ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៥៥ឆ្នាំ​​​នៃ​​មិត្ត​ភាព​​កម្ពុជា​-​រុស្ស៊ី​ក្នុង​​ការ​​ភ្ជាប់​​ទំនាក់​ទំនង​​ការ​ទូត

14 ឆ្នាំ មុន

លោក​បណ្ឌិត សុខ ទូច អនុ​ប្រធាន​វិទ្យា​ស្ថាន​​ទំនាក់​ទំនង​អន្តរ​ជាតិ​កម្ពុជា ​និង​ជា​អតីត​និស្សិត​​ដែល​បញ្ចប់​ការ​សិក្សា​នៅ​រុស្ស៊ី បាន​ចង​ក្រង​អត្ថ​បទ​មួយ​​​ដែល​មាន​តម្លៃ​​សម្រាប់​ការ​រំលឹក​ឡើង​វិញ នូវ​​មិត្តភាព​កម្ពុជា-​រុស្ស៊ី ហើយ​​ដែល​រហូត​​មក​ដល់​ឆ្នាំ​២០១១ ​គឺ​ជា​ខួប​ព្រឹត្តិ​ការណ៍​ដ៏​សំខាន់​​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​នៃ​មិត្ត​ភាព​​កម្ពុជា-រុស្ស៊ី

លោក​បណ្ឌិត សុខ ទូច អនុ​ប្រធាន​វិទ្យា​ស្ថាន​​ទំនាក់​ទំនង​អន្តរ​ជាតិ​កម្ពុជា ​និង​ជា​អតីត​និស្សិត​​ដែល​បញ្ចប់​ការ​សិក្សា​នៅ​រុស្ស៊ី បាន​ចង​ក្រង​អត្ថ​បទ​មួយ​​​ដែល​មាន​តម្លៃ​​សម្រាប់​ការ​រំលឹក​ឡើង​វិញ នូវ​​មិត្តភាព​កម្ពុជា-​រុស្ស៊ី ហើយ​​ដែល​រហូត​​មក​ដល់​ឆ្នាំ​២០១១ ​គឺ​ជា​ខួប​ព្រឹត្តិ​ការណ៍​ដ៏​សំខាន់​​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​នៃ​មិត្ត​ភាព​​កម្ពុជា-រុស្ស៊ី ។ ៥៥​​ឆ្នាំ​​មុន​នេះ គឺ​នៅ​ថ្ងៃ​ទី​១៣ ​ឧសភា ​ឆ្នាំ​១៩៥៦ កម្ពុជា និង​រុស្ស៊ី​បាន​ភ្ជាប់​ទំនាក់​ទំនង​ការ​ទូត​ជា​មួយ​គ្នា ។

​ក្នុងអំឡុង​ពេល​ជា​ច្រើន​ឆ្នាំ ទោះ​បី​ជា​ប្រទេស​ទាំងពីរ​ស្ថិត​នៅ​យ៉ាង​ឆ្ងាយ​ពី​គ្នា​ក៏​ដោយ ប៉ុន្តែ​ប្រជា​ជន​នៃ​ប្រទេស​ទាំង​ពីរ​មាន​ចំណង​ស្អិត​រមួត​នឹង​គ្នា​នៃ​ភាព​ជា​ដៃ​គូ​កិច្ចសហ​ប្រតិ​បត្តិការ​ ការ​គោរព​រាប់​អាន​គ្នា និង​ការ​គាំទ្រ​គ្នា​​ទៅវិញ ទៅ​មក ។

