រាជធានីភ្នំពេញ ៖ ក្រុមបាល់ទាត់គិរីវង់សុខសែនជ័យ បានយកឈ្នះក្រុមឆ្លាមសមុទ្រ ៣-១ នៅក្នុងការប្រកួតបាល់ទាត់ Metfone Cambodian League 2011 នៅលើទីលានពហុកីឡដ្ឋានជាតិ កាលពីរសៀលថ្ងៃពុធទី១១ ឧសភា កន្លងមកនេះ ។
នៅក្នុងសប្តាហ៍ទី៥នៃការជួបគ្នារវាងក្រុមទាំង២ លើកនេះ ក្រុមគិរីវង់សុខសែនជ័យបានលេងសង្កត់ក្រុមឆ្លាមសមុទ្រជាប់មិនឱ្យរើខ្លួនរួចតាំងពីនៅក្នុងតង់ទី១មកម៉្លេះ ។ ក្រុមឆ្លាមសមុទ្រក៏មានឱកាសនាំបាល់មកលេងនៅមុខទីរបស់ក្រុមគិរីវង់ម្តងម្កាលដែរ ប៉ុន្តែគ្មានឱកាសស៊ុតបាល់បញ្ចូលទីបានសម្រេចឡើយ ។ ព្រោះថារាល់លើកសុទ្ធតែបានរំខានដោយខ្សែការពាររបស់ក្រុមគិរីវង់សុខសែនជ័យទាំងអស់ ។ ចំណែកក្រុមគិរីវង់សុខសែនជ័យ បើទោះជាការលេងរបស់គេមានប្រៀបជាងក្រុមឆ្លាមសមុទ្របន្តិចក្តី ក៏ស្ថិតនៅក្នុងស្ថានភាពយ៉ាប់យ៉ឺនបន្តិចដែរ ។ ពេលវេលាបានអូសបន្លាយរហូតដល់ នាទីទី៣៨ទើបកីឡាករ OLADIJIN OLATUNDE ពាក់អាវលេខ១០របស់ក្រុមគិរីវង់សុខសែនជ័យប្រើថ្វីជើងរបស់គេបំបែកពងមាន់បាន១គ្រាប់នាំមុខមុន។ ចូលដល់នាទីទី៤៣ កីឡាករ MUHAMMEEA BEJERO ពាក់អាវលេខ៧៧ រកបាន១គ្រាប់ទៀត និងកីឡាករអុិន វិច្ឆិកា ពាក់អាវលេខ១១ ជាប្រធានក្រុមរកបាន១គ្រាប់ទៀតនៅនាទីទី៥១ ក្នុងតង់ទី២ ។
ក្រុមឆ្លាមសមុទ្ររក្សាការលេងបានល្អជាងមុននៅក្នុងតង់ទី២ ដោយគេបានរៀបចំការលេងយ៉ាងស៊ីសង្វាក់គ្នា ដើម្បីទប់ទល់មិនឱ្យក្រុមគិរីវង់សុខសែនជ័យបង្កើនចំនួនគ្រាប់បាល់បន្តទៀតបានឡើយ ។ ថ្វីបើក្រុមឆ្លាមសមុទ្រមិនមានឱកាសស៊ុតបាល់បញ្ចូលទីបានសម្រេចមែន តែក្រុមឆ្លាមសមុទ្រទទួលបានកាដូ១គ្រាប់ពីកីឡាករ ទូច សុខហៀង ពាក់អាវលេខ៣ របស់ក្រុមគិរីវង់សុខសែនជ័យ នៅពេលដែលកីឡាកររូបនេះបានធ្វើឱ្យបាល់ប៉ះជើងហើយខ្ទាតចូលទីខ្លួនឯង ។
គិតមកដល់ពេលនេះ ក្រុមគិរីវង់សុខសែនជ័យ បានឡើងមកឈរនៅលេខរៀងទី២ក្នុងតារាង។ ក្នុងចំណោមការប្រកួត៥លើក ឈ្នះ៣លើក ស្មើ១លើក ចាញ់១លើក និងមាន១០ពិន្ទុ ខណៈពេលដែលក្រុមភ្នំពេញក្រោនលេងទើបតែបាន៤ប្រកួត ឈ្នះ៣ ស្មើ១ មាន១០ពិន្ទុ ស្ថិតនៅលេខរៀងទី១ ក្នុងតារាង ។ ឯក្រុមឆ្លាមសមុទ្រ ធ្លាក់មកនៅលេខរៀងទី៦ក្នុងតារាង ៕
ចែករំលែកព័តមាននេះ