ខេត្តបន្ទាយមានជ័យ ៖ ដើម្បីអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពឱ្យមានប្រសិទ្ធភាព កម្លាំងប៉ូលិសខេត្តបានសហការជាមួយកម្លាំងយោធាខេត្ត ចុះបង្ក្រាបចាប់ខ្លួនជនសង្ស័យលក់ចែកចាយ និងប្រើប្រាស់គ្រឿងញៀនបានជាបន្តបន្ទាប់សរុបចំនួន៨នាក់ ក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី៦ និង៧ ឧសភា ឆ្នាំ២០១១ នៅក្នុងភូមិសាស្ត្រស្រុកមង្គលបុរី និងស្រុកម៉ាឡៃ។
លោកអនុសេនីយ៍ឯក ធិន ស៊ីនដេត នាយការិយាល័យប្រឆាំងគ្រឿងញៀនស្តីទីបានឱ្យដឹងថាដោយមានការណែនាំផ្ទាល់ពីលោកវរសេនីយ៍ស្នងការរងទទួលបន្ទុកប្រធានការិយាល័យកណ្តាលនគរបាលយុត្តិធម៌ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត ក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ជាលទ្ធផលនៅវេលាម៉ោង៥និង២០នាទីល្ងាច ថ្ងៃទី៦ ឧសភា ឆ្នាំ២០១១ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនបានចុះបង្ក្រាបជាក់ស្តែងលើករណីលក់ចែកចាយគ្រឿងញៀន និងចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះសៀន ហុង ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិបួរ ឃុំសឿ ស្រុកមង្គលបុរី ។ ជាមួយនឹងការឃាត់ខ្លួននោះ សមត្ថកិច្ចដកហូតវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីនគ្រាប់មានអក្សរ WY លើគ្រាប់ថ្នាំតែម្ខាង ពណ៌ផ្កាឈូក ចំនួន៣គ្រាប់ ម៉ូតូ១គ្រឿងម៉ាកហុងដាវ៉េវ ពណ៌ក្រហមលាយខ្មៅ ស៊េរីឆ្នាំ២០០២ គ្មានស្លាកលេខ ដែលគេជិះធ្វើសកម្មភាព ។ ទន្ទឹមនឹងនោះ បានចាប់ឃាត់ខ្លួនអ្នកប្រើប្រាស់ចំនួន៤នាក់ នៅភូមិ-ឃុំជាមួយជនសង្ស័យមាន ១-ឈ្មោះខុន ជំណូល ភេទប្រុស អាយុ១៩ឆ្នាំ ២-ឈ្មោះឡូញ សុជា ភេទប្រុស អាយុ១៨ឆ្នាំ ៣-ឈ្មោះយ៉ង ចាន់រឿន ភេទប្រុស អាយុ២០ឆ្នាំ និង៤-ឈ្មោះហោ ពន្លឺ ភេទប្រុស អាយុ២០ឆ្នាំ ។
លោកនាយការិយាល័យស្តីទីបានបញ្ជាក់ឱ្យដឹងទៀតថា នៅវេលាម៉ោង៨និង៤៥នាទីព្រឹក ថ្ងៃទី៧ ឧសភា ឆ្នាំ២០១១ កម្លាំងអធិការដ្ឋាននគរបាលស្រុកមា៉ឡៃបានសហការជាមួយកម្លាំងយោធាខេត្ត ចុះបង្ក្រាបចាប់ឃាត់ខ្លួនជនសង្ស័យលក់ចែកចាយគ្រឿងញៀនចំនួន៣នាក់ ជាបន្តបន្ទាប់ និងដកហូតវត្ថុតាងថ្នាំញៀនមេតំហ្វេតាមីនចំនួន៤គ្រាប់ ពណ៌ក្រហម មានអក្សរ WY លើគ្រាប់ថ្នាំតែម្ខាង ។ ជនសង្ស័យទាំង៣នាក់ នេះមាន១-ឈ្មោះវ៉ិត ឈុនលី ហៅប៉ាន់ ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិថ្មី ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ២-ឈ្មោះនួន តូច ហៅឃ្មុំ ភេទប្រុស អាយុ៥៣ឆ្នាំ នៅភូមិបឹងរាំង ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ និង៣-ឈ្មោះញឹម តន ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិត្រសេកជ្រំ ឃុំមាឡៃ ស្រុកម៉ាឡៃ។
លោកវរសេនីយ៍ទោ ឆេង ឈួត ស្នងការរងទទួលបន្ទុកការិយាល័យកណ្តាលនគរបាលយុត្តិធម៌បានឱ្យដឹងដែរថា ជនសង្ស័យលក់ចែកចាយ និងអ្នកប្រើប្រាស់ រួមទាំងវត្ថុតាងត្រូវបានរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