រាជធានីភ្នំពេញ ៖ ពិធីការិនី និងជាតារាចម្រៀងនាង ជុំ រចនាពេជ្រ ហៅ ប៊េប៊ី បានបង្ហាញតម្រុយវិលមកកាន់អាជីពសិល្បៈចម្រៀងសារជាថ្មីឡើងវិញ បន្ទាប់ពីនាងបានបោះបង់អាជីពមួយនេះអស់រយៈពេលប្រមាណជាង២ឆ្នាំចុងក្រោយនេះ។
ជាមួយនឹងការប្រកាសត្រៀមខ្លួនវិលមកអាជីពសិល្បៈជាថ្មីនេះ ស្រីស្រស់ ប៊េប៊ី ក៏បានបញ្ជាក់ពីការបញ្ចប់កុងត្រាជាផ្លូវការជាមួយផលិតថោនផងដែរ ហើយក៏ក្លាយជាតារាចម្រៀងអាជីពចាប់ពីពេលនេះតទៅ ។
ស្រីស្អាត ប៊េប៊ី បានលើកឡើងតាមរយៈសំណេរដែលបានបង្ហោះតាមបណ្តាញសង្គមថា «ជាដំបូង នាងខ្ញុំបេប៊ី សូមគោរពអរគុណចំពោះទឹកចិត្តសម្រាប់មេប្រុស មេស្រី ដែលជាអគ្គនាយកផលិតកម្មថោន ដែលបានផ្ដល់ឱកាសដល់នាងខ្ញុំក្លាយជាអ្នកចម្រៀងក្នុងផលិតកម្មថោន កន្លងមក។ ហើយពេលនេះផងដែរ នាងខ្ញុំក៏ត្រូវបានបញ្ចប់នៅកុងត្រាជាអ្នកចម្រៀងប្រចាំក្នុងផលិតកម្មថោន ហើយក្លាយទៅជាអ្នកចម្រៀងឯករាជ្យផងដែរ»។
នាងបន្តថា «នាងខ្ញុំសូមអរគុណម្ដងទៀត ទៅកាន់រៀមច្បង បងប្អូន និងមិត្តរួមអាជីពក្នុងផលិតកម្មថោន ដែលរយៈពេលកន្លងមកផ្ដល់តម្លៃ ស្រលាញ់រាប់អាន និងផ្ដល់ដំបូន្មានដ៏ល្អសម្រាប់រូបនាងខ្ញុំ ជាបទពិសោធន៍នាពេលក្រោយទៀត។ សូមជូនពរមេទាំងពីរ នៃអគ្គនាយកផលិតកម្មថោន និងក្រុមគ្រួសារផលិតកម្មថោន ជួបតែសំណាងល្អ»។
នាងបញ្ជាក់ទៀតថា « អរគុណសម្រាប់ការរង់ចាំនៅវត្តមាននាងខ្ញុំ នាងខ្ញុំនឹងត្រឡប់ទៅតាមការដែលបានសន្យាជាមួយ fan នាងខ្ញុំ និងបងប្អូនណា love you all»។
តាមរយៈការប្រកាសពីការវិលមករកសង្វៀនសិល្បៈចម្រៀងជាថ្មីឡើងវិញពីស្រីស្អាត ប៊េប៊ី នាពេលនេះ ក៏បានក្លាយជាដំណឹងដ៏រីករាយសម្រាប់ទស្សនិកជនដែលធ្លាប់គាំទ្ររូបនាង ក្នុងពេលដែលកន្លងមក បទចម្រៀងរបស់នាងក៏ធ្លាប់ទទួលបានការចាប់អារម្មណ៍ និងអង្រួនបេះដូងយុវវ័យផងដែរ។
ជាការកត់សម្គាល់ តារាចម្រៀង ប៊េប៊ី បានវិវត្តន៍ខ្លួនពីពិធីការិនី មកជាតារាចម្រៀងអាជីព ដោយបានជ្រកនៅផលិតកម្មថោន កាលពីអំឡុងឆ្នាំ២០១៨ ខណៈពេលដែលបទចម្រៀងរបស់នាងក៏ផ្ទុះការគាំទ្រផងដែរ តាមរយៈបទ «Twerk. Be Me» និងបទមួយចំនួនទៀត។
យ៉ាងណា ក្រោយចាប់ឈោងក្នុងអាជីពជាតារាចម្រៀងមួយរយៈ ស្រីស្អាត ប៊េប៊ី ក៏បានបាត់វត្តមានទៅវិញ ដោយមិនឃើញមានចេញបទចម្រៀងថ្មីៗបន្ថែមទៀតឡើយ បន្ទាប់ពីនាងត្រូវបានគេដឹងថា នាងបានងាកមកបោះទុនប្រាក់រាប់ម៉ឺនដុល្លារ ដើម្បីបើកហាងកាហ្វេជាច្រើនកន្លែង។ បច្ចុប្បន្ន ថ្វីដ្បិតតែជោគជ័យខ្លាំងក្នុងអាជីវកម្មខ្លួនក៏ដោយ ប៉ុន្តែកន្លងមក ស្រីស្អាត ប៊េប៊ី ក៏ធ្លាប់បង្ហាញបំណងនឹងវិលមកសាងកេរ្តិ៍ឈ្មោះក្នុងវិស័យសិល្បៈឡើងវិញដែរ ពីព្រោះនាងនៅតែស្រឡាញ់អាជីពមួយនេះដដែល ហើយទោះបីជានាងបានផ្អាកអស់ពេលប៉ុន្មានឆ្នាំចុងក្រោយនេះក្តី ។
ទោះជាយ៉ាងណា ស្រីស្អាត ប៊េប៊ី ក៏មិនដឹងដែរថា ការវិលត្រឡប់របស់នាង តើអាចទទួលបានការគាំទ្រពីទស្សនិកឡើងវិញ ឬយ៉ាងណានោះឡើយ? ប៉ុន្តែអ្វីដែលសំខាន់សម្រាប់នាង គឺនាងបានវិលមកសាងស្នាដៃក្នុងអាជីពដែលខ្លួនស្រឡាញ់៕
ចែករំលែកព័តមាននេះ