ជំនួបពិភាក្សាកម្ពុជា-ថៃ ក្រោមការរៀបចំឡើងដោយលោក ស៊ូស៊ីឡូ បាំបាង យូដូយូណូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូណេស៊ី ត្រូវបានប្រារព្ធធ្វើឡើងនៅក្រៅកិច្ចប្រជុំកំពូលអាស៊ានលើកទី១៨នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី កាលពីវេលាម៉ោង៧និង៥៥នាទីព្រឹកថ្ងៃទី៨ឧសភា ពោលគឺនៅមុន១ម៉ោងនៃពិធីបើកកិច្ចប្រជុំចង្អៀតរបស់កិច្ចប្រជុំកំពូលអាស៊ានលើកទី១៨។ ជំនួបពិភាក្សារបស់ប្រមុខថ្នាក់ដឹកនាំនៃប្រទេសទាំងបីដែលបានចំណាយពេល១ម៉ោងនេះប្រព្រឹត្តទៅប្រកបដោយភាពស្និទ្ធស្នាលរាក់ទាក់បំផុត។
បន្ទាប់ពីបញ្ចប់ជំនួបពិភាក្សារបស់ប្រមុខថ្នាក់ដឹកនាំនៃប្រទេសទាំងបីកម្ពុជា-ថៃ-ឥណ្ឌូណេស៊ី លោកហោ ណាំហុង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិមានប្រសាសន៍ឱ្យដឹងថា សម្ដេចតេជោនាយករដ្ឋមន្ដ្រីបានទទូចអំពាវនាវដល់ភាគីថៃចុះហត្ថលេខាលើលិខិតយល់ព្រមយកលក្ខខណ្ឌប្រតិបត្ដិដាក់អ្នកសង្កេតការណ៍ឥណ្ឌូណេស៊ីជាមុន។ ទាក់ទិនទៅនឹងបញ្ហានោះ លោកឧបនាយករដ្ឋមន្ដ្រីថៃ ដែលបានដកស្រង់សំដីដោយលោកឧបនាយករដ្ឋមន្ដ្រីកម្ពុជា ហោ ណាំហុង បានគូសបញ្ជាក់ថា ភាគីថៃចង់ឱ្យគណៈកម្មការព្រំដែន JBC ជួបប្រជុំគ្នាជាមុនសិនមុននឹងដាក់អ្នកសង្កេតការណ៍ឥណ្ឌូណេស៊ី និងបន្ដទទូចឱ្យមាន ការដោះ ស្រាយបញ្ហាដកកងទ័ពនៅតំបន់ព្រំដែនប្រាសាទព្រះវិហារ។
នៅចំពោះមុខមេដឹកនាំទាំងបីប្រទេស សម្ដេចតេជោមានប្រសាសន៍សង្កត់ធ្ងន់ថា កម្ពុជាមិនឆោតល្ងង់ ដល់ថ្នាក់បំផ្លាញប្រាសាទទេ យើងយល់ពីអ្វីដែលជាបេតិកភណ្ឌពិភព
លោកដោយសារប្រាសាទព្រះវិហារជាសម្បត្ដិបេតិកភណ្ឌពិភពលោក យើងគ្មានការដាក់កងទ័ពនៅលើប្រាសាទព្រះវិហារនោះទេ។ សម្ដេចតេជោមានប្រសាសន៍បន្ដថា ត្រូវបែងចែកបញ្ហានោះជាពីរ គឺទី១តំបន់ជម្លោះព្រំដែននៅប្រាសាទព្រះវិហារ និងទី២ បញ្ហាជម្លោះព្រំដែននៅក្រៅតំបន់ប្រាសាទព្រះវិហារ។ លោកឧបនាយករដ្ឋមន្ដ្រីមានប្រសាសន៍បន្ដថា បញ្ហាជម្លោះនៅតំបន់ប្រាសាទព្រះវិហារវាបានទៅដល់ដៃក្រុមប្រឹក្សាសន្ដិសុខរបស់អង្គការសហប្រជាជាតិរួចហើយ មិនតែប៉ុណ្ណោះក្រុមប្រឹក្សាសន្ដិសុខបានប្រគល់ភារកិច្ចមកឱ្យអាស៊ានជួយដោះស្រាយ ដូច្នេះបញ្ហានោះត្រូវតែចាំបាច់ធ្វើការដោះស្រាយក្នុងក្របខណ្ឌរដ្ឋមន្ដ្រីការបរទេសអាស៊ានដែលយើងបានធ្វើ កាលពីកិច្ចប្រជុំក្រៅផ្លូវការថ្នាក់រដ្ឋមន្ដ្រីការបរទេសអាស៊ានថ្ងៃទី២២ខែកុម្ភៈឆ្នាំ២០១១កន្លងទៅ និងការប្រជុំរបស់ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ។
