ខេត្តកំពត ៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារនៅភូមិកន្លង់ ឃុំស្តេចគង់ខាងជើង ស្រុកបន្ទាយមាសបានប្រាប់កោះសន្តិភាពថា ពួកគាត់ខកចិត្តដោយអង្គការក្រៅរដ្ឋាភិបាលមួយបានធ្វើប្រឡាយទឹកមួយខ្សែប្រវែង៧គីឡូម៉ែត្រធ្វើឱ្យប៉ះពាល់ដីស្រែរបស់ពួកគាត់ ។ អ្នកភូមិដែលរងផលប៉ះពាល់និយាយថាការធ្វើប្រឡាយទឹករបស់អង្គការនេះធ្វើឱ្យបាត់បង់ដីស្រែពលរដ្ឋជាច្រើនហិកតា និងប៉ះលំនៅឋានធ្វើឱ្យពួកគាត់ភាគច្រើនខកចិត្ត ។
យោងតាមពលរដ្ឋម្នាក់ឈ្មោះជិន ស៊ុយ ភេទប្រុស អាយុ៤៦ឆ្នាំ នៅភូមិកន្លង់និយាយថា ការជីកប្រឡាយទឹកសម្រាប់ស្រោចស្រពស្រូវក្នុងរដូវប្រាំងគាត់មិនសប្បាយចិត្តទេ ព្រោះប៉ះផ្ទះរបស់គាត់និងផ្ទះកូនស្រីគាត់ដែលនៅជាប់គ្នា។ ដីសង់ផ្ទះរបស់គាត់គឺជិត៣០ឆ្នាំហើយ និងរស់នៅតាំងពីមិនទាន់មានកូន ឥឡូវមានកូនស្រីអាយុ២៥ឆ្នាំទៅហើយ ។ មុននឹងមានគម្រោងធ្វើប្រឡាយនេះអាជ្ញាធរភូមិបានប្រជុំប្រាប់ដែរ ប៉ុន្តែគាត់មិននឹកស្មានថា ការជីកប្រឡាយទឹកនោះធ្វើឱ្យមានការប៉ះពាល់ដីស្រែ និងដីភូមិច្រើនបែបនេះទេ ។
បុរសដដែលនិយាយថា អង្គការម្ចាស់ជំនួយមិនបានជួយឧបត្ថម្ភថវិកាជាថ្នូរនឹងការបាត់បង់ដីស្រែ ឬការរុះរើផ្ទះចេញទេ មានតែអជ្ញាធរជម្រុញឱ្យរុះរើចេញបែបបង្ខំ ។
ដោយឡែកអ្នកភូមិផ្សេងទៀតដែលមិនបាត់បង់ដីស្រែ និងប៉ះចំលំនៅឋានបែរជាសប្បាយចិត្ត និងមានការគាំទ្រ ដោយចោទប្រកាន់ថា អ្នកដែលប៉ះពាល់នោះព្រោះតែរស់នៅលើប្រឡាយទឹកចាស់។ ប្រជាពលរដ្ឋម្នាក់ឈ្មោះភឿន និយាយថា ដីស្រែរបស់គាត់មាន២កន្លែងត្រូវគ្រឿង ចក្រកាយធ្វើប្រឡាយ ដូច្នេះដីស្រែរបស់គាត់ត្រូវបានបាត់អស់មួយផ្នែក និងមិនមានថ្នូរណាមួយ ។
លោកអ៊ូ គឹន មេឃុំស្តេចគង់និយាយថា ពលរដ្ឋជាច្រើនបានសុំអង្គការមួយ ដើម្បីធ្វើប្រឡាយទឹក ហើយពលរដ្ឋជាច្រើនពិតជាបានផ្តិតមេដៃរួចទៅហើយ លុះពេលមកធ្វើ ស្រាប់តែមានការជំទាស់ ។ ម្ចាស់ជំនួយមិនបានសងជាថ្នូរទៅលើពលរដ្ឋដែលបានបាត់បង់ដីស្រែធ្វើប្រឡាយទេ។ប្រឡាយទឹកជាដង្ហើមរស់កសិករ ។ ទោះបីជាបែបណា ពេលមានគម្រោងធ្វើគួរតែមានការសិក្សាជាមុនផងដែរពីផលប៉ះពាល់ ៕
ចែករំលែកព័តមាននេះ