ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហគមន៍​​អន្តរជាតិ​​ផ្តោត​​ការ​​ចាប់​​អារម្មណ៍​​លើ​​ជម្លោះ​​កម្ពុជា-​សៀម​ ទោះ​បី​​សម័យ​​ប្រជុំ​​អាស៊ាន​​មិន​អាច​​ដោះ​ស្រាយ​​បាន​អ្វី​​នៅ​​ឡើយ​ក្តី

14 ឆ្នាំ មុន

សហគមន៍អន្តរជាតិ​បានផ្តោតការ​ចាប់​អារម្មណ៍​អំពី​បញ្ហា​ជម្លោះ​កម្ពុជា-ថៃ ​ជា​ពិសេស​​បាន​​សម្ដែងនូវ​ការយក​ចិត្ត​ទុក​ដាក់​​ខ្ពស់​​បំផុត ​ចំពោះ​ការ​លើក​ឡើង​របស់​សម្តេចអគ្គមហា​​សេនាបតី​តេជោ ​ហ៊ុន សែន ​នាយករដ្ឋមន្រ្តី​​នៃ​​ព្រះ​រាជាណាចក្រ​កម្ពុជា ​នៅ​ក្នុង​ថ្ងៃ​ដំបូង​នៃ​សន្និ​សីទ​​កំពូល​អាស៊ាន​លើក​ទី១៨ ​នៅក្រុងហ្សាការ​តា នៅថ្ងៃទី៧ ​ខែ​ឧសភា

សហគមន៍អន្តរជាតិ​បានផ្តោតការ​ចាប់​អារម្មណ៍​អំពី​បញ្ហា​ជម្លោះ​កម្ពុជា-ថៃ ​ជា​ពិសេស​​បាន​​សម្ដែងនូវ​ការយក​ចិត្ត​ទុក​ដាក់​​ខ្ពស់​​បំផុត ​ចំពោះ​ការ​លើក​ឡើង​របស់​សម្តេចអគ្គមហា​​សេនាបតី​តេជោ ​ហ៊ុន សែន ​នាយករដ្ឋមន្រ្តី​​នៃ​​ព្រះ​រាជាណាចក្រ​កម្ពុជា ​នៅ​ក្នុង​ថ្ងៃ​ដំបូង​នៃ​សន្និ​សីទ​​កំពូល​អាស៊ាន​លើក​ទី១៨ ​នៅក្រុងហ្សាការ​តា នៅថ្ងៃទី៧ ​ខែ​ឧសភា ឆ្នាំ២០១១ ដោយ​សម្តេច​​តេជោ ហ៊ុន សែន បានរាយការណ៍ពី​ការ​វាយ​ប្រហារ​មកលើកម្ពុជាដោយទាហានថៃ នា​ពេល​កន្លងមកនេះនូវព័ត៌មានដ៏​សុក្រឹតបំផុត។ នា​ឱកាស​នោះ ​សម្តេច​តេជោ​ សែន ក៏​បាន​ថ្លែង​ទាត់​ចោលភ្លាមៗផងដែរ នូវការទាម​ទារ​របស់​នាយក​រដ្ឋមន្រ្តីថៃ​អាប់ភីស៊ីត វេចាជីវ៉ា ដែល​​ទាមទារ​ឲ្យ​កម្ពុជាដកកងទ័ព និង​ដេញ​ប្រជា​ជនចេញពីទឹ​កដី​កម្ពុជានោះ​ថា ជារឿង​មិន​អាច​ទៅរួចទេ។

