ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​ជាង​២០០​នាក់ សំណូមពរ​ឲ្យ​ក្រុមហ៊ុនបើក​ប្រាក់ខែ​ជាង​២០០​លាន​រៀល តែ​មេការ​រត់​ទៅ​​​វៀត​ណាម​​​​បាត់​

8 ខែ មុន
  • រតនគិរី

កម្មករ​ជាង​២០០​នាក់​ដែល​បំរើ​ការ​នៅ​ក្រុមហ៊ុន ហង អញ់ អណ្ដូង​មាស ចម្ការ​ចេក​របស់​វៀតណាម ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​៣ ឃុំ​ស្រែ​អង្គ្រង ស្រុក​កូន​មុំ ខេត្តរតនគិរី បាន​ជួបជុំ​គ្នា

ខេត្តរតនគិរី ៖ កម្មករ​ជាង​២០០​នាក់​ដែល​បំរើ​ការ​នៅ​ក្រុមហ៊ុន ហង អញ់ អណ្ដូង​មាស ចម្ការ​ចេក​របស់​វៀតណាម ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​៣ ឃុំ​ស្រែ​អង្គ្រង ស្រុក​កូន​មុំ ខេត្តរតនគិរី បាន​ជួបជុំ​គ្នា​នា​ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០២៣ នៅ​ខាង​មុខ​ក្រុមហ៊ុន ដើម្បី​តវ៉ា និង​ស្នើ​សុំ​តំណាង​ក្រុមហ៊ុន ឲ្យ​បើក​ប្រាក់ខែ​ជូន​ពួក​គាត់​ដែល​មាន​ទំហំ​ទឹកប្រាក់​រហូត​ដល់​ទៅ​ចំនួន​២៤៨,៣៦១,៨០០​រៀល (​ជាង​២០០​លាន​រៀល​)​។

បើ​តាម​អ្នកស្រី យ៉ែ​ម ណុ​ប តំណាង​ឲ្យ​កម្មករ​ដែល​រង​គ្រោះ បាន​ប្រាប់​ឲ្យ​ដឹង​ថា «​កន្លង​មក នាយក​ក្រុមហ៊ុន​ចម្ការ​ចេក​ហង អញ់​អណ្ដូង​មាស បាន​ផ្ដល់​សិទ្ធិ​ឲ្យ​ឈ្មោះ វង្ស ជនជាតិ​វៀតណាម ជា​អ្នក​មើល​ចាត់ចែង​ការងារ​ដាំ​ដុះ និង​ថែទាំ​ដំណាំ​ចេក​ជំនួស​ក្រុមហ៊ុន ពោល​គឺជា​មេកា​ឡូ (​មេការ​រួម​)​។ ហើយ​មេកា​ឡូ រូប​នោះ បាន​មើល​លើ​មេការ​ផ្នែក​ប្រមាណ​ចំនួន​១០​នាក់​ទៀត ដោយ​ក្នុង​នោះ​មេការ​ម្នាក់​ៗ មាន​កម្មករ​ចាប់ពី​៥០​នាក់​រហូត​ទៅ​៦០​នាក់​»​។

តំណាង​កម្មករ បាន​ឲ្យ​ដឹង​ទៀត​ថា «​នៅ​ពេល​ចុះ​ធ្វើការ មេកា​ឡូ សន្យា​ថា​នឹង​បើកប្រាក់​ពលកម្ម​ឲ្យ​កម្មករ​២​ដង​ក្នុង​មួយ​ខែ ក៏​ប៉ុន្ដែ​ជាក់ស្ដែង​មេកា​ឡូ មិន​បាន​បើក​ប្រាក់ខែ​ឲ្យ​គ្រប់​ចំនួន​នោះ​ឡើយ គឺ​បើក​ឲ្យ​តែ​ថ្លៃ​ម្ហូប ស្ទើរតែ​មិន​ចង់​គ្រប់​ផង​»​។

តំណាង​កម្មករ បាន​បញ្ជាក់​ថា «​នៅ​ពេល មេកា​ឡូ មិន​បាន​បើក​ប្រាក់ខែ​ឲ្យ​ទៀងទាត់ ក្នុង​នាម​ជា​អ្នកម៉ៅការ បាន​ទៅ​ខ្ចីបុល​ប្រាក់​ពី​ធនាគារ​យក​មក​ប្រើប្រាស់ គឺ​បើក​ឲ្យ​កម្មករ ដើម្បី​កុំ​ឲ្យ​ស្ទះ​ការងារ ប៉ុន្ដែ​ឈ្មោះ វង្ស ដែល​មេកា​ឡូ ជនជាតិ​វៀតណាម​នោះ បាន​ពន្យា​ពេល​ពុំ​បាន​បើក​លុយ​ឲ្យ​មេការ​ខ្មែរ​ទាំង​១០​នាក់ គឺ​ចាប់ពី​ខែកក្កដា ឆ្នាំ​២០២២ រហូត​មក​ដល់​ខែសីហា ឆ្នាំ​២០២៣​នេះ ធ្វើ​ឲ្យ​ថ្លៃ​ពលកម្ម​កើន​ប្រាក់​រហូត​ដល់​ជាង​២៤៨,៣៦១,៨០០​រៀល (​ជាង​២០០​លាន​រៀល​) ឯណោះ​»​។

