ការរកឃើញថ្មី?
ខណៈការប្រយុទ្ធគ្នាមិនឈ្នះមិនចាញ់រវាងរដ្ឋាភិបាលលីប៊ី និងពួកបះបោរក្នុងប្រទេសនេះ ដំណឹងថ្មីៗចេះតែមានថែមទៀតសម្រាប់ប្រធានាធិបតីកាដាហ្វី ដែលអ្នកខ្លះយល់ថា វាឋិតក្នុងយុទ្ធនាការបង្ខូចកេរ្តិ៍ឈ្មោះ បន្ថយឥទ្ធិពលទៅ វិញ ។ កាសែត Telegraph ដកស្រង់សម្តីមេដឹកនាំម្នាក់ខាងពួកបះបោរ បានលើកឡើងថា ប្រធានាធិបតីកាដាហ្វី ជួលស្រីបាញ់ត្រង់មួយកងសម្រាប់ជួយការពារខ្លួន និងសម្រាប់ចូលរួមប្រយុទ្ធប្រឆាំងនឹងពួកបះបោរ ចំណែកប្រុសៗជាទាហានស៊ីឈ្នួលធ្វើសង្គ្រាមឱ្យកាដាហ្វី ក៏មានច្រើនណាស់ដែរ ។ ប្រភពដំណឹងអះអាងថា ពួកនារីសកម្មប្រយុទ្ធទាំងនោះ សុទ្ធសឹងជាសមាជិកឧទ្ទាមហ្វាក (FARC) ក្នុងប្រទេសកូឡុំប៊ី នៅអាមេរិកឡាទីន ។ សាក្សីជាច្រើនក៏និយាយដូចគ្នាថា ខ្លួនបានឃើញផ្ទាល់ភ្នែកនូវនារីសកម្មប្រយុទ្ធរបស់ឧទ្ទាមហ្វាកចូលរួមជាមួយកម្លាំងរដ្ឋាភិបាលវាយប្រហារលើក្រុមបះបោរនៅក្រុងមីស៊ូរ៉ាតា (Misurata) ដែលជាក្រុមធំមួយនៅភាគខាងលិចប្រទេសលីប៊ី ទីដែលក្រោយមកធ្លាក់ក្នុងដៃពួកបះបោរ ។
គេបញ្ជាក់ថា ទាហានរដ្ឋាភិបាលខ្លះដែលត្រូវពួកបះបោរចាប់បាន សុទ្ធតែទទួលស្គាល់ព័ត៌មាននេះ ។ ប៉ុន្តែទោះដូច្នេះក្តី រហូតមកដល់សព្វថ្ងៃ ហាក់ដូចមិនទាន់មាននារីសកម្មប្រយុទ្ធជនជាតិកូឡុំប៊ីណាម្នាក់ត្រូវពួកបះបោរចាប់បានឡើយ ។ ចំណែកទីភ្នាក់ងារសារព័ត៌មាន AFP ផ្តល់ដំណឹងថែមធ្វើឱ្យមានការភ្ញាក់ផ្អើលថ្មីទៀតថា ចារកម្មអាមេរិកបានរកឃើញឯកសារជាច្រើនផ្ទុកក្នុងកុំព្យូទ័រយួរដៃរបស់មេបញ្ជាការឧទ្ទាមហ្វាកម្នាក់ឈ្មោះរ៉ូល រីយេស (Raul Reyes) ដែលត្រូវទាហានកូឡុំប៊ីបាញ់ស្លាប់នាឆ្នាំ២០០៨ ចំណោមឯកសារទាំងនោះមានមួយចំនួនបង្ហាញពីទំនាក់ទំនងរវាងឧទ្ទាមហ្វាក និងកាដាហ្វី ដូចយ៉ាងសំបុត្រមួយច្បាប់របស់ពួកឧទ្ទាមហ្វាកចុះថ្ងៃទី៤ កញ្ញា ឆ្នាំ២០០០ ផ្ញើឱ្យកាដាហ្វី ស្នើសុំខ្ចីប្រាក់១០០លានដុល្លារអាមេរិក សម្រាប់ប្រើប្រាស់ទិញកាំជ្រួចដី-អាកាស ។ ជាថ្នូរមកវិញ ហ្វាកនឹងបញ្ជូនពួកនារីសកម្មប្រយុទ្ធរបស់ខ្លួនទៅលីប៊ី ។ លោកហ្សង់ម៉ានុយអែល សង់តូស ប្រធានាធិបតីកូឡុំប៊ី ពេលផ្តល់សម្ភាសន៍ដល់ទស្សនាវដ្តី Der Spiegel របស់អាល្លឺម៉ង់ បាននិយាយថា លីប៊ីពេលនោះបានឱ្យពួកឧទ្ទាមហ្វាកខ្ចីរហូតដល់៣០០លានដុល្លារអាមេរិកឯណោះ។ សភាពការណ៍សព្វថ្ងៃនៅលីប៊ី បន្ទាប់ពីលេចឮព័ត៌មានថ្មីៗទាំងនេះ មនុស្សកាន់តែមិងមាំងហាក់ដូចលែងយល់អ្វីទាំងអស់ ពុំដឹងមួយណាពិត មួយណាជាការប្រឌិតបង្ខូចកេរ្តិ៍ឈ្មោះ។
ពួកទាហានស៊ីឈ្នួលធ្វើសង្គ្រាមនៅលីប៊ីជាអ្នកណា?
