រាជធានីភ្នំពេញ ៖ រាល់ពេលស្ដាប់បទចម្រៀងប្រវត្តិសាស្ត្រ «ឱ ភ្នំពេញអើយ» ពលរដ្ឋខ្មែរគ្រប់រូបដែលឆ្លងកាត់សម័យរបបប៉ុលពត ប្រាកដជានឹកឃើញដល់គ្រាឈឺចាប់បំផុត ដែលទីក្រុងភ្នំពេញដ៏ស្រស់ស្អាត ត្រូវធ្លាក់ក្រោមការគ្រប់គ្រងរបស់របបខ្មែរក្រហម មកបំផ្លាញសុខសន្តិភាពរបស់ប្រជាជនខ្មែរ អគារខ្ពស់ៗ ជីវិតពលរដ្ឋស្លា.ប់ និងបែកបាក់គ្រួសារផងដែរ។

ហើយដោយការខិតខំប្រឹងប្រែងតស៊ូរំដោះជាតិមាតុភូមិ ក្រោមនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន… នៅទីបំផុត! របបខ្មែរក្រហមក៏ត្រូវដួលរលំ។ ចំណែកប្រជាពលរដ្ឋរងការលំបាក ស្រេកឃ្លាននៅតាមជនបទ ក៏បានវិលត្រឡប់មកទីក្រុងភ្នំពេញវិញ ក្រោយពីត្រូវបានដេញចេញពីទីក្រុងភ្នំពេញអស់រយៈពេល៣ឆ្នាំ៨ខែ២០ថ្ងៃ។

គ្រាពេលនោះបទ «ឱភ្នំពេញអើយ» ក៏ចាប់ផ្ដើមល្បីល្បាញ ហើយប្រជាពលរដ្ឋខ្មែរទាំងអស់ទទួលស្គាល់ ដឹង និងចងចាំថា បទនេះ ជាការតែងនិពន្ធទំនុកច្រៀងដោយ ៖ ឯកឧត្ដម កែវ ចិន្ដា តែម្នាក់គត់ និងសម្រួលកែបទភ្លេងដោយលោក ជ័យ សោភា ច្រៀងដោយ ៖ អ្នកនាង សូ ចន្នី។ មិនត្រឹមតែប៉ុណ្ណោះ បទនេះត្រូវបានថតនៅថ្ងៃទី៣ ខែមករា ឆ្នាំ១៩៧៩ ក្នុងខេត្តក្រចេះ ហើយចាក់ផ្សាយនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ និងជាបទចម្រៀងដំបូងគេ ដែលចាក់ផ្សាយ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ។ បទចម្រៀងដ៏កម្សត់នេះ បង្ហាញពីការចាប់ផ្ដើមជីវិតថ្មីក្នុងវិស័យសិល្បៈ វប្បធម៌ និងវិស័យផ្សេងៗនៅកម្ពុជា ហើយក៏ជាបទចម្រៀងមួយបទ ដែលគត់ត្រាការចងចាំ ក្ដីឈឺចាប់ មិនអាចបំភ្លេចបានរបស់ពលរដ្ឋខ្មែរក្នុរបបខ្មែរក្រហម។

ចំពោះការលើកឡើងរបស់លោក ម៉ម មិថុនា ដែលបានលើកទ្បើងថា ឪពុករបស់លោក គឺលោក ម៉ម ធឿន ជាអ្នកនិពន្ធនោះ ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើល និងចម្លែកមួយសម្រាប់មហាជន ដោយលោកលើកទ្បើងថា «បទចម្រៀង «ឱ ភ្នំពេញអើយ» គឺជាស្នាដៃនិពន្ធរបស់ឪពុកគាត់ គឺលោកពុក ម៉ម ធឿន លោកអ៊ំ ជ័យ សោភា និងលោកពូ អ៊ឹម ឈឿន ដែលនិពន្ធបទភ្លេងដោយពុក និងនិពន្ធទំនុកច្រៀងដោយគាត់ទាំង៣នាក់ ច្រៀងដោយអ្នកមីង សូ ចាន់នី។ ហើយបន្តិចទៀត ខ្ញុំនឹងបង្ហោះសាក្សីដែលគាត់បាននិពន្ធជាមួយគ្នា ព្រោះគាត់នៅមានជីវិតនៅឡើយ ហើយការបង្ហោះរបស់ខ្ញុំនេះ មិនមានចេតនាផ្ចាញ់ផ្ចាល ឬចង់ចាញ់ឈ្នះអ្វីនោះទេ ខ្ញុំបាទគ្រាន់តែចង់រក្សាស្នាដៃ និងកេរ្តិ៍ឈ្មោះរបស់ឪពុកខ្ញុំតែប៉ុណ្ណោះ។ ប្រសិនបើមានការខុសឆ្គង ខ្ញុំបាទសុំអភ័យទោសទុកជាមុន»។

