ស្រូវអង្ករ៖ ស្រូវ ចុះថោក តែអង្ករ ឡើងថ្លៃ!
- ភ្នំពេញ
ភ្នំពេញ៖ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ដែលសព្វថ្ងៃ ជាអ្នកតំណាងរាស្ត្រ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣…
ភ្នំពេញ៖ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ដែលសព្វថ្ងៃ ជាអ្នកតំណាងរាស្ត្រ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣…
ភ្នំពេញ៖ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ដែលសព្វថ្ងៃ ជាអ្នកតំណាងរាស្ត្រ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ នេះ បាន Share តាមហ្វេសប៊ុកផ្លូវការរបស់លោក នូវ Status របស់ Heng Det ដែលបានសរសេរបង្ហោះថា «កសិករយំមិនចេញ! ថ្ងៃនេះ ( ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ ) ស្រូវចុះនៅត្រឹម ១លាន ១០ម៉ឺន ( រៀល ) ក្នុង ១តោន។ អត់មានមន្ត្រីណា ចុះជួបកសិករទេ។ មូលហេតុថោក គឺទិញផ្តាច់មុខ»។
នៅពេល Share នូវ Status ដូច្នេះ លោកតំណាងរាស្ត្រ ខៀវ កាញារីទ្ធ ដែលជាអតីតអ្នកកាសែត និងបានកាន់ការជាអ្នករាជការ តាំងពីបែករបបខ្មែរក្រហម ដោយបានកាន់តំណែងធ្វើជារដ្ឋមន្ត្រីក្រសួងព័ត៌មាន ២០ឆ្នាំផង បានចោទជាសំណួរយ៉ាងខ្លីថា «តើជាការពិតដែរ ឬទេ?»។
តបនឹងចម្ងល់របស់លោកតំណាងរាស្ត្រ ខៀវ កាញារីទ្ធ ខាងលើនេះ ផេកហ្វេសប៊ុកផ្លូវការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលមកឆ្លើយ Comment ថា «ថ្លៃស្រូវស្រង៉ែស្រាលក្នុងថ្លៃធម្មតាប៉ុន្មាន? នៅឆ្នាំមុនៗ ស្រូវស្រង៉ែ មិនបាន ១០០០រៀល ក្នុងមួយគីឡូក្រាម មានន័យថា មួយតោន មិនដល់ ១លានរៀលផងទេ! ឆ្នាំនេះ ស្រូវបានថ្លៃឡើងខ្ពស់ តែក៏ត្រូវចុះមកវិញពេល ដែលប្រទេសគេដល់ពេលប្រមូលផលដែរ។ យ៉ាងណាក្តី ថ្ងៃនេះ នៅតែខ្ពស់ជាងទីផ្សារធម្មតារាល់ឆ្នាំ»។
បន្ថែមលើនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានឆ្លើយតបនឹងអ្នកចូល Comment ឈ្មោះ «ពិសេស គុយ» នៅក្នុង Status របស់លោកតំណាងរាស្ត្រ ខៀវ កាញារីទ្ធ បន្តថា « ទីផ្សារក៏មាន ថ្លៃក៏មានដែរ។ ១លាន ១០ម៉ឺនរៀល ក្នុងមួយតោននេះ ជាថ្លៃខ្ពស់ជាងធម្មតាទៅហើយ» លោកដឹងថា ស្រូវសើមពូជនេះ ថ្លៃប៉ុន្មានទេ ក្នុងពេលធម្មតា? សូមស្វែងយល់សិនទៅ»។
អស់ពីតម្លៃស្រូវ ក៏មានអ្នកលេងហ្វេសប៊ុកម្នាក់ទៀត ឈ្មោះ «ផាន សុគន្ធារ៉ា» បានចូល Comment តបទៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថា «ជីក៏ថ្លៃ»។
ប៉ុន្តែក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឆ្លើយតបទៅ Comment របស់ «ផាន សុគន្ធារ៉ា» ថា «ខ្ញុំមើល Profile លោកហើយ លោកមិនមែនជាអ្នកកសិកម្មទេ។ លោកមិនបានដឹងថ្លៃជីចុះប៉ុណ្ណាផង តាំងពីចប់ Covid មក»។
