ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រត្តិបត្តិការ​ស្ទើរ​ពេញ​១​ថ្ងៃ រឹបអូស​ស្បៃ​មុង​រាប់​ពាន់​ម៉ែត្រ និង​ឧបករណ៍​នេសាទ​ជា​ច្រើន​(​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • កំពង់ចាម

ក្នុង​រដូវ​បិទ​នេសាទ សកម្មភាព​បទល្មើស​ដាក់​លូ​ស្បៃ​មុង​ដោយ​ខុសច្បាប់ នៅ​តាម​អតីត​ឡូ​នេសាទ ស្ថិត​ក្នុងស្រុក​កងមាស ត្រូវ​បាន​កម្លាំង​ជំនាញ​ជលផល​ចុះ​បង្ក្រាប ដោយ​ធ្វើ​ឡើង​ស្ទើរតែ​ពេញ​មួយ​ថ្ងៃ

ខេត្តកំពង់ចាម ៖ ក្នុង​រដូវ​បិទ​នេសាទ សកម្មភាព​បទល្មើស​ដាក់​លូ​ស្បៃ​មុង​ដោយ​ខុសច្បាប់ នៅ​តាម​អតីត​ឡូ​នេសាទ ស្ថិត​ក្នុងស្រុក​កងមាស ត្រូវ​បាន​កម្លាំង​ជំនាញ​ជលផល​ចុះ​បង្ក្រាប ដោយ​ធ្វើ​ឡើង​ស្ទើរតែ​ពេញ​មួយ​ថ្ងៃ កាលពី​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២៣ ក្រោម​ការ​ណែនាំ​ពី​សំណាក់​ឯកឧត្តម​អភិ​បាលខេត្ត ក៏​ដូច​ជា​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​។

ហើយ​ក្នុង​ប្រតិបត្តិការ​ខាងលើ​នេះ មន្ត្រី​ជំនាញ​ជលផល​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន បាន​រឹប​អូស​ស្បៃ​មុង​រាប់​ពាន់​ម៉ែត្រ ព្រមទាំង​ចាក់​លែង​កូន​ត្រី​ចូល​ទៅ​ក្នុង​បឹង​ធម្មជាតិ​វិញ និង​ឧ​រឹបអូស​បក​រណ៍​នេសាទ​ខុសច្បាប់​ជា​ច្រើន ហើយ​យក​ទៅ​ដុត​បំផ្លាញ​ចោល​នៅ​នឹង​កន្លែង​ផង​ដែរ ព្រមទាំង​ធ្វើការ​ស្រាវជ្រាវ ដើម្បី​ស្វែងរក​អ្នក​ប្រព្រឹត្ត​បទល្មើស​ទាំងនេះ​ទៀត​ផង​។

លោក អ៊ុ​ក ណា​រិ​ន នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ចាម បានឱ្យ​ដឹង​ថា ចាប់ពី​រដូវ​បិទ​នេសាទ ពេល​ដែល​ទឹកទន្លេ​មេគង្គ​បាន​ហូរ​ចូល​តាម​បឹងបួរ ក្នុង​នោះ​ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​រាយការណ៍​ដល់​ស្ថាប័ន​ជំនាញ​ថា មាន​សកម្មភាព​ដាក់​លូ​ស្បៃ​មុង​ជា​ច្រើន ដើម្បី​ចាប់​យក​ត្រី​តូច​ធំ​។ ហើយ​ក្រុម​ដែល​ប្រព្រឹត្ត​បទល្មើស​ទាំងនេះ ត្រូវ​បាន​គេ​សង្ស័យ​ថា គឺជា​មុខសញ្ញា​ចាស់​ដដែល​ៗ​។

លោក អ៊ុ​ក ណា​រិ​ន បានឱ្យ​ដឹង​បន្ត​ថា មន្ត្រី​ជំនាញ​ជលផល​បាន​ធ្វើការ​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម ក៏​ដូច​ជា​ការ​ចុះ​បង្រៀន​ដោយ​ផ្ទាល់ ប៉ុន្តែ​នៅ​តែ​មាន​ពលរដ្ឋ​ខិលខូច​មួយ​ចំនួន​បន្តសកម្មភាព​លួ​.​ច​ដាក់​បទល្មើស​នេសាទ​ដដែល​។

ចំណែក​លោក នាយ ខាន់ រដ្ឋបាល​ជលផល​កំពង់ចាម បន្ត​ឲ្យ​ដឹង​ដែរ​ថា ដោយ​ទទួល​បាន​នូវ​ព័ត៌មាន​នេះ​ភ្លាម រូប​លោក​បាន​សុំ​គោលការណ៍​ពី​ឯកឧត្តម វង្ស ប៊ុ​ន​វិសុទ្ធ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត និង​ឯកឧត្តម​អភិបាលខេត្ត ដោយ​រូប​លោក​ដឹកនាំ​ប្រតិបត្តិការ​នេះ​ដោយ​ផ្ទាល់​តែ​ម្ដង​។