ពីមុនគេនិយាយច្រើនពីក្រមុំអង្គរក្សទាំង៤០នាក់របស់កាដាហ្វី ។ មជ្ឈដ្ឋានណាក៏និយាយ ក្នុងប្រទេសលីប៊ីក៏និយាយ នៅបរទេសក៏និយាយ និយាយទាល់តែរោយមាត់ សរសេរចុះកាសែតទាល់តែរោយដៃ ។ ប៉ុន្តែឥឡូវស្រាប់តែលេចព័ត៌មានពីវត្តមាននារីសកម្មប្រយុទ្ធពួកឧទ្ទាមហ្វាកក្នុងប្រទេសលីប៊ីទៀត ។ វាជាព័ត៌មានថ្មីសន្លាង ធ្វើឱ្យអ្នកខ្លះភ្ញាក់ចង់ដាច់ផ្ងារ សួរគ្នាថា ពិតមែន ឬប្រឌិត?
លោកចច ចូហ្វ (George Joft) អ្នកឯកទេសបញ្ហាលីប៊ីប្រចាំមជ្ឈមណ្ឌលស្រាវជ្រាវអន្តរជាតិនៅមហាវិទ្យាល័យខេមប្រ៊ីដ (Caim Bridge) ប្រទេសអង់គ្លេស បកស្រាយថា ទាហានស៊ីឈ្នួលធ្វើសង្គ្រាមនៅប្រទេសលីប៊ី មានតាំងពីឆ្នាំ១៩៨០ម៉្លេះ ហើយមានជាចំហទៀតផង តែមិនសូវច្រើនដូចឥឡូវទេ ។ កាលណោះលោកកាដាហ្វី លើកហេតុផលថា លីប៊ី ជាផ្នែកមួយរបស់ពិភពអារ៉ាប់ និងសាសនាអ៊ិស្លាម ដូច្នេះឱ្យតែជនជាតិមូស្លីមលីប៊ីទទួលទាំងអស់។ និយាយយ៉ាងម៉េចគាត់ធ្វើអ៊ីចឹងមែន ។ គាត់ជ្រើសរើសជនបរទេសច្រើនសន្ធឹកសន្ធាប់ បង្កើតបានជាកម្លាំងប្រយុទ្ធថ្មីដាក់ឈ្មោះថា «កងអាសាអ៊ិស្លាម» ។ ទាហានស៊ីឈ្នួលធ្វើសង្គ្រាមទាំងនោះ សុទ្ធសឹងជាជនជាតិមានទំនាក់ទំនងល្អជាមួយលីប៊ីដូចយ៉ាងម៉ាលី, ហ្សែរ, ឆាដ, ស៊ូដង់ជាដើម, មិនតែប៉ុណ្ណោះ មានទាំងជនមូស្លីមមកពីប្រទេសបូស្នីនៅអឺរ៉ុបទៀតផង ។ ពួកគេទទួលការដឹកនាំពីប្រធានាធិបតីកាដាហ្វី និងស្មោះត្រង់ដាច់ខាតជាមួយរបបដែលខ្លួនបម្រើ ។ ចំណែកស្រីបរទេសដែលស៊ីឈ្នួលធ្វើសង្គ្រាមក្នុងប្រទេសលីប៊ី កើតក្រោយទាហានស៊ីឈ្នួលប្រុស៥ឆ្នាំ តែមិនសូវច្រើនដូចប្រុសៗទេ ។ ពួកទាហានស៊ីឈ្នួលស្រី បន្ទាប់ពីចូលជួរហើយ គេបញ្ជូនទៅហ្វឹកហាត់នៅជំរំចល័តនាភាគខាងត្បូងលីប៊ី តមកពួកនាងបានទទួលការបំពាក់អាវុធទំនើបរាប់ទាំងអាវុធធុនស្រាល និងអាវុធធុនធ្ងន់ មិនខុសពីប្រុសបរទេសដែលស៊ីឈ្នួលធ្វើសង្គ្រាមឡើយ ។
អង្គការ UNHCR បានឱ្យដឹងថា តាំងពីពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០១១ នេះ ជនភៀសខ្លួនកាន់តែច្រើនឡើងៗពីទ្វីបអាហ្វ្រិក និងអាមេរិកឡាទីន ហូរចូលប្រទេសលីប៊ី ជាហេតុធ្វើឱ្យគេសង្ស័យអ្នកទាំងនោះជាពួកមនុស្សមកស៊ីឈ្នួលធ្វើសង្គ្រាមឱ្យកាដាហ្វី ។ អ្នកសង្កេតការណ៍ជាច្រើនរូបបានឱ្យដឹងដែរថា នារីស៊ីឈ្នួលធ្វើសង្គ្រាមក្នុងប្រទេសលីប៊ី មិនមែនសុទ្ធតែនារីសកម្មប្រយុទ្ធរបស់ពួកឧទ្ទាមហ្វាកក្នុងប្រទេសកូឡុំប៊ីទេ មានខ្លះមកពីប្រទេសអាល់ហ្សេរី បេឡារុស និងឆាដផងដែរ ៕
តាមឯកសារបរទេស
ចែករំលែកព័តមាននេះ