ខេត្តកំពង់ចាម ៖ ក្រោមការណែនាំពីសំណាក់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ក៏ដូចជាឯកឧត្តម វង្ស ប៊ុនវិសុដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានបញ្ជាឱ្យកម្លាំងជំនាញជលផលខេត្ត បានបន្តប្រតិបត្តិការចុះបង្ក្រាបបទល្មើសនេសាទក្នុងរដូវបិទ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច ដោយរឹបអូសបានស្បៃមុងរាប់ពាន់ម៉ែត្រ ព្រមទាំងចាក់លែងកូនត្រីចូលទៅក្នុងបឹងធម្មជាតិវិញរាប់សិបគីឡូក្រាមផងដែរ តែមិនមានជនសង្ស័យណាម្នាក់ ត្រូវបានវែកមុខនៅក្នុងការចុះបង្ក្រាបនោះទេ។

លោក អ៊ុក ណារិន នាយខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះថា ចាប់តាំងពីពេលដែលរដូវបិទនេសាទចូលមកដល់ នៅថ្ងៃទី០១ ខែមិថុនា មន្ត្រីជំនាញជលផល បានប្រកាសជូនដំណឹងតាមបណ្ដាញសង្គមហ្វេសប៊ុក និងវិទ្យុក្នុងក្រុងកំពង់ចាម ដើម្បីឲ្យប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពង់ចាម យល់ជ្រួតជ្រាប គឺមិនអនុញ្ញាតឲ្យធ្វើការនេសាទក្នុងរដូវបិទនោះទេ។

លោកនាយខណ្ឌរដ្ឋបាលជលផលកំពង់ចាម បន្តឲ្យដឹងទៀតថា ជាក់ស្ដែងនៅក្នុងកិច្ចប្រតិបត្តិការចុះបង្ក្រាបបទល្មើសនេសាទ ដោយធ្វើឡើងកាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានសហការជាមួយអាជ្ញាធរស្រុកព្រៃឈរ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំមៀន ផ្នែកសឹករងស្រុកព្រៃឈរ សហគមន៍នេសាទសាមគ្គីឃុំមៀន និងដោយមានការអនុញ្ញាតពីឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលបានចំនួន០២ករណីជាបន្តបន្ទាប់ ក្នុងនោះរួមមាន ៖

ករណីទី០១– មន្ត្រីជំនាញរឹបអូសបានឧបករណ៍លូស្បៃមុងចំនួន០៣មាត់, របាំងស្បៃមុងចំនួន០២កន្លែង ប្រវែង២៥០ម៉ែត្រ, ស៊ងស្បៃមុងចំនួន៥កន្លែង ប្រវែង១០០ម៉ែត្រ និងបង្គោលចម្រឹងចំនួន២០០ដើម នៅចំណុចជ្រោយអណ្តូង ស្ថិតក្នុងឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ករណីទី០២- មន្ត្រីជំនាញរឹបអូសបានឧបករណ៍លូស្បៃមុងចំនួន០៣មាត់, របាំងស្បៃមុងចំនួន០២កន្លែង ប្រវែង២០០ម៉ែត្រ, ស៊ងស្បៃមុងចំនួន៣កន្លែង ប្រវែង៦០ម៉ែត្រ និងបង្គោលចម្រឹងចំនួន១៥០ដើម នៅចំណុចព្រែករលំពោធិ៍ ស្ថិតក្នុងឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ដោយឡែកផ្នែករដ្ឋបាលជលផលកំពង់សៀម បានសហការជាមួយសហគមន៍នេសាទដំរីឆ្លង ដោយមានការអនុញ្ញាតពីឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម បានចុះបង្ក្រាបបទល្មើលជលផលចំនួន០២ករណីទៀត រួចកសាងសំណុំរឿងចាត់ការតាមនីតិវិធីនៃច្បាប់ស្តីពីជលផល និងរុះរើបំផ្លាញចោលវត្ថុតាងបទល្មើលជលផលនៅនឹងកន្លែងតែម្ដង ក្នុងនោះរួមមាន ៖

ករណីទី១- មន្ត្រីជំនាញរឹបអូសឧបករណ៍លូស្បៃមុងចំនួន០៦មាត់, របាំងស្បៃមុងប្រវែង១៨០ម៉ែត្រ, បង្គោលចម្រឹងចំនួន៩០ដើម និងចាក់លែងកូនត្រីចម្រុះទម្ងន់១២គីឡូក្រាមចូលក្នុងបឹងធម្មជាតិវិញ នៅចំណុចកន្លែងរមាស់ ស្ថិតក្នុងឃុំកៀនជ្រៃ ស្រុកកំពង់សៀម ។

