ខេត្តក្រចេះ ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តកូរ៉េដឹកទឹកកក និងរថយន្តមួយបាំងកន្លះពាក់ស្លាកលេខខេមរភូមិន្ទបានបុកគ្នាលើស្ពានបណ្តាលឱ្យខូចខាតធ្ងន់ធ្ងររៀងខ្លួន ព្រមទាំងធ្លាយចេញឈើគ្រញូងជាច្រើន កំណាត់ពីរថយន្តមួយបាំងកន្លះរបស់យោធា ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្តពន្លះគ្នានៅលើស្ពាននេះបានកើតឡើង កាលពីថ្ងៃទី៦ ឧសភា វេលាម៉ោង៧ និង៤៥នាទីព្រឹកនៅលើស្ពានកកុត ស្ថិតក្នុងភូមិក្បាលជួរ ឃុំសំបុក ស្រុកចិត្របុរី រវាងរថយន្តកូរ៉េដឹកទឹកកកធុន១តោនកន្លះពណ៌ខៀវ ពាក់ស្លាកលេខព្រះសីហនុ2A 0948 បើកបរដោយឈ្មោះសុទ ហៃ អាយុ៤២ឆ្នាំ មានទីលំនៅភូមិសណ្តាន់ឃុំសណ្តាន់ ស្រុកសំបូរ បានរងរបួសធ្ងន់ និងរថយន្តមួយគ្រឿងទៀតម៉ាកនីស្សាន់មួយបាំងកន្លះ ពណ៌ប្រផេះ ពាក់ស្លាកលេខខេមរៈភូមិន្ទ 02 2-3999 បើកបរដោយឈ្មោះស៊ុន សុភាព អាយុ៤១ឆ្នាំ មានទីលំនៅសង្កាត់អូរឬស្សី ក្រុងក្រចេះ ។ រថយន្តនេះបានរងការខូចខាតផ្នែកខាងមុខធ្ងន់ធ្ងរដោយសារបើកបុករថយន្តកូរ៉េពីក្រោយ ។ អ្វីដែលមានការកត់សម្គាល់នោះ គឺរថយន្តយោធានេះពេលជួបគ្រោះថ្នាក់បានធ្លាយចេញឈើគ្រញូងជាច្រើនកំណាត់។
លោកអ៊ុន ហយ នាយប៉ុស្តិ៍រដ្ឋបាលសំបុក បានឱ្យដឹងថា នៅក្នុងហេតុការណ៍នៃគ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្តាលឱ្យនរណាម្នាក់ស្លាប់នោះទេ ដោយគ្រាន់តែខូចខាតរថយន្តរៀងខ្លួន និងរបួសធ្ងន់ម្នាក់ប៉ុណ្ណោះ ។សាក្សីឃើញហេតុការណ៍បាននិយាយថា មុនពេលកើតហេតុ គេឃើញរថយន្តកូរ៉េដឹកទឹកកកបើកបរលើស្ពានកកុត ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនយឺតៗ ហើយរថយន្តមួយបាំងកន្លះរបស់យោធាបានបើកយ៉ាងលឿនក្នុងទិសដៅស្របគ្នា ក៏បានបុករថយន្តដឹកទឹកកកពីក្រោយពេញមួយទំហឹង បណ្តាលឱ្យរថយន្តកូរ៉េធ្លាក់ចូលទៅស្នាមភ្លោះចិញ្ចើមផ្លូវបាក់ទ្រុងខ្ទេច និងអ្នកបើកបរបានរងរបួសធ្ងន់ ។ រីឯរថយន្តមួយបាំងកន្លះពាក់ស្លាកលេខយោធារងការខូចខាតផ្នែកខាងមុខធ្ងន់ និងក្អួតចេញសុទ្ធតែឈើគ្រញូង។
សូមបញ្ជាក់ផងដែរថា សព្វថ្ងៃនេះការដឹកជញ្ជូនឈើប្រណីតដែលជនមួយចំនួនបានយកស្លាកសញ្ញាយោធាមកប្រើ កំពុងតែកម្រើកឡើងវិញហើយនៅខេត្តក្រចេះ តែគេមិនដឹងថា ថ្នាក់ដឹកនាំខាងយោធាបានដឹងពីទង្វើនេះ ឬក៏អត់នោះទេ ។ ការមិនមានប្រតិកម្មនេះត្រូវបានគេសង្ស័យថា អាចមានមេខ្លះប្រើឱ្យកូនចៅធ្វើសកម្មភាពនេះជាលេសសម្រាប់ផ្គត់ផ្គង់អង្គភាពហើយ ៕
ចែករំលែកព័តមាននេះ