ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋខ្មែរចំនួន៩នាក់ បានបើកគោយន្ត៤គ្រឿងចូលទៅទឹកដីសៀម តាមច្រករបៀងមហោស្រព ដើម្បីរកទិញជីនៅស្រុកតាប់ប្រាយ៉ា ខេត្តស្រះកែវ ត្រូវបានតម្រួតសៀមចាប់ឃាត់ខ្លួនមួយរយៈ រួចទើបដោះលែងមកវិញ នៅវេលាម៉ោង៨និង១៥នាទីយប់ថ្ងៃទី៧ ឧសភា ឆ្នាំ២០១១ តាមច្រករបៀងមហោស្រព ស្ថិតក្នុងភូមិមហោស្រព ឃុំគោករមៀត ស្រុកថ្មពួក ។
តាមប្រភពព័ត៌មានពីលោកវរសេនីយ៍ទោម៉ៅ រ៉ៃ មេបញ្ជាការនគរបាលការពារព្រំដែនគោកលេខ៨០៧ បានឱ្យដឹងថា បន្ទាប់ពីទទួលព័ត៌មានថា ប្រជាពលរដ្ឋខ្មែរចំនួន៩នាក់ ក្នុងនោះស្រី១នាក់ បើកគោយន្តចំនួន៤គ្រឿង ចូលទៅទិញជីនៅស្រុកតាប់ប្រាយ៉ា ខេត្តស្រះកែវ ប្រទេសសៀម ត្រូវបានតម្រួតសៀមចាប់ឃាត់ខ្លួន ។ កម្លាំងនគរបាលការពារព្រំដែនគោកលេខ៨០៧ បានព្យាយាមទំនាក់ទំនងជាមួយអាជីវករដែលធ្លាប់រកស៊ីជាមួយខ្មែរ ឱ្យជួយធ្វើការស្រាវជ្រាវ ទើបរកឃើញប្រជាពលរដ្ឋទាំងនោះនៅស្រុកថាប់ថៃ ដែលក្រុមតម្រួតចាប់បញ្ជូនទៅទីនោះ ។ ទន្ទឹមនោះដែរ បានសុំឱ្យអាជីវកររូបនោះជួយធានាប្រជាពលរដ្ឋទាំងនោះបានត្រឡប់មកវិញ តាមច្រករបៀងមហោស្រព រួមទាំងគោយន្ត និងជី ដែលពួកគាត់ទិញយកមកធ្វើស្រែ នៅវេលាម៉ោង៨និង១៥នាទីយប់ថ្ងៃទី៧ ឧសភា ឆ្នាំ២០១១។ ដោយឡែកបុរសចំនួន២នាក់ ដែលគេសង្ស័យមានបំណងឆ្លងដែនទៅទីក្រុងបាងកក ត្រូវបានគេបញ្ជូនតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត។
លោកមេបញ្ជាការបានបន្តថា តាមការបំភ្លឺពីប្រជាពលរដ្ឋទាំងនោះបាននិយាយថា ពួកគាត់នៅភូមិតាយឹង ឃុំគំរូ ស្រុកថ្មពួក បាននាំគ្នាបើកគោយន្តចំនួន៤គ្រឿងទៅទិញជី នៅស្រុកតាប់ប្រាយ៉ា ក្នុង១គោយន្តផ្ទុកជីពី៤ទៅ៥ការុង ពេលត្រឡប់មកវិញ ដល់ភូមិគោកព្រិច ឃុំ-ស្រុកតាប់ប្រាយ៉ា ត្រូវតម្រួតសៀមចាប់ឃាត់ខ្លួននៅវេលាម៉ោង២រសៀលថ្ងៃទី៧ ឧសភា ឆ្នាំ២០១១ ហើយបញ្ជូនទៅស្រុកថាប់ថៃ ប៉ុន្តែដោយមានការទំនាក់ទំនងពីសមត្ថកិច្ចនគរបាលការពារព្រំដែនគោក៨០៧ និងថៅកែលក់ជីដែលធ្លាប់ស្គាល់បានធានាពួកគេឱ្យត្រឡប់មកវិញ។ លោកវរសេនីយ៍ទោម៉ៅ រ៉ៃ បានបញ្ជាក់ទៀតថា តាមការស្រាវជ្រាវបុរសទាំង២នាក់ដែលបញ្ជួនត្រឡប់មកវិញ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតនោះ ក៏បានមកដល់ក្រុងសិរីសោភ័ណនាយប់នោះផងដែរ ៕
ចែករំលែកព័តមាននេះ