រាជធានីភ្នំពេញ ៖ នៅមន្ទីរកសិកម្មរាជធានីភ្នំពេញនាព្រឹកថ្ងៃទី១១ ឧសភា ឆ្នាំ២០១១ បានរៀបចំធ្វើពិធីប្រកាសតែងតាំង ផ្ទេរសម្រួល និងប្រគល់ភារកិច្ចដល់មន្ត្រីរាជការ ក្រោមឱវាទមន្ទីរថ្នាក់ការិយាល័យចំនួន១៣រូប ។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោកផេង សុខាំ នាយកមន្ទីរកសិកម្មរាជធានីភ្នំពេញ ដោយមានការចូលរួមពីមន្ត្រីរាជការក្រោមឱវាទមន្ទីរយ៉ាងកុះករ ។
ក្នុងលិខិតប្រកាសតែងតាំងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចុះថ្ងៃទី៥ ឧសភា ឆ្នាំ២០១១ ដែលបោះត្រា និងចុះហត្ថលេខាដោយលោកច័ន្ទ សារុន ជារដ្ឋមន្ត្រីគឺប្រកាសតែងតាំង ផ្ទេរសម្រួលភារកិច្ចមន្ត្រីរាជការ ក្រោមឱវាទមន្ទីរកសិកម្មរាជធានីភ្នំពេញថ្នាក់ការិយាល័យចំនួន១៣រួប ។ លោកជេត ផល្លា ត្រូវបានប្រកាសតែងតាំងជាអនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មរាជធានីភ្នំពេញ ទទួលបន្ទុកបសុព្យាបាលរួមដោយហេតុថា ការិយាល័យនេះមិនទាន់មានប្រធានការិយាល័យទេ ។
ក្នុងពិធីប្រកាសតែងតាំងនោះ លោកផេង សុខាំ ប្រធានមន្ទីរកសិកម្មរាជធានីភ្នំពេញបានណែនាំដល់មន្ត្រីក្រោមឱវាទមន្ទីរទាំងអ្នកមានតួនាទីចាស់ និងទើបតែងតាំងថ្មីត្រូវខិតខំបំពេញភារកិច្ចការងារក្នុងវិស័យកសិកម្មបន្ថែមទៀតដោយអនុវត្តឱ្យបានតាមផែនការដែលក្រសួងកសិកម្មប្រគល់ឱ្យ ហើយខិតខំជម្រុញការបណ្តុះបណ្តាលដល់មន្ត្រីបន្តទៅទៀត រក្សាសាមគ្គីភាពផ្ទៃក្នុង និងគោរពវិន័យឱ្យស័ក្តិសមជាមន្ត្រីរាជការ ៕
ចែករំលែកព័តមាននេះ