ក្នុងនោះផងដែរ ចៅៗ និងកូនរបស់ឯកឧត្ដម កែវ ចិន្ដា ដែលគេស្គាល់ថា គឺជាម្ចាស់ស្នាដៃតែងនិពន្ធបទ «ឱភ្នំពេញអើយ» ពិតប្រាកដ ក៏បានចេញមុខមកតវ៉ាកាពារ ដើម្បីថែរក្សាមរតករបស់ឯកឧត្ដម កែវ ចិន្តា ត្រូវជាលោកតា និងជាឪពុករបស់គាត់ ដោយភ្ជាប់ជាមួយឯកសារពិត ដែលបានចងក្រងជាយូរមកហើយនៅលើបណ្ដាញសង្គម និង Google Internet។ ក្នុងនោះក៏មានសិល្បករ សិល្បការិនីជាច្រើនរូបបានបង្ហោះសារ ក៏ដូចជា Video បញ្ជាក់ថា «ឯកឧត្តម កែវ ចិន្តា ជាម្ចាស់ស្នាដៃតែងនិពន្ធតែមួយរូបគត់ ដែលគាត់ទទួលស្គាល់»។
សិល្បករ សិល្បការិនីទាំងអស់ខាងលើនោះមានដូចជា ៖ អ្នកនាង ម៉េង កែវពេជ្ជតា, លោក អ៊ុក ណារិន, ឯកឧត្ដម ជុំ កុសល់ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន, ឯកឧត្តម ខៀវ កញ្ញារិទ្ធ, ឯកឧត្តម ជា ច័ន្ទបរិបូណ៍ រួមទាំងផេកដំណើរខ្មែរ និងសិល្បករ សិល្បការិនីជាច្រើនរូបទៀតផង។

សូមបញ្ជាក់ថា ប្រវត្តិសាស្ត្រអមដោយឯកសារយោង បទ «ឱ ភ្នំពេញអើយ» តែងនិពន្ធទំនុកច្រៀងដោយឯកឧត្តម កែវ ចិន្តា សម្រួលកែបទភ្លេងដោយលោក ជ័យ សោភា រៀងដោយអ្នកនាង សូ ចន្នី និងឯកឧត្តម កែវ ចិន្តា អតីតរដ្ឋមន្ត្រីក្រសួងវប្បធម៍ និងជាអតីតអភិបាលរាជធានីភ្នំពេញ និងជាម្ចាស់តែងនិពន្ធទំនុកច្រៀងបទ «ឱភ្នំពេញអើយ» តែម្នាក់គត់។
សូមបញ្ជាក់ទៀតថា ពេលនេះ យើងនៅមិនទាន់ដឹងច្បាស់នៅទ្បើយទេថា បទ «ឱ ភ្នំពេញអើយ» ម្ចាស់បទ គឺជានរណាអោយប្រាកដនោះទេ តែបើតាម page ដំណើរខ្មែរ ដែលជា page តែងតែបង្ហោះអំពីប្រវត្តិរូបតារាចម្រៀងខ្មែរសម័យដើម និងបទចម្រៀង រួមទាំងរបាំបុរាណ និងសិល្បករ សិល្បការិនីខ្មែរជាច្រើនរូប គឺបានបញ្ជាក់យ៉ាងច្បាស់ថា ម្ចាស់បទ «ឱ ភ្នំពេញអើយ» គឺជាការតាក់តែងរបស់ឯកឧត្តម កែវ ចិន្តា តែម្នាក់គត់។ ដោយ ៖ សុជាតា






ចែករំលែកព័តមាននេះ