ខេត្តបាត់ដំបង ៖ ប្រជាកសិកររាប់រយគ្រួសារនៅក្នុងឃុំចំនួន០៣ ក្នុងស្រុកបាណន់ ដែលកំពុងប្រឈមនឹងកង្វះទឹកស្រោចស្របដំណាំស្រូវរាប់រយហិកតាដែលក្រៀមស្វិតស្ទើរងាប់ដើមជាអន្លើរៗទៅហើយនោះ ពេលនេះ ពួកគេកំពុងនាំគ្នាសំរុកបូមទឹកដាក់ស្រែដែលរៀងៗខ្លួន ក្រោយពេលទំនប់ «កង្ហត» ត្រូវបានបើកបង្ហូរតាមប្រព័ន្ធធារាសាស្ត្រនានាទៅកាន់មូលដ្ឋាន ក្រោយពេលជួសជុលរួច។ នេះបើតាមការផ្ដល់ព័ត៏មានពីអាជ្ញាធរស្រុកបាណន់ នៅរសៀលថ្ងៃទី២៤ កក្កដា ។

អភិបាលស្រុកបាណន់ លោក ស្រេង សុខា បានថ្លែងប្រាប់កោះសន្តិភាពថា ពិតមែនតែក្នុងអំឡុងពេលនេះ ជារដូវវស្សាតែប្រជាកសិករនៅតាមបណ្ដាឃុំមួយចំនួនក្នុងស្រុកបាណន់ បែរជាខ្វះទឹកស្រោចស្របដំណាំស្រូវ ឬដំណាំកសិកម្មផ្សេងៗ ដោយសារតែគ្រោះរាំងស្ងួត។ ប៉ុន្តែលោកបានបញ្ជាក់ថា គ្រោះរាំងស្ងួតនេះ បានកើតឡើងចំពេលដែលប្រព័ន្ធប្រឡាយនានា ដែលជាបណ្ដាញ
ទទូលទឹកស្រោចស្របពីទំនប់ «កង្ហត» កំពុងជួសជុលដោយមន្ត្រីជំនាញដែរ ។ ប៉ុន្តែយ៉ាងណា ពេលនេះ មន្ត្រីជំនាញបានបើកបង្ហូរទឹកតាមប្រព័ន្ធប្រឡាយទាំងអស់ ដើម្បីជូនប្រជាកសិករវិញហើយ ក្រោយជួសជុលរួច ។

លោក ស្រេង សុខា ក៏បានបញ្ជាក់ផងដែរថា បើតាមរបាយការណ៍ពីមន្ត្រីនៅតាមមូលដ្ឋាន រហូតមកដល់ពេលនេះ គឺមានតែឃុំចំនួន០៣ប៉ុណ្ណោះ នៅក្នុងស្រុបាណន់ ដែលមានប្រជាកសិករកំពុងប្រឈមនឹងកង្វះទឹកស្រោចស្របដំណាំស្រូវច្រើនជាងគេ គឺនៅឃុំស្នឹង ឃុំភ្នំសំពៅ និង ឃុំតាគ្រាម។ ប៉ុន្តែបច្ចុប្បន្ន ទឹកដែលបានបើកទម្លាយចេញពីទ្វារទឹកទំនប់«កង្ហត» ដែលជាប្រភពទឹកដ៏ធំ ស្ថិតនៅតាមដងស្ទឹងសង្កែ ប៉ែកខាងលើ នៃស្រុកបាណន់ បានជ្រូតជ្រាបទៅគ្រប់ទីកន្លែងតាមរយៈប្រព័ន្ធប្រឡាយទឹកនានា ហើយបងប្អូនប្រជាកសិករដែលជួបគ្រោះរាំងស្ងួត ក៏កំពុងមមារញឹកប្រើប្រាស់ម៉ាស៊ីនគោយន្តបូមទឹកបញ្ជូលស្រែរៀងៗខ្លួនដែរ ។

លោក ធុល អុល ប្រជាកសិករនៅភូមិសំរោង ឃុំស្នឹង បានឲ្យដឹងថា ពេលនេះ ប្រជាពលរដ្ឋដែលមានដំណាំស្រូវ ប្រឈមនឹងគ្រោះរាំងស្ងួត កំពុងនាំគ្នាបើកគោយន្តទៅបូមទឹកបញ្ជូនស្រែ ។ ប្រជាកសិកររូបនេះ បានប្រាប់ថា កន្លងទៅនេះ ស្រូវពង្រោះរបស់កសិករស្ទើរគ្រប់ទីកន្លែង បានប្រឈមនឹងការងាប់ដើម ដោយសារគ្មានភ្លៀង គ្មានប្រព័ន្ធទឹកស្រោចស្រប តែពេលនេះ ហាក់មានដង្ហើមដកខ្លះៗវិញហើយ ក្រោយពីអាជ្ញាធរបើកឲ្យមានទឹកតាមប្រឡាយ ដើម្បីបានប្រជាពលរដ្ឋបូមទឹកបញ្ជូលស្រែ ។

