ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជា​ការ​យោធា​ស្រុក​រតន​មណ្ឌល​ប៉ះ​ទង្គិច​​ជា​មួយ​ប្រជា​ពល​​រដ្ឋ​រឿង​ដី​ធ្លី

14 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង ៖ ប្រភព​ព័ត៌​មាន​​ពី​​ស្រុក​​រតន​មណ្ឌល ​បាន​ឱ្យ​ដឹង​ថា ​មន្ត្រី​យោធា​​មួយ​ក្រុម​​ក្រោម​ឱវាទ​​រ​បស់​លោក​នួន មួន មេ​បញ្ជា​ការ​​ផ្នែក​សឹក​រង​ស្រុក​រតន​មណ្ឌល​ បាន​ប្រឈម​មុខ​ដាក់​គ្នា​យ៉ាង​តឹង​តែង​ជា​មួយ​ក្រុម​តំណាង​ប្រជា​ពល​រដ្ឋ​ចំនួន​៨៤​​គ្រួសារ ដោយ​សារ​ការ​ដណ្តើម​​កាន់​កា.ប់​ដី​ធ្លី​មួយ​កន្លែងនៅ​ចំណុច​ភូមិ​បួរ​រុន ឃុំ​ត្រែង ​ស្រុក​រតន​មណ្ឌល

ខេត្ត​បាត់​ដំបង ៖ ប្រភព​ព័ត៌​មាន​​ពី​​ស្រុក​​រតន​មណ្ឌល ​បាន​ឱ្យ​ដឹង​ថា ​មន្ត្រី​យោធា​​មួយ​ក្រុម​​ក្រោម​ឱវាទ​​រ​បស់​លោក​នួន មួន មេ​បញ្ជា​ការ​​ផ្នែក​សឹក​រង​ស្រុក​រតន​មណ្ឌល​ បាន​ប្រឈម​មុខ​ដាក់​គ្នា​យ៉ាង​តឹង​តែង​ជា​មួយ​ក្រុម​តំណាង​ប្រជា​ពល​រដ្ឋ​ចំនួន​៨៤​​គ្រួសារ ដោយ​សារ​ការ​ដណ្តើម​​កាន់​កាប់​ដី​ធ្លី​មួយ​កន្លែងនៅ​ចំណុច​ភូមិ​បួរ​រុន ឃុំ​ត្រែង ​ស្រុក​រតន​មណ្ឌល ។ ​ការ​ប្រឈម​មុខ​ដាក់​គ្នា​នេះ​មាន​រយៈ​ពេល​ពីរ​ថ្ងៃ​មក​ហើយ គឺ​ចាប់​ពី​ថ្ងៃ​ទី​៧ ​ដល់​ទី​៨ ឧសភា ហើយ​​គេ​មិន​ទាន់​ឃើញ​មាន​កិច្ច​​អន្តរា​គមន៍​​​ណាមួយ​ពី​អាជ្ញា​ធរ​ ឬ​សមត្ថ​កិច្ច​នោះ​ទេ រហូត​ធ្វើ​ឱ្យ​​តំណាង​ពល​រដ្ឋ​មួយ​ចំនួន​កំពុងស្វែង​រក​ជំនួយ​ផ្នែក​​ច្បាប់​ពី​អង្គ​ការ​​​ការ​ពារ​សិទ្ធិ​មនុស្ស​ទៀត​ផង ។

