តទៅនេះ យើងខ្ញុំសូមនាំអារម្មណ៍ប្រិយមិត្តមកស្គាល់ភោជនីយដ្ឋាន៦កន្លែងនៅទ្វីបអាស៊ីដែលម្ចាស់ហាងបានរចនាចេញមកមានលក្ខណៈចម្លែកៗមិនធ្លាប់មានពីមុនមក។ ចង់ដឹងថាភោជនីយដ្ឋានទាំងនោះមានលក្ខណៈពិសេសខុសប្លែកពីគេត្រង់ចំណុចណាខ្លះ យើងសូមនាំអារម្មណ៍ប្រិយមិត្តមកស្វែងយល់ដូចតទៅ។
ទី១- ភោជនីយដ្ឋានបង្គន់
ភោជនីយដ្ឋានបង្គន់ ឬថយលេតរ៉េសស្តូរ៉ន (toilet restaurant) ស្ដាប់មួយភ្លែតស្ទើរតែមានអារម្មណ៍ចង់ក្អួត ឬចង់មិនស្រួលខ្លួន។ ជាពិសេស អ្នកដែលស្ដាប់ពីដំបូងដៃស្មានថាជាបង្គន់មែនទែន។ តាមពិត វាជាចានគេរចនាម៉ូតដូចចានបង្គន់សម្រាប់ដាក់អាហារ។ លុះត្រាតែអ្នកដែលហ៊ានកាត់ចិត្ត និងចេះទប់អារម្មណ៍ឱ្យបានល្អទើបហ៊ានដាក់អាហារចូលទៅក្នុងមាត់របស់ពួកគេ។ ជាពិសេស ពួកគេត្រូវគិតនៅក្នុងចិត្តនេះមិនមែនជាចានបង្គន់មែនទែនទេ។ នេះជារបស់ឧបកិច្ចតែប៉ុណ្ណោះ។ លុះត្រាតែតាំងចិត្តបែបនេះទើបពួកគេគ្មានអារម្មណ៍ខ្ពើមឆ្អើម។ ភោជនីយដ្ឋានបង្គន់មានទីតាំងនៅកោះតៃវ៉ាន់។

នៅពេលភ្ញៀវដើរចូលទៅខាងក្នុងភោជនីយដ្ឋាន, ពួកគេអាចនឹងមានអារម្មណ៍ថាទីនេះប្រៀបបាននឹងបង្គន់ខ្នាតធំដែលឃើញសុទ្ធតែចានបង្គន់ពាសពេញហ្នឹងតែម្ដង។ ចំណុចដែលគួរឱ្យចាប់អារម្មណ៍នៅត្រង់ថាភ្ញៀវដែលមកទីនេះត្រូវអង្គុយពីលើចានបង្គន់ផង និងដួសអាហារចេញពីចានបង្គន់ផង។ បើសម្រាប់អ្នកដែលឆាប់មានអារម្មណ៍ញញើតនឹងទិដ្ឋភាពបែបនេះគ្រាន់តែចូលទៅមានអារម្មណ៍ចង់ខ្យល់ចាប់ភ្លាមៗ។ ប៉ុន្តែភោជនីយដ្ឋាននេះបានទាក់ទាញអ្នកទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករទៅញ៉ាំអាហារ។ ពួកគេចង់ឃើញ ចង់ស្គាល់របស់ចម្លែកៗប្រភេទនេះដែលផ្ដល់បរិយាកាសញ៉ាំអាហារគ្មាន២នៅក្នុងលោក។

២- ហាងកាហ្វេបិសាចជញ្ជក់ឈាម ឬវេមផាយអឺ កាហ្វេ (Vampire Café)
ហាងកាហ្វេបិសាចជញ្ជក់ឈាម ឬវេមផាយអឺ កាហ្វេ មានទីតាំងស្ថិតនៅសង្កាត់ហ្គីនហ្សា (Ginza) នៃទីក្រុងតូក្យូ។ ហាងនេះត្រូវគេតុបតែងឡើងដើម្បីបង្កើតបរិយាកាសព្រឺព្រួច និងរន្ធត់សម្រាប់អតិថិជនដោយប្រើប្រាស់វាំងននមានពណ៌ក្រហាមច្រាលដូចឈាមរបស់មនុស្សពិតៗ។ ក្រៅពីនេះ ហាងក៏បំពាក់ទៀន, ក្ដារមឈូស និងកញ្ចក់ដែលដិតដាមដោយឈាម ប្រៀបដូចជាទីនេះមានបិសាចទើបតែជញ្ជក់ឈាមមនុស្សថ្មីៗ។