លោកធុល អុល បានបញ្ជាក់ថា ពេលនេះលោកនិងអ្នកភូមិ កំពុងលើកគ្នាទៅបូមទឹកបញ្ជូលស្រែ ដើម្បីសង្គ្រោះស្រូវរាប់រយហិកតា តាមរយៈការប្រើប្រាស់ម៉ាស៊ីនគោយន្ត។ ហើយនៅពេលនេះ បើតាមលោកដឹង មិនមែនមានតែប្រជាពលរដ្ឋនៅក្នុងឃុំស្នឹងទេ ដែលកំពុងពពាក់ពពូននាំគ្នាបូមទឹកពីប្រឡាយមេបញ្ជូលស្រែ នៅប្រជាពលរដ្ឋនៅក្នុងឃុំដទៃទៀត ក៏កំពុងមមាញឹកណាស់ដែរ ។ រយៈពេលពី២ទៅ៣ថ្ងៃកន្លងទៅនេះ ដែលគេឃើញប្រជាកសិករព្រោងព្រាត នាំគ្នាប្រើប្រាស់ម៉ាស៊ីនបូមទឹកលាន់គគ្រឹក ចេញពីប្រព័ន្ធប្រឡាយទឹកនានា (ប្រឡាយចិន) ដើម្បីបញ្ជូលស្រែសង្គ្រោះស្រូវដែលងាប់ស្ទើរផុតពូជ ។

ជាពិសេស តាមប្រព័ន្ធប្រឡាយ ដែលស្ថិតនៅក្បែរផ្លូវជាតិលេខ៥៧ ក្នុងភូមិសាស្ត្រ ឃុំស្នឹង និង ឃុំភ្នំសំពៅ ក្នុងស្រុកបាណន់។ ប្រជាកសិករបានបង្ហាញនូវទឹកមុខរីករាយ ជាមួយនឹងសន្ធឹកទឹកហូរចូលស្រែយ៉ាងគគ្រាំ លាយឡំនឹងសំឡេងលាន់ទ្រហឹង នៃសំឡេងម៉ាស៊ីនបូមទឹករាប់សិបគ្រឿងកំពុងប្រណាំងគ្នានៅលើមាត់ប្រឡាយដែលមានទឹកពេញប្រៀបដូចជំនន់ទឹកភ្លៀង ។ ប្រជាកសករម្នាក់ ដែលកំពុងមមារញឹកបូមទឹកបញ្ជូលស្រែ នៅក្នុងក្បែរផ្លូវជាតិលេខ៥៧ ស្ថិតក្នុងទឹកដីឃុំភ្នំសំពៅ បាននិយាយថា ស្រែរបស់លោកនៅឆ្ងាយពីប្រឡាយទឹកពិបាកបន្តិចក្នុងបញ្ជូនទឹកទៅដលល់ ។
ប៉ុន្តែកសិកររូបនេះ បានបញ្ជាក់ដូច្នេះថា « មិនជាបញ្ហាទេ ព្រោះខ្ញុំនិងម្ចាស់ស្រែដទៃទៀត ដែលមានស្រែឆ្ងាយៗពីប្រព័ន្ធទឹកដែរ បានសហការគ្នាកាយប្រឡាយទឹកតូចៗ ធ្វើជាប្រព័ន្ធបង្ហូរទឹកបន្តពីប្រឡាយមេ ។ ខ្ញុំបានប្រើប្រាស់ម៉ាស៊ីនបូមទឹកច្រើនគ្រឿងបូមទម្លាក់តាមប្រព័ន្ធបង្ហូរទឹកតូចៗនេះ រួចបើកទម្លាក់ចូលស្រែតែម្ដង ។ ជាមួយនឹងការសំរុកបូមទឹកពីប្រព័ន្ធប្រឡាយមេបញ្ជូលស្រែរបស់កសិករ ក្នុងរដូវវស្សានៅពេលនេះ បើតាមលោក ស្រេង សុខា អភិបាលស្រុកបាណន់ បានមានប្រសាសន៍ថា តាមពិតកសិករមិនត្រូវខ្វះទឹកស្រោចស្របបែបនេះទេ តែប៉ុន្មានខែកន្លងទៅនេះ ដោយសារតែមន្ត្រីជំនាញធ្វើការជួសជុលស្ទើរគ្រប់ប្រព័ន្ធប្រឡាយមេទាំងអស់ទូទាំងខេត្ត ដូច្នេះហើយទើបមិនអាចបើកទឹកចេញពីទំនប់«កង្ហត»ជូនប្រជាពលរដ្ឋប្រើប្រាស់បាន ខណៈទឹកភ្លៀងក៏ស្រោចស្របមិនគ្រប់គ្រាន់ទៀត ទើបធ្វើឲ្យស្រូវពង្រោះរបស់កសិករមួយចំនួន ជួបគ្រោះរាំងស្ងួតរហូតស្ទើរងាប់អស់។

ប៉ុន្តែយ៉ាងណា លោកអភិបាលស្រុកបានបញ្ជាក់ថា ពេលនេះ ប្រព័ន្ធប្រឡាយទឹក ស្ទើរគ្រប់ទីកន្លែងត្រូវបានមន្ត្រីជំនាញធ្វើការជួសជុលរួចរាល់ អាចបើកបង្ហូរទឹកជូនប្រជាពលរដ្ឋប្រើប្រាស់ស្រោចស្របផលដំណាំវិញហើយ ខណៈដែលអាកាសធាតុនៅតែមិនទាន់អំណោយផលដល់កសិករនារដូវវស្សានេះ៕







ចែករំលែកព័តមាននេះ