ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត ចាន់ ឡៃ​វ​លក្ខណ៍ រំពឹង​ស្នាដៃ​សម្តែង​ដំបូង​​ទទួល​ការ​គាំទ្រ​ពី​ទស្សនិកជន

2 ឆ្នាំ មុន
  • ភ្នំពេញ

ទើបតែ​វិវឌ្ឍន៍​ខ្លួន​មក​អាជីព​សម្តែង តារាចម្រៀង​នាង ចាន់ ឡៃ​វ​លក្ខណ៍ បាន​សម្តែង​ក្តី​រំពឹង​ថា ស្នាដៃ​សម្តែង​ភាពយន្ត​លើក​ដំបូង​របស់​នាង ក្នុង​រឿង​ភាគ​ទូរទស្សន៍ នឹង​ទទួល​បានការ​គា​ទ្រ​ពី​សំណាក់​ទស្សនិកជន ខណៈ​ពេល

រាជធានី​ភ្នំពេញ ៖ ទើបតែ​វិវឌ្ឍន៍​ខ្លួន​មក​អាជីព​សម្តែង តារាចម្រៀង​នាង ចាន់ ឡៃ​វ​លក្ខណ៍ បាន​សម្តែង​ក្តី​រំពឹង​ថា ស្នាដៃ​សម្តែង​ភាពយន្ត​លើក​ដំបូង​របស់​នាង ក្នុង​រឿង​ភាគ​ទូរទស្សន៍ នឹង​ទទួល​បានការ​គា​ទ្រ​ពី​សំណាក់​ទស្សនិកជន ខណៈ​ពេល​ដែល​នាង​បាន​ខិតខំ​ប្រឹងប្រែង​អស់ពី​សមត្ថភាព​នៅ​ក្នុង​ការ​សម្តែង​រឿង​មួយ​នេះ​។

ស្រី​ស្អាត ចាន់ ឡៃ​វ​លក្ខណ៍ បាន​បង្ហាញ​វត្តមាន​ជា​តួឯក​ស្រី​ម្នាក់​ជា​លើក​ដំបូង​នៅ​ក្នុង​រឿង «​ស្នេហា Cover» ដែល​ដឹកនាំ​សម្តែង​ដោយ​អ្នកស្រី ពាន់ ភួង​បុប្ផា និង​ចាក់​បញ្ចាំង​នៅ​ស្ថានីយទូរទស្សន៍ PNN​។ ក្នុង​ពេល​មានឱកាស​បាន​សម្តែង​ជា​លើក​ដំបូង​នា​ពេល​នេះ ស្រី​ស្អាត ចាន់ ឡៃ​វ​លក្ខណ៍ មាន​អារម្មណ៍​រីករាយ បើ​ទោះបីជា​ការ​សម្តែង​ភាពយន្ត​ហាក់​ជួប​ការ​លំបាក​ច្រើន​ជាង​ការងារ​ច្រៀង​ក៏​ដោយ​។

តារាចម្រៀង​រូប​នេះ បាន​លើក​ឡើង​ថា «​ការ​សម្តែង​រឿង​នេះ មាន​ផល​លំបាក​ច្រើន ព្រោះ​នេះ​ជា​លើក​ទី​១ ដែល​នាង​ដាក់ចិត្ត​ទទួលយក​ការ​ថត​ភាពយន្ត​»​។ នាង​បញ្ជាក់​ថា «​ការ​សម្តែង និង​ការ​ច្រៀង មិនសូវ​ខុស​គ្នា​ប៉ុន្មាន​ឡើយ ដោយ​យើង​ត្រូវ​ដាក់​អារម្មណ៍ និង​មនោសញ្ចេតនា​ចូល​ទៅ​តាម​តួអង្គ តែ​សម្រាប់​នាង គឺ​នាង​បាន​ព្យាយាម​ខ្លាំង​មែនទែន អស់ពី​កម្លាំងកាយ​ចិត្ត​តែ​ម្តង ដើម្បី​សម្តែង​​នេះ​។ យ៉ាងណា​ម៉ិ​ញ នាង​សង្ឃឹមថា បងប្អូន​ទស្សនិកជន​នឹង​ពេញចិត្ត ហើយ​គាំទ្រ​ការ​សម្តែង​របស់​នាង​លើក​ដំបូង​ក្នុង​រឿង «​ស្នេហា Cover»​។

យ៉ាងណា ស្រី​ស្អាត ចាន់ ឡៃ​វ​លក្ខណ៍ រំពឹង​ថា «​រឿង​នេះ នឹង​ល្អ​ប្រសើរ​នៅ​ពេល​ចាក់​បញ្ចាំង ព្រោះ​សាច់​រឿង​ដ៏​ស៊ីជម្រៅ​របស់​ផលិតករ​ជើង​ចាស់ អ្នកស្រី ពាន់ ភួង​បុប្ផា​»​។ នាង​បញ្ជាក់​ថា «​តួអង្គ​សម្តែង​គ្រប់​រូប រួម​ទាំង​នាង​ផង​ដែរ បាន​ខិតខំ​ប្រឹងប្រែង​សម្តែង​អស់ពី​កម្លាំងចិត្ត ដើម្បី​ឱ្យ​រឿង​ល្អ និង​ត្រូវចិត្ត​សម្រាប់​ទស្សនិកជន​»​។ នាង​ថា «​រឿង​ភាគ​ថ្មី​នេះ ព្រោះ​វា​មិន​ត្រឹមតែ​ផ្តល់​ការ​កម្សាន្ត​ប៉ុណ្ណោះ​ទេ តែ​មានរឿង​រ៉ាវ​ជា​ច្រើន​លាក់​បង្កប់​ក្នុង​សាច់​រឿង​នេះ ហើយ​ឆ្លុះ​បញ្ចាំង​ចេញពី​ថត​ភាព​ពិត​ក្នុង​សង្គម​នា​ពេល​បច្ចុប្បន្ន​»​។