រឹតតែគួរឱ្យចាប់អារម្មណ៍ថែមទៀតនោះគឺអាហារ និងភេសជ្ជៈនៅទីនេះត្រូវគេដាក់រហស្សនាមដូចឈ្មោះបិសាចជញ្ជក់ឈាមនៅក្នុងរឿងនិទាន។ អាហារទាំងនេះក៏រៀបចំតុបតែងមានលក្ខណៈគួរឱ្យព្រឺព្រួចផងដែរ។ មែនទែនទៅ, ការរៀបចំបរិយាកាសនៅក្នុងហាងនេះមិនមែនដើម្បីបន្លាចចិត្តរបស់ភ្ញៀវទេ។ ប៉ុន្តែដើម្បីបង្កបរិយាកាសដែលចម្លែកខុសគេ។ សម្រាប់អ្នកដែលចូលចិត្តទិដ្ឋភាពបែបហាឡូវីន (Halloween), ទិដ្ឋភាពបែបរន្ធត់ ឬបែបបិសាចជញ្ជាក់ឈាមពិតជាពេញចិត្តស្ដូកនឹងទីកន្លែងបែបនេះ។

៣- ភោជនីយដ្ឋានពន្ធនាគារ
ភោជនីយដ្ឋានពន្ធនាគារមានទីតាំងនៅប្រទេសឥណ្ឌា និងមានភិនភាគដូចពន្ធនាគារបេះបិទ។ នៅពេលភ្ញៀវដើរចូលទៅដល់ក្នុងភោជនីយដ្ឋានភ្លាម, ពួកគេក្រឡេកមើលឆ្វេងស្ដាំឃើញគេរៀបចំជាបន្ទប់មានលក្ខណៈដូចបន្ទប់ជាប់ឃុំបេះដាក់។ ភ្ញៀវត្រូវចូលអង្គុយនៅក្នុងបន្ទប់ទាំងនេះ។ រួចហើយ, បុគ្គលិកហាងនឹងបិទទ្វារចាក់សោពីខាងក្រៅ។

អ្នកកុម្ម៉ង់អាហារ និងអ្នកលើកអាហារស្លៀកពាក់ជាអនុរក្សពន្ធនាគារ។ មុខម្ហូបនៅទីនេះមានឈ្មោះប្លែកៗមិនដែលឮនៅកន្លែងផ្សេង។ សូម្បីតែអាហារក៏ត្រូវគេដាក់ឱ្យភ្ញៀវញ៉ាំនៅក្នុងចានសម្រាប់អ្នកទោសផងដែរ។ ដូចនេះ ការញ៉ាំអាហារមានអត្ថន័យជ្រាលជ្រៅមិនអាចបំភ្លេចបាន។ និយាយទៅ, ភ្ញៀវនឹងមានអារម្មណ៍ដូចនៅក្នុងពន្ធនាគារពិតៗតែម្ដង។

៤- ភោជនីយដ្ឋានកាយ៉ាប៊ូគីយ៉ា (Kayabukiya)
កាយ៉ាប៊ូគីយ៉ាជាភោជនីយដ្ឋានបែបប្រពៃណីរបស់ប្រទេសជប៉ុន និងមានទីតាំងនៅសង្កាត់អាសាគូសា (Asakusa) នៃទីក្រុងតូក្យូ។ លក្ខណៈចម្លែករបស់ភោជនីយដ្ឋាននេះនៅត្រង់ថាហាងមិនប្រើប្រាស់បុគ្គលិកជាមនុស្សសម្រាប់ទទួលការកុម្ម៉ង់អាហារ ឬលើកអាហារជូនភ្ញៀវទេ។ ប៉ុន្តែគេប្រើប្រាស់សត្វស្វាជាច្រើនក្បាលដែលគេបង្វឹកយ៉ាងស្ទាត់ជំនាញផ្នែកសេវារត់តុ។

បើគិតមើលទៅ, ប្រើសត្វស្វារត់តុក៏ម៉្យាងដែរព្រោះហាងអាចកាត់បន្ថយថ្លៃចំណាយបានច្រើន។ ផ្ទុយពីបុគ្គលិកជាមនុស្សដែលត្រូវបើកប្រាក់ខែឱ្យពួកគេជាទៀងទាត់, សត្វស្វាទាំងនេះមិនត្រូវការអ្វីច្រើនទេ ក្រៅពីផ្លែចេកទុំសម្រាប់វាស៊ីមួយចម្អែតក្រពះ។ មិនតែប៉ុណ្ណោះ ពួកវាអាចទទួលបានការយកចិត្តទុកដាក់ ឬបីបន្លែងពីអតិថិជនដែលមកញ៉ាំអាហារនៅទីនេះ។

