សេចក្ដីផ្ដើម
មនុស្សលោកប្រាថ្នាចង់បានជីវិតអមតៈដែលអាចបន្តជីវិតរស់នៅជារៀងរហូត។ បញ្ហានេះក៏ត្រូវអ្នកអ្នកវិទ្យាសាស្ត្រយកចិត្តទុកដាក់ផងដែរ។ ពួកគេខិតខំស្រាវជ្រាវទាំងផ្នែកសាសនា និងអាណាចក្រ។ អ្នកខ្លះខិតខំស្រាវជ្រាវតាំងពីរឿងព្រេងបុរាណ។ មានរឿងព្រេង១តំណាលពីអាងទឹកអម្រឹត។ អ្នកដែលចុះត្រាំទឹកនោះនឹងមានរូបរាងក្មេងជារៀងរហូត។
ប៉ុន្តែយើងមិននឹកស្មានថាមានសត្វ១ប្រភេទមានជីវិតអមតៈ និងរស់នៅមិនឆ្ងាយប៉ុន្មានពីមនុស្សយើង។ នោះគឺសត្វជំពុលទឹក ឬខ្ញែរសមុទ្ទ។
ហេតុអ្វីអ្នកវិទ្យាសាស្ត្រសន្និដ្ឋានថាខ្ញែរសមុទ្ទមានជីវិតអមតៈ?
សត្វលោកជាទូទៅមិនអាចគេចផុតពីក្រឹត្យក្រមធម្មជាតិ «កើត ចាស់ ជរា ព្យាធិ និងមរណៈ» បានទេ។ ប៉ុន្តែអ្នកវិទ្យាសាស្ត្ររកឃើញសត្វខ្ញែរឈ្មោះអ៊ីមម័រថល ជេលីហ្វ៊ីស (immortal jellyfish) អាចយកឈ្នះលើក្រឹត្យក្រមធម្មជាតិនេះដោយប្រើប្រាស់វិធីជួសជុលកោសិកា។
នៅពេលកោសិការបស់វាចាប់ផ្ដើមទ្រុឌទ្រោមដោយសារប្រការផ្សេងៗដូចជា៖ ភាពចាស់ជរា, ជំងឺ, ការរងរបួស ឬការអត់អាហារ, វាអាចជួសជុលកោសិកាឱ្យបានស្អាតល្អដូចដើមវិញ ហើយអាចអនុវត្តវិធីបែបនេះបានជារៀងរហូតដោយឥតកំណត់ពេលវេលា។ គេស្រាវជ្រាវឃើញសត្វខ្ញែរ៥ប្រភេទដែលអាចអនុវត្តវិធីបែបនេះ ដើម្បីបន្តជីវិតរស់នៅគ្មានទីបញ្ចប់។
នៅលើភពផែនដីនេះ, គេគិតថាអ៊ីមម័រថល ជេលីហ្វ៊ីស ជាសត្វដែលរស់បានយូរបំផុត។ ពួកវាបានចាប់កំណើត និងបន្តរស់នៅក្នុងទឹកសមុទ្ទតាំងពីមុនការចាប់កំណើតនៃសត្វដាយណូសឺទៅទៀត។ ឥឡូវនេះ ដាយណូសឺបានស្លាប់តាំងពីរាប់សិបលានឆ្នាំមកហើយ។ ប៉ុន្តែអ៊ីមម័រថល ជេលីហ៊្វីសនៅតែបន្តជីវិតរស់នៅ។ ហេតុនេះ គ្មាននរណាដឹងពីអាយុពិតប្រាកដរបស់វាបានឡើយ។ ជីវិតរបស់ពួកវា បើត្រូវដល់ទីបញ្ចប់ គឺដោយសារសត្វដទៃស៊ីជាចំណីបដូចជាអណ្ដើក ត្រីបាឡែន ឬត្រីសមុទ្ទ។
ខ្ញែរសមុទ្ទមានវដ្ដជីវិតស្មុគស្មាញប្រទាក់ក្រឡាគ្នា។ វាចាប់ផ្ដើមដំបូងពីកូនដឹកដឿ (larvae) ដែលរសាត់នៅលើទឹកសមុទ្រ។ ក្រោយមក, ដឹកដឿមុជចុះទៅក្រោមទឹកដើម្បីស្វែងរកវត្ថុសម្រាប់តោង។ ជួនកាលរសាត់ទៅប៉ះថ្មប៉ប្រះទឹក, វាក៏ចាប់តោងថ្មនោះ។ ជួនកាលចុះទៅដល់បាតសមុទ្រ, វាក៏ចាប់តោងបាតសមុទ្ទ។ បន្ទាប់ពីមានទ្រនំសម្រាប់ជ្រកកោនហើយ, វាវិវត្តខ្លួនទៅជាកញ្ចុំ និងរីកលូតលាស់រហូតដល់ធំពេញវ័យ។ បន្ទាប់មក, វាផុសពីបាតសមុទ្ទទៅផ្ទៃទឹកខាងលើវិញ និងចាប់ផ្ដើមបង្កបង្កើតកូនចៅ។ នៅពេលធំពេញវ័យ, គេឱ្យឈ្មោះថាមេឌូសា (medusa) ដែលមានរូបរាងក្រឡូមប៉ែកខាងលើដូចផ្សិតចំបើង។
