ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​វិទ្យាសាស្ត្រ​រុស្ស៊ី​រក​ឃើញ​សត្វ​ដង្កូវ​ក្រាំង​ក្នុង​ទឹក​កក​រាប់​ម៉ឺន​ឆ្នាំ​នៅ​តំបន់​ស៊ីបេរី

11 ខែ មុន

សត្វ​ដង្កូវ​មូល​ជា​ច្រើន​ក្បាល​ដែល​ជាប់​គាំង​១​កន្លែង​​មិន​អាច​កម្រើក​ខ្លួន​រួច​ដោយ​សារ​ទឹក​កក​ហ៊ុម​ព័ទ្ធ​យ៉ាង​ជិត​​​រយៈ​ពេល​៤ម៉ឺន ៦​ពាន់​ឆ្នាំ​ ឬ​យើង​អាច​ហៅ​ម៉្យាង​ទៀត​ថា «​​ដង្កូវ​ក្រាំង​ម៉ឺន​ឆ្នាំ​» នៅ​ទី​បំផុត​អាច​កម្រើក​ខ្លួន​ឡើង​វិញ​ និង​មាន​ជីវិត​រស់​រវើក​។ ដង្កូវ​ទាំង​នេះ​​​ត្រូវ​គេ​ប្រទះ​ឃើញ​នៅ​តំបន់​វាល​ទឹក​កក​ស៊ីបេរី​កាល​ពី​ឆ្នាំ​២០១៨។ សត្វ​ដង្កូវ​​រស់​នៅ​​ទី​នេះ​​តាំង​ពី​សម័យ​ដំរី​ម៉ាមូត​ (mammoth) ​ដើរ​ទន្ទ្រាន​ផែន​ដី​កាល​ពី​រាប់​ម៉ឺន​ឆ្នាំ​មុន​។​…

សត្វ​ដង្កូវ​មូល​ជា​ច្រើន​ក្បាល​ដែល​ជាប់​គាំង​១​កន្លែង​​មិន​អាច​កម្រើក​ខ្លួន​រួច​ដោយ​សារ​ទឹក​កក​ហ៊ុម​ព័ទ្ធ​យ៉ាង​ជិត​​​រយៈ​ពេល​៤ម៉ឺន ៦​ពាន់​ឆ្នាំ​ ឬ​យើង​អាច​ហៅ​ម៉្យាង​ទៀត​ថា «​​ដង្កូវ​ក្រាំង​ម៉ឺន​ឆ្នាំ​» នៅ​ទី​បំផុត​អាច​កម្រើក​ខ្លួន​ឡើង​វិញ​ និង​មាន​ជីវិត​រស់​រវើក​។ ដង្កូវ​ទាំង​នេះ​​​ត្រូវ​គេ​ប្រទះ​ឃើញ​នៅ​តំបន់​វាល​ទឹក​កក​ស៊ីបេរី​កាល​ពី​ឆ្នាំ​២០១៨។ សត្វ​ដង្កូវ​​រស់​នៅ​​ទី​នេះ​​តាំង​ពី​សម័យ​ដំរី​ម៉ាមូត​ (mammoth) ​ដើរ​ទន្ទ្រាន​ផែន​ដី​កាល​ពី​រាប់​ម៉ឺន​ឆ្នាំ​មុន​។​

ក្រោយ​​មក​, គេ​បាន​នាំ​យក​ដង្កូវ​ស៊ីបេរី​ដែល​ក្រាំង​ក្នុង​ទឹក​កក​នេះ​​ទៅ​​កាន់​មន្ទីរ​ពិសោធ​។ ​មាន​ន័យ​ថា​វា​ជា​សត្វ​ដែល​មាន​ជីវិត​​រស់​នៅ​បាន​យូរ​បំផុតដែល​គេ​ប្រទះ​ឃើញ​ និង​មាន​ឧប​ករណ៍​រង្វាស់​អាយុ​កាល​របស់​វា​យ៉ាង​ជាក់​លាក់​។​ ដង្កូវ​ទាំង​នេះ​ត្រូវ​​​អ្នក​​វិទ្យា​សាស្ត្រ​ជន​ជាតិ​រុស្ស៊ី​រក​ឃើញ​នៅ​ក្នុង​រូង​​របស់​សត្វ​​កំប្រុក​ និង​នៅ​ក្នុង​ផ្ទាំង​ទឹក​កក​​ជិត​ទន្លេ​ខូលីម៉ា (Kolyma) កាល​ពី​​​​ឆ្នាំ​២០១៨​។ ​​កាល​នោះ គេ​មិន​​ទាន់​​ដឹង​ថា​វា​ជា​អ្វី​ឱ្យ​ពិត​ប្រាកដ​​ ​​និង​​មិន​​​ដឹង​ថា​​វា​​ក្រាំង​​​នៅ​ក្នុង​ទឹក​កក​នេះ​តាំង​ពី​ពេល​ណា​​​។

