ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លួន​មួយ​ជីវិត​ពីរ​ពេទ្យ​ឆ្មប​សង្គ្រោះ​មិន​បាន​ ឈឺ​ពោះ​ឆ្លង​ទន្លេ​រហូត​ដាច់​ខ្យល់​ទើប​ចាត់​ចែង​បញ្ជូន​ឱ្យ​ផុត​​ពី​ដៃ

14 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​​ ៖ ​ស្ត្រី​ម្នាក់​រួម​ទាំង​កូន​ប្រុស​ក្នុង​ផ្ទៃ​បាន​ស្លា.ប់​បាត់​បង់​ជីវិត​​ បន្ទាប់​ពី​ឈឺ​ពោះ​គ្រប់​ខែ​ ហើយ​ត្រូវ​​ប្តី​ និង​ម្តាយ​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​បង្អែក​សម្តេច​ឪ​ដែល​មាន​ទី​តាំង​នៅ​សង្កាត់​គីឡូ​ម៉ែត្រ​លេខ​៦​ ខណ្ឌ​ឫស្សី​កែវ ។ ការ​ស្លា.ប់​ទាំង​ម្តាយ​ និង​កូន​​នេះ​បាន​ធ្វើ​ឱ្យ​មាន​ប្រតិ​កម្ម​យ៉ាង​ខ្លាំង​ពី​ញាតិ​មិត្ត​ជិត​ឆ្ងាយ​ និង​មិន​អស់​ចិត្ត​​ពី​សំណាក់​ក្រុម​គ្រួសារ​​ដោយ​អះ​អាង​ថា

រាជ​ធានី​ភ្នំពេញ​​ ៖ ​ស្ត្រី​ម្នាក់​រួម​ទាំង​កូន​ប្រុស​ក្នុង​ផ្ទៃ​បាន​ស្លាប់​បាត់​បង់​ជីវិត​​ បន្ទាប់​ពី​ឈឺ​ពោះ​គ្រប់​ខែ​ ហើយ​ត្រូវ​​ប្តី​ និង​ម្តាយ​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​បង្អែក​សម្តេច​ឪ​ដែល​មាន​ទី​តាំង​នៅ​សង្កាត់​គីឡូ​ម៉ែត្រ​លេខ​៦​ ខណ្ឌ​ឫស្សី​កែវ ។

ការ​ស្លាប់​ទាំង​ម្តាយ​ និង​កូន​​នេះ​បាន​ធ្វើ​ឱ្យ​មាន​ប្រតិ​កម្ម​យ៉ាង​ខ្លាំង​ពី​ញាតិ​មិត្ត​ជិត​ឆ្ងាយ​ និង​មិន​អស់​ចិត្ត​​ពី​សំណាក់​ក្រុម​គ្រួសារ​​ដោយ​អះ​អាង​ថា បណ្តាល​មក​ពី​ការ​ធ្វេស​ប្រហែស​​របស់​​ពេទ្យ​ឆ្មប​ដែល​មិន​បាន​យក​ចិត្ត​ទុក​ដាក់​។ លុះ​ដល់​ពេល​អ្នក​ជំងឺ​ធ្ងន់​ធ្ងរ​មែន​ទែនរហូត​ផុត​ដង្ហើម​​ទើប​ស្ទុះ​ស្ទា​ចាត់​ចែង​​បញ្ជូន​ទៅ​កាន់​មន្ទី​រ​ពេទ្យ​កាល់ម៉ែត​​​ឱ្យ​ផុត​ពី​ដៃ​ និង​បាន​​​ស្លាប់​បាត់​ទៅ​ហើយ​មុន​ពេល​បញ្ជូន​ទៅ​ដល់​ ហើយ​ត្រូវ​បាន​រថ​យន្ត​​ដដែល​ជួយ​ដឹក​ត្រឡប់​មក​វិញ​យក​ទៅ​ឈាប​ន​ដ្ឋាន​​។

