ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មកដឹងកាបូបដែលមានតម្លៃ​ថ្លៃ​បំផុតលើលោក ក្នុងនោះមានតម្លៃរហូតដល់ទៅជាង៣លានដុល្លារ

2 ឆ្នាំ មុន

សម្រាប់មនុស្សមួយចំនួន កាបូប​មិនមែនគ្រាន់តែជារបស់សម្រាប់លម្អខ្លួននោះទេ វា​ក៏ជា​ការ​វិនិយោគផងដែរ។ បើយោងតាមក្រុមហ៊ុន Data Bridge ដែលជាអ្នកស្រាវជ្រាវទីផ្សារពិភពលោក បានឱ្យដឹងថា ទីផ្សារកាបូបប្រណីតកំពុងមានការកើនឡើង ហើយតម្លៃរបស់វាត្រូវបានគេរំពឹងថា…

សម្រាប់មនុស្សមួយចំនួន កាបូប​មិនមែនគ្រាន់តែជារបស់សម្រាប់លម្អខ្លួននោះទេ វា​ក៏ជា​ការ​វិនិយោគផងដែរ។ បើយោងតាមក្រុមហ៊ុន Data Bridge ដែលជាអ្នកស្រាវជ្រាវទីផ្សារពិភពលោក បានឱ្យដឹងថា ទីផ្សារកាបូបប្រណីតកំពុងមានការកើនឡើង ហើយតម្លៃរបស់វាត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ ៤២ពាន់លានដុល្លារ នៅឆ្នាំ២០២៩។ កាបូបប្រណីតមានតម្លៃថ្លៃ និងមានកំណត់ ភាគច្រើនសុទ្ធតែមានប្រយោជន៍ ព្រោះវាអាចនឹងលក់​បាន​រាប់​រយ​ពាន់ដុល្លារ​នៅ​ក្នុង​ការ​ដេញ​ថ្លៃនៅពេលអនាគត។ ពិសេសគឺកាបូបដែលផលិតចេញពីស្បែកក្រពើ/ក្រពា ឬមានដាំត្បូងពេជ្រ។

*ខាង​ក្រោម​នេះគឺជា​កាបូបដែលមានតម្លៃ​ថ្លៃ​បំផុត​របស់​ពិភពលោក៖

  • Chanel Diamond Forever

ក្នុងឆ្នាំ២០០៨ ក្រុមហ៊ុន Chanel បានផលិតកាបូប Diamond Forever ដែលរចនាដោយលោក Karl Lagerfeld។ កាបូបនេះធ្វើចេញពី​ស្បែក​សត្វ​ក្រពា រួមទាំងគន្លឹះដែលស្រោបដោយពេជ្រចំនួន ៣៣៤ គ្រាប់ សរុបទម្ងន់ ៣.៥៦ ការ៉ាត់ ហើយផ្នែករឹងដូចជា៖ សោរ ខ្សែរ៉ូត និងជើងជាដើម (hardware) គឺធ្វើចេញពីមាសពណ៌ស។ Diamond Forever ត្រូវបានដាក់ឱ្យដេញថ្លៃក្នុងអំឡុងពេលនៃកម្មវិធី AmfAR’s Cinema Against AIDS ក្នុងតម្លៃ ២៦១,០០០ ដុល្លារ។

  • Hermès Matte Alligator Faubourg Birkin

Faubourg Birkin បានចេញជាលើកដំបូងក្នុងឆ្នាំ២០១៩ ហើយផ្នែកខាងមុខ មើលទៅស្រដៀងនឹងមុខហាងរបស់ Hermès។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ Faubourgs បានក្លាយជាកាបូបម៉ាក Hermès ដែលធ្វើពីស្បែកសត្វក្រពា និងស្បែកសត្វ​ពពែ ដែលអាចប្រមូលទុកដាក់ដេញថ្លៃបានខ្ពស់បំផុតមួយ។ ក្រុមហ៊ុនដេញថ្លៃ Christie’s បានលក់កាបូបដ៏កម្រ ដែលមានទំហំ ២០ សង់ទីម៉ែត្រ ជាមួយនឹងផ្នែករឹងដែលធ្វើពីប៉ាឡាដ្យូមមួយនេះ នៅក្នុងតម្លៃជាង ៣២០,០០០ ដុល្លារ ក្នុងឆ្នាំ២០២២។

  • Feather Embroidery Sellier Mosaïque Kelly 32

ម៉ូដែល Sellier Kelly របស់ Hermès មួយនេះ ត្រូវបានផលិតក្នុងឆ្នាំ២០១០ និងការតុបតែងដែលមានពណ៌ចម្រុះ ជាមួយនឹងផ្នែងរឹងផ្សេងទៀតដែលធ្វើពីប៉ាឡាដ្យូម។ វាត្រូវបានលក់ក្នុងតម្លៃ ៣៥២,៨២៥ ដុល្លារ នៅឯការដេញថ្លៃដោយ Christie’s ក្នុងឆ្នាំ២០២១ នៅហុងកុង។