ករណីទី២- មន្ត្រីជំនាញរឹបអូសបានឧបករណ៍លូស្បៃមុងចំនួន០៩មាត់, របាំងស្បៃមុងប្រវែង២៧០ម៉ែត្រ, បង្កោលចម្រឹងចំនួន១៣៥ដើម និងចាក់លែងកូនត្រីចម្រុះទម្ងន់១៨គីឡូក្រាមចូលក្នុងបឹងធម្មជាតិ នៅចំណុចកន្លែងត្រស ស្ថិតក្នុងឃុំកៀនជ្រៃ ស្រុកកំពង់សៀម។

ប្រតិបត្តិការបង្ក្រាបបទល្មើលនេសាទនេះ ក៏មានការជំរុញពីឯកឧត្តមអភិបាលខេត្ត និងឯកឧត្តមព្រះរាគអាជ្ញាអមសាលាដំបូងខេត្ត និងកម្លាំងជំនាញរបស់លោក ឱ្យបន្តប្រតិបត្តិការចុះបង្ក្រាបទល្មើសបន្ថែមទៀតនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣។

ខណ្ឌរដ្ឋបាលជលផលកំពង់ចាម ក៏បានសហការជាមួយអាជ្ញាធរស្រុកស្ទឹងត្រង់ ឃុំព្រែកបាក់ ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកបាក់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលព្រះឃ្លាំង ដោយមានការអនុញ្ញាតពីឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម ចុះបង្ក្រាបបទល្មើលជលផលបានចំនួន០៣ករណី រួចកសាងសំណុំរឿងចាត់ការតាមនីតិវិធីនៃច្បាប់ស្តីពីជលផល និងរុះរើបំផ្លាញចោលវត្ថុតាងបទល្មើលជលផលនៅនឹងកន្លែង រួមមាន ៖

ករណីទី១- មន្ត្រីជំនាញរឹបអូសបានឧបករណ៍លូស្បៃមុងចំនួន០៨មាត់, របាំងស្បៃមុងប្រវែង២៤០ម៉ែត្រ, បង្គោលចម្រឹងចំនួន១២០ដើម និងចាក់លែងកូនត្រីចម្រុះទម្ងន់១៦គីឡូក្រាមចូលបឹងធម្មជាតិវិញ នៅចំណុចបឹងតាកុយ ស្ថិតក្នុងឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ។

ករណីទី២- មន្ត្រីជំនាញរឹបអូសបានឧបករណ៍លូស្បៃមុងចំនួន១២មាត់, របាំងស្បៃមុងប្រវែង៣៦០ម៉ែត្រ, បង្គោលចម្រឹងចំនួន១៨០ដើម និងចាក់លែងកូនត្រីចម្រុះទម្ងន់៣៦គីឡូក្រាម ចូលទៅក្នុងបឹងធម្មជាតិវិញ នៅចំណុចក្រោមទំនប់ទួលព្រះឃ្លាំង ស្ថិតក្នុងឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់។

ចំណែកករណីទី៣- មន្ត្រីជំនាញរឹបអូសបានឧបករណ៍លូស្បៃមុងចំនួន១៥មាត់, របាំងស្បៃមុងប្រវែង៤៥០ម៉ែត្រ, បង្គោលចម្រឹងចំនួន២២៥ដើម និងចាក់លែងកូនត្រីចម្រុះទម្ងន់៤៥គីឡូក្រាមចូលបឹងធម្មជាតិវិញ នៅចំណុចទំនប់ខ្លី ស្ថិតក្នុងឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់។

ដោយឡែកនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣វិញ រូបលោកក៏បានបន្តឲ្យមន្ត្រីក្រោមឱវាទយកចិត្តទុកដាក់ក្នុងការចុះបង្ក្រាបបទល្មើសនេសាទក្នុងរដូវបិទបន្តទៀត នៅតាមភូមិសាស្ត្រស្រុកមួយចំនួន ជាប់នឹងដងទន្លេមេគង្គ ហើយសកម្មភាពចុះបង្ក្រាបនេះ គឺធ្វើឡើងដូចភ្លៀងរលឹមតែម្ដង។
ចែករំលែកព័តមាននេះ