ឥណ្ឌូណេស៊ី ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ទៅកាន់អ្នកសារព័ត៌មាននៅសាលសន្និសីទទីក្រុងហ្សាការតា ពាក់ព័ន្ធទៅ នឹងជម្លោះតំបន់ព្រំដែនកម្ពុជា-ថៃថា ដូចអស់លោក លោកស្រីបានដឹងហើយថា បញ្ហាព្រំដែនកម្ពុជា-ថៃ គឺជាជម្លោះមួយនាំទៅដល់ការល្អក់កករនៅក្នុងក្របខណ្ឌប្រជុំអាស៊ាន ហើយជាបញ្ហាប្រឈមនៃការឈានឆ្ពោះទៅរកការបង្កើតសហគមន៍នៅឆ្នាំ២០១៥ ខាងមុខ ។
សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា ក្នុងស្មារតីជាគ្រួសារអាស៊ានការខិតខំរបស់ប្រធានអាស៊ានបានប្រព្រឹត្តទៅតាំងពីខែកុម្ភៈ រហូតមកដល់ពេលនេះ ។ លុះថ្ងៃទី២២ កុម្ភៈ នៅទីក្រុងហ្សាការតា រដ្ឋមន្ត្រីការបរទេសអាស៊ានបានសម្រេចទាក់ទិននឹងការបញ្ជូនអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ីទៅកាន់ប្រទេសថៃនិងកម្ពុជា នៅតំបន់ជាប់គ្នា ។ កម្ពុជាតែងយកការទទួលខុសត្រូវរបស់ខ្លួន ហើយបានគិតគូរទៅដល់ការបារម្ភទាំងឡាយពាក់ព័ន្ធជាមួយជម្លោះសាជាថ្មីម្តងទៀត។ កម្ពុជាឆ្លើយតបភ្លាមៗជាមួយនឹងលក្ខខណ្ឌប្រតិបត្តិដែលព្រាងឡើងដោយឥណ្ឌូណេស៊ី ។
សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍បន្តថា រយៈពេលចុងក្រោយនេះ គឺកម្ពុជាបានសម្រេចចុះហត្ថលេខាទៅលើលិខិតប្តូរសារ ដើម្បីឈានទៅដល់ការកំណត់ពាក់ព័ន្ធទៅនឹងតួនាទីនៃអ្នកសង្កេតការណ៍ និងភារកិច្ចរបស់ម្ចាស់ផ្ទះទាំងកម្ពុជា និងថៃ ។ ចំណែកភាគីថៃ មិនទាន់ចុះហត្ថលេខាលិខិតមួយនេះទេ ហើយក៏ មានលក្ខខណ្ឌជាមួយនឹងការដែលតម្រូវឱ្យកម្ពុជាដកកម្លាំង និងប្រជាពលរដ្ឋចេញពីតំបន់លើទឹកដីកម្ពុជា ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់ថា ម្សិលមិញខ្ញុំក៏បានសង្កត់ថា យើងមិនអាចធ្វើទៅបានទេ នូវការដែលដកកងទ័ពកម្ពុជា ប្រជាជនកម្ពុជាចេញពីទឹកដីកម្ពុជាខ្លួនឯង ។ កម្ពុជាលើកបញ្ហាមិនមែនចង់បង្កជម្លោះទេ ក៏ប៉ុន្តែយើងលើកបញ្ហាដើម្បីដោះស្រាយបញ្ហា ។ ដោយសារតែបញ្ហាម្សិលមិញនេះការយកចិត្តទុកដាក់ពីសហសេវិកក្នុងអាស៊ាន ជាពិសេសពីសំណាក់ប្រធានាធិបតីឥណ្ឌូណេស៊ី ដែលជាប្រធានអាស៊ាន ហើយព្រឹកមិញនេះយើងបានធ្វើការសម្របសម្រួល។ វាជាការកម្រណាស់យើងបានជួបក្នុងលក្ខណៈត្រីភាគីរវាងម្ខាងកម្ពុជា ម្ខាងថៃ និងអ្នកអង្គុយកណ្តាលគឺលោកប្រធានាធិបតីឥណ្ឌូណេស៊ី ជាប្រធានអាស៊ាន ។ ការពិភាក្សានេះមិនគ្រាន់តែការពិភាក្សារវាងនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃទេ ក៏ប៉ុន្តែមានការចូលរួមចំណែកផ្តល់មតិ និងសម្រុះសម្រួលរបស់ប្រធានាធិបតីឥណ្ឌូណេស៊ី ។ បញ្ហានៅទីបញ្ចប់ប្រធានាធិបតីឥណ្ឌូណេស៊ីបានផ្តល់ជាអនុសាសន៍ថា