ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កត្តា​អាកាសធាតុ​កំពុង​បង្ក​ឲ្យ​ប៉ះពាល់​ដល់​ការងារ​នេសាទ​សមុទ្រ​នៅ​ខេត្តកំពត

8 ខែ មុន
  • កំពត

ខេត្តកំពត ៖ មន្ត្រី​ជលផល​ខេត្តកំពត​បាន​បញ្ជាក់​ថា ចាប់តាំងពី​ថ្ងៃ​ទី ២៩ ខែកក្កដា រហូត​មក​ដល់​ពេល​នេះ អ្នកនេសាទ​សមុទ្រ​ភាគច្រើន​មិន​បាន​ចេញ​ទៅ​នេសាទ​ទេ ដោយសារ​អាកាសធាតុ​លើ​ផ្ទៃសមុទ្រ​មិនសូវ​ល្អ​ផង និង​ដោយសារ​ជំនន់​ទឹកភ្លៀង​បាន​ហូរ​នាំ​ទឹក…

ខេត្តកំពត ៖ មន្ត្រី​ជលផល​ខេត្តកំពត​បាន​បញ្ជាក់​ថា ចាប់តាំងពី​ថ្ងៃ​ទី ២៩ ខែកក្កដា រហូត​មក​ដល់​ពេល​នេះ អ្នកនេសាទ​សមុទ្រ​ភាគច្រើន​មិន​បាន​ចេញ​ទៅ​នេសាទ​ទេ ដោយសារ​អាកាសធាតុ​លើ​ផ្ទៃសមុទ្រ​មិនសូវ​ល្អ​ផង និង​ដោយសារ​ជំនន់​ទឹកភ្លៀង​បាន​ហូរ​នាំ​ទឹក សាប​ចូល​ទៅ​តំបន់ឆ្នេរ​សមុទ្រ​ច្រើន​ធ្វើ​ឲ្យ​ការ​នេសាទ​មិនសូវ​បាន​ផល​ផង ។ មន្ត្រី​ជំនាញ​អំពាវនាវ​ឲ្យ​ប្រជា​នេសាទ​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ នៅ​ពេល​ចេញ​ទៅ​នេសាទ​ក្នុងអំឡុងពេល​នេះ​។

លោក ស សុ​រិ​ន នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តកំពត​បាន​ប្រាប់​ឲ្យ​ដឹង​ថា ការ​នេសាទ​សមុទ្រ​ជា​ការងារ​សំខាន់​មួយ ក្នុង​វិស័យ​ជលផល ដើម្បី​ផ្គត់ផ្គង់ និង​បំពេញតម្រូវការ​គ្រឿង​សមុទ្រ​នៅ​ក្នុង​ខេត្ត និង​ចែកចាយ​ទូ​ទាំង​ប្រទេស ។ ចំពោះ​ខេត្តកំពត​ទូក និង​កាណូត​នេសាទ​កំពុង​ធ្វើ​ប្រតិបត្តិការ​តាម​តំបន់ឆ្នេរ​សរុប​១០៥៣​គ្រឿង ក្នុង​នោះ​ទូក​ម៉ាស៊ីន មាន​ចំនួន​៤៥២​គ្រឿង ម៉ាស៊ីន​ក្រៅ​មាន​ចំនួន​៦០១​គ្រឿង តែ​ដោយសារ​កត្តា​អាកាសធាតុ​មិន​អំណោយផល ចាប់តាំងពី​ថ្ងៃ​ទី ២៩ ខែកក្កដា រហូត​មក​ដល់​ពេល​នេះ ទូក​អ្នកនេសាទ​ចេញ​ទៅ​សមុទ្រ​មាន​ប្រមាណ​៣០​ភាគរយ​តែ​ប៉ុណ្ណោះ ព្រោះ​ប្រជា​នេសាទ​បាន​ប្រាប់​ថា អាកាសធាតុ​នៅ​សមុទ្រ​មិនសូវ​ល្អ មាន​ខ្យល់​ខ្លាំង​រលក​សមុទ្រ​ធំ​ៗ និង​ទឹក​ហូរ​លឿន ហើយ​ជំនន់​ទឹកភ្លៀង​បាន​ហូរ​នាំ​ទឹកសាប​ចូល​ទៅ​តំបន់ឆ្នេរ​សមុទ្រ​ច្រើន ធ្វើការ​នេសាទ​ពុំ​សូវ​បាន​ផល​នោះ​ទេ ខាត​តែ​ប្រេង​និង​ជួប​ឧបសគ្គ​ថែម​ទៀត ។

បើ​តាម​ការ​បញ្ជាក់​របស់​លោកនាយ​ខណ្ឌ​ថា អំឡុង​ពេល​ទទួល​ឥទ្ធិពល​ពី​ប្រព័ន្ធ​សម្ពាធ​ទាប និង​ខ្យល់ព្យុះ​ចាប់ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​៨ ខែសីហា​នេះ ក្រោម​ការ​ណែនាំ​ពី​ប្រធាន​មន្ទីរ​កសិកម្ម ពិសេស​អភិបាលខេត្ត មន្ត្រី​ជលផល​បាន​ដាក់​កម្លាំង​បន្ថែម​ក្នុង​ការ​ចេញ​ល្បាត ដើម្បី​ឃ្លាំមើល​សភាព​ការ​ទូទៅ នៅ​លើ​ផ្ទៃសមុទ្រ​ដោយ​សហការ​ជាមួយ​នគរបាល​ព្រំ​ដែនទឹក ពិសេស​ត្រៀម​ការពារ​សុវត្ថិភាព​ជូន​ប្រជា​នេសាទ ក្នុង​ករណី​មាន​ហេតុការណ៍​មិនល្អ​កើតឡើង​នៅ​ក្នុង​លំហរ​សមុទ្រ​តំបន់​បងប្អូន​ធ្វើ​នេសាទ ។

តែ​ទោះជា​យ៉ាងណា​ក៏​ដោយ លោក​នៅ​តែ​អំពាវនាវ​ដល់​ប្រជា​នេសាទ ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ និង​មាន​ត្រៀម​សម្ភារៈ​សម្រាប់​ការពារ​សុវត្ថិភាព​ដូច​ជា​អាវ​ពោង​ជាដើម​ដាក់​តាម​នៅ​ក្នុង​ទូក​នេសាទ​រៀង​ៗ​ខ្លួន ។

ក្នុង​ឆមាស​ទី​០១ ឆ្នាំ​២០២៣​នេះ ផល​នេសាទ​ខេត្តកំពត​សរុប​មាន​ចំនួន ១០៩៥០​តោន ក្នុង​នោះ​រួម​មាន​ផល​នេសាទ​ទឹកសាប​ចំនួន ១៧១០​តោន និង​ផល​នេសាទ​សមុទ្រ​ចំនួន​៩២៤០​តោន ក្នុង​នោះ​ផល​នេសាទ​សិប្បកម្ម​មាន​ចំនួន ២៧៧២​តោន ផល​នេ​សារ​គ្រួសារ​សមុទ្រ មាន​ចំនួន ៦៤៦៨ តោន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