លោកប្រាយអ៊ិន ឡាន់ នាយកអង្គការអុកស្វាមប្រចាំតំបន់អាស៊ីខាងកើតបានថ្លែងថា ការប្រែប្រួលអាកាសធាតុ បង្កការគំរាមកំហែងដល់ជីវភាពរស់នៅ សុខភាព និងសន្តិសុខរបស់ប្រជាជនរាប់លាននាក់នៅលើសាកលលោក និងកំពុងយាយីដល់សមិទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍នានារាប់ទសវត្សកន្លងមក ជាពិសេសនៅក្នុងប្រទេស និងសហគមន៍ក្រីក្របំផុត រួមទាំងកម្ពុជាផងដែរ ។ កត្តារួមផ្សំជាច្រើន ដូចជាការអភិវឌ្ឍតិចតួចក្នុងវិស័យសេដ្ឋកិច្ច និងធនធានមនុស្ស ព្រមទាំងការពឹងផ្អែកខ្លាំងលើទឹកភ្លៀងសម្រាប់វិស័យកសិកម្ម ធ្វើឱ្យកម្ពុជាប្រឈមនឹងការគំរាមកំហែងខ្លាំងពីការប្រែប្រួលអាកាសធាតុ ។ ជាពិសេស តំបន់ជនបទដែលទទួលរងនូវទឹកជំនន់ និងភាពរាំងស្ងួត នឹងត្រូវប្រឈមនឹងគ្រោះថ្នាក់ថែមទៀត ដោយសារធាតុអាកាសដែលមានតែអាក្រក់ជាងមុន និងមិនអាចព្យាករណ៍បាន ។ ជាក់ស្តែងនៅឆ្នាំ២០០៩ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ កត់សម្គាល់ឃើញថា កម្ពុជាបានខាតបង់ទឹកប្រាក់១៣២លានដុល្លារសហរដ្ឋអាមេរិក ដោយសារព្យុះកេតសាណា ដែលក្នុងនោះ គ្រាន់តែវិស័យកសិកម្មមួយ មានការខាតបង់ប្រមាណ៥៦លានដុល្លារសហរដ្ឋអាមេរិក ។
គួរកត់សម្គាល់ថា ក្នុងទសវត្សកន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជាបានបោះជំហានយ៉ាងវែង ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ។ ទោះជាយ៉ាងនោះក្តី ប្រសិទ្ធភាពនៃការឆ្លើយតបថ្នាក់ជាតិទៅនឹងការប្រែប្រួលអាកាសធាតុ ត្រូវពឹងផ្អែកយ៉ាងខ្លាំងទៅលើថា តើប្រជាពលរដ្ឋ និងអ្នកធ្វើគោលនយោបាយ យល់ដឹងច្បាស់កម្រិតណាអំពីបញ្ហានេះ ។ ការអប់រំ និងព័ត៌មានដើរតួយ៉ាងសំខាន់ក្នុងការផ្តល់សិទ្ធិអំណាច និងផ្តល់លទ្ធភាពដល់ប្រជាពលរដ្ឋដើម្បីឆ្លើយតប ក៏ដូចជាទប់ទល់នឹងឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ ដើម្បីធានាដល់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព ។ តួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងការផ្តល់ព័ត៌មានអំពីការប្រែប្រួលអាកាសធាតុ ដែលត្រឹមត្រូវ និងមានលក្ខណៈសាមញ្ញងាយយល់ គឺជាកត្តាសំខាន់។ ជាងនេះទៀត ប្រការសំខាន់ដែរនោះ គឺត្រូវនាំសំឡេងអ្នកដែលបានទទួលផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុរួចហើយ ដាក់បញ្ចូលទៅក្នុងកិច្ចពិភាក្សាអំពីការរៀបចំគោលនយោបាយ និងកម្មវិធីនានា ដើម្បីកំណត់អំពីកាលានុវត្តភាពក្នុងការជួយអន្តរាគមន៍ ដែលអាចឆ្លើយតបប្រកបដោយប្រសិទ្ធភាពទៅនឹងតម្រូវការរបស់ពួកគេ ។
