ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​សាស្ត្រាចារ្យ​រាជ សម្បត្តិ ​​ទទួល​មរណ​ភាព​​​យប់មិញ​នៅមន្ទីរពេទ្យកាល់​ម៉ែត​គួរ​ឱ្យ​សោកស្តាយ​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​លោក​រាជ សម្បត្តិ ​​​ប្រធាន​ផ្នែក​​​​​កិច្ចការ​សាធារណៈ​នៃសាលាក្តី​ខ្មែរ​ក្រហម បានទទួលមរណ​ភាព​​គួរ​ឱ្យ​​សោកស្តាយ​ក្នុង​វ័យ​៤៧ឆ្នាំ កាលពី​​​វេលាម៉ោង​​៩​យប់​ថ្ងៃទី​១១ ឧសភា ​២០១១ នៅ​លើ​គ្រែ​ពេទ្យ​​នៃ​មន្ទីរ​ពេទ្យ​​កាល់ម៉ែត ដោយសារ​​ជំងឺ​លើសឈាម​ធ្ងន់ធ្ងរ​គឺ​ដាច់សរសៃ​ឈាម​​ក្នុង​ខួរ​ក្បាល ខណៈ​ដែល​​ក្រុម​គ្រួសារ​​ហៀបនឹង​បញ្ជូនទៅ​កាន់មន្ទីរ​ពេទ្យ​ទំនើប​មួយ​នៅ​ក្រុង​បាង​កក ប្រទេសថៃ

រាជធានីភ្នំពេញ ៖ ​លោក​រាជ សម្បត្តិ ​​​ប្រធាន​ផ្នែក​​​​​កិច្ចការ​សាធារណៈ​នៃសាលាក្តី​ខ្មែរ​ក្រហម បានទទួលមរណ​ភាព​​គួរ​ឱ្យ​​សោកស្តាយ​ក្នុង​វ័យ​៤៧ឆ្នាំ កាលពី​​​វេលាម៉ោង​​៩​យប់​ថ្ងៃទី​១១ ឧសភា ​២០១១ នៅ​លើ​គ្រែ​ពេទ្យ​​នៃ​មន្ទីរ​ពេទ្យ​​កាល់ម៉ែត ដោយសារ​​ជំងឺ​លើសឈាម​ធ្ងន់ធ្ងរ​គឺ​ដាច់សរសៃ​ឈាម​​ក្នុង​ខួរ​ក្បាល ខណៈ​ដែល​​ក្រុម​គ្រួសារ​​ហៀបនឹង​បញ្ជូនទៅ​កាន់មន្ទីរ​ពេទ្យ​ទំនើប​មួយ​នៅ​ក្រុង​បាង​កក ប្រទេសថៃ ។

តាម​ព័ត៌​មាន​​ពីបុគ្គលិក​នៃសាលា​ក្តី​​ខ្មែរ​ក្រហម​បាន​ឱ្យ​ដឹង​ថា ដំបូង​ឡើយ​​លោក​រាជ​​ សម្បត្តិ កើត​​អាការ​វិល​មុខ ងងឹត​មុខ ​បន្ទាប់​មក​​ទ្រោប​​ខ្លួននៅលើ​តុ​នៃការិយា​ល័យ​របស់​គាត់​ក្នុង​សាលាក្តី​ខ្មែរ​ក្រហម រួច​ហើយ​​ស្រែក​​ហៅគេ​​ឱ្យ​ជួយ​។ ភ្លាម​​នោះ​មន្ត្រី​ជា​ច្រើន​នាក់​​នៃសាលាក្តី​ខ្មែរ​ក្រហម​​បាន​ផ្តល់​ដំណឹង​ដល់​គ្រួសារ​ និង​ត្រូវ​​​ចាត់​​បញ្ជូនទៅសង្គ្រោះ​​​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​​កាល់ម៉ែត ​កាលពីវេលាល្ងាច​ថ្ងៃទី​​​១០ ឧសភា ​​២០១១ ​​​។ អាការ​បែបនេះ​​របស់​លោក​រាជ​ សម្បត្តិ បាន​​យា​យី​​​រូបលោកជា​​ច្រើន​​​ខែមក​​ហើយ​។ ​​ប្រភពពី​ក្រុម​​មន្ត្រី​សាលា​ក្តីខ្មែរ​ក្រហម​​​បាន​ឱ្យ​ដឹងទៀត​ថា ​ជំងឺ​​លើស​ឈាម​​ធ្ងន់ធ្ងរ​​របស់​លោករាជ​ សម្បត្តិ ​​​អាច​បណ្តាល​ឱ្យ​ដាច់សរសៃ​ឈាម​​​ក្នុងខួរក្បាល ទើប​ធ្វើ​ឱ្យ​លោក​​សន្លប់​​​បាត់​ស្មារតី ហើយ​​ត្រូវ​​​​សម្រាក​​លើ​​​គ្រែ​ពេទ្យ ​ដោយ​ព្យួរ​​សេរ៉ូម​​ជាប់ជា​ប្រចាំ​។