ស្ត្រី​ដែល​បាន​ស្លាប់​ទាំង​កូន​ក្នុង​ផ្ទៃ​នេះ​ឈ្មោះ​ហុក ដាវី អាយុ​៣០​ឆ្នាំ​ រស់​នៅ​ផ្ទះ​លេខ​​២៩២ ក្រុម​ទី២ ភូមិ​ស្ពាន​ខ្ពស់ សង្កាត់​គីឡូ​ម៉ែត្រ​លេខ​៦ ខណ្ឌ​ឫស្សី​កែវ​។ ស្ត្រី​រូប​នោះ​បាន​ស្លាប់​បាត់​បង់​ជីវិត​កាល​ពី​វេលា​ម៉ោង​១ និង​១៧​នាទីរំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៧ ខែ​ឧសភា ពេល​បញ្ជូន​ចេញ​ពី មន្ទីរ​ពេទ្យ​បង្អែក​សម្តេច​ឪ ទៅ​កាន់​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​។ ពេល​ទៅ​ដល់​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​ត្រូវ​​គ្រូ​ពេទ្យ​ប្រចាំ​ការ​ពិនិត្យ​ភ្លាមៗ​ទើប​ដឹង​ថា ស្លាប់​បាត់​ទៅ​ហើយ​ ដែល​គេ​សង្ស័យ​ថា ស្លាប់​តាំង​តែ​ពី​បញ្ជូន​ចេញ​ពី​មន្ទីរ​ពេទ្យ​សម្តេច​ឪ​ម្លេ៉ះ​។ សព​ម្តាយ និង​កូន​ប្រុស​ត្រូវ​​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​កាន់​ឈាបន​ដ្ឋាន​វត្ត​ឧត្តរាវតី​ ធ្វើ​បុណ្យ​តាម​ប្រពៃ​ណី​ និង​បូជា​នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​ឧសភា​​ទាំង​ក្តី​អាឡោះ​អាល័យបំផុត​ និង​នឹក​ស្មាន​មិន​ដល់​​ធ្វើ​ឱ្យ​ក្រុម​គ្រួសារ​ឈឺ​ចាប់​ក្រៃ​លែង​ ។

តាម​ស្ត្រី​ឈ្មោះ​ក្លូត សុខា អាយុ​៤៧​ឆ្នាំ ត្រូវ​ជា​ម្តាយ​ស្ត្រី​ដែល​ស្លាប់​មាន​ប្រតិ​កម្ម​យ៉ាង​ខ្លាំង​ដោយ​អះ​អាង​ថា នេះ​ជា​កំហុស​​​គ្រូ​ពេទ្យឆ្មប​​​នៃ​មន្ទីរ​ពេទ្យ​សម្តេច​ឪ​ មិន​យក​ចិត្ត​ទុក​ដាក់​ដោយ​ទុក​អ្នក​ជំងឺ​​ចោល​ ដល់​ពេល​ធ្ងន់​ធ្ងរ​ទើប​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​កាល់​ម៉ែត ហើយ​បាន​ស្លាប់​ទាំង​ម្តាយ​ និង​កូន​ក្នុង​ផ្ទៃ​។ ស្ត្រី​ជា​ម្តាយ​ដែល​នៅ​កំដរ​ជាប់​ជាមួយ​កូន​បាន​ឱ្យ​ដឹង​ទៀត​ថា កូន​ស្រី​របស់​គាត់​ឈឺ​ពោះ​គ្រប់​ខែត្រូវ​​ឆ្លង​ទន្លេ​នៅ​វេលា​ម៉ោង​ប្រមាណ​១១​ព្រឹក​ ថ្ងៃ​ទី​៦ ខែ​ឧសភា ហើយ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​មន្ទីរ​ពេទ្យ​បង្អែក​សម្តេច​ឪ​ដែល​ស្ថិត​នៅ​ជិត​ផ្ទះ​ តែ​ត្រូវ​គ្រូ​ពេទ្យ​ឱ្យ​ដឹង​ថា ស្បូន​មិន​ទាន់​បើក​ទេ ក៏​ឱ្យ​ត្រឡប់​មក​ផ្ទះ​វិញ​។ លុះ​​ដល់​ពេល​​វេលា​យប់​ឈឺ​ពោះ​ទៀត ​​ក៏​ធ្វើ​ដំណើរ​ទៅ​មន្ទីរ​ពេទ្យ​ ហើយ​​ត្រូវ​គ្រូពេទ្យ​ដដែល​អះ​អាង​ថា ស្បូន​មិន​ទាន់​បើក​​ដដែល​​ ក៏​ឱ្យ​ទៅ ផ្ទះ​វិញទៀត​។ នៅ​ពេល​ចុង​ក្រោយ​​ ពេល​ឈឺ​ពោះខ្លាំង​​​​ទៀត ​​ម្តាយ និង​ប្តី​ក៏​បញ្ជូន​ទៅ​ដល់​មន្ទី​រពេទ្យ​​ជា​លើក​ទី​៣​ទៀត​ ហើយ​ត្រូវ​គ្រូ​ពេទ្យ​ឆ្មប​ពិនិត្យ​ដោយ​និយាយ​ថា ស្បូន​មិន​ទាន់​បើក​ គឺ​បើក​តែ​មួយ​។ ពេទ្យ​ឆ្មប​ថារួច​ក៏​ត្រឡប់​​ចូល​ទៅ​ក្នុង​បន្ទប់​ដេក​បាត់​ទៅ​ដោយ​ប្រាប់​មក​វិញ​ថា «កុំ​ហៅ​ច្រើន​ពេក​ចាំ​ឈឺ​ខ្លាំង​សឹម​ហៅ ​ទុក​ឱ្យ​ខ្ញុំ​​បាន​ដេក​ពួន​ផង​អត់​ងងុយ​ណាស់​»។ ថា តែ​ប៉ុណ្ណេះ​អ្នក​គ្រូ​ឆ្មប​ទៅ​ដេក​បាត់​ទៅ​។