​លោក​យិន ម៉េងលី មន្ត្រី​ស៊ើប​អង្កេត​​របស់​សមា​គមការ​ពារ​សិទ្ធិ​​មនុស្ស​អាដ​ហុក ប្រចាំ​ខេត្ត​បាត់​ដំបង ​និង​ប៉ៃ​លិន​ បានថ្លែង​ថា ​តំណាង​ប្រជា​ពល​រដ្ឋ​ចំនួន​២​នាក់​បាន​មក​កាន់​ស្នាក់​ការ​របស់​លោក​កាល​ពី​ព្រឹក​​ថ្ងៃ​អាទិត្យ ​ទី​៨ ឧសភា ដើម្បី​ស្នើ​​​​​ឱ្យ​ជួយ​អន្តរា​គមន៍​ជា​បន្ទាន់​នូវ​អ្វី​ដែល​ពួក​​គាត់​អះ​អាង​ថា ​ជា​ការ​រំលោភ​បំពាន​ដណ្តើម​​កាន់​កាប់​ដីចម្ការ​​​របស់​ពួក​គាត់​ពី​សំណាក់​កម្លាំង​យោធា​​​មួយ​​ក្រុម​របស់​លោក​នួន មួន មេ​បញ្ជា​ការ​ផ្នែក​សឹក​រង​​ស្រុក​រតន​មណ្ឌល​ ។ ​មន្ត្រី​សិទ្ធិ​មនុស្ស​​រូប​នេះ និយាយ​ថា នេះ​ជាករណី​ទំនាស់​ដី​ធ្លី​​រវាង​ប្រជា​ពល​រដ្ឋ​​​​ទន់​​ខ្សោយ​ជា​មួយ​កម្លាំង​ប្រដាប់​​អាវុធ​ជា​យោធា​មួយ​ក្រុម​ដែល​​ធ្លាប់​​មាន​ឈ្មោះ​អាស្រូវ​កន្លង​មក​រឿង​ដីធ្លី​នេះ ។

កសិ​ករ​ម្នាក់​ដែល​បាន​មក​ដល់​ស្នាក់​ការ​អាដ​ហុក​លោក​ពិន វ៉េត អាយុ​៥៥​ឆ្នាំ រស់​នៅភូមិ​រស្មី​សង្ហា ឃុំ​ស្តៅ ​ស្រុក​រតន​មណ្ឌល បាន​​និយាយ​ថា ដី​ចម្ការ​​របស់​គាត់​មួយ​ចំនួន​នៅ​​ចំណុច​ទំនាស់​នោះ ក៏​ត្រូវ​មន្ត្រី​យោធា​រំលោភ​យក​ដែរ ។ ​គាត់​ថា ​ដី​នោះត្រូវ​បាន​បែង​ចែក​ដំបូង​ដោយ​អាជ្ញា​ធរ​មូល​ដ្ឋាន កាលពី​អំឡុង​ឆ្នាំ​​២០០០ ​លុះ​​នៅ​ឆ្នាំ​២០០៥ ​លោក​សួស ជឿន មេ​ឃុំ​ត្រែង បាន​ចេញ​ប័ណ្ណ​កាន់​កាប់​ដី​នេះបណ្តោះ​អាសន្ន​​ដល់​ប្រជា​ពល​រដ្ឋ​នៅតំបន់​នោះ​គ្រប់​ៗ​គ្នា​ ហើយ​ប្រជា​ពល​​រដ្ឋ​បាន​កាប់​ឆ្ការ​​បង្ក​បង្កើន​ផល​លើ​ដី​នោះ​បន្ត​បន្ទាប់​រហូត​មក ។ បុរស​ពិការ​ជើង​ម្ខាង​រូប​នេះ​​បាន​បញ្ជាក់​ថា លុះ​នៅ​ដើម​ខែ​មេសា ឆ្នាំ​២០១១​នេះ​ ស្រាប់​តែ​លេច​មុខ​មន្ត្រី​យោធា​មួយ​ក្រុម​ខ្លះ​ថា កូន​ចៅ​លោក​នួន មួន មេ​បញ្ជា​​ការ​ផ្នែក​​សឹក​រង​​ស្រុក​​រតន​មណ្ឌល ​ដឹក​នាំ​ដោយ​លោក​ប្រាក់ តារ៉ា មន្ត្រី​យោធា​វរ​សេនា​តូច​លេខ​៥០៧ ​យក​ត្រាក់​ទ័រ​មក​ឈូស​ឆាយ​លើ​ដី​ប្រជា​ពល​រដ្ឋ​ ធ្វើ​ឱ្យ​មាន​ការ​ប្រឈម​​មុខ​ដាក់​គ្នា​យ៉ាង​ខ្លាំង​រហូតដល់​ពេល​​នេះ។