លោកឧបនាយករដ្ឋមន្ដ្រីមានប្រសាសន៍បន្ដថា ការប្រជុំរបស់គណៈកម្មការព្រំដែនចំរុះកម្ពុជា-ថៃ គឺចាំបាច់ត្រូវតែឱ្យមានការចូលរួមពីភាគីទី៣ គឺឥណ្ឌូណេស៊ីជាប្រធានអាស៊ាន។ ដោយឡែកការប៉ះទង្គិចគ្នាក្រៅពីតំបន់ប្រាសាទព្រះវិហារ ដូចជាករណីនៅតំបន់ប្រាសាទតាមាន់-តាក្របី ភាគីទាំងពីរអាចដោះស្រាយជាលក្ខណៈទ្វេភាគីបាន។ ប៉ុន្ដែជំហររបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី និងរាជរដ្ឋាភិបាលកម្ពុជា ការប្រជុំរបស់គណៈកម្មការព្រំដែនចំរុះទៅបានលុះត្រាតែថៃចុះហត្ថលេខាលើលិខិតយល់ព្រមលើលក្ខខណ្ឌប្រតិបត្ដិនៃអ្នកអង្កេតការណ៍ឥណ្ឌូណេស៊ីជាមុនសិន។ ទោះជាថៃមិនទាន់ទទួលអ្នក សង្កេតការណ៍ក៏ដោយ គឺឱ្យតែថៃចុះហត្ថលេខាលើលិខិតទទួលនោះ យើងអាចប្រជុំគណៈកម្មការព្រំដែនបាន រួចចាំដាក់អ្នកសង្កេតការណ៍តាមក្រោយបាន។ នេះគឺជាសម្បទានថ្មីមួយទៀតរបស់កម្ពុជា។
បើតាមប្រសាសន៍របស់លោកឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង លោក ស៊ូសីឡូ បាំបាង យូដូ យូណូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូណេស៊ីបានបញ្ជាក់នៅចំពោះមុខថ្នាក់ដឹកនាំកម្ពុជា-ថៃថា ឥឡូវនេះយើងកុំជជែកគ្នាពីការដាក់អ្នកសង្កេតការណ៍មុនឬចាំប្រជុំគណៈកម្មការព្រំដែនក្រោយ ឬក៏ប្រជុំគណៈកម្មការព្រំដែនមុន ចាំដាក់អ្នកសង្កេតការណ៍ព្រំដែនក្រោយ ដូច្នេះយើងត្រូវពិនិត្យបញ្ហារួមក្នុងក្របខណ្ឌធ្វើសមាហរណកម្មក្នុងក្របខណ្ឌចរចារវាងប្រទេសទាំងពីរជាមួយគ្នាតែម្ដង និងតាមសំណើរបស់លោកប្រធានាធិបតីឥណ្ឌូណេស៊ីបានស្នើឱ្យរដ្ឋមន្ដ្រីការបរទេសទាំងបីកម្ពុជា-ថៃ-ឥណ្ឌូណេស៊ីស្នាក់នៅទីក្រុងហ្សារកាតាមួយថ្ងៃទៀតដើម្បីបន្ដពិភាក្សាជាមួយគ្នាដើម្បីឱ្យថៃឈានទៅចុះហត្ថលេខាលើលិខិតយល់ព្រមលក្ខខណ្ឌប្រតិបត្ដិរបស់អ្នកសង្កេតការណ៍ឥណ្ឌូណេស៊ី ។
ប្រភពព័ត៌មានពីទីក្រុងហ្សាការតា ឱ្យដឹងថា លោកបណ្ឌិតស៊ូស៊ីឡូ បាំបាំង យូដូ យ៉ូណូ ពេលបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី១៨ នៅក្នុងទីក្រុងហ្សាការតា បានអំពាវនាវដល់រដ្ឋជាសមាជិកអាស៊ានទាំងអស់ បង្កើនការធ្វើសមាហរណកម្មបញ្ចៀសជម្លោះ និងដោះស្រាយគ្រោះគំរាមកំហែងផ្នែកស្បៀងអាហារ និងថាមពល ប៉ុន្តែកិច្ចប្រជុំមិនដំណើរការក្នុងបរិយាកាសល្អទេ ដោយសារបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ។