ខាងក្រោមនេះជាដំណាក់កាលទាំង៥នៃវដ្ដជីវិតរបស់ខ្ញែរសមុទ្ទ
សម្រាប់ខ្ញែរសមុទ្ទទូទៅ, ពួកវាអាចឆ្លងកាត់ដំណាក់កាលទាំង៥តែម្ដងគត់។ នៅពេលត្រូវអស់អាយុសង្ខារ, ពួកវាត្រូវតែស្លាប់គ្មានថ្ងៃវិលវិញ។ ប៉ុន្តែខ្ញែរអ៊ីមម័រថល ជេលីហ្វ៊ីស អាចឆ្លងកាត់ដំណាក់កាលទាំង៥នេះសាចុះសាឡើងគ្មានថ្ងៃបញ្ចប់។
១- ដំណាក់កាលទី១ ឬការញាស់ចេញជាស៊ុត
សត្វខ្ញែរចាប់ផ្ដើមជីវិតដំបូងនៅលើភពផែនដីនេះជាទម្រង់ស៊ុត ឬពង។ ខ្ញែរញីជម្រុះពងទៅក្នុងទឹកសមុទ្ទ, ចំណែកខ្ញែរឈ្មោលបញ្ចេញមេជីវិតរបស់វាទៅក្នុងទឹកសមុទ្ទដែរ។ មេជីវិតញី និងឈ្មោលចេះតែរសាត់អណ្ដែតទៅតាមរលកសមុទ្ទ។រហូតដល់ដំណាក់កាលដែលពួកវាជួបគ្នា និងចាប់ផ្ដើមបង្កកំណើត។
២- ដំណាក់កាលទី២ ឬផ្លានូឡា
នៅពេលមេជីវិតញីឈ្មោលរលាយចូលគ្នាហើយ វាមិនទាន់ញាស់ជាកូនខ្ញែរភ្លាមទេ។ វានឹងបន្តរសាត់អណ្ដែតនៅលើទឹកសមុទ្ទបណ្ដើរ និងចាប់ផ្ដើមរីកលូតលាស់ក្លាយជាផ្លានូឡា (planula) ដែលជាស៊ុតខ្ញែរមានរាងពងក្រពើ និងមានដុះរោមវែងៗដូចសរសៃសក់។ វាចេះតែរសាត់អណ្ដែតជាបន្តទៀតរហូតដល់រកឃើញវត្ថុរឹងសម្រាប់តោង។
៣- ដំណាក់កាលទី៣ ឬផូលីប (polyp)
នៅពេលវាតោងភ្ជាប់ខ្លួននឹងវត្ថុរឹង ឧទាហរណ៍ដូចជាបាតសមុទ្ទ ឬថ្មប៉ប្រះទឹក, មេជីវិតញីឈ្មោលដែលកើតបានជាស៊ុតក៏ចាប់ផ្ដើមវិវត្តទៅជាផូលីប។ ផូលីបរីកលូតលាស់ធំទៅៗក្លាយជាផូលីបដ៏ធំមួយ។ ក្រោយមក ផូលីបធំនេះបំបែកខ្លួនទៅជាផូលីបតូចៗជាច្រើន។
៤- ដំណាក់កាលទី៤ ឬអេហ្វ៊ីរ៉ា (ephyra)
នៅពេលផូលីបត្រៀមលក្ខណៈសម្បត្តិដើម្បីផ្ដាច់ខ្លួនរួចហើយ, វាចាប់ផ្ដើមផ្ដាច់ខ្លួនម្ដងមួយៗ។ ខ្លួនដែលផ្ដាច់ចេញនេះគេហៅថាអេហ្វ៊ីរ៉ា។ ផ្ដាច់រួចហើយ, វាមានសេរីភាពអាចរសាត់អណ្ដែតទៅទីណាក៏បាន ហើយមានរូបរាងជាខ្ញែរពេញវ័យ។
៥- ដំណាក់កាលទី៥ ឬមេឌូសា (medusa)
នៅពេលអេហ្វ៊ីរ៉ារីកលូតលាស់ពេញរូបរាង គេហៅថាមេឌូសា និងពេញលក្ខណៈជាខ្ញែរសមុទ្ទ។ សម្រាប់ខ្ញែរអ៊ីមម័រថល ជេលីហ្វ៊ីស, វានឹងអនុវត្តវិធីនេះសាចុះសាឡើងជារៀងរហូត។ អីចឹងហើយបានជាគេហៅវាថាជា «ខ្ញែរសមុទ្ទអមតៈ»៕
ប្រភព៖ គេហទំព័រប៊ីប៊ីស៊ី (BBC) និងប្រភពដទៃទៀត
https://www.bbcearth.com/news/the-jellyfish-that-never-dies
https://a-z-animals.com/blog/how-old-is-the-oldest-jellyfish-ever/#:~:text=Wild%20species%20can%20live%20anywhere,fish%2C%20than%20from%20old%20age
ចែករំលែកព័តមាននេះ