រាជធានីភ្នំពេញ ៖ ស្ថានទូតសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំប្រទេសកម្ពុជា នឹងរៀបចំកម្មវិធីពិព័រណ៍ «ការផ្សព្វផ្សាយពាណិជ្ជកម្ម និងទេសចរណ៍ឥណ្ឌូនេស៊ីលើកទី ១៤ (ITTP)» ក្រោមប្រធានបទ «ពង្រឹងទំនាក់ទំនងជាមួយគ្នា» ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការ មិនត្រឹមតែរវាងរដ្ឋាភិបាល និងរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែរវាងប្រជាជន និងប្រជាជនផងដែរ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យជាច្រើន និងធ្វើឱ្យប្រទេសឥណ្ឌូនេស៊ី កាន់តែជិតស្និទ្ធជាមួយប្រជាជនកម្ពុជា ។

លោកស្រី Lauti Nia Astri ជា ភារធារី នៃស្ថានទូតសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំនៅប្រទេសកម្ពុជា ។តាមរយៈលោកស្រី Lauti Nia Astri ជា ភារធារី នៃស្ថានទូតសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំនៅប្រទេសកម្ពុជា បានថ្លែងនៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៣ នេះថា ៖ «ITTP មានកម្មវិធីជាច្រើនរាប់ចាប់ពីការតាំងពិរព័ណ៌ និងលក់ផលិតផលរបស់ប្រទេសឥណ្ឌូនេស៊ី ការផ្សព្វផ្សាយទេសចរណ៍ ការផ្គូផ្គងអាជីវកម្ម ក៏ដូចជាព្រឹត្តិការណ៍វប្បធម៌ដ៏ទាក់ទាញជាច្រើនដូចជា ការប្រកួតធ្វើម្ហូប និងច្រៀងខារ៉ាអូខេ ការបង្ហាញម៉ូដ តន្ត្រី និងការសម្ដែងរបាំ ហ្គេម និងការឆ្លើយសំណួរយករង្វាន់ជាដើម» ។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីបានខកខានអស់រយៈពេលបីឆ្នាំ ដោយសារជំងឺរាតត្បាតកូវីដ ១៩ ពិព័រណ៍ពាណិជ្ជកម្ម និងទេសចរណ៍ឥណ្ឌូនេស៊ី (ITTP 2023) ត្រូវបានរៀបចំឡើងសារជាថ្មីដែលនេះជាពិព័រណ៍ ITTP លើទី ១៤ របស់ស្ថានទូត នឹងប្រព្រឹត្តទៅនៅថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (សាល A) រាជធានីភ្នំពេញ ។ កម្មវិធីពិព័រណ៍នេះនឹងមានការតាំងបង្ហាញផលិតផល និងគោលដៅទេសចរណ៍សំខាន់ៗនៅក្នុងប្រទេសឥណ្ឌូនេស៊ី ជាពិសេសនោះគឺការផ្សព្វផ្សាយ អំពីសាលារៀនដែលល្បីល្បាញ និងអាហារូបករណ៍ដែលឧបត្ថម្ភដោយរដ្ឋាភិបាលប្រទេសឥណ្ឌូនេស៊ីផងដែរ ។

សូមជម្រាបថា ITTP គឺមានអ្វីដែលលើសពីការតាំងពិព័រណ៍ផលិតផល និងព្រឹត្តិការណ៍ផ្សព្វផ្សាយទេសចរណ៍ ។ ITTP គឺជាព្រឹត្តិការណ៍ផ្សព្វផ្សាយរួមមួយ ដែលត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំដោយស្ថានទូតចាប់តាំងពីឆ្នាំ ២០០៦ ដើម្បីផ្សព្វផ្សាយប្រទេសឥណ្ឌូនេស៊ីក្នុងវិស័យផ្សេងៗដូចជាពាណិជ្ជកម្ម ទេសចរណ៍ ឱកាសសិក្សា សិល្បៈ វប្បធម៌ និងការធ្វើម្ហូប ។
ITTP ២០២៣ នឹងមានការចូលរួមពីក្រុមហ៊ុនឥណ្ឌូនេស៊ីចំនួន ១៧ (រួមទាំងសហគ្រាសរដ្ឋចំនួន ២) អ្នកនាំចូល/ចែកចាយផលិតផលឥណ្ឌូនេស៊ីនៅកម្ពុជាចំនួន ១៥ សាកលវិទ្យាល័យល្បីៗនៅឥណ្ឌូនេស៊ីចំនួន ២ ព្រមទាំងតំណាងមកពីក្រសួងទេសចរណ៍ និងសេដ្ឋកិច្ចច្នៃប្រឌិតនៃប្រទេសឥណ្ឌូនេស៊ី និងរដ្ឋាភិបាល ខេត្តស៊ូម៉ាត្រាខាងលិច ។
ITTP គឺជាព្រឹត្តិការណ៍ដែលអាចចូលរួមដោយសេរី និងអ្នកចូលរួមមានឱកាសឈ្នះរង្វាន់ជាច្រើនផងដែរ ។ បន្ថែមពីនេះ ដើម្បីអបអរសាទរការបើកដំណើរការជើងហោះហើរត្រង់រវាងរដ្ឋធានីហ្សាកាតា ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូនេស៊ី អ៊ែរអាស៊ី នឹងផ្តល់សំបុត្រត្រឡប់មកវិញចំនួន ២ សំបុត្រ ពីភ្នំពេញទៅហ្សាកាតា ដែលជារង្វាន់ធំប្រចាំ ITTP ២០២៣ សម្រាប់អ្នកចូលរួមក្នុងព្រឹត្តិការណ៍នេះផងដែរ ។
សម្រាប់ព័ត៌មានបន្ថែមអំពី ITTP ២០២៣ សូមចូលទៅកាន់ ៖ https://bit.ly/ITTP2023 ៕



ចែករំលែកព័តមាននេះ