ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​មាស​កើនឡើង​ដល់​កម្រិត​ខ្ពស់ បាន​មក​ពី​ការ​គាំទ្រ​ដោយ​ប្រាក់​ដុល្លារ​អា​មេ​រិ​ក

9 ខែ មុន

សហរដ្ឋអាមេរិក ៖ តម្លៃ​មាស​នៅ​ទូ​ទាំង​ពិភពលោក បាន​កើនឡើង​ដល់​កម្រិត​ខ្ពស់​នៅ​ក្នុង​រយៈពេល​

សហរដ្ឋអាមេរិក ៖ តម្លៃ​មាស​នៅ​ទូ​ទាំង​ពិភពលោក បាន​កើនឡើង​ដល់​កម្រិត​ខ្ពស់​នៅ​ក្នុង​រយៈពេល​ជិត​មួយ​ខែ ដែល​គាំទ្រ​ដោយ​ប្រាក់​ដុល្លារ​អា​មេ​រិ​ក បន្ទាប់​ពី​ទិន្នន័យ​នៃ​អតិផរណា​របស់​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទី​១​ពិភពលោក​មួយ​នេះ បង្ហាញ​ក្តី​សង្ឃឹមថា ធនាគារកណ្តាល​អា​មេ​រិ​ក នឹង​បញ្ឈប់​ការ​រឹត​បន្តឹង​គោលនយោបាយ​រូបិយ​វត្ថុ​របស់​ខ្លួន​។ នេះ​បើ​យោង​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២៣​។

តម្លៃ​មាស (Spot Gold) បាន​កើនឡើង ០.៣% ក្នុង​តម្លៃ ១,៩៦២.១១​ដុល្លារ​ក្នុង​១​អោន (​ស្មើនឹង ០.៧៥៥៩៨៧៣​ដំឡឹង​) ដែល​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ចាប់តាំងពី​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២៣ ខណៈ​ដែល​អនាគត​មាស​របស់​សហរដ្ឋអាមេរិក បាន​កើនឡើង ០.២% នៅ​ក្នុង​តម្លៃ ១,៩៦៥.៨០​ដុល្លារ​។ តម្លៃ​ទំនិញប្រើប្រាស់​របស់​សហរដ្ឋអាមេរិក បាន​កើនឡើង​តិចតួច នៅ​ក្នុង​ខែមិថុនា ហើយ​បាន​ចុះបញ្ជី​ការ​កើនឡើង​ប្រចាំឆ្នាំ​នៅ​ក្នុង​ចំនួន​តិច​បំផុត​របស់​ពួក​គេ​ក្នុង​រយៈពេល​ជាង​២​ឆ្នាំ​ចុង​ក្រោយ​។

ជាមួយ​គ្នា​នោះ អ្នកជំនាញ​មួយ​ចំនួន​បាន​ធ្វើការ​ព្យាករណ៍​ថា តម្លៃ​មាស​អាច​ឡើង​ខ្ពស់​ទៅ​ជិត​សញ្ញា ២,០០០​ដុល្លារ ប៉ុន្តែ​ឱកាស​នៃ​តម្លៃ​ធ្លាក់​ចុះ​ទំនងជា​កើតឡើង​នៅ​ក្នុង​ត្រីមាស​នេះ​ផង​ដែរ​។

ការ​ផ្តោតអារម្មណ៍​ជា​ច្រើន នៅ​តែ​មាន​លើ​កិច្ចប្រជុំ​កំណត់​អត្រា​ការ​ប្រាក់​បន្ទាប់​របស់​ធនាគារកណ្តាល​អា​មេ​រិ​ក ដែល​អាច​កំណត់​តម្លៃ​មាស​ក្នុង​រយៈពេល​ឆាប់​ៗ​ខាង​មុខ​នេះ​។ ការ​អត្ថាធិប្បាយ​ថ្មី​ៗ​ពី​អ្នក​បង្កើត​គោលនយោបាយ​បាន​ថ្លឹងថ្លែង​លើ​តម្លៃ​មាស ដោយ​មាស​ដុំ​បាន​ធ្លាក់​ចុះ​ជាង ១០០​ដុល្លារ ចាប់តាំងពី​តម្លៃ​កើនឡើង​ខ្ពស់ នៅ​ក្នុង​ខែឧសភា​កន្លង​ទៅ​។

ដោយឡែក លោក Carsten Menke អ្នកវិភាគ Julius Baer ដែល​ស្ថាប័ន​អន្តរជាតិ​ក្នុង​ការ​គ្រប់គ្រង​ទ្រព្យសម្បត្តិ បាន​និយាយ​ថា «​ដោយ​មិន​សង្ស័យ មានការ​ភ័យ​ខ្លាច​ខ្លះ​ៗ​នៅ​ក្នុង​ទីផ្សារ​មាស និង​ប្រាក់​នៅ​ពេល​នេះ ដែល​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​ផ្លាស់​ប្តូរ​តម្លៃ​ដ៏​មុត​ស្រួច និង​ឆាប់រហ័ស នៅ​ក្នុង​ប្រតិកម្ម​ទៅ​នឹង​ទិន្នន័យ​សេដ្ឋកិច្ច​របស់​សហរដ្ឋអាមេរិក​»​។

នៅ​ក្នុង​ចំណោម​លោហធាតុ​ដ៏​មាន​តម្លៃ​ផ្សេង​ទៀត ប្រាក់​បាន​កើនឡើង ០.៣% នៅ​ក្នុង​តម្លៃ ២៤.២១​ដុល្លារ​ក្នុង​១​អោន ខណ​ដែល​ផ្លា​ទី​ន​បាន​កើនឡើង ១.៦% ក្នុង​តម្លៃ ៩៦១.៦៤​ដុល្លារ​ក្នុង​១​អោន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