ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីតាំង​សំណង់​ទំនប់​ទឹក​គ្មាន​ច្បាប់​នៅ​រមណីយដ្ឋាន​​ចំការ​កាហ្វេ ត្រូវ​អាជ្ញាធរ​ក្រុង​ចុះ​ពិនិត្យ

1 ឆ្នាំ មុន
  • មណ្ឌលគិរី

អាជ្ញាធរ​ក្រុង​សែន​មនោ​រម្យ ចុះ​ពិនិត្យ​ទីតាំង​សំណង់​ទំនប់​ទឹក​គ្មាន​ច្បាប់​មួយ​កន្លែង​របស់​រមណីយដ្ឋាន​ចំការ​កាហ្វេ ដែល​កា​.​ប់​កាយ​កែ​ច្នៃ​អូរ និង​ដី​ចំណី​អូរ​ធម្មជាតិ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដី​កម្មសិទ្ធិ​អ្នក​ដទៃ

ខេត្តមណ្ឌលគិរី ៖ អាជ្ញាធរ​ក្រុង​សែន​មនោ​រម្យ ចុះ​ពិនិត្យ​ទីតាំង​សំណង់​ទំនប់​ទឹក​គ្មាន​ច្បាប់​មួយ​កន្លែង​​របស់​រមណីយដ្ឋាន​ចំការ​កាហ្វេ ដែល​កា​.​ប់​កាយ​កែ​ច្នៃ​អូរ និង​ដី​ចំណី​អូរ​ធម្មជាតិ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដី​កម្មសិទ្ធិ​អ្នក​ដទៃ ស្ថិត​នៅ​ក្នុងភូមិ​ពូ​លូ​ង សង្កាត់រ​មនា ជាប់​ព្រំប្រទល់​សង្កាត់​ស្ពាន​មាន​ជ័យ នា​ព្រឹក​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០២៣​។

បើ​តាម​អ្នក​ភូមិ​ពូ​លូ​ង ដែល​មានឈ្មោះ ទូច ហឿ​ន បាន​ឲ្យ​ដឹង​ថា «​ទំនប់​ទឹក​ដែល​គេ​បាន​សង់ ដើម្បី​ទប់ទឹក​ធ្វើ​ទំនប់​បង្ហៀរ​កាត់​អូរ​ធម្មជាតិ​កណ្តាល​ក្រុង​នេះ បាន​បង្ក​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ផ្នែក​ខាងលើ​អូរ​។ ហើយ​ការ​ប៉ះពាល់ ព្រោះតែ​ទំនប់​នេះ បាន​សាងសង់​ឡើង​ខ្ពស់ បណ្តាល​ឲ្យ​ច្រាស់ទឹក​លិច​ដល់​ដី​អ្នក​ដទៃ​នៅ​សងខាង​អូរ​ទៀត​ផង​។ ដូច្នេះ លោក (​ទូច ហឿ​ន​) សំណូមពរ​ដល់​ម្ចាស់​សំណង់ និង​អាជ្ញាធរ​ជួយ​កែសម្រួល​សំណង់​ទំនប់​ទឹក​នោះ ឲ្យ​មាន​ផ្លូវទឹក​ហូរ​ដូច​ដើម​វិញ ចៀសវាង​ប្រយោជន៍​បុគ្គល​បង្ក​ការ​លំបាក​ដល់​អ្នក​ដទៃ​»​។

ជា​ការ​ឆ្លើយ​តប​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ លោក ប៊ូ សុភាព ម្ចាស់​រមណីយដ្ឋាន​ចំការ​កាហ្វេ បាន​រក្សា​ជំហរ​មិន​រុះរើ ឬ​កែសម្រួល​ទំនប់​ទឹក​នោះ​ទេ ដ្បិត​គាត់​សាងសង់​សំណង់​ទំនប់​បង្ហៀរទឹក​នេះ អស់​លុយ​ច្រើន​ណាស់​។ ហើយ​ការ​សំណូមពរ​របស់​អ្នក​ភូមិ ដែល​តម្រូវ​ចង់​ឲ្យ​គាត់​កែ ឬ​កាយ​ទំនប់​ចេញ ឬ​ក៏​ឲ្យ​គាត់​ចាក់​ដី​សង​កន្លែង​ដែល​លិច​ទឹក​វិញ ក៏​ត្រូវ​បាន​លោក ប៊ូ សុភាព លើក​ឡើង​ថា «​មក​ពី​ពួក​គាត់​ចង់បាន​ល្អ​ស្អាត​ស្រាប់​ៗ​ពេក មិន​ចង់​ចំណាយ​លុយ​ខ្លួនឯង​។ ដូច្នេះ​គាត់​មិន​អាច​ចេញ​លុយ​ទៅ​ជំនួស​ឡើយ​»​។

ចំណែក​អាជ្ញាធរ​ក្រុង​សែន​មនោ​រម្យ និង​មន្ត្រី​ជំនាញ​ដែនដី ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា «​ករណី​សង់​សំណង់​ទំនប់​ទឹក​នេះ ម្ចាស់​ទីតាំង​មិន​បាន​ស្នើ​សុំ ឬ​មានការ​អនុញ្ញាត​អាជ្ញាធរ និង​មន្ទីរ​ជំនាញ​ទេ គាត់​បាន​សាងសង់​ដោយ​ចិត្ត​ឯង​»​។

បើ​តាម​អាជ្ញាធរ ដែល​ចុះ​ទៅ​ពិនិត្យ​នៅ​ទីតាំង​ជាក់ស្តែង កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែសីហា បាន​ឲ្យ​ដឹង​ដែរ​ថា «​ករណី​ខាងលើ​នេះ ជំនាញ​បាន​ធ្វើការ​វាស់វែង ដើម្បី​រៀបចំ​ឯកសារ​ដាក់​ជូន​ថ្នាក់​ខេត្ត ប្រជុំ​វិនិច្ឆ័យ​នៅ​ពេល​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