យោងតាមការផ្សព្វផ្សាយរបស់វិទ្យុបារាំង​អន្តរជាតិ​ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១១ ថា សម្តេច​តេជោ ហ៊ុន សែន បានហៅលក្ខខណ្ឌ​របស់សៀម​នេះ ជាលក្ខខណ្ឌគ្មានហេតុផល និង​មិន​អាចទទួលយកបាន គឺសៀមទៅវិញទេ ដែល​ត្រូវដកកងទ័ពចេញពី​តំបន់ជុំវិញ​ប្រាសាទព្រះ​វិហារ ​ទៅតាមសេចក្តីសម្រេចរបស់តុលាការ​ក្រុង​​ឡាអេ។ សម្តេចតេជោ សែន ក៏បានបញ្ជាក់​ផង​ដែរថា សៀមបង្កសង្គ្រាមឈ្លានពាន​កម្ពុជា​នេះ ក៏ដូចជាបញ្ហានៅក្នុងតំបន់ផ្សេងៗទៀតដែរ ដូចជា ជម្លោះនៃសមាជិកដទៃៗ និងនៅក្នុង​តំបន់​​សមុទ្រចិន និង​ភេរវកម្មដែរ។ ដូច្នេះថៃ​ជា​សមាជិកអាស៊ាន បានបង្ក​សង្គ្រាម​វាយប្រហារ​លើកម្ពុជា ជាសមាជិក​អាស៊ាន​ដែរនោះ គឺថៃជា​អ្នកបង្កជម្លោះនៅ​ក្នុង​អាស៊ាន ដែលមាន​គម្រោង​ធ្វើ​សមាហរណ​កម្ម​សហ​គមន៍អាស៊ាន​ឲ្យ​សម្រេចក្នុងឆ្នាំ២០១៥ ខាង​មុខនេះ។ សម្តេច​តេជោ សែន បាន​ជឿ​ជាក់ថា អាស៊ានមិន​គួរ​ព្រងើយកន្តើយ​នឹងបញ្ហា​ធ្ងន់ធ្ងរនេះទេ ជាង​នេះ​ទៅ​ទៀត អាស៊ាន​ត្រូវ​តែ​ពិចារណាទៅ​លើ​ជម្លោះ​ថៃ-កម្ពុជា ជាបញ្ហា​សំខាន់​សម្រាប់សហ​គមន៍​​អាស៊ានដែល​ត្រូវ​បង្កើត​ភាគីទី៣ ក្នុង​ការ​សម្របសម្រួល។ សម្តេច​តេជោ សែន បាន​ជំរុញ​ឲ្យមេដឹកនាំអាស៊ាន​ផ្តល់​ការគាំទ្រ និង​ចាត់​វិធាន​ការឲ្យអ្នកសង្កេត​ការណ៍​មកកាន់​តំបន់​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ​កាន់​តែឆាប់កាន់តែល្អ។ សម្តេច​តេជោ សែន ក៏បានព្រមានដែរថា កិត្តិ​នាមរបស់​អាស៊ាន នឹងប្រឈមមុខ​នឹង​សន្តិ​សុខ​តំបន់ ប្រសិនបើ​អាស៊ានមិនខិតខំប្រឹង​ប្រែង​បង្កើត​​ភាគីទី៣ ដើម្បី​ធ្វើការសម្រប​សម្រួល​នោះ​ទេ។

នាយករដ្ឋមន្រ្តីថៃ អាភីស៊ីតវេចាជីវ៉ា ធ្លាប់​បាន​ទាមទារកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ​២០១១ «ឲ្យកម្ពុជាដកទង់ជាតិខ្លួន​ចេញពី​វត្ត​កែវសិក្ខាគីរីស្វារៈ ដែលស្ថិតនៅក្នុង​អធិបតេយ្យ បូរណភាពទឹកដីកម្ពុជា និងបានប្រកាសថា ថៃ​នឹងប្រើកម្លាំងជាជម្រើសចុងក្រោយ» នេះ​មាន​ន័យ​ថា ថៃបានប្រកាសសង្គ្រាមយ៉ាងព្រហើន និង​ថៃបានបង្កសង្គ្រាម​ឈ្លាន​ពានកម្ពុជា នៅថ្ងៃទី​៤-៧ ខែកុម្ភៈ ឆ្នាំ២០១១ ប្រាកដមែន។

