សម្រេចបញ្ឈរជើងអង្គរក្សម្នាក់របស់លោកភីថា ដែលជាប្រធានគណបក្សឆ្ពោះទៅមុខ និងជាបេក្ខជននាយករដ្ឋមន្ត្រីថៃ បន្ទាប់ពីអ្នកលេងបណ្ដាញសង្គមស្រាវជ្រាវឃើញថាបុរសរូបនោះមានប្រវត្តិជាឧក្រិដ្ឋជន។ គាត់ត្រូវតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារកាលពីឆ្នាំ២០១១ពីបទជំរិតមនុស្សដើម្បីគាបយកលុយ និងរបស់មានតម្លៃ។ បុរសជាអង្គរក្សរូបនោះឈ្មោះស៊ីសុរិយេន សិក្ខមន្តភក្ដី (Sisuriyen Sikamonpakdee)។ បុរសរូបនេះផ្ទុះការចាប់អារម្មណ៍នៅលើបណ្ដាញសង្គមដោយសារគាត់ជាមនុស្សមោះមុត និងហ៊ានស្ម័គ្រស្លាប់ដើម្បីការពារសុវត្ថិភាពជូនចៅហ្វាយរបស់ខ្លួន ទោះបីទៅដល់ទីណាក៏ដោយ។
ប៉ុន្តែអ្នកលេងបណ្ដាញសង្គមភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដឹងថាបុរសទ្រូងពាសដែករូបនេះ តាមពិត គាត់មានប្រវត្តិជាជនពាល។ គេស្រាវជ្រាវប្រវត្តិរបស់គាត់ដឹងថាគាត់ជាប់ពាក់ព័ន្ធនឹងការចាប់ជំរិត១ករណីកាលពី១២ឆ្នាំមុន។ ឥឡូវនេះ បុរសអង្គរក្សឈ្មោះស៊ីសុរិយេនកំពុងតែពិបាកនៅក្នុងចិត្តមិនស្ទើរទេ។ គាត់ត្រូវចេញមុខបកស្រាយការពិតជូនសាធារណជន។
គាត់គ្មានជាប់ជំពាក់នឹងបញ្ហាផ្លូវច្បាប់តទៅទៀតទេ ព្រោះគាត់បានអនុវត្តទោសចប់សព្វគ្រប់អស់ហើយ។ ប៉ុន្តែបើគាត់ឆ្លើយបំភ្លឺប្រវត្តិពិតដូចការនិយាយតគ្នា គាត់ម្នាក់ឯងមិនថ្វីទេ អ្នកដែលរងផលប៉ះពាល់ខ្លាំងគឺប្រធានគណបក្សឆ្ពោះទៅមុខ លោកភីថា។ អនុប្រធានគណបក្សឆ្ពោះទៅមុខទទួលស្គាល់ថាអង្គរក្សរូបនេះពិតជាជនសង្ស័យដែលចូលរួមជាមួយមនុស្ស២នាក់ទៀតនៅក្នុងអំពើចាប់ជំរិត។ កាលនោះ, គាត់ស្លៀកពាក់បន្លំខ្លួនជាសមត្ថកិច្ច ហើយជំរិតម្ចាស់ហាងលក់ចាប់ភួយនៅក្នុងមូលដ្ឋាន។
គាត់ និងបក្សពួកបានវាយដំច្រំធាក់ទៅលើជនរងគ្រោះ និងដោះយកគ្រឿងអលង្ការជាមាសតម្លៃ៦ម៉ឺនបាត និងលុយជាង២សែនបាត។ អនុប្រធានគណបក្សឆ្ពោះទៅមុខ ដែលជាឧត្ដមសេនីយនគរបាលផងដែរនោះ ប្រាប់ថាគាត់នេះហើយជាអ្នកស្រាវជ្រាវរកមុខជនសង្ស័យដែលជាអង្គរក្សរបស់លោកភីថា ហើយចាប់ខ្លួនគាត់នៅក្នុងពេលនោះ។ តុលាការបានផ្ដន្ទាទោសគាត់ឱ្យជាប់ពន្ធនាគារ១២ឆ្នាំ។ អនុវត្តទោសបាន៦ឆ្នាំ, គាត់ត្រូវបានដោះលែងមកវិញកាលពីឆ្នាំ២០១៧។
ក្រោយមក គាត់ដូរឈ្មោះ ដូរត្រកូល ជាច្រើនលើក ច្រើនសា ដើម្បីកុំឱ្យគេស្គាល់ប្រវត្តិរបស់គាត់។ ឆ្នាំ២០១៩, គាត់ចាប់អាជីពជាភ្នាក់ងារសន្តិសុខ។ លោកភីថាមិនបានដឹងទេថាអង្គរក្សជំនិតរបស់គាត់មានប្រវត្តិជាជនពាល ព្រោះអ្នកដែលជ្រើសរើសបុគ្គលរូបនេះមកការពារសន្តិសុខជូនលោកភីថាគឺក្រុមហ៊ុនឯកជន, មិនមែនលោកភីថាជាអ្នករើសទេ។
អនុប្រធានគណបក្សឆ្ពោះទៅមុខទទួលស្គាល់ថានៅពេលរឿងរ៉ាវអាថ៌កំបាំងនេះត្រូវបានលាតត្រដាង វាអាចនឹងប៉ះពាល់ខ្លាំងចំពោះមុខមាត់របស់លោកភីថាដោយជៀសមិនរួចទេ។ ប៉ុន្តែជាគោលជំហររបស់មន្ត្រីបក្សឆ្ពោះទៅមុខ, ពួកគេយល់ថាមនុស្សយើងគួរណាស់មានឱកាសដើម្បីកសាងជីវិតសាជាថ្មី ទោះបីពួកគេមានប្រវត្តិជាជនពាលក៏ដោយ។
អនុប្រធានបក្សរូបនេះសង្កត់ធ្ងន់ថាគណបក្សឆ្ពោះទៅមុខមានគោលនយោបាយជាសសរស្ដម្ភរបស់ខ្លួន១ គឺការឱ្យតម្លៃមនុស្សស្មើៗគ្នាទាំងអស់។ លោកថ្លែងថាការបញ្ឈរជើងអតីតជនពាលរូបនេះគ្រាន់តែដើម្បីជម្រះរាល់ការចោទប្រកាន់ ឬការសង្ស័យ។ ចំពោះការសម្រេចយកបុគ្គលរូបនេះធ្វើជាអង្គរក្សជាបន្តទៀត ឬយ៉ាងណាជាសិទ្ធិស្វ័យសម្រេចរបស់លោកភីថា៕
ប្រភព៖ The Thaiger
https://thethaiger.com/news/national/bodyguard-of-mfp-leader-pita-hits-a-snag-criminal-past-uncovered
ចែករំលែកព័តមាននេះ