ដោយមិនថ្លែងចំៗពីបញ្ហាជម្លោះព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ លោកបណ្ឌិតយូដូ យ៉ូណូ ថ្លែងថា បណ្តារដ្ឋជាសមាជិកអាស៊ានយកល្អគួរតែបញ្ចៀសកុំឱ្យមានជម្លោះជាមួយគ្នា ព្រោះអាស៊ានត្រូវបានបង្កើតឡើងដោយផ្អែកលើការតាំងចិត្តយ៉ាងមុតមាំក្នុងការបង្កើតសុខសន្តិភាព និងជំរុញឱ្យមានស្ថេរភាពតាមរយៈកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងការធ្វើសមាហរណកម្ម ។ លោកប្រធានាធិបតីថ្លែងទៀតថា ប្រសិនបើមានជម្លោះកើតឡើង អាស៊ានត្រូវតែសម្របសម្រួលឱ្យមានវេទិកាផ្នែកការទូត និងបើកការចរចាក្នុងគោលបំណងសម្រេចឱ្យបានសន្តិភាពជារួមមួយ ។
ទោះបីជាបែបណា ក្រោយពីថ្លែងបើកកិច្ចប្រជុំរបស់លោកបណ្ឌិតស៊ូស៊ីឡូ បាំបាំងយូដូ យ៉ូណូ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកអាប់ភីស៊ីត វ៉េចាជីវ៉ា នាយករដ្ឋមន្ត្រីថៃ បានជជែកគ្នាទៅវិញទៅមក ដោយសារបញ្ហាជម្លោះព្រំដែនដែលបានកើនកំដៅតាំងពីខែកុម្ភៈ ឆ្នាំ២០១១ មក ។ ក្នុងកិច្ចប្រជុំនេះខាងភាគីថៃនៅតែអះអាងពីគោលជំហរបស់ខ្លួនទទូចឱ្យកម្ពុជាដកទ័ពចេញពីតំបន់មានជម្លោះផ្ទៃដីទំហំ៤,៦គីឡូម៉ែត្រក្រឡា ប្រសិនបើចង់ដាក់ពង្រាយអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ីនៅតំបន់នោះ ប៉ុន្តែសម្តេចតេជោហ៊ុន សែន បានថ្លែងឆ្លើយតប ភ្លាមៗថា ការទាមទារម្តងហើយម្តងទៀតរបស់ថៃឱ្យកម្ពុជាដកទ័ពចេញពីតំបន់ព្រះវិហារ ជារឿងមិនសមហេតុសមផល មិនអាចទទួលយកបានឡើយ ។ សម្តេចតេជោថ្លែងថា «គឺថៃទេ ដែលត្រូវដកទ័ពរបស់ខ្លួនចេញពីតំបន់នោះ។ ថៃជាប្រទេសធំមួយនៅតែបន្តមានមហិច្ឆតាអូសបន្លាយជម្លោះដោយអាវុធ ដើម្បីឈ្លានពានប្រទេសជាសមាជិកអាស៊ានទន់ខ្សោយដែលនៅក្បែរខាង» ។ សម្តេចតេជោថ្លែងទៀតថា «អាស៊ានត្រូវតែប្រញាប់ដោះស្រាយបញ្ហាជម្លោះព្រំដែននេះ ព្រោះវាអាចបង្កផលប៉ះពាល់ដល់ការបង្កើតសហគមន៍អាស៊ាននៅឆ្នាំ២០១៥។ អាស៊ានត្រូវតែចាត់ទុកបញ្ហាជម្លោះព្រំដែននេះរវាងប្រទេសថៃ និងប្រទេសកម្ពុជា ជាបញ្ហាសំខាន់សម្រាប់ជីវិតសហគមន៍អាស៊ានដូច្នេះអាស៊ានត្រូវស្វះស្វែងរកការសម្របសម្រួលឱ្យមានដំណោះស្រាយប្រកបដោយប្រសិទ្ធភាពសម្រាប់ជម្លោះនេះ» ។