សហគមន៍អន្តរជាតិ​បានគាំទ្រគោល​ជំហរដ៏​ត្រឹមត្រូវរបស់កម្ពុជា ដែលឈរលើមូលដ្ឋាន​ច្បាប់​​គោរពសាលដីកាតុលាការអន្តរ​ជាតិក្រុង​ឡាអេ ឆ្នាំ១៩៦២ សេចក្តីសម្រេច​ក្រុមប្រឹក្សា​សន្តិសុខ​សហប្រជាជាតិ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ​២០១១ សេច​ក្តីប្រកាសរបស់ប្រធានអាស៊ាន ថ្ងៃទី២២ ខែ​កុម្ភៈ ឆ្នាំ២០១១ សន្ធិសញ្ញាអន្តរ​ជាតិ និង​ច្បាប់​អន្តរជាតិ រួមមាន​ធម្មនុញ្ញ អ.ស.ប ជា​អង្គ​ការកំពូល​ ផ្ទុយពីសៀមដែលមិន​អនុវត្តតាម​សាល​ដីកាតុលាការអន្តរជាតិក្រុង​ឡាអេ ព្រមទាំង​ប្រឆាំង​នឹងច្បាប់អន្តរជាតិ និង​សន្ធិសញ្ញាអន្តរ​ជាតិ​ដែលសៀមបានចុះហត្ថ​លេខា​ទទួលស្គាល់​ខ្លួន​ឯងផង។ បើសៀមចង់​ដោះ​ស្រាយបញ្ហាដោយ​សន្តិវិធីមែន សៀមត្រូវតវ៉ា​តាម​ផ្លូវច្បាប់​ជា​មួយ​តុលា​ការយុត្តិធម៌​អន្តរ​ជាតិ​ក្រុងឡាអេ អំពី​ជម្លោះនេះ សៀមមិនត្រូវ​បង្ក​សង្គ្រាមឈ្លាន​ពាន​ដណ្តើមកាន់កាប់ទឹកដីកម្ពុជា ដោយធ្វើ​ការ​វាយប្រហារលើប្រាសាទ​ព្រះវិហារ​ជាបេតិក​ភណ្ឌពិភពលោក និងប្រាសាទមួយ​ចំនួន​ទៀត ព្រម​ទាំងបានបង្កនូវទុក្ខវេទនា​លើជន​ភៀសសឹកកម្ពុជា រាប់ម៉ឺនគ្រួសារដែលត្រូវ​ទទួល​រង​គ្រោះថ្នាក់​យូរ អង្វែង បណ្តាលមកពីការ​បាញ់​ផ្លោង​គ្រាប់​បែក ចង្កោមចូលជ្រៅក្នុងទឹកដីកម្ពុជា ដោយកង​ទ័ព សៀមដ៏ព្រៃផ្សៃសាហាវ​យង់​ឃ្នង​នោះទេ។  ដូច្នេះ​ សង្គ្រាមដែលបានកើតឡើងមក​នេះ គឺបាន​នាំឱ្យ មាននូវអសន្តិសុខ អស្ថិរភាពក្នុង​តំបន់​​យ៉ាង​​ខ្លាំង​ ដែលសៀម​ត្រូវតែទទួលខុស​ត្រូវ​ក្នុង​រឿង​​នេះ ។

ជំនួប​ពិភាក្សា​​​ត្រីភាគី​លើកទី​២ ស្តី​ពី​​​ជម្លោះព្រំដែន​កម្ពុជា​-ថៃ​នៅកិច្ចប្រជុំអាស៊ាន

ជំនួបពិភាក្សា​​​ត្រីភាគី​លើកទី​២ ​រវាង​សម្តេច​អគ្គ​មហាសេនាបតីតេជោហ៊ុន សែន ​​​​នាយករដ្ឋ​មន្ត្រី​​នៃព្រះរាជាណាចក្រ​កម្ពុជា ​​ជា​មួយលោក​អាប់ភីស៊ីត ​​​វ៉េចាជីវ៉ា ​នាយករដ្ឋមន្ត្រី​​​ថៃ និង​​​ប្រធា​នាធិបតី​ឥណ្ឌូណេស៊ី ​លោកបណ្ឌិត​​​ស៊ូស៊ីឡូ បាំ​បាង​​ យូដូយ៉ូណូ ​នៅក្រៅ​​វេទិកា​​នៃ​​​ថ្ងៃ​បញ្ចប់​​កិច្ច​ប្រជុំ​​កំពូលអាស៊ាន​លើកទី​​១៨ ​​នៅក្នុង​​ទីក្រុង​​ហ្សាការតា ​ប្រទេស​ឥណ្ឌូណេស៊ី​​​ កាលពីថ្ងៃទី​​​៨ ឧសភា ​កន្ល​ងមក ​​​ធ្វើឡើង​​រយៈ​ពេល​​១ម៉ោង​ទៀត ​ប៉ុន្តែ​​​លទ្ធផល​​នៃ​ជំនួប​ពិភាក្សា​​​​ក្រៅ​ផ្លូវ​ការ​​នេះ​មិនត្រូវបានប្រកាស​​​ឱ្យដឹង​​នោះទេ ដោយ​​​​​សម្តេចតេជោ​​​​ហ៊ុន សែន ​​និង​លោក​អាប់ភីស៊ីត​​ បាន​​ឯកភាព​គ្នា​អនុញ្ញាត​​​ឱ្យរដ្ឋ​​មន្ត្រី​ការ​​បរទេស​​ប្រទេសទាំង​ពីរ​​បន្តស្នាក់​នៅ​ក្នុង​ទីក្រុង​​​ហ្សា​ការ​តាទៀត​​ ដើម្បីបន្តពិភាក្សា​គ្នា​​​​ដែល​រៀបចំ​​ឡើង​ដោយ​​រដ្ឋមន្ត្រី​​ការបរទេស​ឥណ្ឌូណេ​ស៊ី ​លោក​ម៉ាទី ​ណា​តា​ឡេហ្គាវ៉ា ​ដើម្បី​ស្វះស្វែង​​​រក​​ដំណោះ​ស្រាយ​​​​ជម្លោះ​​ព្រំដែន ។

