រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី៧ ឧសភា ក្រុមហ៊ុន Pizza Company បានធ្វើការប្រកួតបាល់ទាត់លក្ខណៈមិត្តភាពជាមួយសណ្ឋាគារសាន់វេ នៅទីលានបាល់ទាត់របស់សាកលវិទ្យាល័យមេគង្គកម្ពុជា ។
លទ្ធផលនៃការប្រកួត គឺក្រុមបាល់ទាត់ក្រុមហ៊ុន Pizza Company ចាញ់ក្រុមបាល់ទាត់សណ្ឋាគារសាន់វេ២ទល់នឹង៣ ។ ខែក្រោយក្រុមបាល់ទាត់ Pizza Company នឹងត្រូវប្រកួតជាលក្ខណៈមិត្តភាពជាមួយក្រុមធនាគារ SBC ហើយរាល់ថ្ងៃសៅរ៍ ក្រុមកីឡាករ Pizza Company តែងតែទៅធ្វើការហ្វឹកហាត់នៅទីលានបាល់ទាត់របស់សាកលវិទ្យាល័យមេគង្គជាប្រចាំ ដើម្បីពង្រឹងសមត្ថភាពរបស់គេឱ្យកាន់តែរឹងមាំជាងនេះទៅទៀត ។ រៀងរាល់ចុងខែ ក្រុមបាល់ទាត់ Pizza Company តែងតែធ្វើការប្រកួតជាមួយក្រុមបាល់ទាត់តាមបណ្តាក្រុមហ៊ុននានាជាលក្ខណៈមិត្តភាព។
គួរបញ្ជាក់ឱ្យដឹងដែរថា នេះគឺជាការប្រកួតលើកទី៤ហើយ ដែល៣លើកកន្លងមក ក្រុមបាល់ទាត់ Pizza Company បានទទួលជ័យជម្នះទាំង៣លើក តែលើកទី៤នេះត្រូវចាញ់ក្រុមបាល់ទាត់សណ្ឋាគារសាន់វេក្នុងលទ្ធផល២ទល់នឹង៣ ។
The Pizza Company គឺជាសមាជិករបស់ក្រុមហ៊ុន EFG ជាក្រុមហ៊ុននាំចូល និងទិញសិទ្ធិផ្តាច់មុខភោជនីយដ្ឋានល្បីៗលំដាប់ថ្នាក់អន្តរជាតិ ដែលក្នុងនោះមានភោជនីយដ្ឋានសាច់អាំង និងបំពង BBQ Chicken និងហាងការ៉េមពេញនិយម Swensen’s ផងដែរ ៕
ចែករំលែកព័តមាននេះ