ខេត្តបាត់ដំបង ៖ រថយន្តក្រុងដឹកអ្នកដំណើររបស់សាលារាជធានីភ្នំពេញ ដែលគេសង្ស័យថា អ្នកបើកបរដេកលក់មួយភាំង បានបើកបុករះគ្មានប្រណីទៅលើអ្នកធ្វើដំណើរតាមដងផ្លូវ តែសំណាងល្អ ពុំមានមនុស្សស្លា.ប់បាត់បង់ជីវិតនោះទេ គ្រាន់តែរងរបួសស្រាលចំនួន៤នាក់តែប៉ុណ្ណោះ។ នេះបើតាមសេចក្ដីរាយការណ៍ចុងក្រោយរបស់សមត្ថកិច្ច នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។
យោងតាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ៥ ក្បែររង្វង់មូលស្រុកថ្មគោល ដែលបង្កឡើងដោយរថយន្តដឹកអ្នកដំណើររបស់សាលារាជធានីភ្នំពេញ នៅពេលត្រឡប់ទៅវិញ។
របាយការណ៍បានឲ្យដឹងបន្តថា រថយន្តដឹកអ្នកដំណើរខាងលើនេះ ពាក់ស្លាកលេខ រដ្ឋ07 3-0114 បើកបរដោយឈ្មោះ ហួម ជន ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលធ្វើដំណើរចេញពីខេត្តបន្ទាយមានជ័យ ត្រឡប់ទៅកាន់រាជធានីភ្នំពេញវិញ ក្រោយដាក់អ្នកដំណើរអស់ពីរថយន្ត។
បើតាមអធិការស្រុកថ្មគោល លោក សេង លុច បានប្រាប់ឱ្យដឹងថា រថយន្តដឹកអ្នកដំណើររបស់រដ្ឋខាងលើនេះ បានដឹកអ្នកដំណើរទៅខេត្តបន្ទាយមានជ័យ កាលពីយប់ថ្ងៃទីថ្ងៃទី២១ ខែកក្កដា លុះពេលត្រឡប់ទៅភ្នំពេញវិញ ក៏ជួបគ្រោះថ្នាក់ចរាចរណ៍នៅស្រុកថ្មគោលតែម្ដង។
លោកបានបញ្ជាក់ថា អ្នកបើកបររថយន្តទំនងជាដេកលក់មួយភាំង ក៏បុករះអ្នកជិះម៉ូតូពីក្រោយពេញទំហឹងចំនួន៣គ្រឿង បណ្ដាលឱ្យរបួសស្រាលអ្នកដំណើរចំនួន០៤នាក់។ ប៉ុន្តែរថយន្តនេះ បានជ្រុលទៅបុកស្ដង់លក់ម៉ូតូមួយកន្លែងទៀត បណ្ដាលឲ្យខូចខាតអស់ចំនួន៣គ្រឿង និងប៉ះពាល់សំយ៉ាបផ្ទះអ្នកស្រុកចំនួន២កន្លែង។
បើតាមការស្រង់សម្ដីអ្នកបើករថយន្តបង្កហេតុខាងលើ លោក ហួម ជន បាននិយាយប្រាប់សមត្ថកិច្ចឱ្យដឹងថា លោកបានដឹកអ្នកដំណើរចេញពីភ្នំពេញ ទៅកាន់ខេត្តបន្ទាយមានជ័យ ដោយធ្វើដំណើរពេលយប់ រហូតនៅរសៀលថ្ងៃទី២២ ខែកក្កដា លោកក៏ត្រឡប់ទៅភ្នំពេញវិញ តែពុំមានអ្នកជិះទេ។ លុះបើកមកដល់ចំណុចកើតហេតុ ស្ថិតនៅក្នុងស្រុកថ្មគោល ស្រាប់តែលោកហាក់ដេកលក់មួយភាំង ក៏ជ្រុលទៅបុករះម៉ូតូគេនៅលើដងផ្លូវតែម្ដង។
អ្នកបើករថយន្តបានបញ្ជាក់ថា នៅពេលបើកបរនោះ លោកងុយដេក ដោយសារតែបើករថយន្តដឹកអ្នកដំណើរពេលយប់ទៅកាន់ស្រុកកំណើត ដើម្បីទៅបោះឆ្នោត លុះត្រឡប់ទៅវិញ លោកបើកម្នាក់ឯង ទើបដេកលក់មួយភាំង ហើយបង្កគ្រោះថ្នាក់បែបនេះតែម្តង។
ទោះបីជាយ៉ាងណា បើតាមលោក សេង លុច អធិការស្រុកថ្មគោល បានបញ្ជាក់បន្ថែមថា បើតាមពិនិត្យទោលើសកម្មភាពបុករះខាងលើនេះ គឺធ្ងន់ធ្ងរណាស់ តែសំណាងល្អពុំមានមនុស្សស្លា.ប់នោះទេ គ្រាន់តែរងរបួសស្រាលចំនួន០៤នាក់តែប៉ុណ្ណោះ។ ហើយពេលនេះ កម្លាំងជំនាញបាននាំយករថយន្ត និងម៉ូតូទាំង០៦គ្រឿងទៅរក្សាទុកនៅអធិការស្រុកថ្មគោលជាបណ្ដោះអាសន្នហើយ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី៕
ចែករំលែកព័តមាននេះ