រាជធានីភ្នំពេញ ៖ អស់រយៈពេលប្រហែលជាជាង០២ឆ្នាំ កន្លងមកហើយ ជីវិតនារីវ័យក្មេងរូបស្រស់ស្អាតម្នាក់ គ្មានសេរីភាពសោះឡើយ ដោយសារតែស្ត្រីម្នាក់តែងខ្លួនជាប្រុស (ជាភេទទី៣ និងជាអតីតអ្នកធ្វើការជាមួយគ្នា) តែងតែជិះម៉ូតូតាមស្ទើរគ្រប់ពេលវេលា ត្រូវបានមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី កោះហៅសាកសួរ និងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធី ។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអោយដឹងថា ក្រោយពីបានឃើញនូវហេតុការណ៍បង្ហោះវីដេអូមួយឃ្លីប តាមបណ្តាញព័ត៌មានសង្គមពីសំណាក់ស្ត្រីម្នាក់ ចោទប្រកាន់ស្ត្រីម្នាក់តែងខ្លួនជាប្រុសដែលជា(អតីតអ្នកធ្វើការជាមួយគ្នា) បានតាមអុកឡុករំខានដល់ជីវិតនាងជារៀងរាល់ថ្ងៃបនោះ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានបញ្ជាក់ថា នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ស្ត្រីតែងខ្លួនជាប្រុសមានឈ្មោះ ឡុង សុខគីម អាយុ៣៣ឆ្នាំ រស់នៅភូមិចំការឳឡឹក សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធី បន្ទាប់ពីស្ត្រីតែងខ្លួនជាប្រុស បានចូលខ្លួនតាមការកោះហៅរបស់មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ។
លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី បានបកស្រាយថា កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅនេះ ស្ត្រីឈ្មោះ វណ្ណ ឌីលក្ខណ៍ អាយុ៣១ឆ្នាំ ទីលំនៅបច្ចុប្បន្នផ្ទះលេខ១៣៨ ផ្លូវ១៩៨៦ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានប្តឹងឈ្មោះ ឡុង សុខគីម ភេទស្រី អាយុ៣៣ឆ្នាំ រស់នៅភូមិចំការឳឡឹក សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ពីបទតាមអុកឡុក ។
នៅពេលនោះ មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ក៏បានកោះហៅស្ត្រីរងការចោទប្រកាន់ ដើម្បីសាកសួរជុំវិញបណ្តឹងនេះ។ លុះនៅថ្ងៃដដែល ភាគីទាំងពីរ គឺស្ត្រីដើមបណ្តឹង និងស្ត្រីចុងបណ្តឹង ក៏បានសម្របសម្រួលគ្នាម្តងរួចមកហើយ សម្រេចដកពាក្យបណ្តឹងពីប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី មិនប្តឹងចោទស្ត្រីចុងបណ្តឹងនោះទៀតទេ ។
នៅពេលនោះ សម្រាប់ស្ត្រីចុងបណ្តឹង តែងខ្លួនជាប្រុសមានឈ្មោះ ឡុង សុខគីម សមត្ថកិច្ចសម្របបសម្រួលបញ្ចប់វិវាទ ដោយឲ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពតាមយាយី អុកឡុក ក្នុងជីវិតស្ត្រីដើមបណ្តឹងតទៅទៀត ក្នុងករណីបើមានកើតឡើងបន្តទៀត ស្ត្រីខាងលើ នឹងទទួលខុសត្រូវ ចំពោះមុខច្បាប់ ។
ដោយឡែក គណនីហ្វេសប៊ុកឈ្មោះ Ah Leak បានធ្វើការ live វីដេអូ ដើម្បីឲ្យបងប្អូនមហាជននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក បានស្គាល់មុខមាត់មនុស្សស្រីធ្វើប្រុសរូបនេះ និងសំណូមពរទៅកាន់សមត្ថកិច្ចខណ្ឌសែនសុខថា តើឲ្យរូបនាងទៅប៉ុស្តិ៍ប៉ុន្មានដងទៀត ព្រោះនាងបានទៅប្តឹងច្រើនលើកច្រើនសាររួចហើយ។ នៅពេលនាំខ្លួនមនុស្សភេទទី៣រូបនេះ ទៅប៉ុស្តិ៍ សូមឲ្យឪពុកម្តាយមកធានាឲ្យឈប់តាមរំខានជីវិតរបស់នាងទៀត ចុះហេតុអ្វីបានជាបណ្តែតបណ្តោយឲ្យមនុស្សរោគចិត្តដដែលនេះ នៅតែមកតាមបែបនេះទៀត ? ខណៈរូបនាងជាកូនកំព្រា ទៀតនោះ ៕



ចែករំលែកព័តមាននេះ