ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកតា​វ័យ​៨៧​ឆ្នាំ​ម្នាក់ ធ្វើ​វែក​ពី​ត្រឡោក​លក់ ដើម្បី​បាន​លុយ​ខ្លះ​ៗ​ទុក​គ្រាន់​ចិញ្ចឹមជីវិត​(​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • សៀមរាប

កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ មហាជន​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ជា​ច្រើន​អាច​នឹង​ធ្លាប់​បាន​ជ្រាប​ពី​ជីវិត​របស់​លោកតា​ខ្លះ​ៗ​ហើយ បើ​ទោះបីជា​ព្រះ​ជន្ម​លោកតា​កាន់តែ​ជ្រេ​ហើយ​ក្តី ក៏​លោកតា​នៅ​តែ​ធ្វើ​វែក​ពី​ត្រឡោក​ដូង​លក់ ដើម្បី​

ខេត្តសៀមរាប ៖ កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ មហាជន​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ជា​ច្រើន​អាច​នឹង​ធ្លាប់​បាន​ជ្រាប​ពី​ជីវិត​របស់​លោកតា​ខ្លះ​ៗ​ហើយ បើ​ទោះបីជា​ព្រះ​ជន្ម​លោកតា​កាន់តែ​ជ្រេ​ហើយ​ក្តី ក៏​លោកតា​នៅ​តែ​ធ្វើ​វែក​ពី​ត្រឡោក​ដូង​លក់ ដើម្បី​បាន​លុយកាក់​ខ្លះ​ៗ​ទុក​គ្រាន់​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ​។

ជា​ការ​កត់សម្គាល់ ការ​ធ្វើ​វែក​ពី​ត្រឡោក​ដូង​របស់​លោកតា​រូប​នេះ ឃើញ​ថា វា​ពិត​ថ្មី​ប្លែក​សម្រាប់​បងប្អូន​ដែល​ពុំ​ធ្លាប់​បានដឹង និង​ឃើញ ប៉ុន្តែ​ដោយសារ​លោកតា​បាន​ធ្វើ​វែក​អំពី​ត្រឡោក​នេះ តាំងពី​កំលោះ​មក​ម្ល៉េះ ដែល​លោកតា​បាន​ធ្វើ និង​ចាប់​យក​អាជីព​មួយ​នេះ​។

ប្រាកដ​ណាស់ បើ​ទោះជា​ពេល​បច្ចុប្បន្ន​នេះ វែក​នៅ​លើ​ទីផ្សារ​មាន​ច្រើន​ក៏​ពិតមែន ដោយ​វែក​ទាំងនោះ​គេ​ធ្វើ​ឡើង​ពី​ជ័រ និង​ឈើ ឬអ្វី​ផ្សេង​ៗ​នោះ ក៏​លោកតា​នៅ​តែ​មិន​បោះបង់​ការងារ​ដែល​ធ្លាប់​បាន​ធ្វើ​តាំងពី​បុរាណ​កាលនោះ​ឡើយ ពោល​គឺ​រក​អ្វី​បាន ចេះ​តែរ​ករបរ​នឹង​ទៅ​។ ក្នុង​នោះ​ដែរ អ្វី​ដែល​ជា​ភាព​លេចធ្លោ​របស់​លោកតា​ក្នុង​ការ​ធ្វើ​វែក​នេះ គឺ​ត្រឡោក​តែ​ម្តង ដោយ​មើលទៅ​លើស​ភាព​ត្រឡោក​ឃើញ​ថា ខ្មៅក្រឹប រលោង​ស្រិល ស្រស់​ស្អាត​តែ​ម្តង ហើយ​យើង​ក៏​អាច​យក​ទៅ​ដួស​អ្វី​ក៏​បាន​ដែរ​។ ហើយ​ការ​ដែល​ប្រើប្រាស់​វែក​នេះ គឺ​ល្អ​ចំពោះ​សុខភាព ព្រោះ​ជា​វែក​ឈើ​របស់​ខ្មែរ​ធ្វើ គាំទ្រ​ផលិតផល​ក្នុងស្រុក គាំទ្រ​ស្នាដៃ​កូន​ខ្មែរ​។