​វិភាគ​ទាន​ដ៏​ធំ​ធេង​នៅ​ក្នុង​ការ​អភិ​វឌ្ឍ​ទំនាក់​ទំនង​កម្ពុជា​-រុស្ស៊ី ​បាន​ត្រូវ​ធ្វើ​ឡើង​​ដោយ​ព្រះ​មហា​ក្សត្រ​ នរោត្តម សីហនុ ខណៈ​ពេល​ដែល​ព្រះ​អង្គ​យាង​ទៅបំពេញ​ព្រះរាជ​ទស្សន​កិច្ច​ចំនួន​២​លើក​នៅ​សហ​ភាព​សូវៀត ក្នុងឆ្នាំ​១៩៥៦ ​និង​ឆ្នាំ​១៩៧០ ។ ក្នុង​នោះ​ថ្នាក់​ដឹក​នាំ​សូវៀត បាន​​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ប្រឹង​ប្រែង​របស់​ព្រះ អង្គ សំដៅ​ប្រែ​ក្លាយ​​កម្ពុជា​ទៅ​ជា​រដ្ឋ​រឹង​មាំ និង​ឯក​រាជ្យ ​ដែល​មា​នប្រជា​ជន​រស់​នៅ​ដោយ​សុខ​សាន្ត​រុងរឿង ។ ទី​ក្រុង​មូ​ស្គូ បាន​គាំទ្រ​ការ​ផ្តួច​ផ្តើម​​គំនិត​របស់​​ព្រះ​មហា​ក្សត្រ​​ នរោត្តម សីហនុ ​ដែល​ព្រះ​អង្គ​ជា​ស្ថាប​និក​មួយ​រូប​នៃចលនា​មិន​ចូល​បក្ស​សម្ព័ន្ធ ។ ក្រៅពី​នោះ សហ​ភាព​សូវៀត ​បាន​អះ​អាង​នូវភក្តី​​ភាព​របស់​ខ្លួន​ចំពោះ​ប្រជា​ជន​កម្ពុជា ដោយ​ថ្កោល​ទោស​ចំពោះ​រដ្ឋ​ប្រហារ​​យោធា​​របស់​លន់ ​នល់ និង​មិន​គាំទ្រ​រប​ប​កម្ពុជា​ប្រជាធិប​តេយ្យ ។

​សភាព​សូវៀត​ បាន​ជួយ​ប្រជា​ជន​កម្ពុជាជា​បង​ប្អូន​បាន​ទាន់​ពេលវេលា​​ គឺ​ចំពេល​ដែល​ប្រជា​ជន​កម្ពុជា​ត្រូវ​ការ​ជា​ពិសេស គឺ​​ចំពេល​ដែល​កម្ពុជា​ជួប​ការ​លំបាក​ធ្ងន់​ធ្ងរ ​ហើយ​ធ្វើ​ការ​​ស្តារ​រៀប​ចំ​ប្រទេស​ឡើង​វិញ ក្រោយ​របប​កម្ពុជា​ប្រជា​ធិប​តេយ្យ និង​ការ​កែ​ទម្រង់​​សង្គម​កម្ពុជា​​ថ្មី។

​ជា​ដំបូង ​ទី​ក្រុង​​មូ​ស្គូ​បាន​ផ្តល់​ជំនួយ​សេដ្ឋ​កិច្ច​យ៉ាងច្រើន​ ព្រម​ទាំង​ជំនួយ​យោធា​ និង​​បច្ចេក​ទេស​​ផង​ដែរ ។ ​​នៅ​ក្នុងឆ្នាំ​១៩៨០ ​ក្នុង​ការ​ចូល​រួម​ពី​សំណាក់​​អ្នក​ឯក​ទេស​រុស្ស៊ី​ បាន​​ត្រូវ​កសាងនិង​ស្តារ​​ឡើង​វិញ​នូវ​មូល​ដ្ឋានធំ​នៃ​ហេដ្ឋា​រ​ចនា​​សម្ព័ន្ធកម្ពុជា​ ក្នុង​នោះ​មាន​មន្ទីរ​ពេទ្យ​​មិត្ត​ភាព​ខ្មែរ​-សូវៀត​​ វិទ្យា​ស្ថាន​​បច្ចេក​វិទ្យា​កម្ពុជា​​នៅភ្នំពេញ មន្ទីរ​ពេទ្យ​យោធា​នៅ​បាត់​ដំបង មូល​ដ្ឋាន​យោធា​សមុទ្រ​រាម មូល​ដ្ឋាន​ទ័ព​អាកាស​ពោធិ​ចិន​តុង សាលា​យោធា​ចម្រុះ មូល​ដ្ឋាន​យោធា​ទន្លេ​​នៅ​ភ្នំពេញ។ល។ ​សំណង់​ទាំង​នេះ​ ក្នុងពេល​​បច្ចុ​ប្បន្ន​​កំពុង​នាំ​ផល​ប្រយោជន៍​​ឱ្យ​កម្ពុជា ជួយ​អភិ​វឌ្ឍន៍​  និង​ការ​ពរ​ផល​ប្រយោជន៍​កម្ពុជា ។

