ខេត្តបាត់ដំបង ៖ បទល្មើសនេសាទគ្រប់ប្រភេទ នៅតែកើតមានពាសពេញតំបន់ទន្លេសាប ក្នុងទឹកដីខេត្តបាត់ដំបង បើទោះជាកម្លាំងសមត្ថកិច្ចតែងឆ្មក់ចុះបង្ក្រាប និងកាប់កម្ទេចចោលជាបន្តបន្តាប់ក្ដី ។ ប៉ុន្តែជនល្មើសនៅតែអាចមានលទ្ធភាពបង្កើតបទល្មើសបានយ៉ាងរលូនដដែល ព្រោះសមត្ថកិច្ចរឹបអូសយកបានតែវត្ថុតាង រីឯជនល្មើសរួចខ្លួនរហូត រឹតតែបង្កើតបទល្មើលទ្វេដង ដែលកំពុងរត់ប្រណាំងគ្នាយ៉ាងគគ្លើន ជាមួយនឹងបទល្មើសលួចឈូសឆាយយកដីរដ្ឋក្នងតំបន់៣ ។

កាលពីថ្ងៃទី ០៥ សីហា មន្ត្រីជលផលមួយក្រុម បានសហការជាមួយកម្លាំងសហគមន៏នេសាទក្នុងមូលដ្ឋានប៉ុន្មាននាក់ផង បានឆ្មក់ចុះទៅបង្ក្រាបនៅទីតាំងប្រព្រឹត្តបទល្មើសនេសាទមួយកន្លែងក្នុងតំបន់ទន្លេសាប ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិព្រៃចាស់ ឃុំព្រៃចាស់ ស្រុកឯកភ្នំ។ កិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានរឹបអូស និង កាប់បំផ្លាញចោលនូវឧបករណ៏នេសាទខុសច្បាប់(សាច់អួន) និង វត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត តែគេស្គាល់មុខម្ចាស់បទល្មើសទេ។

បើតាមប្រភពព័ត៌មាន ទីតាំងដែលកម្លាំងជលផលចុះបង្ក្រាបនោះ ជាកន្លែងដែលជនល្មើសបានដាក់ពង្រាយនូវឧបករណ៍នេសាទខុសច្បាប់ព្រោងព្រាតរាប់សិបកន្លែង។ ជាពិសេស ដាក់ពង្រាយ បរណរ៉ាវ(សាច់អួនក្រឡាញឹក) ដែលមួយខ្សែៗ មានប្រវែងរាប់រយម៉ែត្រ។ ប៉ុន្តែជនល្មើសហាក់បានដឹងមុខ ពីគម្រោងការចុះបង្ក្រាបរបស់សមត្ថកិច្ច ទើបចំណុចខ្លះ ពួកគេទាញពន្លិចទឹកមុនពេលសមត្ថកិច្ចចុះទៅដល់ ដើម្បីបំភាន់ភ្នែកកម្លាំងដែលចុះបង្ក្រាប ។

យោងតាមរបាយការណ៍វត្ថុតាងដែលមន្ត្រីជលផល និងប្រជាសហគមន៍នេសាទចុះបង្ក្រាប និង រឹបអូសបានយកទៅកំទេចចោល កាលពីថ្ងៃទី ០៥ សីហា រួមមាន៖ សាច់អួនប្រវែង១៣០០ម៉ែត្រ ឡុកចាប់ត្រីចំនួន០៤ បង្គោលឈើចំនួន៣០០ដើម និងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត ។ វត្ថុតាង និងឧបករណ៍នេសាទល្មើសច្បាប់ទាំងនេះ ត្រូវបានបង្ក្រាបចំនួន០៤គោលដៅផ្សេងគ្នា។ នេះបើតាមរបាយការណ៍ដដែល ។