៥- ភោជនីយដ្ឋានយូនីសាន់ស្ប៉ា (Yunessun Spa)
ភោជនីយដ្ឋានយូនីសាន់ស្ប៉ាជាអាហារដ្ឋានដ៏ចម្លែកបំផុតមួយ ហើយក៏បង្កបរិយាកាសសប្បាយរីករាយសម្បើមណាស់ដែរសម្រាប់ភ្ញៀវដែលទៅកម្សាន្តនៅប្រទេសជប៉ុន។ ទីនេះត្រូវគេរៀបចំតុបតែងប្រៀបដូចជាសួនកម្សាន្តដែលរៀបចំដូចជាកន្លែងស្ប៉ា។ អតិថិជនអាចចុះត្រាំខ្លួននៅក្នុងអាងទឹកដែលគេចាក់ស្រាទំពាំងបាយជូរចូល, ចាក់កាហ្វេចូល និងចាក់មីចូលទៅក្នុងទឹកនោះ។

របស់ដែលចាក់ចូលទៅក្នុងនោះមិនមែនសម្រាប់ឱ្យពួកគេទទួលទានទេ។ របស់សម្រាប់ភ្ញៀវញ៉ាំផ្សេងពីនេះ។ ពួកគេនឹងទទួលបានការផ្ដល់ជូនស្រាទំពាំងបាយជូរ, កាហ្វេ និងមី ដែលដាក់នៅក្នុងចាន និងនៅក្នុងកែវត្រឹមត្រូវ។ គោលបំណងនៃការបង្កើតកន្លែងស្ប៉ាដ៏ចម្លែកនេះដើម្បីបង្កបរិយាកាសរំភើបរីករាយសម្រាប់ភ្ញៀវ។ សូមជម្រាបថាស្រាទំពាំងបាយជូរ, កាហ្វេ និងទឹកស៊ុបសម្រាប់ស្រុះមីសុទ្ធតែជារបស់ឧបកិច្ចតែប៉ុណ្ណោះដើម្បីធ្វើឱ្យភ្ញៀវមានអារម្មណ៍ថាដូចជារបស់ពិតៗ។

៦- ហាងកាហ្វេត្រីនៅវៀតណាម
ហាងកាហ្វេឈ្មោះអាមីកហ៊្វីសកាហ្វេ (Amixt Fish Café) មានតែ១គត់នៅលើពិភពលោក ស្ថិតនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។ នៅទីនេះ ភ្ញៀវអាចអង្គុយញ៉ាំកាហ្វេបណ្ដែតអារម្មណ៍លេងនៅលើទឹកដែលគេបូមដាក់នៅលើកម្រាលឥដ្ឋកម្ពស់ទឹកត្រឹមកែងជើង។ ក្រៅពីនេះ គេក៏លែងត្រីរាប់រយក្បាលមានច្រើនប្រភេទ និងចម្រុះពណ៌ហែលឆ្វែលឆ្វាត់កាត់ជើងរបស់ភ្ញៀវ។

មុននឹងដើរចូលទៅក្នុងហាងនេះ ភ្ញៀវទាំងអស់ត្រូវដោះស្បែកជើងចេញឱ្យអស់ ទុកតែជើងទទេប៉ុណ្ណោះ។ នៅទីនេះមាន២ជាន់។ ប៉ុន្តែអាងទឹកមានតែនៅជាន់ទី១ប៉ុណ្ណោះ។ ទឹកនៅទីនេះនឹងត្រូវបូមចេញដាក់ទឹកថ្មីរៀងរាល់២៤ម៉ោងម្ដង។ ភ្ញៀវដែលមកញ៉ាំកាហ្វេនៅទីនេះមានអារម្មណ៍សប្បាយរំភើបនឹងបរិយាកាសបែបនេះដែលមានលក្ខណៈប្លែកខុសពីកន្លែងផ្សេង៕
ប្រភព៖ Daily Mail, Japan Times និងប្រភពដទៃទៀត
https://www.cktravels.com/modern-toilet-restaurant-taipei/
https://tokyocheapo.com/restaurant/vampire-cafe/
https://www.dailymail.co.uk/news/article-1071289/Pictured-The-amazing-monkey-waiters-serve-tables-Japanese-restaurant.html
https://www.japantimes.co.jp/life/2017/06/18/lifestyle/dipping-hakones-unusual-hot-spas/
















អតិថិជនចុះត្រាំនៅក្នុងទឹកស៊ុបមីតាមបែបជប៉ុន (នេះគ្រាន់តែជាការឧបកិច្ចតែប៉ុណ្ណោះ។ គេមានវិធីកែឆ្នៃទឹកដោយប្រើប្រាស់ថ្នាំពណ៌ ឬល័ខដើម្បីធ្វើឱ្យមានភិនភាគខាងក្រៅដូចជាទឹកស៊ុបមី។)

ចែករំលែកព័តមាននេះ