លោក នាយ ខាន់ បន្ត​ថា ហើយ​ក្នុង​ពេល​ចុះ​បង្ក្រាប​នេះ គឺ​មិន​ឱ្យ​មុខសញ្ញា​ដាក់​បទល្មើស​នេសាទ​ដឹង​ជា​មុន​នោះ​ទេ គឺ​ធ្វើ​ឡើង​សហការ​ជាមួយ​អាជ្ញាធរ​ស្រុក​កងមាស អធិការដ្ឋាន​នរ​គ​បាល​ស្រុក​កង​មាស និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ព្រែក​កុយ ដោយ​មានការ​អនុញ្ញាត​ពី​ឯកឧត្តម វង្ស ប៊ុ​ន​វិសុទ្ធ ព្រះរាជអាជ្ញា​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម បាន​ចុះ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​ចំពោះ​មុខសញ្ញា​បទល្មើស ដែល​ប្រើប្រាស់​ឧបករណ៍​លូ​ស្បៃ​មុង និង​ឧបករណ៍​លប​ប្រឹស​១០០ បាន​ចំនួន​០៧​នាក់ និង​បង្ក្រាប​បទល្មើស​ជលផល​បាន​ចំនួន​០៣​ករណី​ទៀត ហើយ​កសាង​សំណុំរឿង​តាម​នីតិវិធី​នៃ​ច្បាប់​ស្តី​ពី​ជលផល និង​រុះរើ​បំផ្លាញ​ចោល​វត្ថុ​តាង​នៃ​បទល្មើស​ជលផល​នៅ​និង​កន្លែង​កើត​ហេតុតែ​ម្ដង ក្នុង​នោះ​រួម​មាន ៖

ករណី​ទី​០១ ៖ មន្ត្រី​ជំនាញ​ជលផល​រឹបអូស​បទល្មើស​លូ​ស្បៃ​មុង​ចំនួន​០៥​មាត់​, របាំង​ស្បៃ​មុង​ចំនួន​២០០​ម៉ែត្រ​, ស៊ង​ស្បៃ​មុង​ចំនួន​៥​កន្លែង ប្រវែង​៥០​ម៉ែត្រ និង​បង្គោល​ចម្រឹង ចំនួន​៤៥​ដើម នៅ​ចំណុច​បឹង​កក់ ស្ថិត​ក្នុង​ឃុំ​ស្តៅ ស្រុក​កងមាស ខេត្តកំពង់ចាម​។

ករណី​ទី​០២ ៖ មន្ត្រី​ជំនាញ​ជលផល​រឹបអូស​បទល្មើស​នេសាទ លូ​ស្បៃ​មុង​ចំនួន​០៧​មាត់​, របាំង​ស្បៃ​មុង​ចំនួន​៣៥០​ម៉ែត្រ​, ស៊ង​ស្បៃ​មុង​ចំនួន​៧​កន្លែង ប្រវែង​៧៥​ម៉ែត្រ និង​បង្គោល​ចម្រឹង​ចំនួន​៩៥​ដើម នៅ​ចំណុច​បឹង​ជា​ឬ​ស្សី ស្ថិត​ក្នុង​ឃុំ​ស្តៅ ស្រុក​កងមាស ខេត្តកំពង់ចាម​។

ចំណែក​ករណី​ទី​០៣ ៖ មន្ត្រី​ជំនាញ​រឹបអូស​បទល្មើស​នេសាទ​បាន លូ​ស្បៃ​មុង​ចំនួន​១២​មាត់​, របាំង​ស្បៃ​មុង​ចំនួន​៦០០​ម៉ែត្រ​, ស៊ង​ស្បៃ​មុង​ចំនួន​១២​កន្លែង ប្រវែង​១២៥​ម៉ែត្រ និង​បង្គោល​ចម្រឹង ចំនួន​១៨០​ដើម នៅ​ចំណុច​រោង​វែង ស្ថិត​ក្នុង​ឃុំ​ព្រែក​កុយ ស្រុក​កងមាស ខេត្តកំពង់ចាម​។

លោកនាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ចាម បញ្ជាក់​បន្ថែម​ថា នៅ​ក្នុង​ប្រតិបត្តិការ​ចុះ​បង្ក្រាប​បាន​ចំនួន​៣​ករណី នៅ​ក្នុងស្រុក​កងមាស​ខាងលើ​នេះ គឺ​មិន​មាន​លេចមុខ​សញ្ញា​ជនសង្ស័យ​ណា​ម្នាក់​ត្រូវ​បាន​រក​ឃើញ​នោះ​ទេ​។ តែ​មន្ត្រី​ជំនាញ បាន​ដាក់​ការ​សង្ស័យ​ថា អាច​ជា​មុខសញ្ញា​ចាស់​មុខ​ដដែល​ៗ​។

ជាមួយ​គ្នា​នោះ​ដែរ មន្ត្រី​ជំនាញ​សូម​ធ្វើការ​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ មេត្តា​បញ្ឈប់​ប្រើប្រាស់​ឧបករណ៍​នេសាទ​ដោយ​ខុសច្បាប់ ព្រោះថា វា​បាន​បំផ្លាញ​ធនធាន​មច្ឆា​ជាតិ​យ៉ាងធ្ងន់ធ្ងរ សូ​ម្បី​តែ​កូន​ត្រី​តូច​ទើបនឹង​ញាស់ ក៏​មិន​អាច​ហែល​គេច​រួច​ពី​លប​ស្បៃ​មុង​ទាំងនោះ​ដែរ​។ ដូច្នេះ​មន្ត្រី​ជំនាញ​ក្រើនរំលឹក សូម​បងប្អូន​មេត្តា​ងាក​មក​ប្រើប្រាស់​ឧបករណ៍​នេសាទ​ស្របច្បាប់​ប្រសើរ​ជាង ដើម្បី​ថែរក្សា​និរន្តរភាព​មច្ឆា​ជាតិ​ឲ្យ​គង់វង្ស និង​សម្បូរ​នា​ពេល​អនាគត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