ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពាក្យចចាម​អារ៉ាម​​បង្ក​ឱ្យ​មានការភ្ញាក់​ផ្អើល​កាលពីថ្ងៃមុន​ជាការពិត

14 ឆ្នាំ មុន

ក្រុងប៉ោយ​ប៉ែត ៖ ពាក្យ​ចចាម​អារ៉ាម​​បង្ក​ឱ្យ​​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​មនុស្ស​ម្នា​ជា​ច្រើន​នៅក្រុង​ប៉ោយ​ប៉ែត រហូត​នាំគ្នា​ទៅ​មើលសាក​សព​​​ដែល​ល្បីថា​ មាន​ពល​រដ្ឋខ្មែរ​ជាច្រើន​បាន​ស្លា.ប់​ត្រូវ​​សៀម​​បញ្ជូនមកវិញ​កាលពីថ្ងៃទី៣០ ​មេសា ​មិន​ឃើញ​ និង​បានចាត់​ទុកថា ​ជា​រឿង​មិនពិត​​នោះ ប៉ុន្តែ​​មកដល់រសៀល​ថ្ងៃទី៨ ​ឧសភា ​ព័ត៌​មាន​​ខាង​​លើបានក្លាយ​ជា​

ក្រុងប៉ោយ​ប៉ែត ៖ ពាក្យ​ចចាម​អារ៉ាម​​បង្ក​ឱ្យ​​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​មនុស្ស​ម្នា​ជា​ច្រើន​នៅក្រុង​ប៉ោយ​ប៉ែត រហូត​នាំគ្នា​ទៅ​មើលសាក​សព​​​ដែល​ល្បីថា​ មាន​ពល​រដ្ឋខ្មែរ​ជាច្រើន​បាន​ស្លាប់​ត្រូវ​​សៀម​​បញ្ជូនមកវិញ​កាលពីថ្ងៃទី៣០ ​មេសា ​មិន​ឃើញ​ និង​បានចាត់​ទុកថា ​ជា​រឿង​មិនពិត​​នោះ ប៉ុន្តែ​​មកដល់រសៀល​ថ្ងៃទី៨ ​ឧសភា ​ព័ត៌​មាន​​ខាង​​លើបានក្លាយ​ជា​ការពិត​ទៅវិញ ​ដោយសារ​មាន​ពលករ​​ខ្មែរ៤​នាក់​ត្រូវ​សៀម​បញ្ជូន​មក​ឱ្យ​ប៉ូលិស​​អន្តោ​ប្រវេសន៍​នៅច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត ​ទាំងមាន​រង​របួស ។ ពលករ​ដែល​រង​របួស​ទាំង​៤​នាក់​ខាងលើ រួម​មាន​១-​ឈ្មោះស៊ុន ធី ភេទប្រុស ​អាយុ​៤០ឆ្នាំ ២-ឈ្មោះ ចឺក ​អាត ភេទស្រី អាយុ​​៣៨​ឆ្នាំ ៣-ឈ្មោះ​ធី ស្រី​ណែត ភេទស្រី អាយុ​១០​ឆ្នាំ និង៤-ឈ្មោះ​ទិត្យ ទូច ភេទប្រុស  អាយុ​​២៣ឆ្នាំ​​។ ចំពោះ ឈ្មោះធី និងឈ្មោះ​អាត ព្រម​ទាំង​ឈ្មោះស្រី ណែត គឺជា​ប្តី-ប្រពន្ធ​ និងកូន មកពី​ភូមិ​ព្រៃ​ត្បាល់​ ឃុំ​ចុង​អំពិល ស្រុក​កញ្ជ្រៀច ​​ខេត្តព្រៃវែង ចំណែក​ឯ​ឈ្មោះ​​ទូច មានទីលំនៅ ក្នុងភូមិព្រែក​រំពាក់ ឃុំអង្គ​កែវ ​ស្រុក​ទ្រាំង ខេត្ត​​តា​កែវ ។

បុរសឈ្មោះទូច បានរងរបួស​​ដេ​រជា​ច្រើន​ថ្នេរ នៅ​ក្បាល ឯគ្រួសារ​ប្តី​ប្រពន្ធ និងកូន​វិញ​បុរស​ជា​ប្តី​របួសក្បាល​ចំនួន២​កន្លែងផ្នែក​ខាង​ក្រោយ​ ​ស្រ្តីជា​ប្រពន្ធ បាក់ភ្លៅខាងឆ្វេង ត្រូវចង​អប​ដោយ​ដែក ចំណែក​​កូនស្រី​របួស​ផ្ទៃ​​មុខ​ដោយ​​អន្លើ ​និងបាក់​ឆ្អឹងដង​កាំបិត​ខាងឆ្វេង ។ ​​ការរង​របួស​​របស់ពួកគេ​​ទាំង​៤នាក់នេះ​ត្រូវបាន​ប្រាប់​​ថា ដោយ​សារ​​គ្រោះថ្នាក់​ក្រឡាប់​​​រថយន្ត​ក្នុង​ទឹកដីសៀម ។ បើតាម​ប្តីប្រពន្ធ​​រងគ្រោះ​ប្រាប់ថា គ្រោះ​ថ្នាក់​នេះបានកើតឡើង​នៅវេលា​ម៉ោង​ប្រហែល៤​ទៀបភ្លឺថ្ងៃទី២៤ មេសា  ខណៈ​ពេល​ពួក​គាត់កំពុង​ជិះរថយន្ត​មួយគ្រឿង​មិន​ស្គាល់ម៉ាក ។