ឱ្យភាគីទាំងពីរកម្ពុជា-ថៃទទួលយកនៅត្រង់ថា ឥឡូវនេះ ត្រូវទុកឱ្យរដ្ឋមន្ត្រីការបរទេសកម្ពុជា និងថៃ នៅបន្តធ្វើការងារជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ីក្នុងរយៈពេលមួយថ្ងៃទៀត ។ សម្តេចគូសបញ្ជាក់ថា នេះហើយជាតួនាទីរបស់ភាគីទី៣ គឺជាប្រធានអាស៊ានដែលផ្តល់នូវអនុសាសន៍ចំពោះយើងសម្រាប់ការស្វែងរកដំណោះស្រាយ ។ តើអ្វីទៅចាំបាច់ឱ្យបន្តការងារយ៉ាងដូច្នេះ ។
បញ្ហាស្ថិតនៅត្រង់ថា ថៃមិនបានព្រមចុះហត្ថលេខាទៅលើលក្ខខណ្ឌប្រតិបត្តិដែលតម្រូវឱ្យមានការបញ្ជូនទៅ អ្នកសង្កេតការណ៍របស់ឥណ្ឌូណេស៊ីទេ ។ ថៃចង់ឱ្យមានការប្រជុំគណៈកម្មការព្រំដែនជាមុន សម្រុះសម្រួលកិច្ចការរួចហើយ ទើបវិលត្រឡប់មកចុះហត្ថលេខាទៅលើលក្ខខណ្ឌប្រតិបត្តិការស្តីពីការបញ្ជូនអ្នកសង្កេតការណ៍ទៅប្រចាំការ ។
កម្ពុជា ជំហររបស់កម្ពុជាត្រូវបញ្ជូនអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ី ទៅដល់កម្ពុជា និងទៅដល់ថៃ ការចាប់ផ្តើមប្រជុំ JBC និងត្រូវដំណើរការឡើងវិញភ្លាម។ ដោយមានបំណងដើម្បីដោះស្រាយបញ្ហាព្រឹកមិញខ្ញុំបានយល់ស្របមួយជំហានទៀត គឺ ឱ្យចុះហត្ថលេខាមុនដោយមិនចាំបាច់បញ្ជូនអ្នកសង្កេតការណ៍ទៅដល់ គេគ្រាន់តែចុះហត្ថលេខាទៅលើលក្ខខណ្ឌប្រតិបត្តិបន្ទាន់ទៅអាចបើកការប្រជុំ JBC បានភ្លាម ។ លោករដ្ឋមន្ត្រីការបរទេស ហោ ណាំហុង ត្រៀមនឹងពិភាក្សាជាមួយនឹងសមភាគីថៃសមភាគីឥណ្ឌូណេស៊ី ដែលជាប្រធានអាស៊ាន និងអាចធ្វើសេចក្តីប្រកាសនៅពេលណាដែលមានការចុះហត្ថលេខាលើលក្ខខណ្ឌប្រតិបត្តិ យើងនឹងបើកការចរចានៅថ្ងៃក្រោយ ឬមួយម៉ោងក្រោយក៏បាន ។
សម្តេចតេជោថ្លែងថា នៅត្រង់ថា ដល់ទាក់ទិនទៅ នឹងប្រាសាទព្រះវិហារនេះ ក៏បានទៅដល់ក្រុមប្រឹក្សាសន្តិសុខ ហើយក្រុមប្រឹក្សាសន្តិសុខក៏បានបញ្ជូនមកដល់អាស៊ាន ហើយអាស៊ានក្នុងក្របខណ្ឌឥណ្ឌូណេស៊ី កំពុងតែដើរតួនាទីជួយយើងនៅក្នុងដំណើរការនេះ ។ ដូច្នេះយើងត្រូវតែគោរពតួនាទីរបស់ប្រធានអាស៊ានដែលជាអ្នកសម្របសម្រួល ឯយើងមិនអាចលួចចរចាគ្នាស្ងាត់ៗដោយមិនឱ្យប្រធានអាស៊ានបានដឹងនោះទេ ។ ម្យ៉ាងទៀតលក្ខខណ្ឌប្រតិបត្តិ ការយល់ព្រមទទួលយកអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ី ក៏បានធ្វើក្នុងក្របខណ្ឌរដ្ឋមន្ត្រីការបរទេសអាស៊ានតាំងពីថ្ងៃទី ២២ កុម្ភៈ រួចមកហើយៗលក្ខខណ្ឌប្រតិបត្តិនេះក៏បានកែតម្រូវរហូតដល់ទៅ៧លើករួចទៅហើយដែរ ហើយពេលនោះក៏គ្មានការទាមទារណាមួយឱ្យដកកម្លាំង ឬប្រជាជនកម្ពុជាចេញ ឬគ្មានការទាមទារណាមួយឱ្យប្រជុំ JBC មុនទេ លក្ខខណ្ឌប្រតិបត្តិចុះហត្ថលេខាដែរ ។ ពិតមែនតែខ្ញុំមិនទាន់ប្រាកដប្រជាថា ធ្វើអាចទៅរួច ក៏ប៉ុន្តែយ៉ាងណាក៏ដោយ បរិយាកាសនៃការប្រជុំព្រឹកនេះមានការធូរស្រាល ។