ស្ត្រី​ជា​ម្តាយ​បន្ត​ទៀត​ថា ក្រោយ​មក​កូន​ស្រី​គាត់​ឈឺ​ពោះ​​កាន់​តែ​ខ្លាំង​​ ឈឺ​មហា​ឈឺ ប៉ុន្តែ​គាត់​ជា​ម្តាយ​ពុំ​ហ៊ាន​ទៅ​ហៅ​គ្រូ​ពេទ្យ​ទេ ដោយ​ខ្លាច​គ្រូ​ពេទ្យ​ស្តី​ឱ្យ​ទៀត ព្រោះ​គ្រូ​ពេទ្យ​បាន​ស្តី​ឱ្យ​រួច​ទៅ​ហើយ​។ ដោយ​កូន​របស់​គាត់​ទ្រាំ​ឈឺ​រហូត​ដល់​បាត់​មាត់ ​​ធ្លាក់​ដៃ​ចុះ​ ទើប​រូប​គាត់​ស្ទុះ​ទៅ​ហៅ​គ្រូ​ពេទ្យ ហើយ​ត្រូវ​គេ​​​​ចាត់​ចែង​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​ឱ្យ​ផុត​ពី​ដៃ​។ ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរ​ពេទ្យ​ កូន​របស់​គាត់​ស្លាប់​បាត់​ទៅ​ហើយ រួម​ទាំង​កូន​ក្នុង​ផ្ទៃ​។ បន្ទាប់​ពី​ស្លាប់​បាត់​បង់​ជីវិត ​រថ​យន្ត​សាមុយ​របស់​មន្ទីរ​ពេទ្យ​បង្អែក​សម្តេច​ឪ​បាន​បញ្ជូន​ទៅ​កាន់​ឈាប​ន​ដ្ឋាន​វត្ត​ឧត្តរាវតី​ធ្វើ​បុណ្យ​តាម​ប្រពៃ​ណី​។

តាម​សំដី​បុរស​ជា​ប្តី​ឈ្មោះ​សួង ប៊ុន​ថេង អាយុ​៣៥​ឆ្នាំ ឱ្យ​ដឹង​ថា នេះ​ជា​ការ​អៀន​ខ្មាស​ណាស់​ដែល​មន្ទីរ​ពេទ្យ​នៅ​ក្នុង​ក្រុង​ដែល​មាន​សំភារ​គ្រប់​គ្រាន់​ បែរ​ជា​គ្មាន​លទ្ធ​ភាព​សង្គ្រោះ​ប្រពន្ធ​លោក​ឱ្យ​បាន​ទាន់​ពេល។ បើសិន​​គ្រូ​ពេទ្យ​ពិនិត្យ​មើល​ទៅ​ឃើញ​វា​ធ្ងន់​ធ្ងរ​គ្មាន​លទ្ធ​ភាព ​ត្រូវបញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ធំៗ​ដើម្បី​សង្គ្រោះ​បន្ទាន់ ​មិន​គួរ​ទុក​ចោល​ក្នុង​មន្ទីរ​ពេទ្យ​ដោយ​មិន​រវី​រវល់ ​ទុក​ទាល់​តែ​ស្លាប់​បែប​នេះ​ឡើយ​។

បុរស​ជា​ប្តី​​ឱ្យ​ដឹង​ថា លោក​​មិន​ប្តឹង​តវ៉ា​ទេ គឺ​គ្រាន់​តែ​សំណូម​ពរ​ដល់​ប្រធាន​មន្ទីរ​សុខា​ភិ​បាលរាជ​ធានី​ភ្នំពេញឱ្យជួយ​ពិនិត្យ​កុំ​ឱ្យ​ប្រជា​ពល​រដ្ឋ​ស្លូត​ត្រង់​ដែល​មិន​ដឹង​អ្វី​រង​គ្រោះ​តទៅ​ទៀត​ ព្រោះ​អ្នក​ជំងឺ​ទៅ​មន្ទីរ​ពេទ្យ​​សង្ឃឹម​លើ​គ្រូ​ពេទ្យ​។ តាម​ការ​ពិនិត្យ​ជាក់​ស្តែង​​ ទាំង​សីល​ធម៌​ និង​វិជ្ជា​ជីវៈ​ គ្រូពេទ្យ​​មួយ​ចំនួន​មាន​ការ​ខ្វះ​ខាត​ដែល​បាន​បណ្តោយ​ឱ្យ​ប្រពន្ធ​របស់​លោក​​ធ្ងន់​ធ្ងរស្លាប់​ទើប​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​កាល់​ម៉ែត ​ដែល​វា​ហួស​ពេល​ទៅ​ហើយ​។​