​សហ​ភាព​សូវៀត​ ក៏​បាន​ជួយ​ជំនួយ​បច្ចេក​ទេស​យោធា​ដល់​កម្ពុជា​ផង​ដែរ ។ សម្រាប់​​កង​កម្លាំង​ប្រដាប់​អាវុធ​កម្ពុជា គឺ​​បាន​បញ្ជូន​រថក្រោះ ​រថពាស​ដែក កាំភ្លើង​ធំ យន្ត​ហោះ ​នាវា ​អាវុធ​​យុទ្ធភណ្ឌ ។ ​ដោយ​សារ​តែ​អានុ​ភាព​នៃ​កាំភ្លើង​​ផ្គុំ​​ប្រតិ​កម្ម​ធុន បេ​អឹម​​២១ (BM21) ​កម្ពុជា​អាច​ការ​ពារ​អធិប​តេយ្យ​ភាព និង​បូរណ​ភាព​ទឹក​ដី​អាច​បង្ហាញ​​ឱ្យ​ថៃ​​ឃើញ​នូវ​កម្លាំង​និង​ភាព​ដាច់​ខាត​របស់​ខ្លួន​ក្នុង​ពេល​ឈ្លាន​ពាន​ប្រដាប់អាវុធ​​របស់​ថៃ  នៅ​ក្នុង​តំបន់​ប្រាសាទ​ព្រះវិហារ ​កាល​ពី​ថ្ងៃ​ទី​៤-៧ កុម្ភៈ ​ឆ្នាំ​២០១១ ​កន្លង​មក ។ ទោះ​ជា​ពេល​វេលា​បាន​កន្លង​ទៅ​អស់​រយៈ​ពេល​​ជា​ច្រើន​​ឆ្នាំ​ហើយ​ក្តី ប៉ុន្តែ​អាវុធ និង​សម្ភារ​​បច្ចេក​ទេស​របស់​រុស្ស៊ី​នៅតែរឹង​មាំ ។ ​បច្ចុ​ប្បន្ន​​ នៅ​​តាម​ដង​ផ្លូវ​​ក្នុង​រាជ​ធានីភ្នំពេញ និង​ទូទំាំង​ប្រទេស​​កម្ពុជា គេ​អាច​​ជួប​ប្រទះ​ ​រថយន្ត​ដឹក​ជញ្ជូន​របស់​រុស្ស៊ី​ធុន​ KAMAZ និង ZIL ។

