ខេត្តព្រះសីហនុ ៖ គិតត្រឹមវេលាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ កប៉ាល់ចំនួន៦គ្រឿង បានដឹកភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង៧០០នាក់ ដែលជាប់គាំងនៅលើកោះនានាមកកាន់ដីគោកវិញដោយសុវត្ថិភាព ។ វិធានការដឹកជញ្ជូនភ្ញៀវទេសចរពីដីកោះមកដីគោកនេះដោយសារធម្មជាតិមិនអំណោយផលព្រោះផ្ទៃមេឃអាប់អួរមានភ្លៀងនិងខ្យល់បោកបក់ខ្លាំងបង្កជារលកធំៗ ។

មន្ត្រីរដ្ឋបាលខេត្តឱ្យដឹងថា កប៉ាល់ដំបូងចេញអន្តរាគមន៍តែ៥គ្រឿងទេ តែអាជ្ញាធរខេត្តបន្ថែមកប៉ាល់១គ្រឿងទៀត កើនដល់៦គ្រឿង ដើម្បីដឹកជញ្ជូនភ្ញៀវទេសចរ ដែលជាប់គាំងនៅលើកោះឲ្យបានទាន់ពេលវេលា ។

ក្រសួងធនធានទឹកនិងឧតុនិយមបានចេញសេចក្តីប្រកាសរួចហើយអំពីស្ថានភាពអាកាសធាតុមិនអំណោយផលក្នុងការធ្វើដំណើរតាមផ្លូវទឹក(សមុទ្រ) ខណៈរងឥទ្ធិពលនៃព្យុះទី៤ កំពុងបោកបក់ពីសមុទ្រចិនឆ្ពោះទៅភាគខាងជើងប្រទេសវៀតណាម ហើយកម្ពុជាបានទទួលរងសម្ពាធទាបនេះ ពិសេសតំបន់មាត់សមុទ្រមានភ្លៀងធ្លាក់ច្រើន ខ្យល់ខ្លាំងរលកខ្ពស់ ។

ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣នេះ បានបញ្ជាឲ្យលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បញ្ចេញកប៉ាល់ធំៗចំនួន៥គ្រឿង ដើម្បីទៅដឹកជញ្ជូនភ្ញៀវទេសចរដែលជាប់គាំងនៅតាមបណ្ដាកោះនានា ដោយសារបញ្ហាអាកាសធាតុខ្យល់កន្ដ្រាក់ និងរលកសមុទ្រធំៗកាលពីថ្ងៃអាទិត្យកន្លងទៅ ។ ភ្ញៀវភាគច្រើនដែលជាប់គាំងនៅលើកោះរ៉ុង និងកោះរ៉ុងសន្លឹម ។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន ឯកឧត្តម គួច ចំរើន បានអះអាងថា ដោយមើលឃើញអាកាសធាតុបានធូរស្រាល និងរលករាងស្ងប់បន្ដិចនោះ ឯកឧត្តមបានបញ្ជាឲ្យស្នងការខេត្ត បញ្ចេញកប៉ាល់ធំៗ ដើម្បីទៅទទួលភ្ញៀវទេសចរដែលជាប់គាំងនៅតាមបណ្ដាកោះមកកាន់ដីគោក(ក្រុងព្រះសីហនុ)វិញ ។

អភិបាលខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា បើទោះបីស្ថានភាពអាកាសធាតុរាងស្ងប់ខ្យល់ និងរលកបន្ដិចក៏ពិតមែន ប៉ុន្ដែសមត្ថកិច្ចដែលចេញទៅទទួលភ្ញៀវទេសចរទាំងអស់នោះ ត្រូវត្រៀមលក្ខណៈគ្រប់បែបយ៉ាងដើម្បីការពារហានិភ័យដែលអាចកើតមានឡើង ក្នុងនោះ មន្ដ្រីនគរបាលជើងទឹក ក៏ត្រូវជិះអមដំណើរអ្នកទេសចរ ហើយអ្នកទេសចរទៀតសោត ត្រូវតែពាក់អាវពោងឲ្យបានគ្រប់ៗគ្នា ។

កប៉ាល់ធំៗបានដឹកភ្ញៀវទេសចរណ៍មកដល់ដីគោកចំនួន៤គ្រឿង ដែលមានមនុស្សចំនួន៧០៨នាក់ ក្នុងនោះស្រី៣៤៧នាក់ និងកុមា១៥នាក់ ហើយលោកបានបន្ថែមកប៉ាល់១គ្រឿងទៀតដើម្បីទៅយកអ្នកជាប់គាំងលើដែនកោះក្នុងនោះកប៉ាល់៥គ្រឿងមកពី៤ក្រុមហ៊ុនបានជួយធ្វើការដឹកជញ្ជូន ។

គួរជម្រាបថា ដោយសារបញ្ហាអាកាសធាតុភ្លៀង ខ្យល់កន្ដ្រាក់ និងរលកសមុទ្រធំៗនោះ អាជ្ញាធរបានសម្រេចឲ្យភ្ញៀវទេសចរដែលទៅកម្សាន្ដនៅតាមបណ្ដាកោះនានា មកកាន់ដីគោកវិញជាបណ្ដោះអាសន្នសិន ដោយរង់ចាំស្ថានភាពធូរស្រាល ។ នៅព្រឹកថ្ងៃទី១៧ កក្កដា ទើបមានការរៀបចំកប៉ាល់ធំៗ រួមជាមួយសមត្ថកិច្ច ដើម្បីទៅទទួលភ្ញៀវទាំងអស់នោះត្រឡប់មកកាន់ដីគោកវិញ ។

សូមជម្រាបថា នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣នេះ នៅខេត្តព្រះសីហនុផ្ទៃមេឃអួរអាប់មានភ្លៀងធ្លាក់ច្រើននិងមានខ្យល់បោកបក់ខ្លាំងលើផ្ទៃសមុទ្រចាប់តាំងពីវេលារំលងអធ្រាត្រមកក្នុងជំហានដំបូង ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបញ្ជូនកប៉ាល់ចំនួន៥គ្រឿង ដើម្បីទៅដឹកជញ្ជូនភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ ដែលជាប់គាំងនៅលើកោះដោយសារបញ្ហាអាកាសធាតុមិនអំណោយផល ព្រោះមានភ្លៀងនិងខ្យល់បក់បោកបង្កឱ្យមានរលកខ្ពស់ៗអាចបង្កគ្រោះថ្នាក់ជាយថាហេតុ សម្រាប់អ្នកធ្វើដំណើរតាមសមុទ្រ។ ជាមួយគ្នានេះមានការហាមទូកនេសាទទាំងអស់មិនឱ្យចេញនេសាទទេ ដើម្បីបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុ ។
ត្រឹមរសៀលថ្ងៃដដែលក្រុមមន្ត្រីឱ្យដឹងថា នៅសល់កប៉ាល់២ទៀតកំពុងដឹកជញ្ជូនភ្ញៀវ នៅតាមកោះយកមកកាន់ដីគោកវិញដែរ ៕





អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