រាជធានីភ្នំពេញ ៖ លោក Daisuke Yoshioka គ្រូបង្វឹកកីឡាបាល់ទាត់ជប៉ុនមានជំនឿចិត្តថា ក្រុមកីឡាបាល់ទាត់ជម្រើសយុវជនអាយុក្រោម១៦ឆ្នាំកម្ពុជា នឹងមានអនាគតល្អ ហើយនិងមានសង្ឃឹមច្រើនក្នុងការឈានទៅដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រសម្រាប់ការទៅចូលរួមប្រកួតបាល់ទាត់ក្របខណ្ឌអាស៊ាន U16 AFF Championship ដែលត្រូវរៀបចំធ្វើនៅប្រទេសឡាវពីថ្ងៃទី៧ ដល់ថ្ងៃទី២០ ខែកក្កដា ខាងមុខនេះ ។
លោក Daisuke Yoshioka ដែលបានធ្វើការយ៉ាងជិតស្និទ្ធជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ហើយមកធ្វើការហ្វឹកហ្វឺនដល់ក្រុមបាល់ទាត់ជម្រើសជាតិយុវជនកម្ពុជាជាងកន្លះឆ្នាំមកហើយនោះ បានប្រាប់កោះសន្តិភាពថា តាមដែលលោកសង្កេតឃើញពីកម្រិតបច្ចេកទេសរបស់កីឡាករជម្រើសយុវជនអាយុក្រោម១៦ឆ្នាំកម្ពុជា ពេលនេះមានការប្រែប្រួលច្រើនជាងមុន ជាពិសេសក្រោយពីបានត្រឡប់មកពីហ្វឹកហាត់នៅប្រទេសវៀតណាមវិញ ។ លោកធ្លាប់បានទៅមើលការលេងរបស់កីឡាករតាមបណ្តាប្រទេសនានាជាច្រើនមកហើយដូចជា ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ជាដើម គឺពួកគេមិនមានអ្វីដែលលើសពីយើងប៉ុន្មានឡើយទាំងបច្ចេកទេសនិងកម្លាំង ។ ប៉ុន្តែសម្រាប់ចំណុចខ្សោយរបស់យើងគឺស្មារតីនិងអារម្មណ៍ លើសពីនេះទៅទៀតគឺទំនុកចិត្តហើយអ្វីដែលសំខាន់ជាងនេះទៅទៀតគឺវិន័យតែម្តង ។
លោក Daisuke Yoshioka បន្តថា មុនដំបូងលោកបានមើលឃើញថាកីឡាកររបស់យើងមិនសូវមានវិន័យឡើយមកកាន់ទីកន្លែងហ្វឹកហាត់មានការយឺតយ៉ាវ ខ្លះមកមុន ខ្លះមកក្រោយខ្ជះខ្ជាយពេលវេលា ហ្វឹកហាត់មិនទៀងទាត់ពេលវេលា ។ ប៉ុន្តែមួយរយៈមកនេះឃើញថា អ្វីៗបានល្អប្រសើរជាងមុន ក្រោយពេលដែលលោកមកជួយរយៈពេលដ៏ខ្លីនេះ ។ ជាពិសេសរយៈពេលដែលបានទៅធ្វើការហ្វឹកហាត់និងប្រកួតសាកកម្លាំងនៅវៀតណាម ភាគច្រើនយើងបានប្រកួតសាកជាមួយពួកគេដែលមានកម្រិតខ្ពស់់ជាងឃើញថាយើងស្មើ និងចាញ់ត្រឹម១-០ ឬ២-១ប៉ុណ្ណោះ ។ ចំពោះលទ្ធផលទាំងនេះថ្វីដ្បិតតែនៅមានកម្រិតបន្តិចមែន តែវាបានបង្ហាញឱ្យឃើញនូវភាពកាន់តែល្អប្រសើរឡើងជាងមុន។ ដូច្នេះអ្វីដែលលោកត្រូវត្រៀមជាបន្តទៀតនោះ ក្រៅពីធ្វើឱ្យពួកគេបានឆ្លងកាត់បរិយាកាសនៅក្រៅប្រទេសឱ្យកាន់តែច្រើននោះ គឺត្រូវតែតម្រូវទៅលើបុគ្គលិកលក្ខណៈ លើបញ្ហាវិន័យ អត្តចរិត ស្មារតី និងអារម្មណ៍ ហើយក៏មានការចូលរួមទាំងឆន្ទៈទៀតផង ។
ចំណែកសមត្ថភាពបច្ចេកទេសក៏ជាមូលដ្ឋានគ្រឹះសម្រាប់កីឡាករម្នាក់ៗដែរ ប៉ុន្តែបើសិនជាយើងគ្មានឆន្ទៈពិតប្រាកដគឺយើងមិនអាចទទួលជ័យជម្នះបានឡើយ។ កន្លងមក កីឡាករកម្ពុជាយើងដែលទៅប្រកួតនៅក្រៅប្រទេសភាគច្រើនលេងបាន១០នាទីដំបូងគឺត្រូវគេទាត់ចូល ហើយចុងបញ្ចប់យើងចាញ់គេច្រើនលើសពីការស្មាន ។ ចំណុចទាំងនេះលោកបានលើកឡើងថា បណ្តាលមកពីអារម្មណ៍របស់យើងដែលរៀបចំមិនបានល្អ មិនសហការគ្នា គ្មានទំនុកចិត្តលើគ្នា នេះជាមូលហេតុសំខាន់ ។ ពាក្យស្លោករបស់លោកគឺ All For one, one For All ការលេងបាល់ទាត់គឺត្រូវតែមូលមតិគ្នា ត្រូវមានស្មារតីនិងឆន្ទៈរួមគ្នា ជាមួយនឹងការប្រើប្រាស់បច្ចេកទេស និងប្រព័ន្ធនៃការលេង ដោយទំនុកចិត្តខ្ពស់ ជាងនេះទៅទៀត គឺបញ្ហាវិន័យសម្រាប់កីឡាករម្នាក់ៗក៏ដូចជាក្រុមដែរ។
នៅពេលដែលមានសំណួរថា តើលោកមានជំនឿចិត្តបែបណាសម្រាប់ការប្រកួតនៅឡាវ ? លោកថ្លែងថា ឆ្លងកាត់ការហ្វឹកហាត់មួយរយៈមកនេះ បូករួមទាំងការកែប្រែអត្តចរិត វិន័យ ភាពអំណត់ និងស្មារតីព្រមទាំងការចេះសម្រួលអារម្មណ៍ទៀតនោះ លោកមានជំនឿច្រើនក្នុងការឡើងទៅដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ៕
ចែករំលែកព័តមាននេះ