ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាង​២​ឆ្នាំ​ហើយ តើ​ថ្ងៃ​ណា​បន្ត​ចាត់វិធានការ​រុះរើ​បែ​ចិញ្ចឹម​ត្រី និង​ផ្ទះទឹក​នៅ​ខណ្ឌ​ព្រែក​ព្នៅ?

1 ឆ្នាំ មុន
  • ភ្នំពេញ

ផ្ទះទឹក​បែ​ចិញ្ចឹម​ត្រី ផ្ទះ​តូច​ៗ និង​សំណង់​មិន​រៀបរយ នៅ​តែ​បន្ត​ត្រៀបត្រា តាំង​លម្អ​រាជធានី​ភ្នំពេញ​នៅ​លើ​ផ្ទៃ​ទឹកដៃ​ទន្លេសាប ស្ថិត​ក្នុងភូមិ​គ្រួ​ស សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ ដែល​រហូត​មក​ដល់​ពេល​នេះ អាជ្ញាធរ​ពន្យា​រយៈពេល​ជាង​២​ឆ្នាំ​មក​ហើយ តើ​ពេល​ណា បាន​បន្ត​ចាត់វិធានការ​រុះរើ?

រាជធានី​ភ្នំពេញ ៖ ផ្ទះទឹក​បែ​ចិញ្ចឹម​ត្រី ផ្ទះ​តូច​ៗ និង​សំណង់​មិន​រៀបរយ នៅ​តែ​បន្ត​ត្រៀបត្រា តាំង​លម្អ​រាជធានី​ភ្នំពេញ​នៅ​លើ​ផ្ទៃ​ទឹកដៃ​ទន្លេសាប ស្ថិត​ក្នុងភូមិ​គ្រួ​ស សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ ដែល​រហូត​មក​ដល់​ពេល​នេះ អាជ្ញាធរ​ពន្យា​រយៈពេល​ជាង​២​ឆ្នាំ​មក​ហើយ តើ​ពេល​ណា បាន​បន្ត​ចាត់វិធានការ​រុះរើ?​។

បើ​តាម​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​គ្រួ​ស បានអោយ​ដឹង​ថា ផ្ទះទឹក​បែ​ចិញ្ចឹម​ត្រី​របស់​ជនជាតិ​វៀតណាម​ជា​ច្រើន​បាន​ចល័ត​មក​ចត​ត្រៀបត្រា​នៅ​តាម​ទន្លេសាប​ក្រោយ​វត្ត​គ្រួ​ស បន្ទាប់​ពី​អាជ្ញាធរ បាន​ប្រើ​កម្លាំង​អនុវត្ត​វិធានការ​រដ្ឋបាល​រុះរើ​យ៉ាង​ក្ដៅ​គគុក កាលពី​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២១ កន្លង​មក គ្រាន់តែ​ដេញ​ឱ្យ​ល្អមើល​តែ​ប៉ុណ្ណោះ​។ ការ​ចល័ត​បែ​ចិញ្ចឹម​នោះ ត្រូវ​គេ​ដឹង​ថា ធ្វើ​ឡើង​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ ដើម្បី​ទុក​ពេល​អោយ​ម្ចាស់​បែ​ចិញ្ចឹម​ត្រី​ធំ​សិន ប៉ុន្តែ​ម្ចាស់​បែ​ចិញ្ចឹម​ត្រី​ទាំងនោះ​បាន​បន្ត​ដាក់​កូន​ត្រី​ចិញ្ចើម​ឡើង​វិញ ខ្លះ​បន្ត​សង់​បែ​ថ្មី​ៗ និង​ខ្លះ​ទៀត​ក៏​បាន​រុះរើ​ចេញ​។​ទោះបីជា​យ៉ាងណា ចាប់តាំងពី​ថ្ងៃ​យុទ្ធនាការ​រុះរើ​មក​ដល់​ពេល​នេះ គឺ​មាន​រយៈពេល​ជាង​២​ឆ្នាំ​មក​ហើយ កំពុង​បន្ត​រីក​ធំ​ឡើង​ៗ​ដែល​សង្ស័យ​ថា មិន​ងាយ​ធ្វើ​បែក​ឡើយ​។

ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ បានអោយ​ដឹង​ថា ចាប់តាំងពី​បែ​ចិញ្ចឹម​ត្រី​អូស​មក​ចត​ត្រៀបត្រា​នៅ​មុខ​វត្ត​គ្រួ​ស ក្នុង​តំបន់​នោះ បង្ក​អោយ​ប៉ះពាល់​បរិស្ថាន​ជា​ខ្លាំង ដែល​ពី​មុន​ទឹក​ធ្លាប់​បូម​មក​ប្រើប្រាស់ និង​ធ្វើ​នំ​បញ្ចុក​បាន តែ​ពេល​នេះ​លែង​ប្រើប្រាស់​បាន​។ ហើយ​នៅ​ក្នុងភូមិ មាន​កន្លែង​ដឹក​ចំណី​ត្រី​មក​ស្តុក​ទុក និង​ដឹក​យក​ទៅ​ទម្លាក់​តាម​បែ​ធំ ធ្វើ​ឱ្យ​មាន​ក្លិនស្អុយ​ពេញ​ភូមិ ពិបាក​រស់នៅ ដោយ​មិនដឹង​ថា តើ​ថ្ងៃ​ណា​អាជ្ញាធរ​បន្ត​មាន​វិធានការ​រុះរើ​ចេញ​នោះ​ទេ?​។