​ជា​ការ​ពិត​ណាស់​ ក្នុងពេល​​បច្ចុ​ប្ប​ន្ន​ប្រជា​ប្រិយ​​ភាព​នៅ​​កម្ពុជា គឺ​សហ​រដ្ឋ​អាមេ​រិក​ និង​ចិន។ ​ការ​ដុះ​ដាល​នូវ​ប្រជា​ប្រិយ​ភាព​នៃ​ភាសា​អង់​គ្លេស​​នៅតាម​សាលា​រៀន បាន​ធ្វើ​ឱ្យ​ទង់​ជាតិ​​អាមេ​រិក​​រីក​ចម្រើន​​នៅ​ទី​នោះ​ផង​ដែរ ។ ក៏​ប៉ុន្តែ​​គេ​មិន​គួរ​ភ្លេច​​ការ​ទម្លាក់​គ្រាប់​​បែក​របស់​អាមេ​រិក​​មក​លើ​ទឹក​ដី​កម្ពុជា​ក្នុង​សម័យ​សង្គ្រាម​​នៅ​ឥណ្ឌូ​ចិន​​នោះទេ ។ ​គ្រាប់​បែក​ទាំង​នោះ រហូត​មក​ដល់​ពេល​នេះ​នៅតែ​​ធ្វើ​ឱ្យ​ប្រជា​ជន​​សាមញ្ញ​កម្ពុជា មិនអាច​ធ្វើ​ដំណើរ​បាន​ដោយ​សុខ​ស្រួល​នៅតាម​តំបន់​ក្នុង​ព្រៃ និង​ធ្វើ​ការ​ដាំ​ដំណាំ​បាន​ឡើយ ។​ នៅ​កម្ពុជា​ ក៏​គេមិន​បាន​និយាយ​អំពី​ការ​គាំទ្រ​រប​បកម្ពុជាប្រជា​ធិប​តេយ្យ​ដោយ​ប្រទេស​ចិន​ផង​ដែរ ។

​ជា​មួយ​នេះ រុស្ស៊ី មិន​ដែល​មាន​បំណង​​ធ្វើ​ឱ្យ​​អន្តរា​យ​ដល់​ប្រជា​ជន​កម្ពុជា ឬ​គាប​​សង្កត់​​ផល​ប្រយោជន៍​កម្ពុជា​ម្តង​ណា​ឡើយ ​ហើយ​ក៏​មិន​ត្រូវភ្លេច​​អំពី​ជំនួយ​ដែល​ភាគី​​រុស្ស៊ី​​ធ្លាប់​បាន​ជួយ ​កំពុង​ជួយ ហើយ​អាច​នឹង​ជួយ​កម្ពុជា​ផង​ដែរ ។

​បច្ចុ​ប្ប​ន្ន​​ ទំនាក់​ទំនង​ដ៏​ល្អ​ប្រពៃរវាង​កម្ពុជា និង​រុស្ស៊ី ​នៅ​តែ​ថែរក្សា​ ។ កម្ពុជា​បន្ត​​គាំទ្រ​​មាគ៌ា​នយោ​​បាយ​​ក្រៅ​ប្រទេស​​របស់​រុស្ស៊ី ​និង​ការ​ចូល​រួម​របស់​រុស្ស៊ី​នៅ​ក្នុង​ដំណើរ​ការ​នយោ​បាយ​​ និង​សេដ្ឋ​កិច្ច​ក្នុង​​តំបន់​​អាស៊ីអាគ្នេយ៍​ និង​តំបន់​​អាស៊ីប៉ា​ស៊ី​ហ្វិក ។ ក្នុងនោះ ​ដោយ​សារ​គោល​ជំហរ​ជា​មិត្ត​ភាព​របស់​កម្ពុជា ​បាន​បណ្តាល​ឱ្យ​​មាន​សេច​ក្តី​សម្រេច​ចិត្ត​​ដ៏​សំខាន់​ស្តីពី​ការ​ចូល​រួម​រ​បស់​​រុស្ស៊ី នៅ​ក្នុង​យន្តការ​នៃ​ជំនួប​កំពូល​អាស៊ីអាគ្នេយ៍ ។