ជាមួយគ្នានេះ សម្តេចតេជោក៏បានរិះគន់ប្រទេសថៃផងដែរចំពោះការដែលប្រទេសនេះនៅតែមិនព្រមចុះហត្ថលេខាលើលក្ខខណ្ឌប្រតិបត្តិ (JOR) ស្តីអំពីការដាក់ពង្រាយអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ីដើម្បីត្រួតពិនិត្យបទឈប់បាញ់គ្នានៅតំបន់ព្រំដែនមានជម្លោះ ។ ភ្លាមៗនោះ លោកនាយករដ្ឋមន្ត្រីអាប់ភីស៊ីត ក៏បានឆ្លើយតបចំពោះការថ្លែងរបស់សម្តេចតេជោហ៊ុន សែន វិញ ដោយថ្លែងថា «ថៃមិនមានបំណងបង្កជម្លោះនោះទេ ។ និងបានចោទថា បញ្ហាជម្លោះព្រំដែនកើតឡើង ព្រោះកម្ពុជារំលោភបំពានអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ (MOU) ដោយការបញ្ជូនទ័ព និងអនុញ្ញាតឱ្យពលរដ្ឋរបស់ខ្លួនទៅរស់នៅតំបន់មានជម្លោះផ្ទៃដីទំហំ៤,៦គីឡូម៉ែត្រក្រឡា ។ ប៉ុន្តែទោះបីជាបែបណា ក្រោយមកលោកអាប់ភីស៊ីត បានសុំទោសមេដឹកនាំអាស៊ានសម្រាប់ការបង្កបញ្ហានៅក្នុងកិច្ចប្រជុំពេញអង្គរបស់អាស៊ាន ។
តាមប្រភពព័ត៌មានពីទីក្រុងហ្សាការតា បានឱ្យដឹងទៀតថា នៅថ្ងៃទី១ នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី១៨ មានភាពអាប់អួបន្តិចក៏៏ដោយ ក៏មេដឹកនាំប្រទេសជាសមាជិកអាស៊ានទាំងអស់ចេញសេចក្តីថ្លែងការណ៍រួមគ្នាស្តីអំពីស្ថាប័នអាស៊ាន ដើម្បីសន្តិភាព និងការផ្សះផ្សាគ្នា ប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស និងការបង្កើតសហគមន៍អាស៊ាន ។ នៅថ្ងៃទី២នៃកិច្ចប្រជុំមេដឹកនាំទាំងអស់នឹងពិភាក្សាគ្នាអំពីប្រធានបទនានាក្នុងនោះមានដូចជាការដាក់បញ្ចូលប្រទេសទីម័រខាងកើតចូលជាសមាជិកអាស៊ាន និងមហិច្ឆតារបស់ប្រទេសមីយ៉ាន់ម៉ា ដែលចង់ក្លាយជាប្រធានអាស៊ាននៅពេលអនាគត ។
មានការកត់សម្គាល់ផងដែរពីឥរិយាបថរដ្ឋមន្ត្រីការបរទេសថៃនៅថ្ងៃទី១ នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី១៨ រដ្ឋមន្ត្រីការបរទេសឥណ្ឌូ ណេស៊ី លោកម៉ាទី ណាតាឡេហ្គាវ៉ា ដែលជាប្រធានអាស៊ាន បានរៀបចំឱ្យមានកិច្ចប្រជុំមួយរវាងលោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋមន្ត្រីការបរទេសថៃ លោកកាស៊ីត ភិរម្យ ដើម្បីពិភាក្សាអំពីបញ្ហាដាក់ពង្រាយអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ីនៅតំបន់ជម្លោះព្រំដែនរវាងប្រទេសថៃ និងប្រទេសកម្ពុជា ប៉ុន្តែនៅពេលនោះលោកកាស៊ីត ភិរម្យ ថ្លែងថា