួយ​​រូប​ ប៉ុន្តែ​គេ​បាន​ឃ្លាត​ឆ្ងាយ​ពី​សង្វៀន​មួយ​រយៈ​វែង​។ ពេល​ត្រឡប់​មក​វិញ​ស្នៀត​គុន និង​កំលាំង​របស់​គេ​ហាក់​ដូច​ជា​បាត់​បង់​ច្រើន។ រិទ្ធី​អាច​មាន​លទ្ធ​ភាព​ទប់​ទល់​ជាមួយ​ចន្ថា​ទាំង​លំបាក​បាន​ត្រឹម​២​ទឹក​ប៉ុណ្ណោះ​ ចូល​ដល់​ទឹក​ទី​៣ ត្រូវ​ចន្ថា​ប្រើ​រន្ទះ​ជើង​ទាត់​ចូល​ឆ្អឹង​ជំនីរ​ខាង​ឆ្វេង​បណ្តាល​ឱ្យ​សន្លប់​ធំ​តែ​ម្តង​ ទោះ​បី​លោក​អាជ្ញា​កណ្តាល​​រាប់​ដល់​១០​ក៏ងើប​មិន​រួចដែរ​។

ចំពោះ​ការ​ប្រកួត​រវាង​ឯម ខ្លឹម​ខ្មៅ ជាមួយ​​វ៉ាន់ ចាន់​វៃ វិញ មុន​នឹង​ចាន់​វៃ ចាញ់​ពិន្ទុ​ក៏​ធ្វើ​ឱ្យ​ខ្លឹម​ខ្មៅ​វេទនា​ដែរ​។ ការ​ប្រកួត​ទាំង​៥​ទឹក​នោះ​ចាន់​វៃ​មាន​ឱកាស​ទាត់​ទៅ​លើ​ខ្លឹម​ខ្មៅ ច្រើន​ដែរ​ប៉ុន្តែ​​នៅ​ពេល​ចូល​កៀក​គេ​ចាញ់​ជង្គង់​របស់​ខ្លឹម​ខ្មៅ។ ​សូម​បញ្ជាក់​ថា រវាង​គូ​នេះ​ធ្លាប់​មាន​ប្រវត្តិ​ជួប​ប្រកួត​គ្នា​៤​លើក​មក​ហើយ​ ដោយ​គិត​ទាំង​លើក​នេះ​ផង​ ក្នុង​នោះគឺ​ពួក​គេ​ឈ្នះ និង​ចាញ់​២​ដង​ម្នាក់​។

ម៉ោង សំអាត មក​ពី​ក្លឹប​​តា​ព្រហ្ម​មាន​ជ័យ​បាន​យក​ឈ្នះ​ពិន្ទុ​ឯម ចាន់​រស្មី មក​ពី​ក្លឹប​គ្រុឌ​មាន​ជ័យ​។ រស្មី​បាន​ប្រើ​ស្នៀត​​កណ្តាប់​​ដៃ​វាយ​យ៉ាង​សន្ធាប់​ទៅ​លើ​សំអាត​​ ប៉ុន្តែ​មិន​ទទួល​លទ្ធ​ផល​ល្អ​ទេ ព្រោះ​ការ​បញ្ជូន​កណ្តាប់​ដៃ​នោះ​ភាគ​ច្រើន​​ គឺ​ខុស​​គោល​ដៅ​។ ផ្ទុយ​ទៅ​វិញ​​សំអាត​ដែល​វាយ​ចេញ​មួយៗ​ តែ​ត្រូវ​គោល​ដៅ​ល្អ​ជាង​។ រ៉ង​ សុខ​ចាន់​ មក​ពី​ក្លឹប​រ៉ា​ហាប់​ស្វាយ​ប៉ាក​ឈ្នះ​ពិន្ទុ​ពៅ សារ៉ាត់​ មក​ពី​ក្លឹប​វីអាយ​ភី​ចំការ​មន។ រី​ឯពុទ្ធ សុជាតិ មក​ពី​ក្លឹប​ពុទ្ធ​សេរី​វង្ស​ព្រែក​តា​ទែន​ឈ្នះ​ពិន្ទុ​សុខ វាសនា​ មក​ពី​ក្លឹប​ឃ្លាំង​មឿង​កីឡា​ ៕