ក្រោយពី​​​ជំនួប​​ពិភាក្សា​នេះ​​​លោកអាប់ភីស៊ីត ​​​ថ្លែង​ថា ​ការ​ដោះស្រាយជម្លោះ​​ព្រំដែន​រវាង​​ប្រទេសថៃ និង​ប្រទេស​កម្ពុជា នៅតែមាន​​ការ​លំបាក​​ ប្រសិនបើ​​​កម្ពុជា​នៅ​​មិន​ព្រម​​​​ដកទ័ព​ពី​តំបន់​​​មានជម្លោះ​​ផ្ទៃដី​​ទំហំ​៤,៦​​គីឡូម៉ែត្រក្រឡា​ ។ ​​ដូចជំនួប​ពិភាក្សា​​​ត្រីភាគី​​​លើកទីមួយ ដែរ​​ជំនួបពិភាក្សា​​​​លើកទី​​២​នេះ ធ្វើឡើង​​​​មុន​ការ​ប្រជុំ​​​កំពូលអាស៊ាន ។​ ថ្លែងទៅ​កាន់​​អ្នកកាសែត​​​ក្រោយ​​ពី​​​ជួបពិភាក្សា​​​ជាមួយលោកអាប់ភីស៊ីត ​​ជា​លើកទី​២ ​សម្តេចតេជោ​​ហ៊ុន ​សែន ​​បានថ្លែង​​អំណរគុណ​ចំពោះ​​ប្រទេស​ឥណ្ឌូណេស៊ី​ ​មាន​តួនា​ទី​​ជាប្រធានអាស៊ាន​​​ដែលបាន​​​ព្យាយាម​សម្រប​សម្រួល​​​ឱ្យមាន​​ដំណោះស្រាយ​​ដោយសន្តិវិធី​​សម្រាប់បញ្ហា​ជម្លោះ​ព្រំដែន​​​រវា​ងប្រទេស​កម្ពុជា និងប្រទេស​ថៃ។

កាសែត​ឌឹណេ​ស្សិន​​បានដកស្រង់​សម្តីលោក​អាប់ភីស៊ីត ​​ដែលថ្លែង​ថា លោក​បានត្រៀមខ្លួន​​រួច​ជា​ស្រេច​​​ដើម្បីជួប​ពិភាក្សា​​​ជាមួយសម្តេច​តេជោហ៊ុន សែន ​​ទាំង​ទ្វេ​ភាគី​ និង​ត្រី​​​​ភាគី ​​ហើយ​លោក​ថ្លែង​ថា ​​ថៃតែង​តែ​​​មានឆន្ទៈ​​​​ដោះស្រាយ​​បញ្ហាជម្លោះ​​​​ជាមួយ​កម្ពុជា​ដោយសន្តិវិធី ។​ តាមប្រភព​​ព័ត៌​មាន​​ពីទីក្រុង​​ហ្សាការតា ​ឱ្យ​ដឹង​ថា ​​ក្រោយពី​​ជំនួប​ពិភាក្សា​​​គ្នា​​ត្រីភាគី​ជា​លើក​ទី​២ សម្តេច​តេជោ​​​ហ៊ុន សែន ​និង​​លោក​អាប់​ភី​ស៊ីត ​​បានបើកធ្វើ​សន្និសីទ​​កាសែត​​​ដាច់​ដោយ​ឡែក​​ពីគ្នា​។​

ក្នុង​​​សន្និសីទ​​កាសែត​នោះ​​សម្តេចតេជោ​ហ៊ុន សែន ​​​បានអំពាវ​នាវ​ដល់​ប្រទេសថៃ​​​ឱ្យចុះហត្ថ​លេខា​​​លើ​​លក្ខខណ្ឌ​​ប្រតិបត្តិ (TOR) សម្រាប់​ការ​ដាក់ពង្រាយ​​អ្នក​សង្កេតការណ៍​​ឥណ្ឌូណេស៊ី ​​​នៅ​តំបន់​មានជម្លោះព្រំដែន ​រវាងប្រទេស​ទាំង​ពីរ ដើម្បីត្រួតពិនិត្យ​​បទ​ឈប់បាញ់គ្នា ។ ​ចំណែក​​លោកអាប់ភីស៊ីត ​​វិញ​ថ្លែងក្នុង​​សន្និសីទ​​កាសែត​​ថា ​ការ​ដោះស្រាយ​​បញ្ហា​​​​ជម្លោះព្រំដែន​​​រវាង​ប្រទេសទាំង​ពីរ​​នឹង​នៅ​តែមាន​កា​រលំបាក​ប្រសិ​ន​បើក​ម្ពុជា​​​​នៅតែ​​មិនព្រម​​ដកទ័ព​​ និងពលរដ្ឋ​​​របស់​ខ្លួន​​ចេញពី​តំបន់​មានជម្លោះ​​​​នោះ ៕