ប្រភព​ដដែល​បន្ត​ថា «​កាលពី​ខែមេសា ឆ្នាំ​២០២២ តំណាង​កម្មករ​ក៏​ធ្លាប់​បាន​ទៅ​ដាក់​ពាក្យ​ប្ដឹង​នៅ​សាលាដំបូង​ខេត្តរតនគិរី ហើយ​តុលាការ​ក៏​បាន​កោះហៅ​ខាង​ក្រុមហ៊ុន ហង អញ់ អណ្ដូង​មាស ឲ្យ​ចូលខ្លួន​មក​ធ្វើការ​ដោះស្រាយ​ដែរ តែ​ក្រុមហ៊ុន​នៅ​តែ​ពុំ​បាន​បើក​ប្រាក់ខែ​ឲ្យ​កម្មករ​ទាំង​ជាង​២០០​នាក់​នោះ​ទេ​»​។

ប្រភព​ដដែល​បន្ត​ទៀត​ថា «​លុះ​មក​ដល់​ខែកក្កដា ឆ្នាំ​២០២៣​នេះ ក្រុម​កម្មករ​ក៏​បាន​នាំ​គ្នា​មក​កាន់​សាលាខេត្ត​រតនគិរី ដើម្បី​សុំ​ឲ្យ​អភិបាលខេត្ត​ជួយ​អន្ដរាគមន៍ ព្រោះ​ពួក​គាត់​គ្មាន​ប្រាក់​សម្រាប់​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ និង​សម្រាប់​បង់ការ​ប្រាក់​ធនាគា​នោះ​ទេ​»​។

គួរ​បញ្ជាក់​ថា លោក ញ៉ែ​ម សំ​អឿ​ន អភិបាលខេត្ត​រតនគិរី ក៏​បាន​ចេញ​លិខិត​មួយ​ច្បាប់ បញ្ជូន​ទៅ​លោក សេក ហៃ អភិបាលស្រុក​កូន​មុំ ឲ្យ​ធ្វើការ​ដោះស្រាយ​រវាង​ក្រុមហ៊ុន និង​កម្មករ​ឲ្យ​បាន​ជ្រះស្រឡះ ប៉ុន្តែ​មក​ដល់​ពេល​នេះ តំណាង​កម្មករ​ថា លោក សេក ហៃ នៅ​ពុំ​ទាន់​បាន​ដោះស្រាយ​ជូន​ពួក​គាត់​នៅឡើយ​ទេ​»​។

ខណៈ​ពេល​នេះ តំណាង​កម្មករ​នៅ​ចម្ការ​ចេក បាន​បញ្ជាក់​ថា មេកា​ឡូ ឈ្មោះ​វង្ស នោះ ត្រូវ​បាន​ក្រុមហ៊ុន​ឲ្យ​ត្រឡប់​ទៅ​ប្រទេស​វៀតណាម​វិញ​បាត់​ហើយ តែ​រឿង​នេះ​ពួក​គាត់​សុំ​ឲ្យ​ខាង​ក្រុមហ៊ុន​ចេញ​មុខ​ទទួល​សង​ប្រាក់​ជាង​២០០​លាន​រៀល​នោះ ព្រោះ​មេកា​ឡូ​រូប​នោះ គឺជា​មនុស្ស​របស់​ក្រុមហ៊ុន «​ហង អញ អណ្ដូង​មាស​»​។

បើ​តាម​លោក សេក ហៃ អភិបាលស្រុក​កូន​មុំ ក៏​បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ កម្មករ​ធ្លាប់​បាន​មក​ប្ដឹង​ក្រុមហ៊ុន​ចម្ការ​ចេក ទៅ​កាន់​តុលាការ​រួច​ម្ដង​ហើយ គឺ​តាម​រយ​:​មន្ទីរ​ការងារ តែ​ពុំ​ដឹង​ថា តើ​មាន​ដំណោះស្រាយ​យ៉ាងណា​នោះ​ទ?​។ ហើយ​នៅ​ថ្ងៃ​ខាង​មុខ លោក​នឹង​អញ្ជើញ​ភាគី​កម្មករ​ឲ្យ​មក​សាលាស្រុក ដើម្បី​បំភ្លឺ​បន្ថែម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