នៅកម្ពុជា មានភស្តុតាងមួយចំនួនបង្ហាញថា ប្រជាជនបាននិងកំពុងចាត់វិធានការបន្ស៊ាំ និងបញ្ចៀសឱ្យផុតពីគ្រោះភ័យដោយសារឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ ទោះបីជាពួកគេបានយល់ ឬមិនបានយល់ច្បាស់ ពីផលប៉ះពាល់ជាមូលដ្ឋានតាមលក្ខណៈវិទ្យាសាស្ត្រ និងជាប្រព័ន្ធក៏ដោយ ។ ការសិក្សាអំពីចំណេះដឹង ឥរិយាបថ និងការប្រពឹត្តនេះបង្ហាញថា ពលរដ្ឋខ្លះបានចាប់ផ្តើមដាំបន្លែបង្ការ និងបង្កើនស្បៀងសម្រាប់គ្រួសារ និងចំណីសម្រាប់សត្វពាហនៈ របស់ពួកគេ ។ អ្នកខ្លះទៀតបានចាប់យកបច្ចេកទេសកសិកម្មថ្មីៗ ដូចជាការដាំដំណាំច្រើនមុខ និងស្តារប្រព័ន្ធរក្សាទឹកជាដើម ។ ទោះជាយ៉ាងនោះក្តី ក៏មានភស្តុតាងស្រដៀងគ្នានេះដែរថា សកម្មភាពឆ្លើយតបតាមទម្លាប់ទាំងនេះ នៅមិនទាន់គ្រប់គ្រាន់សម្រាប់សុវត្ថិភាព ជីវភាពរស់នៅ សុខភាព ឬវិធានការថែទាំសុខុមាលភាពរបស់ពួកគេនៅឡើយទេ ខណៈពេលដែលពួកគេ កំពុងប្រឈមមុខនឹងគ្រោះភ័យនៃការប្រែប្រួលអាកាសធាតុ ។ ឯកសាររដ្ឋាភិបាលមួយចំនួនបង្ហាញថា កម្រិតយល់ដឹងទាបអំពីការប្រែប្រួលអាកាសធាតុគឺជាឧបសគ្គមួយ ក្នុងការចាត់វិធានការបន្ស៊ាំឱ្យមានប្រសិទ្ធភាព។ ការរៀបចំបង្កើនការយល់ដឹងអំពីការប្រែប្រួលអាកាសធាតុជាមូលដ្ឋាន គឺជាប្រការសំខាន់មួយ ដើម្បីបង្កើនសមត្ថភាពប្រជាពលរដ្ឋ ក្នុងការទាមទារសិទ្ធិ និងគណនេយ្យភាព ពីភាគីពាក់ព័ន្ធត្រូវដោះស្រាយបញ្ហាជូនពួកគេ ។
ការជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា គឺជាចំណុចគន្លឹះឈានទៅរកការរៀបចំវិធានការឆ្លើយតបរួម និងខ្លាំងក្លាថែមទៀត ចំពោះការប្រែប្រួលអាកាសធាតុនៅក្នុងប្រទេស ។ កត្តានេះ ហើយដែលនាំឱ្យយើងឈានដល់ការប្រមូលធនធានរួមគ្នា ដើម្បីគាំទ្រឱ្យមានការសិក្សាថ្នាក់ជាតិនេះឡើង ។ យើងក៏មានជំនឿផងដែរថា ទិន្នន័យនៅក្នុងការសិក្សាដែលបង្ហាញថា ប្រជាជននៅទូទាំងប្រទេស ទទួលស្គាល់ថាមានការប្រែប្រួលធាតុអាកាស ហើយវាបាននិងកំពុងប៉ះពាល់ដល់ជីវភាពរស់នៅ ប៉ុន្តែពួកគេមានការយល់ដឹងតិចតួចពីមូលហេតុនៃបញ្ហាទាំងនេះ ។ ទិន្នន័យនេះ គួបផ្សំនឹងការវិភាគព័ត៌មានដែលមានស្រាប់ គួរតែជាការចូលរួមចំណែកដ៏សំខាន់ នៅក្នុងការដាក់បញ្ចូលការវិភាគ និងបញ្ហាការប្រែប្រួលអាកាសធាតុទៅក្នុងការរៀបចំផែនការ និងអនុវត្តកម្មវិធីលើកកម្ពស់ការយល់ដឹងសាធារណៈឱ្យបានទូលំទូលាយនៅកម្ពុជា ។ ការសិក្សានេះ ក៏ជាការរួមចំណែកដល់ការបញ្ជ្រាបញ្ហានៃការប្រែប្រួលអាកាសធាតុទៅក្នុងកម្មវិធីរបស់ស្ថាប័ន និងភ្នាក់ងារអភិវឌ្ឍន៍នានានៅក្នុងប្រទេស ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។ យើងសង្ឃឹមនឹងធ្វើការពង្រឹងសមត្ថភាពរបស់យើង ដើម្បីគាំទ្រដល់ការបង្កើតគោលនយោបាយ និងរៀបចំកម្មវិធីនានា ទន្ទឹមនឹងការរៀបចំការតស៊ូមតិ និងលើកកម្ពស់ការយល់ដឹងសាធារណៈ តាមរយៈការគាំទ្រ និងការសម្របសម្រួលជាមួយស្ថាប័នរដ្ឋាភិបាលក៏ដូចជាសង្គមស៊ីវិល ៕
ចែករំលែកព័តមាននេះ