មក​​ដល់​​វេលា​ម៉ោង​​៧​យប់​ថ្ងៃទី​​​១១ ឧសភា ​ក្រុមគ្រួសារ​របស់​លោក​​​ត្រៀម​​បញ្ជូន​​ទៅ​​​កាន់​មន្ទីរពេទ្យ​បំរ៉ុង​រ៉ាដ្ឋ​ នៅ​ក្រុង​បាង​កក ប្រទេស​ថៃ ប៉ុន្តែ ត្រូវ​​លុប​ចោល​វិញ​ ដោយសារ​អាការ​លោក​​រាជ​ សម្បត្តិ ធ្ងន់​ធ្ងរ​​ដល់ទីបំផុត​ និងមិន​មាន​​ជំនឿ​ថា អាច​សង្គ្រោះ​​បាន​នោះទេ ហើយ​បន្ទាប់​មក​​ក៏​​ផុតជីវិត​តែម្តង​នៅ​​​វេលាម៉ោង​​​៩​យប់ថ្ងៃទី​១១ ឧសភា គួរ​ឱ្យ​​សោក​​ស្តាយ។ លោក​រាជ​ សម្បត្តិ ​​គឺជា​សាស្ត្រាចារ្យ​​សារ​ព័ត៌​មាន​​​ និងជា​អ្នក​សា​រព័ត៌​មាន​​​កម្ពុជា​ដ៏មាន​ស្នា​ដៃ​​​មួយរូប ហើយ​បាន​​ចូលរួមចំណែក​យ៉ាង​សំខាន់​នៅក្នុងការ​លើកកម្ពស់​​​​សេរីភាព​សារព័ត៌មាន​ និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ​កោះសន្តិភាព​​ចាត់ទុក​ថា ​​មរណ​ភាព​របស់​លោក​រាជ​ សម្បត្តិ​ ​គឺជា​ការ​បាត់​បង់​​​​ធន​ធាន​មនុស្ស​​​ដ៏សំខាន់​​មួយសម្រាប់​​វិស័យ​​សារ​ព័ត៌មាន​កម្ពុជា និងសូមសម្តែង​​នូវការសោក​ស្តាយ​​​ និងចូលរួម​រំលែកទុក្ខយ៉ាង​ក្រៀមក្រំ​​ជា​មួយក្រុមគ្រួសារ​នៃសពលោករាជ សម្បត្តិ ​​និង​សូម​ឱ្យវិញ្ញាណ​ក្ខន្ធ​​​លោកទៅ​កាន់​​សុគតិ​ភព ។​ សពលោករាជ សម្បត្តិ ​​ត្រូវ​បាន​តម្កល់ទុក​​ធ្វើ​បុណ្យ​តាមប្រពៃណី នៅគេហដ្ឋាន​​សព​​ផ្ទះលេខ​​៤៨៧​ ភូមិ​ត្រពាំង​ឈូក សង្កាត់ទឹកថ្លា ​ខណ្ឌ​សែន​សុខ ​រាជធានីភ្នំពេញ ៕​