ប្រជាពល​រដ្ឋ​​ម្នាក់​ទៀត​អ្នក​ស្រី​​លាង សុខ​ហ៊ាង ​អាយុ​​៣១​ឆ្នាំ ដែល​បាន​​មក​សុំ​ជំនួយ​ពី​​សមា​គម​សិទ្ធិ​មនុស្ស​ដែរ​នោះ និយាយថា ​គាត់​បាន​​ទិញ​ដី​​បន្ត​ពី​ប្រជា​ព​លរដ្ឋ​​នៅ​ទី​នោះ​ចំនួន​១០​ហិកតា ​ដែល​មាន​​លិខិត​​ផ្ទេរ​សិទ្ធិ​កាន់​កាប់​ដី​ទទួល​ស្គាល់​ពី​អាជ្ញា​ធរ​​មូល​ដ្ឋាន​ត្រឹម​ត្រូវ​កាល​ពី​ឆ្នាំ​២០០៨ ​ប៉ុន្តែ​ពេល​នេះ​បែរ​ជា​មន្ត្រី​យោធា​ឈ្មោះ​ប្រាក់ តារ៉ា យក​ត្រាក់​ទ័រ​មក​​ឈូស​ឆាយ​​ដាំ​ដំឡូង​មី​ទៅវិញ ដោយ​​អះ​អាង​ថា ជា​ដី​របស់​គាត់ (ប្រាក់​ តារ៉ា) ។ អ្នក​ស្រី​និយាយថា លោក​មេ​ឃុំ​ត្រែង​ដែល​​ទើប​កាន់​តំណែង​ថ្មី​ឈ្មោះ​រស់ សុត្ថា​ បាន​ចេញ​លិខិត​​អន្តរាគមន៍​​កាលពី​ថ្ងៃ​ទី​២ ឧសភា ​ឆ្នាំ​២០១១ ប្រាប់​ទៅ​ឈ្មោះ​ប្រាក់ ​តារ៉ា ឱ្យ​​បញ្ឈប់​សកម្ម​ភាព​ឈូស​ឆាយ ប៉ុន្តែ​គេ​មិន​ឃើញ​មន្ត្រី​យោធា​រូប​នេះ​ផ្អាក​សកម្ម​ភាព​នេះ​ឡើយ ​​​ហើយ​បាន​ឆ្លើយ​តប​ថា បើ​លោក​នួន មួន ​បញ្ជា​ឱ្យ​ឈប់​ទើប​គាត់​ឈប់ ។

​លោក​ប្រាក់ តារ៉ា បាន​បំភ្លឺ​ប្រាប់​កោះ​សន្តិ​ភាព កាលពី​ព្រឹក​​ថ្ងៃ​ទី​៨ ​ឧសភា ថា លោក​នួន មួន បាន​បែង​ចែក​ដី​នេះ​ឱ្យ​រូប​លោក​ និង​មន្ត្រី​​យោធា​​ជា​ច្រើន​នាក់​​ទៀត​ក្នុង​អំឡុង​​ឆ្នាំ​១៩៩៦ ​លុះ​នៅ​ឆ្នាំ​១៩៩៩ រូប​​លោក​បាន​ស្នើ​សុំ​​​ប័ណ្ណ​កាន់​កាប់​ដី​នេះ​ពី​អាជ្ញា​ធរ​មូល​ដ្ឋាន ។ ប៉ុន្តែ​លោក​​តារ៉ា បាន​បញ្ជាក់​ថា ​ទាំង​រូប​លោក និង​មន្ត្រី​យោធា​​ជា​ច្រើន​ទៀត មិន​​បាន​កាប់​ឆ្កា​របង្ក​បង្កើន​ផល​ទេ ព្រោះ​ជាប់​ដៃ​ធ្វើ​សង្គ្រាម… ​ទើប​​តែពេល​​នេះ​រូប​លោក​មាន​ពេល​មក​ធ្វើ​ចម្ការ ។