សម្តេចតេជោបញ្ជាក់ទៀតថា ជំហររបស់កម្ពុជា ទាក់ទងទៅនឹងបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃនេះគឺ មានពីរចំណុចសំខាន់ដែលចែកជាទិដ្ឋភាពពីរបែប ទិដ្ឋភាពមួយបែបគឺទិដ្ឋភាពនៃតំបន់ជម្លោះនៃប្រាសាទព្រះវិហារដែលមានសង្គ្រាមទ្រង់ទ្រាយធំកាលពីការខែកុម្ភៈ។ ទិដ្ឋភាពនេះរាល់ការចរចាណាមួយត្រូវតែ មានការចូលរួមពីភាគីតួអង្គអាស៊ាន ។ ដោយសាររឿងនេះ បានទៅដល់ក្រុមប្រឹក្សាសន្តិសុខ ក្រុមប្រឹក្សាសន្តិសុខក៏បានផ្តល់តួនាទីឱ្យអាស៊ាន ក្នុងក្របខណ្ឌប្រធានអាស៊ាន ដែលទទួលអាណត្តិពីក្រុមប្រឹក្សាសន្តិសុខត្រូវតែមានការចូលពាក់ព័ន្ធនៅក្នុងបញ្ហាក្នុងតំបន់នេះ ។
ឯតំបន់ក្រៅពីនោះដូចជាការប្រយុទ្ធគ្នានៅតំបន់ប្រាសាទតាមាន់ ប្រាសាទតាក្របីដែលនៅចម្ងាយ១០០គីឡូម៉ែត្រ ពីប្រាសាទព្រះវិហារ ដំណើរការចរចាទ្វេភាគីគ្រប់កម្រិត ។ ខ្ញុំបានប្រាប់នាយករដ្ឋមន្ត្រីថៃ និងលោកប្រធានាធិបតីឥណ្ឌូណេស៊ីថា កម្ពុជាមិនទាន់រំលាយចោលយន្តការណាមួយនៅឡើយទេ បញ្ហាស្ថិតនៅត្រង់ថា នៅជាប់ពាក់ព័ន្ធក្រុមប្រឹក្សាសន្តិសុខ ជាពិសេសនៅក្នុងក្របខណ្ឌអាស៊ាន ការចរចារឿងប្រាសាទព្រះវិហារត្រូវតែមានការចូលពាក់ព័ន្ធរបស់អាស៊ាន ឯតំបន់ដទៃទៀតការចរចាទេ្វភាគីដូចដែលមានជម្លោះ១១ថ្ងៃ ការប្រយុទ្ធ១១ថ្ងៃ ១១យប់ ខ្ញុំបានប្រើប្រាស់វិធីសាស្ត្រកម្ពុជា និងថៃ ដោះស្រាយគ្រប់គ្រងបញ្ហាដោយខ្លួនឯង ដោយមិនមានក្រុមប្រឹក្សាសន្តិសុខ ឬអាស៊ានទេ។
ជាការសន្និដ្ឋានរបស់ខ្ញុំយល់ថា ទោះបីជាមានបញ្ហាការលើកឡើងនៅក្នុងក្របខណ្ឌ ក៏ប៉ុន្តែនិន្នាការទូទៅទាំងមិត្តភក្តិអាស៊ាន ទាំងភាគីកម្ពុជា និង ភាគីថៃ ដើរតម្រង់ឆ្ពោះទៅរកការកាត់បន្ថយភាពតានតឹង បញ្ចៀសនូវជម្លោះ ប្រដាប់អាវុធឈានទៅរកការដោះស្រាយដោយសន្តិវិធីលើគ្រប់បញ្ហា ។ កម្ពុជា និងថៃខ្លួនឯងក៏មិនចង់ឱ្យមានជម្លោះ ឯមិត្តភក្តិអាស៊ានក៏មិនចង់ឱ្យមានជម្លោះ ហើយក៏ចង់ដោះស្រាយជម្លោះនេះដោយសន្តិវិធីតាមរយៈនៃការចរចាដោយមានការចូលរួមសមស្របពីសំណាក់ប្រធានអាស៊ាន និងជាតួអង្គកម្ពុជា-ថៃនៃយន្តការដែលមានស្រាប់ ។
ខ្ញុំមកកាន់ទីនេះក៏មិនមែនមកបង្កសង្គ្រាមពាក្យសម្តីនោះទេ ក៏ប៉ុន្តែមកបញ្ជាក់បង្ហាញជូនថា សភាពការណ៍វាបានវិវត្តឆ្ពោះទៅរកការដោះស្រាយបញ្ហា គ្រាន់តែការដោះស្រាយបញ្ហាវាមិនដូចបំណងប្រាថ្នាដែលវាចង់បានទេ ។ ការចរចាវាលំបាក ក៏ប៉ុន្តែវាលំបាកយ៉ាងណា វាប្រសើរជាងការស្លាប់ជីវិតមនុស្ស របួស និងខូចខាតទ្រព្យសម្បត្តិប្រជាពលរដ្ឋដែរ គឺប្រសើរជាងសង្គ្រាម ៕
ចែករំលែកព័តមាននេះ