​ទំនាក់​ទំនង​​សេដ្ឋ​កិច្ច​កម្ពុជា​-រុស្ស៊ី ​កំពុង​បន្ត​អភិ​វ​ឌ្ឍន៍ ។ រយៈ​ពេល​៥​ឆ្នាំ​ចុងក្រោយ ​ការ​ផ្លាស់​ប្តូរ​​​ទំនិញ​ទៅ​វិញ​ទៅ​មក រវាង​រុស្ស៊ី និង​កម្ពុជា​បាន​កើន​ឡើង​​ពី​១១​លាន​​ដុល្លារ​​សហ​រដ្ឋ​អាមេ​រិក ដល់​៤០​លាន ។ ​រយៈ​ពេល​១០​ឆ្នាំ​ចុ​ង​ក្រោយ​ ទំហំ​វិនិ​យោគ​ទុន​រុស្ស៊ីនៅ​កម្ពុជា​កើន​ឡើង​ដល់​​៦០០​លាន​​ដុល្លារ​សហរដ្ឋ​អាមេ​រិក ។ ប្រជា​ប្រិយ​ភាព​របស់​កម្ពុជា​កំពុង​រីក​លូត​លាស់​នៅ​​ក្នុង​ចំណោម​ប្រជា​ជន​រុស្ស៊ី ។ ក្នុង​ឆ្នាំ​២០១០ ​ទេស​ចររុស្ស៊ី ជាង​៣៤​​ពាន់​​នាក់​បាន​មក​ទស្សនា​កម្ពុជា ហើយ​​ដល់​ចុង​ឆ្នាំ​២០១១ ​សង្ឃឹម​ថា ​ចំនួន​នេះនឹង​កើន​ដល់​១០០​ពាន់​​នាក់ ។ កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១០ ទី​ក្រុង​បុរាណ រុស្ស៊ី ​វែល​លីគី​ណូ​វ​ហ្កោ​រ៉ូដ (Veliki Novgorod) បាន​ក្លាយ​​ជា​សម្ព័ន្ធ​​ភាព​ជា​មួយ​ខេត្ត​សៀម​រាប ។

នៅ​​សហ​ភាព​សូវៀត ​បន្ទាប់​មក​​នៅ​សហ​ព័ន្ធ​រុស្ស៊ី ​អ្នក​ឯក​ទេស​កម្ពុជា ដែល​មាន​ជំនាញ​​ផ្សេងៗ​រាប់​ពាន់​នាក់​បាន​ទទួល​ការ​បណ្តុះ​បណ្តាល និង​ហាត់​រៀន ។ បណ្តា​យុវ​ជន យុវ​នារី​កម្ពុជា មិន​គ្រាន់​តែ​ទទួល​បាន​នូវ​ការ​អប់រំ​​ប្រកប​ដោយ​គុណ​ភាព និង​ឥត​បង់​ថ្លៃ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បាន​​រៀន​សូត្រ​​ភាសា​រុស្ស៊ី យល់​ដឹង​នូវវប្ប​ធម៌​ និង​ប្រវត្តិ​សាស្ត្រ​រុស្ស៊ី ពេញ​ចិត្ត​មុខ​ម្ហូប​រុស្ស៊ី ។ បច្ចុ​ប្បន្ន​​ពួក​គេ​ជា​ច្រើ​នាក់​ក្នុង​ចំណោម​នោះ កំពុង​មាន​មុខ​តំណែង​សំខាន់​ៗ​នៅ​ក្នុង​រាជ​រ​ដ្ឋា​ភិបាល​កម្ពុជា ​​នៅ​ក្នុង​បណ្តា​ក្រសួង​មន្ទីរ ​នៅតាម​គ្រឹះ​ស្ថាន​ឧត្តម​សិក្សា​ នៅ​តាម​ខេត្ត ឬ​គេ​មាន​មុខរបរ​​យ៉ាង​ជោគ​​ជ័យ​ ​ជា​មន្ត្រី​រាជ​ការ​សាមញ្ញ ពេទ្យ វិស្វ​ករ អ្នក​សំណង់។ ​ប៉ុន្តែ​ ទោះ​បីជា​កន្លង​ទៅ​អស់​ពេល​ជា​ច្រើ​ន​ឆ្នាំ​នៅ​សហ​ភាព​សូវៀត ​និង​នៅរុស្ស៊ី ​ក៏​ដោយ ក៏​ពួក​គេ​នៅតែ​ចង​ចាំ​​មនោ​សញ្ចេត​នា​​ដ៏​កក់​ក្តៅ​របស់​រុស្ស៊ីដដែល ។ ពួក​គេ​ចាត់​ទុកថា ការ​ទៅ​ដល់​ប្រទេស​ដ៏ត្រជាក់​មួយ​នេះ ដែល​ស្ថិត​នៅ​លើព្រំ​ដែន​អឺរ៉ុប និងអាស៊ី អាច​ជួយ​ឱ្យ​ពួក​គេ​ឈាន​​ទៅ​ដល់​ស្ថាន​ភាព​ការ​ងារ​នា​ពេល​បច្ចុ​ប្បន្ន​​អ្នក​ខ្លះ​បាន​ក្លាយ​ខ្លួន​ទៅ​ជា​នាយ​ទាហាន​​ថ្នាក់​ឧត្តម​សេនីយ៍​ ជា​អ្នក​ប្រាជ្ញ និង​មាន​វិបុល​ភាព ។
​រុស្ស៊ី បន្តផ្តល់​​ជូន​កម្ពុជា​នូវ​អាហារូបករណ៍​សិក្សា​​ឥត​គិត​ថ្លៃ ។​ជារៀង​​រាល់​ឆ្នាំ ​រដ្ឋា​ភិបាល​​សហ​ព័ន្ធ​រុស្ស៊ី​បែង​ចែក​អាហារូបករណ៍​​រដ្ឋ​២៥​កន្លែង​​ដល់​កម្ពុជា​សម្រាប់​​សិក្សា​នៅ​ក្នុង​គ្រឹះ​ស្ថាន​​ឧត្តម​សិក្សា​​ស៊ីវិល ។ បច្ចុ​ប្បន្ន យោធិន​ចំនួន​៣៥​រូ​ប​នៃ​កង​​យោធ​ពល​ខេមរ​ភូមិន្ទ​កំពុង​បន្ត​​ការ​​សិក្សា​នៅ​រុស្ស៊ី ។