ប្រសិនបើចង់ឱ្យមានការដាក់ពង្រាយអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ីនៅតំបន់នោះ កម្ពុជាត្រូវតែដកទ័ពចេញពីតំបន់នោះជាមុនសិន។ ការលើកឡើងរបស់លោកកាស៊ីត ភិរម្យ បានធ្វើឱ្យការពិភាក្សានោះមានភាពអាប់អួ គឺធ្វើឱ្យបញ្ហាដាក់ពង្រាយអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ីត្រូវគាំងដំណើរទៀត ហើយនៅពេលលោករដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី ធ្វើសន្និសីទកាសែតអំពីជំនួបពិភាក្សានោះ លោកកាស៊ីត ភិរម្យ បានដើរចេញមិនចូលរួមទេ។
ជាមួយគ្នានេះ ប្រភពព័ត៌មានពីទីក្រុងហ្សាការតា ឱ្យដឹងទៀតថា នៅថ្ងៃទី១ នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី១៨ ជាលទ្ធផលសម្រេចបានការផ្តល់ការអនុម័តលើសេចក្តីថ្លែងការណ៍ចំនួន៣ ៖ ទី១-សេចក្តីថ្លែងការណ៍រួមស្តីពីស្ថាប័នដើម្បីសន្តិភាព និងការផ្សះផ្សាគ្នា, ទី២-សេចក្តីថ្លែងការណ៍ស្តីពីបញ្ហាពាក់ព័ន្ធជាមួយនឹងការផ្សព្វផ្សាយ និងទី៣-សេចក្តីថ្លែងការណ៍ស្តីពីបញ្ហានានាពាក់ព័ន្ធជាមួយនឹងតួនាទីរបស់អាស៊ានក្នុងសហគមន៍ពិភពលោក។
លោកបណ្ឌិតយូដូយ៉ូណូ អំពាវនាវដល់មេដឹកនាំអាស៊ានពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ
ប្រធានាធិបតីឥណ្ឌូណេស៊ី លោកបណ្ឌិតយូដូយ៉ូណូ បានអំពាវនាវដល់ប្រមុខរដ្ឋអាស៊ានឱ្យបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីទប់ទល់ដោះស្រាយបញ្ហានៅចំពោះមុខនៅក្នុងតំបន់។ លោកបណ្ឌិតបានទទូចបែបនេះនៅពេលលោកធ្វើសុន្ទរកថាបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី១៨ កាលពីថ្ងៃទី៧ ឧសភា។
លោកបណ្ឌិតយូដូយ៉ូណូ ថ្លែងថា ជម្លោះដោយប្រើអាវុធ ការបះបោរផ្នែកនយោបាយនៅមជ្ឈិមបូព៌ា ការប្លន់យន្តហោះ និងប្លន់តាមសមុទ្រ ឧក្រិដ្ឋកម្មអន្តរជាតិ ភេរវកម្ម និងគ្រោះមហន្តរាយធម្មជាតិ បានផ្តល់ផលប៉ះពាល់ធ្ងន់ធ្ងរដល់ប្រទេសទាំងឡាយក្នុងតំបន់។ លោកបណ្ឌិតថ្លែងក្នុងសុន្ទរកថានោះថា «នៅក្នុងពិភពលោក បណ្តាប្រទេសជាសមាជិកអាស៊ានមិនអាចឈរអោបដៃមើលបាននោះទេ គឺយើងត្រូវតែបង្កើនកិច្ចសហប្រតិបត្តិការការពារ ទាំងប្រទេសជាសមាជិកអាស៊ាន ទាំងប្រទេសនៅក្នុងតំបន់ ហើយលើសពីនេះទៀតអាស៊ានត្រូវតែឆ្លើយតបចំពោះការពិតដែលនៅបន្តផ្លាស់ប្តូរ គឺយើងត្រូវតែដោះស្រាយ និងជម្នះរាល់បញ្ហាប្រឈម នានា»៕
ចែករំលែកព័តមាននេះ