ខេត្តព្រៃវែង ៖ សមត្ថកិច្ចឱ្យកោះសន្តិភាពដឹងថា ចាប់តាំងពីថ្ងៃទី៤ ដល់៦ ឧសភា ឆ្នាំ២០១១ មានប្រជាពលរដ្ឋរស់នៅតាមបណ្តាស្រុកមួយចំនួនស្លាប់ជាបន្តបន្ទាប់បណ្តាលមកពីរន្ទះបាញ់ លង់ទឹក ចរន្តភ្លើងឆក់ និងដោយគ្រោះ ថ្នាក់ចរាចរណ៍ ។ នៅក្រុងព្រៃវែងគ្រោះធម្មជាតិរន្ទះបាញ់ មួយកើតឡើងនៅថ្ងៃទី៤ ឧសភា វេលាម៉ោង៨ និង៤០នាទីព្រឹក នៅចំណុចខាងកើតជ្រោយ អញ្ចាញ ស្ថិតក្នុងភូមិជើងទឹក សង្កាត់ជើងទឹក ។ បុរសដែលស្លាប់ឈ្មោះឈិត ហួន អាយុ៥០ឆ្នាំ ជាកសិករ ។
នៅថ្ងៃដដែល នៅវេលាម៉ោង៩ព្រឹកកុមារីឈ្មោះជិន គីមហ័ន អាយុ១១ឆ្នាំ នៅភូមិព្រំ ឃុំព្រែកព្នៅ បានស្លាប់ ដោយសារលង់ទឹកនៅស្រុកពារាំង ។ នៅស្រុកពាមរក៍និស្សិតឆ្នាំទី២ ឈ្មោះលី ឡេងស៊ាម អាយុ២១ឆ្នាំ មានទីលំនៅក្នុងភូមិឧត្តម ឃុំព្រែកខ្សាយ «ក»បានស្លាប់កាលពីវេលាម៉ោង២រសៀល ថ្ងៃទី៦ ឧសភា ដោយសារយកអាំងវិចទ័រចាប់បញ្ចូលអាគុយរថយន្តខុសបច្ចេកទេស និងមិនបានពាក់ស្បែកជើងបណ្តាលឱ្យចរន្តភ្លើងឆក់ ។ យុវជននេះជាកូនច្បងមានឪពុកឈ្មោះលី ឡេងហួត អាយុ៥៣ឆ្នាំ និងម្តាយឈ្មោះជាម សុខន អាយុ៤៥ឆ្នាំ ។
ក្នុងថ្ងៃដដែលមានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅភូមិស្ទឹងស្លូត ឃុំអ្នកលឿង បណ្តាលឱ្យបុរសម្នាក់ស្លាប់ភ្លាមនៅនឹងកន្លែង ។ បុរសនោះជិះម៉ូតូឌុប គ្នា៣នាក់ចេញពីអ្នកលឿងឆ្ពោះទៅស្រុកកំពង់ត្របែក ហើយត្រូវរថយន្តបុកពីក្រោយបណ្តាលឱ្យស្លាប់អ្នកជិះពីក្រោយម្នាក់ ឯម្នាក់បើកបរនិងជិះពីក្រោយម្នាក់ទៀតរងរបួសធ្ងន់ ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោងជាង៩យប់ ។
ប្រភពព័ត៌មានពីស្រុកស៊ីធរកណ្តាលឱ្យដឹងថា មានប្រជាពលរដ្ឋស្លាប់ដោយរន្ទះបាញ់ ម្នាក់ និងស្លាប់ដោយចងកសម្លាប់ខ្លួនម្នាក់ ។ អ្នកដែលចង.កត្រូវជាបងប្អូនរបស់អ្នកដែលត្រូវរន្ទះបាញ់ស្លាប់ ។ មិនមានសេចក្តីរាយការណ៍លំអិតពីការចង.កធ្វើអត្តឃាតនេះទេ ៕
ចែករំលែកព័តមាននេះ