ខេត្តកំពង់ចាម ៖ នៅតំបន់ត្រើយខាងកើតទន្លេមេគង្គ គ្រាន់តែក្នុងរយៈពេល១ព្រឹកថ្ងៃទី៦ ឧសភា ស្ថិតនៅឃុំរកាពប្រាំ និងឃុំថ្មពេជ្រនៃស្រុកត្បូងឃ្មុំ មានហេតុការណ៍ក្មេងលង់ទឹកប្រទ្បាយ និងស្រះស្លាប់រហូតដល់ទៅ៣នាក់ (ស្រី២ប្រុស១) ធ្វើឱ្យឪពុកម្តាយស្រែកទ្រហោយំដូចកេងកងបាត់កូន ព្រោះតែអាឡោះអាល័យដល់កូនជាទីស្រលាញ់ដែលបានលាចាកលោកនេះទាំងវ័យក្មេង ។
តាមសេចក្តីរាយការណ៍ពីលោកអនុសេនីយ៍ឯក ឡុង សារិន អធិការរងនគរបាលស្រុកត្បូងឃ្មុំទទួលផែនព្រហ្មទណ្ឌ បានឱ្យកោះសន្តិភាពដឹងថា ករណីទី១បានកើតឡើងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី៦ ឧសភា មានក្មេងប្រុស៣នាក់៖១-ឈ្មោះស៊ីន ជិច អាយុ៦ឆ្នាំ ២-ឈ្មោះលេខ សារ័ត្ន អាយុ៧ឆ្នាំ និង៣-ឈ្មោះព្រហ្ម ភារិទ្ធ អាយុ៨ឆ្នាំ ក្មេងប្រុសទាំង៣នាក់នេះរស់នៅភូមិក្រសាំងឫស្សី ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំបាននាំគ្នាដើរចេញពីផ្ទះទៅងូតទឹកប្រឡាយក្រសាំងវែងដែលមានចម្ងាយពីផ្ទះប្រហែលជា១គីឡូម៉ែត្រ ដោយមិនបានប្រាប់ឪពុកម្តាយរបស់ពួកគេឡើយ ។
លោកអនុសេនីយ៍ឯកឡុង សារិន បានប្រាប់បន្តថា ក្មេងៗទាំងនោះបាននាំគ្នាងូតទឹកលេងយ៉ាងសប្បាយ រហូតដល់ម៉ោង១រសៀល ស្រាប់តែក្មេងប្រុស២នាក់ឡើងមកលើមាត់ប្រឡាយទាំងទឹកមុខស្លេកស្លាំង និងឆ្លេឆ្លា ។ ពេលនោះបុរសម្នាក់ឈ្មោះហាក់ ប៊ុនសេង អាយុ៤៧ឆ្នាំ ដែលកំពុងតែភ្ជួរស្រែចម្ងាយប្រហែល២០០ម៉ែត្រចោលកន្ទុយភ្នែកមកឃើញ ទើបមានការសង្ស័យព្រោះបាត់ក្មេងម្នាក់ក៏បានរត់មកមើលនិងបានចុះជួយរាវក្នុងប្រឡាយ ស្រាប់តែប្រទះឃើញក្មេងប្រុសឈ្មោះស៊ីន ជិចលង់ទឹកក្នុងជម្រៅជាង១ម៉ែត្រដោយផឹកទឹកឡើងប៉ោងពោះក៏ប្រញាប់លើកដាក់លើគោក និងជួយរលាក់ទឹកចេញ តែអ្វីៗបានហួសពេលអស់ទៅហើយ ។ បន្ទាប់មកបុរសឈ្មោះហាក់ ប៊ុនសេង បានទូរស័ព្ទហៅឪពុកម្តាយឱ្យមកទទួលសពកូនយកទៅធ្វើបុណ្យតាមប្រពៃណី ។
រីឯករណីទី២បានកើតឡើងនៅភូមិអូរ២ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ នាព្រឹកថ្ងៃទី៦ ឧសភា មានក្មេងស្រី២នាក់ម្នាក់ឈ្មោះក្រី ស៊ីវ៉ាស អាយុ៩ឆ្នាំ និងម្នាក់ទៀតឈ្មោះម៉ៅ មី អាយុ៩ឆ្នាំ ជាខ្មែរអ៊ិស្លាម បាននាំគ្នាទៅងូតទឹកស្រះដែលមានទំហំ១០ម៉ែត្រគុណ១២ម៉ែត្រជម្រៅ២,៥០ម៉ែត្រជារបស់ឈ្មោះម៉ាន ដែលមានចម្ងាយពីផ្ទះប្រហែល១៨០ម៉ែត្រដោយមិនមានអ្នកណាឃើញ ជាហេតុបណ្តាលឱ្យលង់ទឹកស្រះស្លាប់ទាំង២នាក់តែម្តង ។ ឪពុកម្តាយក្មេងស្រីរងគ្រោះទាំង២នាក់បន្ទាប់ពីមកពីថ្វាយបង្គំព្រះនៅវិហារអ៊ិស្លាមវិញមិនឃើញកូន ក៏នាំគ្នាដើររករហូតដល់ម៉ោង១ និង៣០នាទីរសៀលទើបប្រទះឃើញស្បែកជើងនៅមាត់ស្រះ ក៏មានការសង្ស័យនាំគ្នាចុះរាវនៅក្នុងទឹកស្រះនោះ ស្រាប់តែប្រទះឃើញសពក្មេងស្រីទាំង២នាក់អោបជាប់គ្នា ។ លោកអនុសេនីយ៍ឯកឡុង សារិន បានបញ្ជាក់ថា សពក្មេងស្រីទាំង២នាក់ត្រូវបានរៀបចំធ្វើបុណ្យទៅតាមប្រពៃណីខ្មែរអ៊ិស្លាមក្រោមសម្រែកទួញសោករបស់ឪពុកម្តាយព្រោះតែមានការអាណិតដល់កូនជាទីស្រលាញ់ ៕
ចែករំលែកព័តមាននេះ