រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋមួយចំនួនតូច ដែលមានទីលំនៅជាប់វត្តសំបួរមាស ស្ថិតនៅក្នុង
ភូមិសំបួរ និងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ បានមានជំនឿថា រូបម៉ាឡាកាំង១ដែលព្រះគ្រូចៅអធិការវត្តរើសបាន ហើយយកទៅដាក់តាំងលំអនៅក្រោមដើមជ្រៃក្នុងវត្តក្បែររូបសំណាកផ្សេងៗទៀតដែរនោះ មានព្រលឹងខ្មោចព្រាយបិសាចចូលសណ្ឋិត ជាហេតុនាំឲ្យពួកគាត់មានការភ័យខ្លាចទាំងយប់ទាំងថ្ងៃ ជាពិសេស នៅពេលយប់ នៅមិនសុខតែម្ដង ហើយរហូតមកទល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣នេះ ក៏បានស្នើសុំទៅព្រះគ្រូចៅអធិការវត្តខាងលើ យករូបម៉ាឡាកាំងនេះចេញពីវត្ត ឬក៏ដុតកម្ទេចចោលតែម្ដងទៅ កុំទុកនៅទីនោះបន្តទៀតអី ។

បន្ទាប់ពីអ្នកភូមិមួយចំនួនខាងលើ នាំគ្នាប្រតិកម្មបែបនេះ ព្រះគ្រូចៅអធិការវត្តព្រះនាម កុង ពិសី ឯណេះវិញ ពុំទាន់សម្រេចព្រះទ័យថា ត្រូវធ្វើបែបណានៅឡើយនោះទេ ប៉ុន្តែព្រះអង្គបានមានសង្ឃដិកាដោយខ្លីថា សម័យនេះហើយពុទ្ធបរិស័ទមួយចំនួនពុំគួរជឿទៅលើព្រលឹងខ្មោច ព្រាយបិសាច ហួសហេតុពេកនោះទេ ។ ព្រះអង្គចៅអធិការវត្តក៏មានសង្ឃដិកាបន្ថែមទៀតផងដែរថា ប្រសិនបើរូបម៉ាឡាកាំងមួយនេះ ខ្លាំងរហូតធ្វើឲ្យអ្នកគ្រប់គ្នាមានការភ័យខ្លាចមែននោះ ប្រហែលវាការពារចោរមិនឲ្យចោរចូលគាស់តូបយាយជីក្នុងវត្តបានឡើយ ។

បើតាមប្រជាពលរដ្ឋមួយចំនួនខាងលើបាននិយាយទៀតថា រូបម៉ាឡាកាំងមួយនោះត្រូវបានគេយកទៅបោះចោលនៅជិតវត្ត ហើយព្រះគ្រូចៅអធិការវត្តសំបួរមាសព្រះនាម កុង ពិសី ក៏បានរើសយកមកតាំងនៅក្រោមដើមជ្រៃ មុខកុដិក្នុងវត្តជាមួយនិងរូបសំណាកផ្សេងៗទៀត ដែរអស់រយៈពេលជាង១សប្ដាហ៍កន្លងមកហើយ ។ វាមានរូបរាងចម្លែក បូករួមនិងព្រះសង្ឃតុបតែងខុសទំនងទៀតនោះ មើលទៅគួរឲ្យខ្លាច ដោយព្រះសង្ឃបានយករ៉ូប ពណ៌.ស ស្លៀកឱ្យនិងយកកំណាត់(ក្រណាត់)ពណ៌ក្រហមរុំពីលើក្បាលជិតទុកតែប្រឡោះមុខប៉ុណ្ណោះ ព្រមទាំងយកខ្សែបូ ពណ៌មាសចងរុំកថែមទៀតផង ។

ប្រភពដដែលបាននិយាយទៀតថា ជាងមួយសប្តាហ៍មកនេះ ពួកគាត់ដែលរស់នៅជាប់វត្តសំបួរមាសនេះ ហាក់មានការភ័យខ្លាច ព្រឺសម្បុរ ព្រឺក្បាលខ្លាំងណាស់ នៅពេលមើលចំរូបម៉ាឡាកាំង១នេះ ដោយឡែករូបសំណាកផ្សេងៗទៀតដែលមើលទៅមិនគួរឲ្យខ្លាចសោះ ។ រូបម៉ាឡាកាំងនេះវិញ ពេលមើលយូរទៅកាន់តែខ្លាចទៅៗ ដែលពួកគាត់មានការសង្ស័យថា មានព្រលឹងខ្មោចព្រាយបិសាចចូលសណ្ឋិតនៅក្នុងរូបនេះហើយ ទើបបានជាធ្វើឲ្យពួកគាត់ខ្លាចបែបនេះ។ ដោយសារតែពីមួយថ្ងៃ ទៅមួយថ្ងៃចេះតែខ្លាចបែបនេះ ទើបពួកគាត់ស្នើសុំទៅកាន់ព្រះគ្រូចៅអធិការយករូបម៉ាឡាកាំងនេះចេញពីទីតាំងខាងលើឬក៏យកទៅដុតកម្ទេចចោលតែម្ដងទៅ ប៉ុន្តែពុំទាន់ដឹងថា ព្រះគ្រូចៅអធិការសម្រេចព្រះទ័យបែបណានៅឡើយ ។
ព័ត៌មានលម្អិតនឹងមានផ្សាយជូនលើកាសែតកោះសន្តិភាព ។


ចែករំលែកព័តមាននេះ