​សូម​បញ្ជាក់ថា ​ប្រទេស​កម្ពុជា បាន​បញ្ចប់​សង្គ្រាម​​ទាំងស្រុង​ក្រោយ​ពី​កម្លាំង​​ខ្មែរ​ក្រហម​ធ្វើ​សមា​ហរណ​​កម្ម​ក្នុងអំឡុង​​ឆ្នាំ​១៩៩៦ ​ដូច្នេះ​ចាប់​ពី​ឆ្នាំ ១៩៩៩ ​រហូត​មក​​​ប្រទេសកម្ពុជា​គ្មាន​សង្គ្រាម​​ទេ ទើប​តែ​ប៉ះ​ទង្គិច​គ្នា​​ជា​ថ្មី​ជា​មួយ​ប្រទេស​សៀម ក្នុង​​ឆ្នាំ​២០០៨ ​រហូត​មក​ដល់​​ពេល​​នេះ​តែ​​ប៉ុណ្ណោះ ។

ពាក់ព័ន្ធ​លិខិត​អន្តរាគមន៍​​របស់​លោក​រស់ សុត្ថា ​មេ​ឃុំ​ត្រែង លេខ​០០២ ឃ.ត ចុះថ្ងៃទី​២ ឧសភា ​ឆ្នាំ​២០១១ ដែល​ស្នើ​ឱ្យ​​លោក​ប្រាក់ តារ៉ា ​ប​ញ្ឈប់​​សកម្ម​ភាព​ឈូស​ឆាយ​លើ​ដី​​ទំនាស់​​។ លោក​ប្រាក់ តារ៉ា ​បាន​បញ្ជាក់​​ថា លោក​បាន​ឃើញ​លិខិត​​នោះ​ហើយ ​ប៉ុន្តែ​រូប​លោក​បាន​សួរ​នាំ​ភ្លាមៗ​​ទៅ​លោក​មេ​ឃុំ​ត្រែង អំពី​ខ្លឹម​សារ​នៃ​លិខិត​​នេះ ​ហើយ​​លោក​មេ​ឃុំ​បាន​បញ្ជាក់ប្រាប់​លោក​តាម​ទូរស័ព្ទ​​វិញ​ថា៖ «អត់​បញ្ហា​ទេ ​ធ្វើ​ចុះ​ ព្រោះ​​លិខិត​នេះ គឺ​លោក​គ្រាន់​តែ​ចេញ​ដើម្បី​ឱ្យ​​ប្រជា​ពល​​រដ្ឋ​ដែល​​មក​ប្តឹង​​អស់​ចិត្ត​​ប៉ុណ្ណោះ…»។
​កោះសន្តិ​​ភាព​បាន​ព្យា​​យាម​​ទំនាក់​ទំនង​សុំ​ការ​បំភ្លឺ​ពី​លោក​រស់ សុត្ថា មេ​ឃុំ​ត្រែង​ ​ជុំ​វិញ​​រឿងវិវាទ​​ដីធ្លី​នេះ ប៉ុន្តែ​មិន​អាច​ស្វែង​រក​​មធ្យោ​បាយ​ដើម្បី​សុំ​ការ​បំភ្លឺ​បាន​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៨ ឧសភា កន្លង​មក​នេះ ។