ជា​ការ​កត់សម្គាល់ ស្រី​ស្អាត ចាន់ ឡៃ​វ​លក្ខណ៍ គឺជា​តារា​មួយ​រូប ដែល​មានការ​ពុះពារ និង​ឆ្លងកាត់​នូវ​រឿង​លំបាក ឈឺចាប់​ជា​ច្រើន នៅ​មុន​ពេល​ដែល​នាង​អាច​ឈរជើង​យ៉ាង​ល្អ​នៅ​ក្នុង​អាជីព​សិល្បៈ​។

កន្លង​មក តារា​ស្រី​រូប​នេះ ធ្លាប់​បាន​លើក​ឡើង​នូវ​រឿងរ៉ាវ​ជីវិត​អតីត​កាលដែល​នាង​ធ្លាប់​ជួប​ប្រទះ​តាម​រយៈ​សំ​ណេ​រ​បង្ហោះ​តាម​បណ្តាញ​សង្គម​ថា «​មិន​ថា​ឡើយ​អ្នក​ដទៃ សូ​ម្បី​បងប្អូន មិត្ដ​សិល្បៈ​រួម​ជំនាន់ ក៏​មើល​ងា​.​យ​នាង​ដែរ ដោយ​អ្នកខ្លះ​ដៀ​.​ល​នាង​ថា «​មី​កូន​អនាថា អត់​ម៉ែ អត់​ឪ​… មី​ខ្មៅ និង​មី​ភ្នែកម្នាស់​ជាដើម​» ។

នាង​បន្ត​ថា «​ការ​ដៀ​.​ល​ត្មះ​ដល់​គ្រួសារ មាន​មិត្ដ​ខ្លះ​ចំអក​ថា ទោះបី​ស្លា​.​ប់​ក៏​មិន​យក​នាង​ដែរ ហើយ​អ្នកខ្លះ​ទៀត​បាន​យក​ខ្សែ​ទាក់​.​ក ហើយ​យក​កា​តាប​របស់​នាង​ទៅ​បោះចោល​ក្នុង​ធុង​សំ​រា​.​ម​ទៀត ៖ «​ទ​ង្វើ និង​ការ​និយាយ​បែប​ឡកឡឺយ​ខ្ញុំ​ទាំងអស់​រយៈពេល​៥​ឆ្នាំ​ហើយ​»​។

នាង​បញ្ជាក់​បន្ថែម​ថា «​ចំពោះ​មិត្ដ​សិល្បៈ​រួម​ជំនាន់​វិញ រៀមច្បង​សិល្បៈ​បាន​ធ្វើ​ឲ្យ​នាង​ខ្លាច​ឡើង​បាក់​។ ក្មេង​ទើប​ប្រឡូក​សិល្បៈ​ដំបូង អត់​បាន​ទទួល​ការ​បង្ហាត់បង្រៀន​បន្ថែម​ពី​សិល្បករ​រៀមច្បង​ទេ​។ ផ្ទុយ​ទៅ​វិញ បែរជា​ផ្ដល់​មេរៀន​យ៉ាង​ចាស់ដៃ​អោយ​ខ្ញុំ​ចង​ចាំ​អស់​មួយ​ជីវិត ៖ «​ខ្ញុំ​ឈរ​ច្រៀង​ទាំង​ញ័រ​ជើង ហើយ​ស្រក់​ទឹកភ្នែក​… ចាំ​បាន​កាល​ហ្នឹង ច្រៀង​បទ​ឆា​ឆា​ទេ តែ​ហូរ​ទឹកភ្នែក​»​។

ស្រី​ស្អាត ចាន់ ឡៃ​វ​លក្ខណ៍ អះអាង​បន្ថែម​ថា «​កូនស្រី​ម្នាក់ ដែល​កើត​ក្នុង​ត្រកូល​អ្នកក្រ គ្រាន់តែ​លឺ ក៏​គេ​មិន​រាប់មុខ​ផង គ្រួសារ​នាង​ធ្លាប់​អត់​ដល់​ថ្នាក់​រក​អង្ករ​ច្រក​ឆ្នាំង​គ្មាន ទើប​នាង​សម្រេចចិត្ត​ចេញ​ធ្វើការ​តាំងពី​អាយុ​១៦​ឆ្នាំ ហើយ​បាន​ជួប​រឿង​ដូចដែល​បាន​រៀបរាប់​ខាងលើ​។ បច្ចុប្បន្ន នាង​បាន​ប្រសើរ​ច្រើន​ហើយ ដោយសារ​តែ​ការ​ប្រឹងប្រែង និង​ជម្នះ​គ្រប់​ឧបសគ្គ​»​។ នាង​ថា «​កើតមក​ក្រ មិនមែន​ជា​កំហុស តែបើ​ស្លា​.​ប់​ទៅ​វិញ​នៅ​តែ​ក្រ​នោះ ទើប​ជា​កំហុស​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