ពួក​គាត់​បន្ត​ថា ពេល​កើតគ្រោះថ្នាក់​​ គឺ​​មាន​ពល​ករខ្មែរ​​ទាំង​អស់​៣៥​នាក់ ​ទាំង​ក្មេង​ទាំង​ចាស់ ជិះ​ក្នុងរថយន្ត​នោះ​ ហើយ​ពេលរថ​យន្ត​​កំពុង​​បើក​លឿន​​ ក៏ត្រូវ​សមត្ថកិច្ច​សៀម​បាន​បាញ់​បំបែក​កង់ បណ្តាលឱ្យ​ក្រឡាប់ ។ ស្ត្រី​ជាប្រពន្ធ​រៀប​រាប់ថា ​ពេល​នោះ​អ្នក​ជិះ​ក្នុង​រថយន្តសន្លប់​បាត់ស្មារតី​ស្ទើរ​គ្រប់គ្នា ។ ឯបុរស​ជាប្តី​ប្រាប់ថា គាត់​ឃើញ​មាន​អ្នកស្លាប់ចំនួន៦​នាក់​ត្រូវ​សមត្ថកិច្ច​សៀម​រុំសំពត់​ស​ ប៉ុន្តែ​ពុំ​ដឹង​ថា ដឹក​យក​ទៅ​ណាឡើយ ​ហើយ​គ្រប់គ្នា​ត្រូវគេ​បញ្ជូន​ចូលមន្ទីរពេទ្យ​ដោយ​បំបែកគ្នា និង​ពុំ​ឱ្យ​ដឹង​ថា អ្នកខ្លះ​ទៅ​សម្រាក​នៅ​មន្ទីរពេទ្យ​ណានោះេទ ។​​ពួកគាត់​ទាំង៤​នាក់​​ប្រាប់ថា ​មុនបញ្ជូន​ពួក​គាត់មកវិញ ក៏ត្រូវ​គេ​​ឃុំខ្លួន​អស់៥​យប់​ដែរ ទាំង​របួស ។​

ជន​រង​គ្រោះទាំងនេះ ​ត្រូវបាន​ប៉ូលិស​ក្រុ​ង​​ប៉ោយ​ប៉ែតហៅ​ទៅ​សួរនាំ​ដើម្បី​ធ្វើ​កំណត់ហេតុ និង​ត្រូវ​បាន​ដឹង​ថា ពួកគាត់ចូលទៅដីសៀម​តាមច្រ​ក​របៀង​​ក្នុងស្រុក​សំពៅ​លូន ខេត្ត​បាត់​ដំបង ​ដើម្បី​ទៅ​ស៊ីឈ្នួល​ចិញ្ចឹម​ជ្រូក ។ ​​ចំពោះ​ទីកន្លែង​កើត​​គ្រោះថ្នាក់​​ចរា​ចរណ៍​នោះពួកគាត់​ប្រាប់ថា ពុំស្គាល់​ថា នៅ​ស្រុក ឬ​ខេត្ត​អ្វី​ទេ។ 

គួរបញ្ជាក់​​ថា ​កាល​ពីថ្ងៃទី៣០ ​មេសា ​កន្លង​ទៅ នៅវត្តបាលិលេយ្យ​ ​ស្ថិតក្នុង​ភូមិ​​ក្បាលស្ពាន សង្កាត់​ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ​​មានប្រជា​ពលរដ្ឋ​នាំគ្នា​សម្រុកចូលវត្ត ដើម្បី​រកមើល​​សាក​សព​ដែលឮពាក្យចចាម​អារ៉ាម​ថា មានសព​​ពល​រដ្ឋខ្មែរ​ជាច្រើន​ត្រូវ​គេបញ្ជូន​ពីសៀម​ដោយអ្នក​ខ្លះ​ថា ត្រូវថ្នាំពុល ​អ្នកខ្លះថា គេបាញ់​ ឯអ្នកខ្លះ​ថា គ្រោះ​ថ្នាក់​ចរាចរណ៍​ ទីបំផុត​ពលករ​ខ្មែរ​បាន​ជួប​គ្រោះថ្នាក់​ពេលជិះរថយន្តក្នុងទឹកដីសៀម​មែន ៕