ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាតុភូត​ពពក​យក្ស​ស៊ូ​ណា​មិ​ដ៏​ធំ​សម្បើម បង្ក​ការ​ភ្ញាក់ផ្អើល និង​ព្រឺក្បាល​គ្រប់​ៗ​គ្នា (វីដេអូ​)

9 ខែ មុន

ឥណ្ឌា ៖ បាតុភូត​ចម្លែក​នៃ​រលក​ពពក​ដ៏​ធំ​សម្បើម ដែល​ត្រូវ​បាន​ហៅ​ថា «​ពពក​យក្ស​ស៊ូ​ណា​មិ​» បាន​

ឥណ្ឌា ៖ បាតុភូត​ចម្លែក​នៃ​រលក​ពពក​ដ៏​ធំ​សម្បើម ដែល​ត្រូវ​បាន​ហៅ​ថា «​ពពក​យក្ស​ស៊ូ​ណា​មិ​» បាន​អណ្តែត​គ្រប់​ដណ្តប់​លើ​ទីក្រុង នៅ​ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា ដោយ​បង្កើត​បានជា​ផ្ទៃមេឃ​ដ៏​គួរ​ឱ្យ​ខ្លាច​មួយ ដែល​មើលទៅ​ដូច​ជា​ក្នុង​ខ្សែភាពយន្ត​ហូ​លី​វូ​ដ ខណៈ​ដែល​តំបន់​នោះ បាន​និង​កំពុង​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង​ខ្លាំង​ជា​ពិសេស​ចាប់តាំងពី​ស​ប្តា​ហ៍​មុន​មក​ម្ល៉េះ​។ នេះ​បើ​យោង​តាម​ប្រភព​ពី​គេហទំព័រ LADbible ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២៣ កន្លង​ទៅ​។

អាជ្ញាធរ​ឥណ្ឌា បាន​ព្រមាន​ពី​អាកាសធាតុ​បង្ក​ឱ្យ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ខ្យល់មូសុង​វាយលុក​ទីក្រុង Haridwar រដ្ឋ Uttarakhand​។ នាយកដ្ឋាន​ឧតុនិយម​ឥណ្ឌា (IMD) បាន​ព្យាករណ៍​ថា ទីក្រុង Haridwar នឹង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ក្នុង​រយៈពេល​៣​ថ្ងៃ​បន្ទាប់​។ ទោះ​យ៉ាងណា​ក៏​ដោយ ភាព​ភ្ញាក់ផ្អើល​បាន​កើតឡើង បន្ទាប់​ពី​អ្នកស្រុក​ប្រទះ​ឃើញ​បាតុភូត​ព្យុះ​ពពក​ដ៏​ធំ​សម្បើម ដែល​មិន​ធ្លាប់​បានឃើញ​ពី​មុន អណ្តែត​លើ​ក្បាល​របស់​ពួក​គេ លាយឡំ​ជាមួយនឹង​ផ្គរ​រន្ទះ ដែល​មើលទៅ​ដូច​ជា​រលក​យក្ស​ស៊ូ​ណា​មិ​។

ពពក​ដ៏​ធំ​សម្បើម​នោះ បាន​អណ្តែត​នៅ​កម្រិត​ទាប​មួយ ដែល​អ្នកស្រុក​បានឃើញ​បាតុភូត​ចម្លែក​នោះ នៅ​ជិត​ពួ​គ​គេ និង​ព្រឺក្បាល​គ្រប់​ៗ​គ្នា​។ នៅ​ក្នុង​ខ្សែអាត់​វី​ដេ​អូ បាន​បង្ហាញ​អំពី​អ្នកស្រុក​នាំ​គ្នា​ឈប់​នៅ​តាម​ដងផ្លូវ ឈរ​សម្លឹង​មើលទៅ​មេឃ និង​ថត​យក​ទិដ្ឋភាព​ដ៏​ចម្លែក​មួយ​នេះ​។

យ៉ាងណាមិញ យោង​តាម​ការិយាល័យ Met បានឱ្យ​ដឹង​ថា ពពក​បង្កើត​បានជា​ខ្យល់​ត្រជាក់​ពី​ព្យុះ​ផ្គរ​រន្ទះ ហើយ​រុញច្រាន​ខ្យល់​ក្តៅ និង​សំណើម​ឡើង​ទៅ​លើ ការ​រួម​បញ្ចូល​ទាំង​អស់នេះ នៅ​ពេល​ខ្លះ​នឹង​បង្កើត​បាន​ទៅ​ជា​ព្យុះ​ពពក ដែល​ដូច​ទៅ​នឹង​រលក​យក្ស​ស៊ូ​ណា​មិ នៅ​លើ​មេឃ​។

ខ្សែអាត់​វី​ដេ​អូ​នៃ «​ពពក​យក្ស​ស៊ូ​ណា​មិ​» ដ៏​ធំ​ល្វឹងល្វើយ ត្រូវ​បាន​ចែកចាយ​ពេញ​នៅ​លើ​បណ្តាញ​សង្គម Twitter ហើយ​បាន​ធ្វើ​ឱ្យ​អ្នក​ទស្សនា​មានការ​ភ្ញាក់ផ្អើល ជាមួយ​ការ​បញ្ចេញមតិ​ជា​ច្រើន ខណៈ​ដែល​ម្នាក់​ក្នុង​ចំណោម​នោះ បាន​សរសេរ​ថា «​មើលទៅ​ដូច​នៅ​ក្នុង​រឿងកុន​។ តើ​នេះ​ពិភពលោក​នឹង​បញ្ចប់​ឬ?​»​។

សូម​ជម្រាប​ថា ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា បាន​រង​នូវ​ការ​ខូចខាត​ដោយ​ទឹកភ្លៀង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ បង្ក​ជា​ទឹក​ជន់​លិច​ផ្លូវ ការ​បាក់​ដី និង​ស្ពាន ដែល​ត្រូវ​បាន​បំផ្លាញ​ក្នុង​ចំណោម​ការ​ខូចខាត​ជា​ច្រើន​ផ្សេង​ទៀត​។ លោក Pushkar Singh Dhami ប្រធាន​រដ្ឋ Uttarakhand បាន​ជំរុញ​ឱ្យ​ប្រជាជន​ជៀសវាង​ការ​ធ្វើ​ដំណើរ​ដែល​មិន​ចាំបាច់ ហើយ​បាន​ស្នើ​អ្នកទេសចរ​បញ្ឈប់​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​នោះ រហូត​ដល់​ស្ថានភាព​ត្រឡប់​មក​ប្រក្រតី​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