ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​កម្ពុជា​-​ថៃ សហការ​ឃាត់ខ្លួន​ជនជាតិ​ថៃ​០៤​នាក់ ពាក់ព័ន្ធ​ឆបោក​តាម​អន​ឡាញ កើត​មាន​ឃា​.​ត​កម្ម​លើ​ពលរដ្ឋ​ថៃ​មួយ​គ្រួសារ

7 ខែ មុន

ខេត្តបន្ទាយ​មាន​ជ័យ ៖ កម្លាំង​នគរបាល​ជាតិ​កម្ពុជា និង​កម្លាំង​នគរបាល​ភូមិន្ទ​ថៃ បាន​បើក​សហប្រតិបត្តិការ​ស្រាវជ្រាវ រហូត​ឈាន​ដល់កំណត់​បាន​មុខសញ្ញា និង​ឃាត់ខ្លួន​ជនជាតិ​ថៃ ចំនួន​០៤​នាក់ កាលពី​ថ្ងៃ​ទី​០៩ ខែកញ្ញា…

ខេត្តបន្ទាយ​មាន​ជ័យ ៖ កម្លាំង​នគរបាល​ជាតិ​កម្ពុជា និង​កម្លាំង​នគរបាល​ភូមិន្ទ​ថៃ បាន​បើក​សហប្រតិបត្តិការ​ស្រាវជ្រាវ រហូត​ឈាន​ដល់កំណត់​បាន​មុខសញ្ញា និង​ឃាត់ខ្លួន​ជនជាតិ​ថៃ ចំនួន​០៤​នាក់ កាលពី​ថ្ងៃ​ទី​០៩ ខែកញ្ញា ឆ្នាំ​២០២៣ ដែល​កំពុង​សំងំ​លាក់ខ្លួន​ក្នុងភូមិ​សាស្ត្រ ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ បណ្តាល​ឲ្យ​កើត​មាន​អំពើ​ឃា​.​ត​កម្ម​លើ​ពលរដ្ឋ​ថៃ​មួយ​គ្រួសារ នៅ​ខេត្ត​សា​មុត​ប្រា​កាន ប្រទេស​ថៃ កាលពី​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០២៣ និង​មាន​មនុស្ស​ស្លា​.​ប់ ចំនួន​០៣​នាក់​។

ក្រោម​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់​នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរ​ជាតិ ដោយ​ការ​យកចិត្តទុកដាក់​ខ្ពស់ និង​មានការ​ចង្អុល​ដឹកនាំ​ពី​ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការ​រង នាយកដ្ឋាន​កណ្តាល​សន្តិសុខ បាន​សហការ​ជាមួយ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នាយកដ្ឋាន​ប្រឆាំង​បទល្មើស​ល្បែង​ពាណិជ្ជកម្ម និង​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ និង​មាន​កិច្ច​សម្របសម្រួល​នីតិវិធី​ដោយ​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ លោក​ឧត្តមសេនីយ៍ត្រី អេ​ង លី​ហួរ ស្នងការ​រង​ផែនការ​ងារ​អន្តោប្រវេសន៍ បាន​ធ្វើការ​ផ្លាស់​ប្តូរ​ព័ត៌មាន​ជាមួយ​នគរបាល​ភូមិន្ទ​ថៃ រហូត​កំណត់​បាន​មុខសញ្ញា និង​ឃាត់ខ្លួន​ជនជាតិ​ថៃ ចំនួន​០៤​នាក់ ដែល​កំពុង​រត់គេច និង​សំងំ​លាក់ខ្លួន​ពី​ការ​តាម​ចាប់​របស់​សមត្ថកិច្ច ក្រោយ​ធ្វើ​សកម្មភាព​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ បណ្តាល​ឲ្យ​ជន​រង​គ្រោះជា​ជនជាតិ​ថៃ ស​ម្លា​.​ប់​គ្រួសារ​របស់​ខ្លួនឯង ដែល​មាន​ម្តាយ និង​កូន​ពីរ​នាក់ រួច​ព្យាយាម​ធ្វើ​អត្ត​ឃា​.​ត​ខ្លួន​តាម​ក្រោយ​។

កិច្ច​ប្រតិបត្តិការ​នេះ បាន​ធ្វើ​ឡើង​តែ​មួ​យស​ប្តា​ហ៍​ប៉ុណ្ណោះ​បន្ទាប់​ពី​នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរ​ជាតិ ទទួល​ជំនួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​នាយ​ឧត្ដមសេនីយ៍ Surachate Hakparn អគ្គស្នងការ​រង​នគរបាល​ភូមិន្ទ​ថៃ និង​គណៈប្រតិភូ​កាលពី​ថ្ងៃ​ទី​០៤ ខែកញ្ញា ឆ្នាំ​២០២៣ ខណៈ​កិច្ច​ពិភាក្សា​នេះ បាន​ផ្តោត​សំខាន់ អំពី​ការ​បន្ត​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​រវាង​នគរបាល​ជាតិ​កម្ពុជា និង​នគរបាល​ភូមិន្ទ​ថៃ ឲ្យ​មាន​ភាពរឹងមាំ​ជិត​ស្និទ្ធ​បន្ថែម​ទៀត សំដៅ​សម្រេច​ឲ្យ​បាន​នូវ​លទ្ធផល​ធំ​ៗ ក្នុង​កិច្ច​សហប្រតិបត្តិការ​បង្ការ​ទប់ស្កាត់ និង​ប្រឆាំង​បទល្មើស​ឧក្រិដ្ឋ​ឆ្លង​ដែន​គ្រប់​ប្រភេទ ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​៤​នាក់ ក្រោយ​ឃាត់ខ្លួន ត្រូវ​បាន​ប្រគល់​ជូន​សមត្ថកិច្ច​ថៃ​នាំ​យក​ទៅ ប្រទេស​ថៃ ដើម្បី​បន្ត​នីតិវិធី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ផ្តន្ទាទោស​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