ក្រោយ​មក​, ដោយ​សារ​បច្ចេក​វិទ្យា​ចេះ​តែ​ទំនើប​​ទៅ​ៗ​ គេ​អាច​ស្រាវ​ជ្រាវ​ដឹង​ថា​វា​ជា​សត្វ​ដង្កូវ​ក្រាំង​នៅ​ក្នុង​ទឹក​កក​នៅ​​​ដំណាក់​កាល​ចុង​ក្រោយ​នៃ​​យុគ​​ទឹក​កក​ (Ice Age)។ ​ដង្កូវ​ទាំង​នេះ​​មាន​ប្រវែង​ដង​ខ្លួន​មិន​ដល់​១​មិល្លីម៉ែត្រ​ទេ។ នៅ​ទី​បញ្ចប់​ ពួក​វា​អាច​បម្លែង​ខ្លួន​ពី​ស្ថាន​ភាព​ក្រាំង​នៅ​ក្នុង​ទឹក​កក ​និង​​​​​កម្រើក​ខ្លួនរវើក​ៗ​​ដើម្បី​ចាប់​ផ្ដើម​ជីវិត​សា​ជា​ថ្មី​។ អ្នក​វិទ្យា​សាស្ត្រ​បាន​ដាក់​ដង្កូវ​ទាំង​នេះ​​នៅ​ក្នុង​ចាន​​​ទឹក​ស៊ុប​​ដែល​មាន​សារ​ធាតុ​បំប៉ន​​គ្រប់​គ្រាន់​​ដើម្បី​ជួយ​​​ឱ្យ​ពួក​វា​បន្ត​ជីវិត​រស់​នៅ​។

​​បន្ទាប់​ពី​​ស្ថិត​នៅ​ក្នុង​ចាន​ទឹក​ស៊ុប​​ពីរ​បី​អាទិត្យ​, ពួកវា​ចាប់​ផ្ដើម​កម្រើក​ខ្លួន​គើម​ៗ​ និង​ស៊ី​ចំណី​។​​ ​​គួរ​ឱ្យ​ស្ដាយ​ពួក​វា​រស់​មិន​បាន​យូរ​ប៉ុន្មាន​ទេ​។ ត្រឹម​តែ​រយៈ​ពេល​ពី​របី​ខែ​ប៉ុណ្ណោះ​ពួក​វា​ក៏​បាន​ស្លាប់​ទៅ​។ ប៉ុន្តែ​មិន​ថ្វី​ទេ​ អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​ថា​ពួក​វា​​បាន​បង្កើត​កូន​ចៅ​មួយ​ចំនួន​។ អ្នក​វិទ្យាសាស្ត្រ​កំពុង​តាម​ដាន​កូន​ទាំង​នេះ​​។

បណ្ឌិត​ហ៊្វីលីព​ ស៊ីហ្វឺ (Phillip Schiffer)​ ​ជា​​អ្នក​ស្រាវ​ជ្រាវ​ដង្កូវ ប្រាប់​ថា​សត្វ​ដង្កូវ​ប្រភេទ​នេះ​តាម​ធម្មតា​​អាច​រស់​បាន​ចន្លោះ​ពី​២០-៦០​ថ្ងៃ​។​ ​ពួក​វា​បង្កើត​កូន​ចៅ​ជា​បន្ត​បន្ទាប់​។ ពួក​វា​​មាន​ភាព​ធន់​ពី​ធម្ម​ជាតិ។ ទោះ​បី​ស្ថាន​ភាព​ពិបាក​យ៉ាង​ណា​ក៏​ពួក​វា​អាច​ស៊ូ​ទ្រាំ​បាន​ដែរ​។ ​​នៅ​ពេល​ពិបាក​ខ្លាំង, ពួក​វា​នឹង​ក្រាំង​នៅ​ក្នុង​ទឹកក​ក​។​ កាល​ពី​ឆ្នាំ​២០២១,​ គេ​ប្រទះ​ឃើញ​សត្វ​ឆ្អឹង​កង​១​ប្រភេទ​​​នៅ​​តំបន់​​អាក​ទិច​​ដែល​​ក្រាំង​នៅ​ក្នុង​ទឹក​កក​តាំង​​ពី​២ម៉ឺន ៤​ពាន់​ឆ្នាំ​មុន​។​

បណ្ឌិត​ហ៊្វីលីព​ ស៊ីហ្វឺ (Phillip Schiffer)​ ​ជា​​អ្នក​ស្រាវ​ជ្រាវ​ដង្កូវនៅ​​ប្រទេស​អាល្លឺម៉ង់

កាល​ពី​ពេល​កន្លង​មក ពួក​អ្នក​វិទ្យាសាស្ត្រ​ក៏​ធ្លាប់​រក​ឃើញ​ជា​ហូរ​ហែ​នូវ​សត្វ​ជា​ច្រើន​ដែល​កប់​នៅ​ក្នុង​ទឹក​កក​រយៈ​ពេល​រាប់​ម៉ឺន​ឆ្នាំ​។​ ប៉ុន្តែ​​ពួក​វា​បន្សល់​ទុក​​តែ​ត្រឹម​សាក​សព​តែ​ប៉ុណ្ណោះ។ ពោល​គឺ​​​​​មិន​មែន​ជា​សត្វ​ដែល​គ្រាន់​តែ​​ក្រាំង​នៅ​ក្នុង​​​​ទឹក​កក ប៉ុន្តែ​នៅ​មាន​ជីវិត​​រស់​រវើក​ដូច​ជា​ពពួក​​សត្វ​ដង្កូវ​ទាំង​នេះ​ទេ​៕​​

ប្រភព៖ កាសែត Telegraph
https://www.telegraph.co.uk/news/2023/07/27/stone-age-worms-brought-back-life-defrosted-siberia/

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