បន្ថែមលើនេះ លោក ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានចូលឆ្លើយតបនឹង Comment របស់ «ផាន សុគន្ធារ៉ា» ថា «ជីធូរថ្លៃជាង ឆ្នាំ២០២២»។
ចំណែក Yean BunThoeurn ក៏បានឆ្លើយទៅកាន់ផេកហ្វេសប៊ុករបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថា «មុននេះបន្តិច ខ្ញុំបានជួបផ្ទាល់ជាមួយកសិករជិត ១០គ្រួសារ ដែលរស់នៅក្នុងឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប ពួកគាត់បាននិយាយដូចៗគ្នាថា តម្លៃស្រូវបានធ្លាក់ចុះពី ១៣៥០៛/kg មកនៅត្រឹម ១១០០៛/kg ក្នុងរយៈពេលត្រឹមតែ ២សប្ដាហ៍ប៉ុណ្ណោះ»។
អ្នកលេងហ្វេសប៊ុក ក៏បានចូលទៅ Comment នៅលើហ្វេសប៊ុករបស់លោកតំណាងរាស្ត្រ ខៀវ កាញារីទ្ធ បន្ថែមថា «ហេតុអ្វី ស្រូវចុះថោក ហើយបែរជាអង្ករឡើងថ្លៃ ? អង្ករផ្កាខ្ញី ស្រូវចាស់ ធ្លាប់ទិញ 3400 ៛/kg ឥឡូវឡើង 4000 ៛/kg»។
អ្នកខ្លះទៀត លើកឡើងថា «អង្ករផ្កាខ្ញី ខ្ញុំទិញលក់រាល់ថ្ងៃ 28000៛ (10kg) ឥឡូវ 32000៛ (10kg)»។
មិនទាន់មានការឆ្លើយតបបែបណា ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចំពោះការលើកឡើងថា «ស្រូវចុះថោក តែអង្ករឡើងថ្លៃ» នៅឡើយទេ។
ប៉ុន្តែក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានចូល Comment ដោយបង្ហាញនូវតារាងក្រាហ្វិក ប្រៀបធៀបតម្លៃស្រូវ ឆ្នាំ២០២៣ និងឆ្នាំ២០២២។ មិនថា ស្រូវសែនក្រអូប ស្រូវអ៊ីអ៊ែរ ឬក៏ស្រូវ OM 5451 ទេ គឺនៅឆ្នាំ២០២៣ នេះ ចាប់តាំងពីខែមករា រហូតដល់ខែកញ្ញា ឆ្នាំ២០២៣ នេះ សុទ្ធតែថ្លៃជាងឆ្នាំ២០២២ ទាំងអស់។
ចំណែកលោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងតាមហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា «មិនទាន់មានសញ្ញាណាមួយ ត្រូវព្រួយបារម្ភពីថ្លៃស្រូវនៅលើទៅផ្សារនោះទេ។ ទោះបីជាប៉ុន្មានថ្ងៃនេះ ថ្លៃស្រូវ បានថយចុះមកបន្តិចពីថ្លៃខ្ពស់បំផុត កាលពីសប្តាហ៍មុន។ តួលេខនេះ នៅល្អច្រើន បើធៀបទៅនឹងឆ្នាំមុន ដែលបានថ្លៃត្រឹមតែ ៨០០-៩០០រៀល ក្នុងមួយគីឡូក្រាម តែប៉ុណ្ណោះ»។
លោក ឃឹម ហ្វីណង់ ដែលជាអតីតអភិបាលស្រុងបន្ទាយស្រី និងជាអតីតអភិបាលរងខេត្តសៀមរាប បានបន្ថែមថា «ដរាបណា ថ្លៃស្រូវនៅតែស្ថិតនៅលើបន្ទាត់ ១០០០រៀល/គីឡូក្រាម កសិករ នៅតែទទួលបានប្រាក់ចំណេញ គ្រាន់តែតិច ឬច្រើនតែប៉ុណ្ណោះ ហើយទីផ្សារនៅតែមានសម្រាប់កសិកម្មកម្ពុជាដដែល។ រាជរដ្ឋាភិបាល អាណត្តិទី៧ ក៏បានត្រៀមកញ្ចប់ថវិកា ដើម្បីអន្តរាគមន៍ ក្នុងករណីដែលមានការធ្លាក់ចុះថ្លៃកសិផលជាគំហុកណាមួយ ដើម្បីធានាស្ថេរភាពថ្លៃផងដែរ។ សង្ឃឹមថា សាធារណៈជន ដែលមិនស្ថិតនៅក្នុងវិស័យកសិកម្ម អាចស្វែងយល់បានពីស្ថានភាពពិតប្រាកដនេះ ជៀសវាងការផ្អើលនិយាយតៗគ្នា ដោយគ្មានមូលដ្ឋានច្បាស់លាស់»៕
ចែករំលែកព័តមាននេះ