ខេត្តស្ទឹងត្រែង ៖ រថយន្តចម្លែកមួយគ្រឿងមានបិទនិមិត្តសញ្ញាប៉ូលិស ហើយអក្សរសសេរ អមជុំវិញនិមិត្តសញ្ញានោះដាក់ថា ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង។ ប្រជាពលរដ្ឋ ក៏ដូចជាមន្រ្តីរាជការក្នុងខេត្តមានការងឿងឆ្ងល់ថា ហេតុអ្វីរថយន្តមួយគ្រឿងនេះ បិទនិមិត្តសញ្ញាមានរូបសិង្ហបែរមុខរត់ទៅក្រោយវិញដូច្នោះ ព្រោះនិមិត្តសញ្ញារបស់ស្ថាប័នប៉ូលិសពិតប្រាកដ គឺរូបសិង្ហរត់ទៅមុខ។
គេកត់សម្គាល់ឃើញថា រថយន្តដែលមាននិមិត្តសញ្ញាប្លែកមួយនេះ តែងតែឈប់ចតចល័តលើដងផ្លូវជាតិលេខ៧ ក្នុងខេត្តស្ទឹងត្រែង ២៤ម៉ោងលើ២៤ម៉ោង ពីចំណុចក្បាលស្ពានសេកុង រហូតដល់ចំណុច អូរច្រឡង់ ជាប់ព្រំប្រទល់ខេត្តក្រចេះ ហើយរថយន្តនេះពេលខ្លះឈប់ចតនៅម្តុំក្បាលស្ពានសេកុងដែលជួនកាលនៅចំណុចអូរពងមាន់ និងជួនកាលនៅចំណុចអូរច្រឡង់។ ម្យ៉ាងទៀតរថយន្តដែលមាននិមិត្តសញ្ញាប្លែកពីគេនេះ ជួនគេឃើញប៉ូលិសសណ្តាប់ជាអ្នកបើក ជួនប៉ូលិសចរាចរផ្លូវគោកជាអ្នកបើក ប៉ុន្តែគេមិនដែលឃើញយកមកទុកនៅស្ថាប័នណាមួយពិតប្រាកដឡើយ ឃើញតែចតនៅតាមដងផ្លូវជាតិទាំងយប់ទាំងថ្ងៃ។
តាមការបញ្ជាក់ពីមន្រ្តីប៉ូលិសចរាចរផ្លូវគោក បានឱ្យដឹងថា រថយន្តនេះពិតជារបស់ស្នងការដ្ឋាននគរបាលខេត្តមែន តែនិមិត្តសញ្ញាប៉ូលិសដែលរូបសិង្ហបែរមុខរត់ទៅក្រោយនោះមកពី អ្នកបិទ បានបិទបញ្រ្ចាសតែប៉ុណ្ណោះ។ ចំណែកការដែលរថយន្តនេះតែងតែឈប់ចតនៅតាមចំណុចនៃផ្លូវជាតិលេខ៧ គឺជាការប្រចាំការដើម្បីពិនិត្យរាល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋក្រែងជួបឧប្បត្តិហេតុដោយប្រការណាមួយ។
ជុំវិញករណីនេះ មជ្ឈដ្ឋានមួយចំនួនបាននិយាយថា បើដឹងថា រថយន្តបិទនិមិត្តសញ្ញាបញ្ច្រាសហេតុអ្វីមិនបកចោល បែរជាសុខចិត្តដាក់និមិត្តសញ្ញាទាំងខុសដែលធ្វើឱ្យមហាជនយល់ច្រឡំថា ស្ថាប័នប៉ូលិសប្តូរនិមិត្តសញ្ញាថ្មី។ ម្យ៉ាងទៀតការដែលប៉ូលិសប្រើប្រាស់និមិត្តសញ្ញាខុសនេះ ធ្វើឱ្យគេវាយតម្លៃថា ប៉ូលិសដែលជាមន្រ្តីអនុវត្តច្បាប់ស្គាល់ច្បាប់ បែរជាមិនស្គាល់និមិត្តសញ្ញារបស់អង្គភាពខ្លួនឯងទៅវិញ៕
ចែករំលែកព័តមាននេះ