​រូប​ខ្ញុំ​ក៏​ជា​អតីត​និស្សិត​ ​ដែល​បាន​បញ្ចប់​ការ​សិក្សា​នៅ​គ្រឹះ​ស្ថាន​ឧត្តម​សិក្សា​​រុស្ស៊ី​ម្នាក់​ដែរ ខ្ញុំ​យល់​ឃើញ​ថា ការ​សិក្សា​នៅរុស្ស៊ីគឺជា​ការ​សាក​ល្បង​ដ៏​មិន​ងាយ​ស្រួល​នោះទេ ​ពី​​ព្រោះ​ការ​​សិក្សា​ជា​ភាសា​រុស្ស៊ី បាន​ទាម​ទារ​ពេល​វេលា​ជាច្រើន​​ និងការ​អត់​ធ្មត់​គ្រប់​បែប​យ៉ាង​ដើម្បី​​ក្រេប​​យក​ចំណេះ​ដឹង​ ។ ប៉ុន្តែ​គឺ រុស្ស៊ី ​នេះ​ហើយ​​ដែល​បាន​ជួយ​ខ្ញុំ​​ឱ្យ​មើល​ឃើញ​មាតុ​ភូមិ​ខ្លួន ស្វែង​យល់​កាន់​តែ​ស៊ីជម្រៅ ​និង​ពង្រឹង​ស្វាមី​ភក្តិ​​​របស់​ខ្លួន​ចំពោះ​​ប្រទេសក​ម្ពុជា​របស់​ខ្ញុំ ។ ​រុស្ស៊ី​ធ្លាប់​ជា​មិត្ត​​របស់​យើង​​ ហើយ​ក៏​​នៅតែ​​ជា​មិត្ត​របស់​យើង​ជានិរន្តរ៍​៕