ខេត្តស្ទឹងត្រែង ៖ ល្មើជាប្រភេទដំណាំឈើហូបផ្លែថ្មី ដែលត្រូវបានកសិករកំពុងដាំដុះ និងបានផលនាំចេញទៅកាន់ទីផ្សារ ខណៈកន្លងមក គេពុំបានរំពឹងថា ដំណាំមួយប្រភេទនេះ អាចដាំដុះបានផលល្អ និងអាចនាំចេញពីខេត្តស្ទឹងត្រែងទៅកាន់ទីផ្សារ ។

ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត លោកទំ នីរ៉ូ បានបញ្ជាក់ថា កាលពីពេលថ្មីៗកន្លងទៅនេះថា ដំណាំល្មើមានតម្លៃសេដ្ឋកិច្ចទីផ្សារខ្ពស់ជាងទុរេន និងអាចផលិតជាដំណាប់បាន ហើយបើកសិករយើងដាំដុះបានច្រើន និងជួយធ្វើឱ្យគ្រួសារកាន់តែមានជីវភាពប្រសើរឡើង។

លោកប្រធានមន្ទីរបន្តថា ដំណាំមួយប្រភេទនេះ បានជួយលើកកម្ពស់វិស័យកសិកម្មនៅក្នុងខេត្តព្រោះមិននឹកស្មានថា កសិករដាំដុះទទួលផលបានល្អបែបនេះទេ គ្រាន់តែនៅមានបរិមាណតិចតូចនៅឡើយ ហើយមន្ទីរកសិកម្ម និងជំរុញលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ ជាកសិករទាំង
អស់មានការចាប់អារម្មណ៍ក្នុងការដាំ ដុះដំណាំល្មើនេះ ខាងមន្ទីរនិងផ្តល់នូវគ្រប់មធ្យោបាយ ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ដូចជាលក្ខណៈបច្ចេកទេសឬការសម្របសម្រួលផ្សេងៗ។

លោកសុខ ឃឿន អ្នកដាំល្មើនៅចំការមួយកន្លែង ស្ថិតនៅឃុំកំភុនស្រុកសេសានបានបញ្ជាក់ថាដំណាំល្មើពិតជាផ្តល់ផលប្រយោជន៍ក្នុងការលើកកម្ពស់ជីវភាពរស់នៅក៏ពិតមែន តែការដំដុះគឺទាមទារឱ្យមានការព្យាយាម ដាក់ជីស្រោចទឹកហើយពេលវាចេញផ្កាផ្លែ ត្រូវថែទាំតាមបច្ចេកទេសទើបទទួលបានផលល្អ ។

លោកថា ការថែទាំនេះពេលចេញផ្កាមកត្រូវបង្កាត់វា ហើយយកក្រដាស់ស្រោបផ្កាវាកុំឱ្យសត្វល្អិតប៊ឺតលម្អង ហើយរយៈ២សប្តាហ៍ យើងប្រលេះផ្លែចេញខ្លះ កុំឱ្យវាចង្អៀត ដើម្បីផលវាបានផ្លែធំ បើទុកឱ្យចង្អៀតមានផ្លែតូច ជាមួយនេះត្រូវច្រកស្បៃ និងយកក្រដាសគ្របកុំឱ្យត្រូវទឹកភ្លៀងនិងទៅការពារសត្វល្អិតនិងដង្កូវមកស៊ីផ្លែវាផងដែរ ។

ស្ត្រីជាកម្មករបម្រើការងារនៅចំការល្មើនេះអ្នកនាង កែវ ពិសី បានបញ្ជាក់ថាឈើហូបផ្លែមួយប្រភេទនេះផ្លែវាមានទីផ្សារងាយស្រួលលក់ ព្រោះបច្ចុប្បន្នអតិថិជនបញ្ជាទិញច្រើនខ្លះមកដល់ចំការផ្ទាល់តែម្តង ។ នាងបានលើកពីគុណសម្បត្តិថា ចំការល្មើនេះបានផ្តល់ការងារដល់កម្មករធ្វើការនៅទីនេះទទួលបានប្រាក់ឧបត្ថម្ភក្នុងមួយខែ ចាប់ពី២០០-ទៅ៣០០ដុល្លា អាចទទួលយកបាន ដោយមិនបាច់ទៅស៊ីឈ្នួលលក់កម្លាំងពលកម្មនៅក្រៅប្រទេសនោះទេ ។

សូមបញ្ចាក់ថា ខេត្តស្ទឹងត្រែងបន្ទាប់ពីដំណាំទុរេន មានដំណាំល្មើមួយប្រភេទទៀតដែលពីមុនមកពុំធ្លាប់មានសោះ ហើយប៉ុន្មានឆ្នាំចុងក្រោយនេះកសិករដាំបានផ្លែ លក់បានតម្លៃខ្ពស់ ក្នុងមួយគឺឡូក្រាម៨ដុល្លា និងមានទីផ្សារស្រួលលក់ជាងទុរេន ៕


ចែករំលែកព័តមាននេះ