​ដោយ​ឡែក​លោក​នួន មួន មេ​បញ្ជា​ការ​ផ្នែក​​សឹក​រង​​ស្រុក​រតន​​មណ្ឌល ​ដែល​រូប​លោក​មាន​ជាប់​ពាក់​ព័ន្ធ​ជម្លោះ​​ដណ្តើម​ដី​នេះ​ដែរ​នោះ ​បាន​បំភ្លឺ​​ប្រាប់​តាម​ទូរស័ព្ទ​ថា ​រូប​លោក​ពិត​ជា​បាន​បែង​ចែក​ដី​នៅតំបន់​នោះ​ឱ្យ​ទៅ​មន្ត្រី​យោធា​របស់​លោ​ក​មែន គឺ​ជាង​១០០​នាក់​ឯ​ណោះ ដែល​ដី​នេះ​បាន​មក​ពី​ការ​ស្នើ​សុំ​​ពី​អាជ្ញា​ធរ​ស្រុក​កាល​ពី​ឆ្នាំ​១៩៩៦ ​ហើយ​រូប​លោក​​ក៏​មាន​ដី​នៅ​តំបន់​នោះ​​ដែរ ​ប៉ុន្តែ​លោក​បាន​ទិញ​បន្ត​ពី​កូន​ចៅ​របស់​លោក​ទេ ។ លោក​នួន មួន បាន​​ចោទ​ប្រកាន់​​ប្រជា​ពល​រដ្ឋ​ដែល​មាន​ដី​នៅ​ទី​នោះ​ថា ជា​ក្រុម​អនា​ធិប​តេយ្យ ។ ​លោក​បញ្ជាក់ថា ​ដី​កំពុង​មាន​​ទំនាស់​នេះ​មាន​ចំនួន​​ជិត​២០០​ហិកតា ​ហើយ​លោក​បាន​​បញ្ជូន​​ឯក​សារ​ពាក់​ព័ន្ធ​​ទៅ​កាន់​អធិ​ការ​​​កិច្ច​ខេត្ត​រួច​ហើយ ។

​បើ​តាម​ប្រភព​ពី​ប្រជា​ពល​​រដ្ឋ​ថា ឯក​សារ​របស់​លោក​នួន មួន ​មួយ​ចំនួន​ក្លែង​ក្លាយ​​ មាន​បន្លំ​ស្នាម​​មេ​ដៃ និង​ត្រា​អាជ្ញា​ធរ​ស្រុក ។ លោក​​យិន ម៉េង​លី មន្ត្រី​សិទ្ធិ​មនុស្ស​និយាយ​ថា បើ​យោធា​មាន​ប័ណ្ណ​កាន់​កាប់​​ដី​ពី​ឆ្នាំ​១៩៩៩ ​ហើយ​ទើប​ចាប់​​​ផ្តើម​​ដាំដុះ​ក្នុងឆ្នាំ​២០១១ នេះ​គឺ​ជា​ការ​ផ្លោះ​​សិទ្ធិ ។ រីឯ​ប្រជា​ពល​រដ្ឋ​កាន់​កាប់​ដី​ពី​ឆ្នាំ​២០០០ រហូត​មាន​ឯក​សារ​​ទទួល​ស្គាល់​ដោយ​អាជ្ញា​ធរ​ផង​ ចាត់​ទុកថា ស្រប​ច្បាប់ ។ លោក​និយាយ​ថា មន្ត្រី​យោធា​​ដែល​ពាក់​ព័ន្ធ​នឹងវិវាទ​នេះ ​គប្បី​ទុក​ឱ្យ​អាជ្ញា​ធរ​ដោះស្រាយ​​បញ្ចប់​ទើប​​ល្អ រី​ឯ​អាជ្ញា​ធរ​មិន​គួរ​ព្រងើ​​យ​កន្តើយ​​លើករណី​នេះ​ទេ ព្រោះការ​​ព្រងើយ​កន្តើយ​​អាច​បង្ក​ឱ្យ​មាន​អំពើ​ហិង្សា​កើត​ឡើង​​ ។ លោក​និយាយថា ​លោក​នឹង​ចុះ​ទៅ​ពិនិត្យ​​ និងស៊ើប​​អង្កេត​​លើ​​ករណី​នេះ ៕