  • Hermès Himalaya Crocodile Diamond Birkin 30

Christie’s បានដាក់ដេញថ្លៃកាបូបប្រភេទនេះចំនួន ២ដង នៅក្នុងឆ្នាំ២០១៦ និង២០១៧ ជាមួយនឹងតម្លៃ ៣០០,១៦៨ ដុល្លារ និង ៣៨៨,៧៣៨ ដុល្លារ។ វាមានទំហំ ៣០ សង់ទីម៉ែត្រ ស្រោបដោយមាសពណ៌ស ១៨ ការ៉ាត់ និងពេជ្រពី ៩ ទៅ ១០ ការ៉ាត់ ហើយត្រូវបានចាត់ទុកថា ជាកាបូបកម្របំផុតនៅក្នុងពិភពលោក ដោយសារតែបរិមាណមានកំណត់របស់វា។ តារាល្បីៗដូចជា Victoria Beckham និង Kris Jenner សុទ្ធតែជាម្ចាស់របស់កាបូបនេះ។

  • Li Bingbing Lana Marks Cleopatra Clutch

កាបូបដៃម៉ាក Lana Marks មួយនេះគឺមានច្រើនពណ៌ និងបានក្លាយជាគ្រឿងតុបតែងដែលមានប្រជាប្រិយបំផុត នៅក្នុងទសវត្សរ៍ឆ្នាំ២០០០។ តារាជាច្រើនរួមមាន Helen Mirren, Charlize Theron និង Angelina Jolie សុទ្ធតែធ្លាប់បានកាន់កាបូបធ្វើពីស្បែកក្រពើមួយនេះ សម្រាប់ការដើរលើកម្រាលព្រំក្រហមរបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ កាបូប Cleopatra Clutch ដែលថ្លៃជាងគេបំផុត គឺមួយដែលធ្លាប់កាន់ដោយតារាសម្ដែងចិន Li Bingbing។ វាមានតម្លៃ ៤០០,០០០ ដុល្លារ មានដាំពេជ្រខ្មៅ ៤០ ការ៉ាត់, មាស ១៨ ការ៉ាត់ និងមានប៉ាក់ឈ្មោះ LiBingbing ធ្វើពីមាស និងពេជ្រពណ៌ផ្កាឈូក។

  • Hermès Himalaya Crocodile Retourné Kelly

ក្រុមហ៊ុនដេញថ្លៃ Christie’s បានបំបែកឯតទគ្គកម្មពិភពលោក ជាមួយនឹងការលក់កាបូបស្បែកក្រពើ Himalaya Retourné Kelly 28 ក្នុងឆ្នាំ ២០២១។ កាបូបស្រោបដោយមាស និងពេជ្រ ១៨ ការ៉ាត់មួយនេះ ត្រូវបានលក់ក្នុងតម្លៃ ៥១៣,២០០ ដុល្លារ ខណៈដែល Himalaya Retourné Kelly 28 មួយផ្សេងទៀត ដែលស្រោបដោយប៉ាឡាដ្យូម លក់បាន ៤៣៥,៣៧៥ ដុល្លារ ក្នុងឆ្នាំ២០២០។

  • Hermès Ginza Tanaka Birkin

ក្រុមហ៊ុន Hermès បានសហការជាមួយក្រុមហ៊ុនគ្រឿងអលង្ការជប៉ុន Ginza Tanaka ក្នុងឆ្នាំ២០១៥ ដើម្បីសអាចបង្កើតកាបូប Birkin ដែលមានតម្លៃ ១.៩ លានដុល្លារ។ វាត្រូវបានស្រោបដោយត្បូងពេជ្រចំនួន ២,១៨២ គ្រាប់ រួមទាំងត្បូងពេជ្រដែលមានរាងដូចផ្លែសារីទំហំ ៨ ការ៉ាត់ នៅចំកណ្ដាលកាបូប។

  • ចុងក្រោយគឺ Mouawad 1001 Nights

គឺជាកាបូបថ្លៃបំផុតរបស់ពិភពលោក ដែលបានជាប់ក្នុងកំណត់ត្រារបស់ Guinness World Records និងត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនគ្រឿងអលង្ការ Mouawad។ កាបូបមានរាងបេះដូងនេះ មានតម្លៃ ៣.៨ លានដុល្លារ និងចូលរួមធ្វើដោយសិប្បករចំនួន ១០នាក់។ ត្បូងពេជ្រពណ៌លឿង ពណ៌ផ្កាឈូក និងគ្មានពណ៌ទាំងអស់នៅលើកាបូប គឺមានទម្ងន់សរុប ៣៨១.៩២ ការ៉ាត់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