លោក​វេជ្ជ​បណ្ឌិត​ឡុង នី ប្រធាន​មន្ទីរ​ពេទ្យ​បង្អែក​​សម្តេច​ឪបាន​ឱ្យ​ដឹង​ថា មន្ទីរ​ពេទ្យ​ជា​អ្នក​រង​គ្រោះ​។ ការ​ស្លាប់​នេះ​អាច​បណ្តាល​មក​ពី​អ្នក​ជំងឺ​ធ្លាប់​ដួល​ ធ្លាប់​​យកកូន​ចេញ​ច្រើន​ដង​ និង​ធ្លាប់​វះ​កាត់​ប្រមាត់​។

លោក​នាយក​មន្ទីរ​ពេទ្យ​ រួម​ទាំងអ្នក​​ស្រី​​​ពេទ្យ​ឆ្មប​ឈ្មោះផា សុផាន ឱ្យ​ដឹង​ថា នៅ​ពេល​ដែល​​អ្នក​ជំងឺ​មក​ដល់​ភ្លាម​ អ្នក​ជំងឺ​ឈឺ​ពោះ​ខ្លាំង ​ត្រូវ​រូប​គាត់​ចាត់​ចែង​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​ ហើយ​បាន​ស្លាប់​នៅ​ក្នុង​មន្ទីរ​ពេទ្យ​​កាល់​ម៉ែត។ អ្នក​ស្រី​ផា សុផាន ​ឱ្យ​ដឹង​ថា អ្នក​ស្រី​ជា​ពេទ្យ​ឆ្មប​រយៈ​ពេល​ជាង​២០​ឆ្នាំ​មក​ហើយ​មិន​ដែល​ជួប​ប្រទះ​​ និង​មាន​រឿង​ដូច​នេះ​ទេ ។

គួរ​បញ្ជាក់​ថា ស្ត្រី​​ឈឺ​ពោះ​ឆ្លង​ទន្លេ​ដែលជួប​គ្រោះ​អកុសល​ស្លាប់​ទាំង​កូន​នេះ​សំរាល​កូន​ជា​កូន​លើក​ទី​២។ បើ​តាម​ការ​អះ​អាង​របស់​ប្តី​ថា នៅ​ពេល​មាន​ផ្ទៃ​ពោះ ​ប្រពន្ធ​លោក​តែង​តែ​ទៅ​ពិនិត្យ​សុខ​ភាព​ត្រឹម​ត្រូវ​​មិន​នឹកស្មាន​ថា ជួប​រឿង​បែប​នេះ​ឡើយ​។ នៅ​ពេល​ភរិយា​ទទួល​មរណ​ភាព ​ប្តី​បាន​បួសមុខ​ភ្លើង ចំណែក​កូន​ប្រុស​ម្នាក់​អាយុ​៤​ឆ្នាំ​បាន​កោ​រសក់​ឈរ​ជិត​​មឈូស​សព​ម្តាយ​ទាំង​យំ​សស្រាក់​រហូត​យំ​លែង​ចេញ​​។

មាន​មតិ​ជា​ច្រើន​បាន​រិះ​គន់​ថា មក​ដល់​សម័យ​ជឿន​លឿន​នេះ​ហើយ​គេ​មិន​គួរ​ទុក​ឱ្យ​អ្នក​សំរាល​កូន​​ស្លាប់​ទាំង​ម្តាយ ទាំង​កូន​បែប​នេះ​ឡើយ។ យ៉ាង​ហោច​ណាស់​សង្គ្រោះ​ជីវិត​ម្តាយ​បាន​ប្រសិន​បើ​ពេទ្យ​យក​ចិត្ត​​ទុកដាក់​ឱ្យ​ដល់​កម្រិត​បច្ចេក​ទេស​របស់​ខ្លួន​។ តើ​​អ្នក​​ស្រី​គ្រូ​ពេទ្យ​ឆ្មប​ដែល​ទទួលបន្ទុក​នេះ​មាន​វិប្បដិ​សារី​ដែរ​ទេ?