ប៉ុន្តែរបាយការណ៍ពុំបាននិយាយពីអត្តសញ្ញាណជនល្មើសណាម្នាក់ដែលត្រូវបានគេស្គាល់នោះទេ។ សូមរំលឹកថា នៅក្នុងតំបន់ទន្លេសាប ទាំងដែនទឹក ទាំងដែនគោក ដែលស្ថិតក្នុងភូមិសាស្ត្រ ក្នុងស្រុកចំនួន០៤ នៃខេត្តបាត់ដំបង គឺស្រុកមោងប្ញស្សី ស្រុកសង្កែ ស្រុកឯកភ្នំ និង ស្រុកថ្មគោល ត្រូវគេសង្កេតឃើញបទល្មើសចំនួន០២ ដែលកំពុងងើបឡើងវិញកាន់ខ្លាំង ។ នេះបើតាមប្រភព
ព័ត៌មានពីប្រជាពលរដ្ឋនៅតាមបណ្ដាស្រុកទាំង០៤ ដែលមានភូមិសស្ត្រជាប់តំបន់ទន្លេសាប។

បទល្មើសទាំង០២នោះ គឺការប្រើគ្រឿងចក្លួចរឈូសឆាយទន្ទ្រានយកដីតំបន់៣ និងការប្រព្រឹត្តបទល្មើសនេសាទ ដែលគេមិនអាចទប់ស្គាត់បាន។ យោងតាមព័ត៌មានព្រាលៗ ដែលកោះសន្តិភាព ទើបទទួលបាននាប៉ុន្មានថ្ងៃចុងក្រោយនេះ បទល្មើសដែលកំពុងរសើបខ្លាំង គឺបទល្មើស
«លួចឈូសឆាយដីព្រៃលិចទឹកនៅក្នុងតំបន់៣» ដែលស្ថិតនៅក្នុងស្រុកឯកភ្នំ។ ប្រភពបានបង្ហើបឲ្យដឹងថា ក្រុមជនទុច្ចរិតដែលកំពុងប្រើគ្រឿងចក្រសំងំឈូសឆាយប្រឹងលេបយកដីព្រៃលិចទឹកទាំងនោះ ភាគច្រើននាំមុខដោយពួកមន្ត្រីខិលខូចមួយចំនួនចាប់តាំងពីថ្នាក់មូលដ្ឋាន រហូតដល់ថ្នាក់លើ។

ក្រុមជនទុច្ចរិតទាំងនេះ តែងប្រើប្រាស់ពលរដ្ឋឲ្យនៅជួរមុខធ្វើជាខែលបិទបាំងនូវអំពើទុច្ចរិតធំដុំរបស់ខ្លួន ។ ពួកគេតែងធ្វើសកម្មភាពលួចឈូសទន្ទ្រានដីព្រៃលិចទឹកពេលយប់ ព្រោះធ្វើថ្ងៃខ្លាចគេឃើញ។ ប្រភពព័ត៌មានដដែលបានទម្លាយទៀតថា ពេលនេះទំហំដីរាប់រយហិចតា នៅក្បែរបង្គោលព្រំតំបន់៣ផង និងស្ថិតនៅក្នុងតំបន់៣ ត្រូវបានជនទុច្ចរិត ដែលភាគច្រើនជាពួកមន្ត្រីមានអំណាច កំពុងឃុបឃិតបែងចែកគ្នាឈូសទន្ទ្រានយកតាមទំនើងចិត្ត ដោយពុំមានមន្ត្រីក្នងស្ថាប័នណា ឬថ្នាក់ដឹកនាំណាចុះទប់ស្កាត់ ឬចុះបង្ក្រាបឡើយ។
ដោយឡែក នៅតាមបណ្ដាស្រុកដទៃទៀត ក៏ពុងកំរើកដូចគ្នា នូវបទល្មើសលួចឈូសឆាយទន្ទ្រានយកដីព្រៃតំបន់៣នេះ ដែលពេលនេះកំពុងធ្លាយក្លិនស្អុយជាបណ្ដើរៗហើយ ៕
ចែករំលែកព័តមាននេះ