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​កោះសន្តិភាព ចៅស្រី​របស់​លោកតា បាន​ជម្រាប​ជូន​ថា លោកតា​ឈ្មោះ បឹង សុខ មាន​វ័យ​៨៧​ឆ្នាំ សព្វ​ថ្ងៃនេះ​លោកតា​បាន​ប្រកប​របរ​ធ្វើ​វែក​លក់ ដោយ​កាលពី​កន្លង​ទៅ ធ្វើ​នៀល​សម្រាប់​ដួស​អង្ករ និង​ប្រភូ​មិ ធ្វើ​អំពី​ផ្តៅ​ជាដើម​។ ហើយ​លោកតា បឹង សុខ ដែល​មានស្រុក​កំណើត​នៅ​ភូមិ​ជប់​សោម ឃុំ​វគ្គ​ស្នែង ស្រុក​អង្គរធំ ខេត្តសៀមរាប រូប​នេះ បាន​ធ្វើ​វែក​ពី​ត្រឡោក​លក់​តាំងពី​មុន​របប​អាវ​ខ្មៅ​ទៅ​ទៀត នៅ​ពេល​ដែល​សម័យ​ប៉ុ​ល​ពត​បាន​ចូល​មក​ដល់ លោកតា​ក៏​បាន​ឈប់ ក្រោយមក​លោកតា​ក៏​បន្ត​ធ្វើ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​។

បើ​តាម​ការ​បង្ហើប​របស់​ចៅស្រី​លោកតា បាន​ជម្រាប​ជូន​បន្ត​ថា វែក​ធំ​មាន​តម្លៃ ១០០០០​រៀល និង​វែក​តូច​មាន​តម្លៃ ៨០០០​រៀល​។ ហើយ​វែក​ដែល​បាន​ធ្វើ​ឡើង​នីមួយ​ៗ គឺ​ផ្ចិតផ្ចង់​ជាទី​បំផុត ដោយ​ត្រឡោក​ត្រូវ​ខាត់​ដោយ​ដៃ​អោយ​ម៉ត់​រលោង និង​ដង​របស់​វែក គឺ​យក​ដើម កប​ភ្ញៀ​ង មក​ធ្វើ ហើយ​ដើម​ប្រភេទ​នេះ គឺ​មាន​តែ​នៅ​ក្នុង​ព្រៃ​តែ​ប៉ុណ្ណោះ ពោល​គឺ​ការ​ធ្វើ​ពិតជា​ពុំងា​.​យ​ស្រួយ​នោះ​ឡើយ​។

តាម​ការ​បង្ហើប​របស់​ចៅស្រី​លោកតា បាន​ជម្រាប​ជូន​បន្ត​ទៀត​ថា លោកតា បឹង សុខ កាលពី​នៅ​មាន​កម្លាំង លោកតា​អាច​ធ្វើ​វែក​ពី​ក្រ​ឡោក​នេះ បាន​ចន្លោះ​ពី​៣​ទៅ​៤​វែក ប៉ុន្តែ​ដោយសារ​លោកតា​មាន​វ័យ​កាន់តែ​ចាស់ លោកតា​ពុំ​អាច​ធ្វើ​បាន​ដូច​មុន​ៗ​ឡើយ គឺ​អាច​ធ្វើ​បាន​មួយ​ថ្ងៃ​តែ​មួយ​ប៉ុណ្ណោះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា បើ​ទោះបីជា​មាន​មហាជន​បាន​ស្គាល់​លោកតា​ច្រើន​ក៏​ពិតមែន ប៉ុន្តែ​លោកតា​លក់​មិនសូវ​ដាច់​នោះ​ទេ ដោយសារ​មាន​តែ​អ្នក​នៅ​ក្នុងភូមិ​របស់​លោកតា ជួយ​ទិញ ហើយនឹង​គាំទ្រ​ស្នាដៃ​របស់​លោកតា​តែ​ប៉ុណ្ណោះ​។ ដូច្នេះ​ហើយ លោកតា​សូម​អោយ​មហាជន​ជួយ​ជាវ​វែក​ដែល​ធ្វើ​អំពី​ក្រ​ឡោក​របស់​លោកតា​ផង ដើម្បី​ឱ្យ​លោកតា​បាន​ថវិការ​ខ្លះ​ៗ​គ្រាន់​ទិញ​ចំណីចំណុក និង​ថ្នាំសង្កូវ​ខ្លះ​ៗ​ផង​ដែរ​។

គួរ​រលឹក​ថា លោកតា គឺជា​បុរស​ពោះម៉ាយ មានកូន​ចំនួន​៩​នាក់ ដែល​សុទ្ធសឹងតែ​ជួប​ការ​ខ្វះខាត​ដូច​គ្នា ហើយ​លោកតា​សព្វ​ថ្ងៃនេះ គឺ​រស់នៅ​ជាមួយ​កូនប្រុស​ច្បង ដែល​ជា​បុរស​ពោះម៉ាយ​ដូច​គ្នា​ផង​ដែរ​៕ ដោយ ៖ លី​ហួ គី​ម​ឆាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