បើ​តាម​អ្នក​ចិញ្ចឹម​ត្រី​ក្នុង​បែ​ទាំងនោះ បានអោយ​ដឹង​ទៀត​ថា ដោយ​មានការ​ស្នើ​សុំ​ពី​ស្ថានទូត​វៀតណាម អាជ្ញាធរ​បាន​ទុក​ពេល​៣​ឆ្នាំ​ទៀត​… ណ្ហើយ​! ទ្រាំ​ៗ​ទៅ បើ​គេ​សុំ​ហើយ​។

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២១ អាជ្ញាធរ​ខណ្ឌ​ទាំង​៦ នៅ​ជាប់​ដង​ទន្លេ បាន​ប្រើ​កម្លាំង​អនុវត្តន៍​វិធានការ​រដ្ឋបាល​រុះរើ​បែ​ចិញ្ចឹម​ត្រី ផ្ទះ​បណ្តែត​ទឹក ផ្ទះ​តូច​ៗ និង​សំណង់​មិន​រៀបរយ​នៅ​លើ​ផ្ទៃ​ទន្លេ ដើម្បី​បើកផ្លូវ​នាវាចរ កុំអោយ​ប៉ះពាល់​ដល់​ប្រព័ន្ធ​អេកូ​ឡូ​ហ្ស៊ី មាន​ចរន្តទឹក​ហូរ គោក​រាក់​។ ជា​ពិសេស​កុំអោយ​បន្ត​ការ​ប្រើប្រាស់​ចំណី​សម្រាប់​ចិញ្ចឹម​ត្រី និង​ការ​បញ្ចេញ​កាក​សំណល់ ការ​បន្ទោបង់​ពាស​វាល​ពាស​កាល​នៅ​ក្នុង​ទន្លេ ធ្វើ​ឱ្យ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​ដល់​ជីវចម្រុះ​ក្នុង​ទឹក ខូចគុណភាព​ទឹក បំពុលបរិស្ថាន និង​ប៉ះពាល់​ដល់​សោភ័ណ​ភាព​រាជធានី​ភ្នំពេញ ព្រមទាំង​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ ដែល​បាន​ប្រើប្រាស់​ទឹក​មិន​ស្អាត​ផង​ដែរ​។

ការ​ប្រើ​វិធានការ​រដ្ឋបាល​នេះ ទទួល​បាន​នូវ​ការ​គាំទ្រ​ពី​មហាជន​យ៉ាង​ខ្លាំង ហើយ​អាជ្ញាធរ​បាន​ចាត់​ទុក​ថា ការ​អនុវត្ត​វិធានការ​រៀបចំ​សណ្ដាប់ធ្នាប់​លើ​ផ្ទៃ​ទន្លេ​បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​រលូន និង​ទទួល​បាន​ជោគជ័យ​… ប៉ុន្តែ​ជោគជ័យ​ខ្យល់​!​។

ទន្ទឹម​នឹង​នោះ លោក មាន ចាន់​យ៉ា​ដា អភិបាលរង​រាជធានី​ភ្នំពេញ និង​ជា​តំណាង​ឲ្យ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​មាន​ប្រសាសន៍​នៅ​ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២៦​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ឲ្យ​ដឹង​ថា រាជធានី​ភ្នំពេញ មាន​ខណ្ឌ​ចំនួន​០៦ ដែល​មានផ្ទះ​បណ្ដែត​ទឹក បែ​ត្រី និង​សំណង់​មិន​រៀបរយ​នៅ​តាម​ដង​ទន្លេ ដែល​មាន​ចំនួន​១៤៧២​ទីតាំង ចែក​ចេញ​ជា​៤​ប្រភេទ ក្នុង​នោះ​មាន​ប្រភេទ​ជា បែ​ត្រី សំណង់​មិន​រៀបរយ ដៃ​ត្រី និង​ទូក​នេសាទ​។

អាជ្ញាធរ​ក៏​បាន​បញ្ជាក់​ថា នៅ​ក្នុង​យុទ្ធនាការ​រុះរើ បងប្អូន​ប្រជាពលរដ្ឋ​បាន​ស្ម័គ្រចិត្ត​រុះរើ​បាន​ចំនួន​១២៤២​ទីតាំង​។ នៅ​សល់​មួយ​ចំនួន​ទៀត បាន​រៀបចំ​ឲ្យ​ពួក​គាត់​ចិញ្ចឹម​ត្រី​ជា​បណ្តោះអាសន្ន​ចំនួន​២​ទីតាំង​ផ្សេង​គ្នា ក្នុង​នោះ​ទីតាំង​ទី​១- នៅ​ជាប់​ព្រំប្រទល់​រវាង​ស្រុក​ពញាឮ និង​ខណ្ឌ​ព្រែក​ព្នៅ មាន​ចំនួន​១៩៤​ទីតាំង និង​ទីតាំង​ទី​២- នៅ​ជាប់​នឹង​ស្រុក​លើក​ដែក​ចំនួន​១៩​ទីតាំង​។

ទោះបីជា​យ៉ាងណា នៅ​មាន​បែ​ត្រី ដែល​អាជ្ញាធរ​អះអាង​ថា នៅ​សល់​ប្រមាណ ២០០​ទៀត បន្ត​នៅ​ចត​ត្រៀបត្រា តាំង​លម្អ​រាជធានី​ភ្នំពេញ​នៅឡើយ​។

ទំនង​ចាំ​បោះ​ឆ្នោត​រួចរាល់​… ចាំ​មាន​រដ្ឋអំណាច​អាណត្តិ​ថ្មី ចាំ​ដោះស្រាយ​ក៏​មិនយឺត​ពេល​ដែរ​… ព្រោះ​គង់តែ​ដេញ​ហើយ កើត​វិញ​ដដែល ចាំ​យូរ​ទៀត​ឱ្យ​ទាល់តែ​ស្អុយ​ទឹក​ប្រើ​លែង​កើត​ក៏​មិនយឺត​ដែរ​… ហេ! ហេ​!

ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