ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនជាតិ​អឺ​រ៉​ង់​ម្នាក់ បន្លំ​លួច​លុយ តាម​វី​ង និង​កន្លែង​ប្តូរ​ប្រាក់​ជា​ច្រើន​ក្នុង​ក្រុងភ្នំពេញ

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​អឺ​រ៉​ង់​ម្នាក់ ដែល​ជំនាញ​ខាង​បន្លំ​លួច​លុយ​នៅ​តាម​វី​ង និង​កន្លែង​ដូរ និង​ផ្ញើរ​លុយ នៅ​ក្នុង​រាជធានី​ភ្នំពេញ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ឃាត់ខ្លួន​នៅ​ម៉ោង​ប្រមាណ​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០២៣​នេះ រួច​ហើយ​ប្រគល់​ឲ្យ​សមត្ថកិច្ច​ចាត់ការ​តាម​ច្បាប់…

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​អឺ​រ៉​ង់​ម្នាក់ ដែល​ជំនាញ​ខាង​បន្លំ​លួច​លុយ​នៅ​តាម​វី​ង និង​កន្លែង​ដូរ និង​ផ្ញើរ​លុយ នៅ​ក្នុង​រាជធានី​ភ្នំពេញ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ឃាត់ខ្លួន​នៅ​ម៉ោង​ប្រមាណ​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០២៣​នេះ រួច​ហើយ​ប្រគល់​ឲ្យ​សមត្ថកិច្ច​ចាត់ការ​តាម​ច្បាប់ ។

ជនសង្ស័យ​រូប​នេះ ធ្លាប់​បាន​ប្រព្រឹត្ត​បទល្មើស​កាលពី​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២៣ នៅ​ចំណុច​កន្លែង​វ៉ី​ង​វេរ​លុយ ស្ថិត​នៅ​លេខ​៣BC ផ្លូវ​លេខ​៦១៤ ក្រុម​ទី​៨៩ ភូមិ​១៩ សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ឈ្មោះ PAHANGEH MORTEZA ភេទ​ប្រុស ជនជាតិ​អឺ​រ៉​ង់ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​បណ្ដោះអាសន្ន GOLDEN RESIDENCE ម្ដុំ​ផ្សារ​រាត្រី សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ ។

វត្ថុ​តាង​ចាប់​យក ៖ កាបូបស្ពាយ​ពណ៌​ខ្មៅ ចំនួន​០១ ក្នុង​កាបូប​មាន​ប័ណ្ណបើកបរ​រថយន្ត មួយ​ច្បាប់​, ទូរ​សព្ទ​ដៃ​ម៉ាក VIVO ពណ៌​ខ្មៅ​, លុយ​ខ្មែរ ចំនួន​១០,០០០,០០០៛ (​ដប់​លាន​រៀល​) , លុយ​ដុល្លារ ចំនួន​៣៥៤០$ (​បី​ពាន់​ប្រាំ​រយ​សែសិប​ដុល្លារ​សហរដ្ឋ​អា​មេ​រិច​), លុយ​ឥណ្ឌូ​នេ​ស៊ី ចំនួន​៣៥៥​រូ​ពៀ និង​លុយ​សាំង​ហ្គា​ពួរ ២​ដុល្លារ ជា​របស់​ជនសង្ស័យ ។

តាម​ព័ត៌មាន​អោយ​ដឹង​ថា កាលពី​វេលា​ថ្ងៃត្រង់​ទី​១០ ខែកញ្ញា ម្សិលមិញ​នេះ ជនសង្ស័យ​ជា​ជនជាតិ​អឺ​រ៉​ង់​រូប​នេះ បាន​យក​ប្រាក់​ដុល្លារ​ក្រដាស​១០០​ដុល្លារ មួយ​ចំនួន​ធ្វើ​ជា​ទៅ​ដូរ​យក​ប្រាក់​ដុល្លារ យក​ប្រាក់​ដុល្លារ​ក្រដាស់​១០០ ដែល​មាន​លេខ​ខាង​ចុង​អក្សរ «S» ហើយ​បាន​បន្លំ​លួច​លុយ​ពី​កន្លែង​វី​ង មួយ​កន្លែង នៅ​ផ្សារ​៧​មក​រា យក​លុយ​បាន​៥០០​ដុល្លារ ។

តាម​ប្រភព​ព័ត៌មាន​បាន​បន្ត​ថា លុះ​នៅ​វេលា​ថ្ងៃត្រង់​ទី​១១ ខែកញ្ញា ឆ្នាំ​២០២៣​នេះ ជន​រូប​នោះ​ក៏​បាន​ជិះ​ម៉ូតូ​កង់​៣ រួម​ជាមួយ​ស្ត្រី​ម្នាក់ បាន​ធ្វើ​សកម្មភាព​ធ្វើ​ជា​ទៅ​ដូរ​លុយ​នៅ​កន្លែង​វី​ង​មួយ​កន្លែង​ទៀត នៅ​ផ្សារ​៧​មក​រា តាម​ផ្លូវ​លេខ​៦១៤ ហើយ​ត្រូវ​បាន​ម្ចាស់​សង្ស័យ​ក៏​ទាក់ទង​ទៅ​ជន​រង​គ្រោះ​ដែល​ជន​នោះ​បន្លំ​លួច​លុយ​កាលពី​ម្សិលមិញ​មក​មើល ទើប​ស្គាល់​មុខ ក៏​នាំ​គ្នា​ឃាត់ខ្លួន​ប្រគល់​អោយ​សមត្ថកិច្ច​តែ​ម្តង ។

ក្រោយ​កើតហេតុ​សមត្ថកិច្ច បាន​ធ្វើការ​ប្រគល់​លុយ​ចំនួន​៥០០$ ជូន​ជន​រង​គ្រោះ​វិញ​តាម​ការ​ស្នើ​សុំ ដោយ​មានការ​ឯកភាព​ពី​ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។

សូម​ជម្រាប​ថា ជនបរទេស​រូប​នោះ បាន​ធ្វើ​សកម្មភាព​បន្លំ​លួច​លុយ គឺ​នៅ​ពេល​ដែល​ជនសង្ស័យ​ទៅ​ដូរ​លុយ​គឺ​ធ្វើ​ជា​សុំ​យក​លុយ​ពី​ជន​រង​គ្រោះ​មក​មើល ហើយ​បន្លំ​លួ​យ​លុយ​នោះ​ម្តង​១​សន្លឹក​ៗ ។ ជនបរទេស​រូប​នោះ ដោយសារ​តែ​ប្រើ​រូបភាព​ដដែល​ៗ​ធ្វើ​ជា​ដូរ​លុយ ហើយ​បន្លំ​លួច​លុយ​នៅ​កន្លែង​ផ្ញើ​ប្រាក់ និង​ដូរ​លុយ​ជា​ច្រើន​កន្លែង នៅ​ក្នុង​រាជធានី​ភ្នំពេញ រួម​មាន​ខណ្ឌមានជ័យ ខណ្ឌដង្កោ​ជាដើម ។ ទន្ទឹម​នោះ រូបភាព​ដែល​ជន​នោះ​បន្លំ​លួច​លុយ ត្រូវ​បាន​ជន​រង​គ្រោះ​បង្ហោះ​នៅ​ក្នុង​បណ្តាញ​សង្គម​ជា​បន្តបន្ទាប់ ទីបំផុត​ជន​នោះ​គេច​មិន​ផុត​ពី​សំណាញ់​ច្បាប់​ឡើយ ។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ កំពុង​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​ធ្វើការ​សាកសួរ និង​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